ក្រុមការងារចម្រុះនៃគណៈកម្មការអន្តរក្រសួងរបស់រដ្ឋាភិបាល បានចេញសេចក្ដីជូនដំណឹងមួយឲ្យអាជ្ញាធរខេត្តកោះកុង ផ្សព្វផ្សាយឲ្យពលរដ្ឋកំពុងរស់នៅក្នុងស្រុកចំនួន ២ រុះរើជាបន្ទាន់ ដូចជាលំនៅឋាន តង់ និងខ្ទម ដែលគេអះអាងថា សង់លើដីក្រុមហ៊ុនចិន ឲ្យបានមុនថ្ងៃទី២០ ខែកញ្ញា។
ដោយ ខែ សុណង
2013-08-06
RFA
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង បានប្រតិកម្មចំពោះសេចក្ដីជូនដំណឹងរបស់ក្រុមការងារចម្រុះនៃគណៈកម្មការអន្តរក្រសួង ដែលជំរុញឲ្យពួកគាត់រុះរើលំនៅឋានមុនថ្ងៃទី២០ ខែកញ្ញា ខាងមុននេះ។
ពលរដ្ឋរស់នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ លោក ឆាយ ហេងហួត បានថ្លែងនៅថ្ងៃទី៦ សីហា ថា ពលរដ្ឋមិនអាចទទួលយកឡើយចំពោះការតម្រូវឲ្យរុះរើលំនៅនេះ ពីព្រោះទាំងក្រុមហ៊ុន និងអាជ្ញាធរមិនបានផ្ដល់ដំណោះស្រាយជូនពលរដ្ឋទេ។
នៅក្នុងសេចក្ដីជូនដំណឹងមួយរបស់ក្រុមការងារចម្រុះនៃគណៈកម្មការអន្តរក្រសួង ចុះថ្ងៃទី៧ ខែកក្កដា ដែលទើបតែបិទផ្សាយនៅក្នុងភូមិពលរដ្ឋរស់នៅ បានសរសេរថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ ខាងមុខ ក្រុមហ៊ុនយូញៀន (Union) នឹងយកគ្រឿងចក្រមកឈូសឆាយ រៀបចំដីរបស់ក្រុមហ៊ុនដើម្បីធ្វើការអភិវឌ្ឍ ដូច្នេះលោកអភិបាលស្រុកទាំងពីរ ផ្សព្វផ្សាយដល់ពលរដ្ឋ រុះរើផ្ទះ តង់ និងខ្ទម ដែលគេអះអាងថា សង់លើដីក្រុមហ៊ុនចិន ឡើងទៅភូមិថ្មីវិញ មុនថ្ងៃទី២០ ខែកញ្ញា ជាកំហិត។ បើមិនរុះរើចេញពីក្រុមហ៊ុនទេ ពេលគ្រឿងចក្រមកឈូសឆាយ ប៉ះពាល់ខូចខាតរបស់បងប្អូននោះក្រុមការងារចម្រុះនៃគណៈកម្មការអន្តរក្រសួងមិនទទួលខុសត្រូវឡើយ។
ទាក់ទងបញ្ហានេះ ជំទប់ទី២ ឃុំតានូន ស្រុកបុទុមសាគរ លោក ប៊ុន លីម បញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងរស់នៅបច្ចុប្បន្ន គឺមិនទាន់បានទូទាត់សំណង និងវាស់វែងឲ្យក្រុមហ៊ុនពួកគាត់រស់នៅភូមិចាស់ដដែលដោយមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរដែនដី និងមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។
ឆ្លើយតបបញ្ហានេះ ប្រធានក្រុមការងារចម្រុះនៃគណៈកម្មការអន្តរក្រសួង ឧត្ដមសេនីយ៍ទោ អៀង ឡៃ មានប្រសាសន៍ថា ការចេញសេចក្ដីជូនដំណឹងនេះ គឺដោយសារជៀសវាងកុំឲ្យពលរដ្ឋមានការភ័យខ្លាច។ លោកថា ពលរដ្ឋដែលកំពុងរស់នៅលើដីក្រុមហ៊ុននោះ គឺសុទ្ធតែបានទទួលសំណងពីក្រុមហ៊ុន ហើយពួកគាត់ទៅរស់នៅបណ្ដោះអាសន្នដើម្បីរបបនេសាទប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ បានបញ្ជាក់ថា បើសិនជាការជូនដំណឹងនេះ តម្រូវទៅលើពលរដ្ឋដែលបានទទួលសំណងហើយនោះ វាពុំមែនជាបញ្ហាចោទឡើយ។ ប៉ុន្តែអ្វីដែលសំខាន់ គឺការស្រាវជ្រាវរកឃើញថា ពលរដ្ឋប្រមាណ ៣០០គ្រួសារទៀត នៅពុំទាន់បានទទួលសំណងពីក្រុមហ៊ុននៅឡើយ។
រដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តកោះកុង កាលពីឆ្នាំ២០០៨ បានសម្រេចជួលដីចំនួន ៣.៦ម៉ឺនហិកតារទៅឲ្យក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវឺឡុបមេន (Union Development Group) ចំនួន ៩៩ឆ្នាំ ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៅទីនោះឈ្មោះ ក្បាលនាគ៧ ហើយក្រុមហ៊ុននឹងត្រូវអភិវឌ្ឍចប់ស្ថាពរក្នុងរយៈពេល ២០ឆ្នាំក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្ថានភាពរស់នៅលំបាករបស់ពលរដ្ឋសហគមន៍ស្ពានឆេះខេត្តព្រះសីហនុ
- មេធាវីជំរុញតុលាការពាណិជ្ជកម្មអង់គ្លេសពន្លឿនសំណុំរឿងពលរដ្ឋខេត្តកោះកុង
- អភិបាលរាជធានីរងការចោទថាប្រកាន់បក្ខពួកពេលចុះសិក្សាដីបឹងកក់
- អ្នកស្រី ទេព វន្នី គ្រោងដាក់ពាក្យប្ដឹងទៅក្រសួងព័ត៌មាន
- ពលរដ្ឋ៦៤គ្រួសារនៅព្រះវិហារស្នើដោះស្រាយជម្លោះដីធ្លីមុនបោះឆ្នោត
- អ្នកបឹងកក់និងបុរីកីឡាបន្តទាមទាររកដំណោះស្រាយពីសាលារាជធានី
- តំណាងសហគមន៍៦ដាក់ញត្តិទៅស្ថាប័នមួយចំនួនស្នើដោះលែងសកម្មជនដីធ្លី
- ពលរដ្ឋមិនពេញចិត្តនឹងចំណាត់ការយឺតយ៉ាវរបស់តុលាការកោះកុង
- ពលរដ្ឋខេត្តពោធិ៍សាត់ប្រតិកម្មនឹងការលើកពេលជំនុំជម្រះក្ដីសកម្មជនព្រៃឈើ
After election, starting eviction again. My God!