ព្រះ​មហាក្សត្រ​យាង​ចេញ​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ

Tuesday, 13 August 2013
វង្ស សុខេង និង Stuart White
ភ្នំពេញ ប៉ុស្តិ៍

130813_01

ព្រះមហាក្សត្រ​ ព្រះ​បាទសម្ដេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី និង​សម្ដេច​ម៉ែ ពេល​យាង​ចេញព្រះរាជ​​ដំណើរទៅ​ប្រទេស​ចិន​កាល​ពីថ្ងៃ​ម្សិលមិញ​​។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ ដោយ​ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី យាង​ទៅ​ទីក្រុង ប៉េកាំង កាល​ពី​ម្សិលមិញ ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព តាម​រដ្ឋ​ធម្មនុញ្ញ តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី ត្រូវ​ធ្លាក់​មក​លើ​លោក ជា ស៊ីម ដែល​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន។

ក្រុម​អ្នក​វិភាគ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ទោះ​ជា​យ៉ាង​នេះ​ក្តី ភាព​តាន​តឹង ដែល​គេ​លើក​ឡើង​ជា​ទូទៅ​ក្នុង​ចំណោម​សាធារណជន និង​ក្តី​កង្វល់​ជាច្រើន កាន់​តែ​កើត​មាន​ខ្លាំង​ឡើង​នៅ​ពេល​ដែល​អវត្តមាន​របស់​ព្រះ​មហាក្សត្រ នៅ​ក្នុង​ប្រទេស។

លោក ធន សារាយ ប្រធាន អង្គការ អាដហុក មាន​ប្រសាសន៍​ថា ការ​ចល័ត​ទ័ព​ថ្មីៗ​នេះ និង​ការ​គំរាម​កំហែង​ថា​នឹង​មាន​មហា​បាតុកម្ម បាន​ធ្វើ​ឲ្យ​ព្រះ​មហាក្សត្រ មាន​ប្រផ្នូល​ជាច្រើន ក្នុង​ចំណោម​សាធារណជន​។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ប្រហែល​ជា​រឿង​នេះ បាន​កើត​ឡើង​ដោយ​ចៃដន្យ ប៉ុន្តែ​ព្រះ​មហាក្សត្រ មិន​គួរ​ណា​យាង​ចេញ​ពី​ប្រទេស​នៅ​ពេល​មាន​ភាព​តានតឹង​ខាង​នយោបាយ​ទេ»។

លោក​ស្រី ជា វណ្ណាត ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ​ម្នាក់ បាន​ថ្លែង​ថា គណបក្ស​ប្រជាជន កំពុង​មាន​ការ​ប្រកួត​ប្រជែង​គួរ​ឲ្យ​កត់​សម្គាល់​ជាង​ការ​បោះឆ្នោត​កាល ពី​លើក​មុន​។

លោក​ស្រី ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា លទ្ធផល​ការ​បោះឆ្នោត លើក​នេះ គឺជា​ការ​ដាស់​តឿន​មួយ​សម្រាប់​បក្ស​កាន់​អំណាច​។ អ្នក​បោះឆ្នោត​រំពឹង​ថា នឹង​មាន​តម្លាភាព និង​គណនីភាព ពី​បក្ស​កាន់​អំណាច ជា​ជាង​ការ​ប្រើ​ប្រាស់​អ្វី​មួយ​សម្រាប់​ប្រយោជន៍​នយោបាយ​។ ត្រង់​នេះ​ហើយ បាន​ជា​លទ្ធផល​ការ​បោះឆ្នោត មាន​សារៈ​សំខាន់​សម្រាប់​ពួក​គេ»។

ក្នុង​រដ្ឋ​ធម្មនុញ្ញ ព្រះ​មហាក្សត្រ គឺជា​អ្នក​កោះ​ប្រជុំ​រដ្ឋសភា​លើក​ដំបូង​មិន​ឲ្យ​លើស​ពី ៦០ ថ្ងៃ បន្ទាប់​ពី​ការ​បោះឆ្នោត។


ដោយ​និយាយ​សំដៅ​ដល់​ការ​បរិច្ឆេទ​នៃ​ការ​ចេញ​ផ្សាយ​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវ​ការ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត Comfrel បាន​ថ្លែង​ថា៖ «ខែ កញ្ញា ជា​ពេល​មួយ ដែល​រដ្ឋសភា ត្រូវ​ការ​តួនាទី​របស់​ព្រះ​មហាក្សត្រ​។ តើ គ.ជ.ប ចេញ​ផ្សាយ​លទ្ធផល​ផ្លូវ​ការ​ឬ​អត់ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ អាស្រ័យ​លើ​បក្ស​ប្រឆាំង ថា​តើ​ពួក​គេ ប្តឹង​ឧទ្ធរណ៍​លទ្ធផល​បោះឆ្នោត​នេះ​ឬ​អត់?»។

ទោះ​យ៉ាង​ណា​ព្រះ​មហាក្សត្រ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ព្រះអង្គ «នឹង​ធ្វើ​មាតុភូមិ​និវត្តន៍ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ធ្វើ​ជា​អធិបតី​ក្នុង​សម័យ​ប្រជុំ​លើក​ដំបូង​នៃ​សភា​អាណត្តិ​ទី៥»។

ទីប្រឹក្សា​ព្រះ​មហាក្សត្រ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន បាន​ប៉ាន់​ស្មាន​ថា ព្រះអង្គ សីហមុនី នឹង​យាង​មក​វិញ​ក្នុង​រយៈ​ពេល​ពី ១០ ទៅ ១៤ ថ្ងៃ ប៉ុន្តែ​ថា ក្របខណ្ឌ​ពេល​វេលា «អាស្រ័យ​លើ​វេជ្ជបណ្ឌិត​ចិន»។

លោក បញ្ញា បាន​ថ្លែង​ថា ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រសិន​បើ​លទ្ធផល​ចុង​ក្រោយ ត្រូវ​បាន​គេ​ប្រកាស​នោះ​មិន​មាន​អ្វី​រារាំង​ខាង​ផ្លូវ​ច្បាប់​ចំពោះ​ប្រមុខ​រដ្ឋ​ស្តីទី ក្នុង​ការ​កោះ​ប្រជុំ​រដ្ឋសភា ជា​លើក​ដំបូង​នោះ​ឡើយ នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ អវត្តមាន។ សំដៅ​ដល់​មាត្រា​មួយ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ១៩៩៩ លោក បញ្ញា បញ្ជាក់​ថា៖ «ច្បាប់​នៅ​តែ​អនុញ្ញាត​ឲ្យ​ប្រមុខ​រដ្ឋ​ស្តីទី ជំនួស​តួនាទី​របស់​ព្រះ​មហាក្សត្រ​នៅ​ពេល​ព្រះ​មហាក្សត្រ​អវត្តមាន។ ខ្ញុំ​គិត​ថា ពួក​គេ​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា អ្វីៗ​ដំណើរការ​បាន​យ៉ាង​រលូន​នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​អវត្តមាន»។

លោក ស្រី ជា វណ្ណាត បាន​ថ្លែង​ទៀត​ថា រាល់​ភាព​តាន​តឹង​ទាំង​អស់ គណបក្ស​កាន់​អំណាច នឹង​គណបក្ស​ប្រឆាំង អាច​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ធូរ​ស្រាល​បាន។ លោក​ស្រី បាន​បន្ត​ថា៖ «បក្ស​ទាំង​ពីរ គួរ​តែ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ ហើយ​មិន​ត្រូវ​រំខាន និង​បង្ក​ឲ្យ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដល់​សាធារណជន​ឡើយ»។

ដោយ​កត់​សម្គាល់​ពី​គ្រោះថ្នាក់​នយោបាយ លោក​ស្រី បាន​ថ្លែង​ថា៖ «តាម​ពិត​ទៅ អ្នក​ដឹង​អំពី​ចំណាត់ការ​នេះ ប៉ុន្តែ​អ្នក​មិន​អាច​ដឹង​អំពី​ប្រតិកម្ម​ទេ ហើយ​ប្រតិកម្ម​របស់​ពលរដ្ឋ ឥឡូវ​នេះ​មាន​ការ​ខឹង​សម្បា​ជា​ពិសេស​សម្រាប់​យុវជន​។ ទី​មួយ​គឺ​ប្រតិកម្ម​កើត​មាន​នៅ​តាម​ផ្លូវ ព្រោះ​លទ្ធភាព​នៃ​ការ​តវ៉ា​តាម​ផ្លូវ​នៅ​តែ​ស្ថិត​ក្នុង​គំនិត​មនុស្ស​គ្រប់ៗ​គ្នា។ ទីពីរ អ្វី​ក៏​ដោយ​ដែល​បក្ស​ណា​ធ្វើ​វា នឹង​ត្រូវ​វាយ​តម្លៃ​ដោយ​ម្ចាស់​ឆ្នោត សម្រាប់​ការ​បោះឆ្នោត ៥ ឆ្នាំ​ខាង​មុខ​ទៀត»។

ទោះ​ជា​យ៉ាង​ណា​លោក សុន ឆ័យ នៃ​បក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក មាន​ក្តី​បារម្ភ​ពេល​ព្រះ​មហាក្សត្រ​យាង​ចេញ​។ លោក​បន្ថែម​ថា៖ «មាន​តែ​ព្រះ​មហាក្សត្រ​តែ​មួយ​អង្គ​គត់» ដែល​អាច​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​អព្យាក្រឹត​។

លោក បាន​បញ្ជាក់​ថា៖ «ប៉ុន្តែ​ឥឡូវ​នេះ ចាប់​តាំង​ពី​ព្រះអង្គ​យាង​ចេញ តួនាទី​ប្រមុខ​រដ្ឋ ស្ថិត​ក្រោម​ដៃ គណបក្ស​ប្រជាជន។ ព្រឹទ្ធសភា កងទ័ព តុលាការ ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ហើយ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទៀត គឺ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​គណបក្ស​ប្រជាជន​។ ដូច្នេះ​តើ​នរណា​ដែល​ប្រជា​ពលរដ្ឋ​យើង​អាច​ពឹង​ពាក់​បាន ពីព្រោះ​មិន​មាន​ស្ថាប័ន​ណា​មួយ​ដែល​គេ​អាច​ពឹង​ពាក់​បាន​ឡើយ?»៕

រាយការណ៍​បន្ថែម ABBY SEIFF

 

What Next?

Recent Articles

6 Responses to "ព្រះ​មហាក្សត្រ​យាង​ចេញ​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ"

  1. Chourn says:

    មិនបាច់បារម្មណ៍ទេបើទោះបីជាព្រះមហាក្សត្រយាងចេញក្តីព្រោះព្រះមហាក្សត្រគ្មានអំណាចទេ។

  2. siwatha says:

    Hun Sen Muk Krass duch sbek kropeur…robbed and cheated this election!

  3. Kmeng Peal says:

    ការជួបពេទ្យវាចាំបាច់ហើយ តែក៏វាអាចពន្យាពេលបានដែរត្រឹមពិនិត្យធម្មតានោះ ព្រោះពេលនេះវាចាំបាច់ត្រូវតែនៅ
    មើលរាស្រ្ត។ពិបាកថាដែរវាស្រេចតែអុងឡូវតេជោ បើតេជោថាម៉េចត្រូវតែថ្វើតាម ស្រួលមិនស្រួលតេជោយកវាំងទៅលក់ទៀត។

  4. Som Rien Sey says:

    1-​ ​ចេញ​ពី​ប្រទេស​ ទៅ​ជួបគ្រូពេទ្យ​ និង
    2- ​ចេញ​ពី​ប្រទេស​ ​ទៅ​ចូលរួមមង្គលការ
    ណា​មួយ​គួរតែទៅ? ណា​មួយ​គួរតែ​បន្ទោស?
    ​សូម​លោក Cam News ​ជួយ​គិត​ផង។

  5. lolo says:

    For the problem in the country righ now, who should stay home to solve the problem, the king or Sam Rainsy?

  6. ជ័យវរ្ម័នទី៧ says:

    សត្វដូនតាយំរដូវភ្ជុំជិតមកដល់ តើបងប្អូនក្រុងភ្នំពេញបានត្រៀមស្លឹកចេកសំរាប់វេចនំហើយឬនៅ?