អភិបាល​រាជធានី​បញ្ជា​ឲ្យ​ផ្អាក​អាជីវកម្ម​បូម​ខ្សាច់

Tuesday, 13 August 2013
ឃុត សុភចរិយា និង ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

130813_07

កប៉ាល់​បូម​ខ្សាច់​នៅ​កណ្តាល​ទន្លេ​មេ​គង្គ​ក្នុង​ភូមិ ​កោះ​នរា​ ខណ្ឌ ​មាន​ជ័យ កាល​​​ពី​ថ្ងៃ​អា​ទិ​ត្យ។ រូបថត ផា លីណា

ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចាត់​វិធានការ​ផ្អាក​ការ​ធ្វើ អាជីវកម្ម​បូម​ខ្សាច់ នៅ​តាម​ដង​ទន្លេ​នានា​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ ទៅ​លើ​ភាព​ស្រប​ច្បាប់​របស់​អាជីវកម្ម​ទាំង​នោះ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ ក្រៅ​ពី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុង​រាជធានី លោក​អភិបាល​រាជធានី ប៉ា សុជាតិវង្ស ក៏​បាន​លើក​ឡើង​នូវ​បញ្ហា​នៃ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​អនាធិបតេយ្យ ផង​ដែរ ហើយ​បាន​ស្នើ​ភ្លាមៗ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ចាត់​វិធានការ​ផ្អាក​អាជីវកម្ម​ទាំង​នោះ។

ដោយ​មិន​ប្រាប់​ឲ្យ​ដឹង​ថា តើ​មាន​អាជីវកម្ម​ប៉ុន្មាន​ដែល​កំពុង​ដំណើរការ​បូម​ខ្សាច់​លក់ នៅ​រាជធានី ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​និយាយ​ថា ៖ «ឯកឧត្តម​អភិបាល​ឲ្យ​ផ្អាក​ជា​បន្ទាន់​អាជីវកម្ម​បូម​ខ្សាច់ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ប័ណ្ណ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទាំង​នោះ ថា​តើ​មាន​ច្បាប់​ឬ​អត់​? ខ្លះ​គេ​សុំ​នៅ​ក្រុង ខ្លះ​សុំ​នៅ​មន្ទីរ និង​ខ្លះ​សុំ​ក្រសួង»។

លោក​បាន​បន្ត​ថា ៖ «អាជីវកម្ម​បូម​ខ្សាច់​ដូច​ជា ការ​រុករក​ធនធាន​រ៉ែ​ក្នុង​ទន្លេ​មួយ​ដែរ អ៊ីចឹង​ពួកគេ​ត្រូវ​តែ​មាន​ច្បាប់​អនុញ្ញាត​។ កន្លង​មក​មាន​ការ​បូម​ខ្សាច់​ដោយ​អនាធិបតេយ្យ​តែ​មាន​ក្រុមហ៊ុន​ខ្លះ​មាន​ច្បាប់»។ បើ​តាម​លោក ឡុង ឌីម៉ង់ អាជីវកម្ម​បូម​ខ្សាច់ ដែល​គេ​មើល​ឃើញ​ភាគ​ច្រើន មាន​នៅ​តាម​ដង​ទន្លេ ក្នុង​ទឹក​ដី​ខណ្ឌ ឫស្សីកែវ និង​ខណ្ឌ មានជ័យ។

ប៉ុន្តែ លោក គួច ចំរើន អភិបាល​ខណ្ឌ មានជ័យ បាន​ថ្លែង​ថា ក្នុង​ខណ្ឌ​របស់​លោក​ពុំ​មាន​អាជីវកម្ម​បូម​ខ្សាច់​ទេ គឺ​មាន​តែ​អាជីវកម្ម​លក់​ខ្សាច់​ប៉ុណ្ណោះ​។

លោក​និយាយ​ថា៖ «គេ​បូម​នៅ​កណ្តាល​ទន្លេ តែ​ខ្ញុំ​ក៏​មិន​ដឹង​ថា ក្នុង​ទឹក​ដី​ណា​ដែរ គ្រាន់​តែ​ខណ្ឌ​យើង ច្រើន​តែ​មាន​គេ​ដឹក​ខ្សាច់​ឆ្លង​កាត់​យក​មក​ចាក់​បំពេញ​ដើម្បី​ធ្វើ​អាជីវកម្ម​លក់​ដូរ​។ អាជីវកម្ម​ប្រភេទ​នេះ មាន​ប្រមាណ ៥ ឬ ៦ កន្លែង​ប៉ុណ្ណោះ​ហើយ​សុទ្ធ​តែ​មាន​ច្បាប់​ពី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល»។

ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​ថា ច្រាំង​ទន្លេ​ជា​ច្រើន នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត កណ្តាល បាន​បាក់​ធ្លាក់​ចូល​ទន្លេ រួម​ទាំង​ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ។ អ្នក​រស់​នៅ​តាម​ដង​ទន្លេ ដែល​ពេល​ខ្លះ​បាន​ធ្វើ​ការ​តវ៉ា​នោះ បាន​បន្ទោស​ការ​បាក់​ច្រាំង​ទន្លេ​នេះ ទៅ​លើ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ហួស​ប្រមាណ។

លោក ណៅ ធួក ប្រធាន​រដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹង​ថា ៖ «ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ក្នុង​រដូវ​ត្រី​ពង កូន បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន ដូចជា ធ្វើ​ឲ្យ​ប្រភេទ​ត្រី ដែល​រក​ចំណី​នៅ​តាម​បាត​ទន្លេ អាច​ប្រឈម​នឹង​ការ​ងាប់​ផុត​ពូជ និង​បាត់បង់​ចំណី​ត្រី​ជាដើម»។ តែ​ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ការ​បូម​ខ្សាច់​ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​នោះ​ដែរ៕

 

What Next?

Recent Articles

4 Responses to "អភិបាល​រាជធានី​បញ្ជា​ឲ្យ​ផ្អាក​អាជីវកម្ម​បូម​ខ្សាច់"

  1. fuckyou says:

    stop, and wait but will continue.

  2. Anonymous says:

    He want give new license and pay again?
    Mr. Ma already got payment.

  3. Kmeng Peal says:

    ឈប់តថ្លៃគ្នាសឹន អញអ្នកថ្មីតម្លៃក៏ត្រូវថ្មីដែរ។ កេធ្វើផ្ទះ អញធ្វើវិឡា។

  4. មានសែនមិនបាច់ហ៊ុនបើមានហ៊ុនមិនបាច់សែន says:

    សែនមានភាគហ៊ុនក្នុងការបូមខ្សាច់១ម៉ែត្រគិប១ដុល្លាតើចៅហ្វាយក្រុងថ្មីចង់បានដែលឫទេ???ប្រយត្ន័ឈាមក្បាលទៅ