Thursday, 15 August 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈទីបំផុតរាត្រីនៃស្នាមញញឹម និងសំឡេងស្រែកហ៊ោកញ្ជ្រៀវរបស់ក្រុមសិល្បករសិល្បការិនីនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ដែលទស្សនិកជនគ្រប់គ្នាទន្ទឹងរង់ចាំនោះនឹងមកដល់នៅថ្ងៃព្រហស្បតិ៍នេះ ហើយលោកអ្នកពិតជាបានដឹងទាំងអស់គ្នាថាតើតារាចម្រៀង តារាសម្តែងរូបណា នឹងក្លាយជាម្ចាស់ពានតារាល្បីនិងមានប្រជាប្រិយភាពបំផុតទាំង៣០នៅក្នុងឆ្នាំ២០១៣ក្នុងកម្មវិធី«អាណាចក្រតារា» ដែលជាកម្មវិធីផ្តល់ពានផ្នែកសិល្បៈដំបូងបំផុតរបស់កម្ពុជារៀបចំឡើងដោយក្រុមហ៊ុនសប្បាយ។
បើរំឭកទៅកាលពីឆ្នាំ២០១២ គេនៅចាំបានថា ពានមាន៣៦តែឆ្នាំ២០១៣នេះ គឺមានតែ៣០ពានប៉ុណ្ណោះ ក្រោយពេលគណៈកម្មការរបស់កម្មវិធីនេះបានសម្រេចក្នុងកិច្ចប្រជុំយ៉ាងសុក្រឹតនោះ។ ទស្សនិកជន ក៏ដូចជាសិល្បករផ្ទាល់កំពុងរំជួលចិត្តស្ទើរឈរទប់ចិត្តមិនជាប់ចង់ដឹងណាស់ថា តារារូបណានឹងមានសមត្ថភាពលើកពានប្រចាំឆ្នាំនោះ។ អ្វីដែលពិសេសនោះ គឺមានសំណួរថា តើម្ចាស់ពានកាលពីឆ្នាំ២០១២ នឹងអាចការពារតំណែងរបស់ខ្លួនបានដែរឬទេ?
តារាចម្រៀងប្រចាំផលិតកម្មថោនលោក ករុណា ពេជ្រ ដែលជាម្ចាស់ពានតារាចម្រៀងប្រជាប្រិយប្រចាំឆ្នាំ២០១២ បានឲ្យដឹងថា នៅក្នុងកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ លោកមិនបានចូលរួមទេ ដោយសារលោកជាប់ច្រៀងនៅក្នុងកម្មវិធីមួយនៅភ្នំពេញ។ ករុណា ពេជ្រ បានបន្តថា សម្រាប់ការជាប់ពាន ឬក៏អាចការពារពានឆ្នាំចាស់យ៉ាងណានោះ លោកក៏មិនអាចដឹងច្បាស់ដែរ តែតាមលោកដឹងពានប្រជាប្រិយនៅឆ្នាំ២០១៣នេះ អត់មានទេ ហើយខាងផលិតកម្មថោនក៏សុំដកបេក្ខភាពតារាចម្រៀងផលិតកម្មខ្លួនពីការប្រកួតពាន«អាណាចក្រតារា» តាំងពីយូរមកហើយ។
អតីតម្ចាស់ពានកម្មវិធីកម្សាន្តប្រចាំឆ្នាំ២០១២ ដែលធ្លាប់ឆ្លងកាត់បទពិសោធការរៀបចំការប្រគំតន្ត្រីជាង១៤ឆ្នាំ ជាង១០០កម្មវិធី លោក គង់ វិសាលឲ្យដឹងថា៖«នៅក្នុងថ្ងៃនោះ ខ្ញុំនឹងចូលរួមជាមួយនឹងភរិយា។ ខ្ញុំក៏បានដាក់កម្មវិធីតន្ត្រីយុវវ័យ ក្នុងការប្រកួតនេះដែរ តែសម្រាប់ការប្រកួតទទួលបានលទ្ធផលយ៉ាងណាខ្ញុំមិនទាន់បានដឹងនៅឡើយព្រោះតាមពិតទៅខ្ញុំអត់ដឹងថា គេប្រកួតលើលក្ខណៈអីទេ តើលើសោភណភាពឆាក អ្នកទស្សនាច្រើន តារាឡើងឆាកល្បីៗ ឬក៏គេគិតលើកម្មវិធីដែលមានម្ចាស់ស្ពនស័រយូរអង្វែងដូចកម្មវិធីរបស់ខ្ញុំយ៉ាងណានោះទេ»។
តារាសម្តែង កែវ ស្រីនាង ម្ចាស់ពានតារាសម្តែងប្រចាំឆ្នាំ២០១២ ដែលកំពុងត្រៀមខ្លួនចូលរួមជាស្រេចបាននិយាយថា៖«សម្រាប់ខ្ញុំ ទោះបីជាបាន ឬក៏មិនបានក៏មិនជាបញ្ហាដែរ ព្រោះខ្ញុំក៏ធ្លាប់បានម្តងរួចមកហើយ តែខ្ញុំត្រូវតែចូលរួមព្រោះនោះជាកម្មវិធីដើម្បីសិល្បៈ វាជាកិត្តិយសមួយសម្រាប់សិល្បៈ។ ក្រោយទទួលពាននេះកាលពីឆ្នាំ២០១២ ទោះបីជាមិនផ្តល់ប្រយោជន៍ណាស់ណា តែវាជាកិត្តិយសរបស់ខ្ញុំ ជាស្នាដៃមួយនៅក្នុងអាជីពរបស់យើង ទុកដល់ជំនាន់ក្រោយៗ»។
ទន្ទឹមនឹងការចូលមកដល់ការប្រកាសលទ្ធផលម្ចាស់ពានអាណាចក្រតារា២០១៣នោះ តារាសម្តែងម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ២០១២ នាង សារ៉ាយ សក្ខណា បាននិយាយថា៖«ខ្ញុំដូចជាមានអារម្មណ៍ធម្មតា មិនមានអ្វីប្លែកខ្លាំងទេ ហើយរឿងខ្ញុំអាចទទួលពាន ឬក៏អាចការពារតំណែងចាស់នោះ ខ្ញុំមិនទាន់ដឹងថា តើយ៉ាងណានោះទេ ព្រោះឥឡូវនេះមានសិល្បករជាច្រើន ហើយពួកគាត់មានសមត្ថភាពល្អៗ។ តែបើបានក៏សប្បាយចិត្ត បើមិនបានក៏មិនអាក់អន់ស្រពន់ចិត្តអីនោះទេ ខ្ញុំនឹងចូលរួមនៅក្នុងកម្មវិធីនោះ ដើម្បីជាការផ្តល់តម្លៃ និងលើកកម្ពស់វិស័យសិល្បៈយើង»។
លោក ជី សិលា នាយកក្រុមហ៊ុនសប្បាយបានឲ្យដឹងថា នៅពេលនេះ សំបុត្រអញ្ជើញទាំងអស់បានទៅដល់ដៃសិល្បករអស់ហើយ ដូច្នេះសង្ឃឹមថា ពួកគេនឹងចូលរួមទាំងអស់គ្នា។ លោកបន្តថា អាណាចក្រតារាឆ្នាំនេះ បានផ្តល់ទំនុកចិត្ត និងសុក្រឹតភាពដល់សិល្បករគ្រប់រូបតាមរយៈការបង្កើតយន្តការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព ដែលមានក្រុមហ៊ុនសវនកម្មអន្តរជាតិ និងមេធាវីឯករាជ្យចូលរួមផងដែរ។
ពិធីការិនីម្ចាស់ពានកម្មវិធីកម្សាន្តប្រចាំឆ្នាំ យុគ ចិន្តា ដែលជាសមាជិកគណៈកម្មការឲ្យដឹងថា នៅឆ្នាំនេះ កម្មវិធីអាណាចក្រតារាកាន់តែមានសុក្រឹតភាពជាងមុន ហើយទោះបីជាអ្នកនាងជាគណៈកម្មការក៏ដោយក៏មិនបានដឹងពីលទ្ធផលថា អ្នកណាជាម្ចាស់ពាននោះទេ ភាពច្បាស់នឹងដឹងទាំងអស់គ្នានៅថ្ងៃទី១៥ ស្អែកនេះ។
ដូច្នេះដើម្បីដឹងលទ្ធផលច្បាស់ និងអាចជួបតារាលើកម្រាលព្រំក្រហមក្រោមដំបូលតែមួយរាប់រយនាក់នោះ ទស្សនិកជនទាំងអស់អាចចូលទស្សនាដោយផ្ទាល់នៅសាលមហោស្រពកោះពេជ្រនាល្ងាចថ្ងៃទី១៥ ចាប់ពីម៉ោង៥និង៣០នាទីដោយទស្សនិកជនគ្រាន់តែចំណាយប្រាក់ទិញសំបុត្រចូលទស្សនាក្នុងតម្លៃ ១០០០០ រៀល ដើម្បីជួយទ្រទ្រង់សមាគមសិល្បករខ្មែរប៉ុណ្ណោះ៕
លោក គង់ វិសាលឲ្យដឹងថា៖«នៅក្នុងថ្ងៃនោះ ខ្ញុំនឹងចូលរួមជាមួយនឹងភរិយា។
លោក គង់ វិសាលឲ្យដឹងថា៖«នៅក្នុងថ្ងៃនោះ ខ្ញុំនឹងភរិយានឹងចូលរួមជាមួយ។