ការរឹតបន្តឹងសន្តិសុខជាតិក្រោយការបោះឆ្នោត ធ្វើឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ផ្ដោតអារម្មណ៍ទៅលើការវិវឌ្ឍន៍ស្ថានការណ៍នេះ។ ស្របពេលគ្នានេះដែរ អ្នកយកព័ត៌មានភាគច្រើនតែងតែជួបការលំបាកក្នុងការទទួលបានព័ត៌មាន ស្តីពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ជាតិនេះ និងការថតសកម្មភាពរបស់កងកម្លាំងទាំងនោះនៅទីសាធារណៈជាដើម។
ដោយ ចេង ម៉េងជូ
2013-08-15
RFA
នៅព្រឹកថ្ងៃទី១៥ សីហា អ្នកសារព័ត៌មានក្នុងស្រុកមួយរូប ត្រូវបាននគរបាលឃាត់ខ្លួនអស់មួយរយៈ ដើម្បីយកទៅសាកសួរ បន្ទាប់ពីលោកបានថតរូបរបស់នគរបាលដែលកំពុងប្រជុំជួរនៅនៅលើដងផ្លូវម្តុំមុខអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។
អនុប្រធានគ្រប់គ្រងការីនិពន្ធកាសែតភ្នំពេញប៉ុស្តិ៍ ផ្នែកភាសាខ្មែរ ត្រូវបាននគរបាលឃាត់ខ្លួនខណៈលោកកំពុងថតរូបរបស់កងកម្លាំងនគរបាល ដែលកំពុងប្រជុំជួរនៅខាងក្រៅអង្គភាពនៅម៉ោងប្រហែល ៧កន្លះព្រឹកថ្ងៃទី១៥ សីហា។
លោក សូ វិសាល ដែលត្រូវបាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនអស់ពេលប្រហែលកន្លះម៉ោង បានមានប្រសាសន៍ថា នគរបាលម្នាក់ដែលអះអាងថា ខ្លួនជាមេនគរបាល បានប្រើពាក្យសម្ដីមិនសមរម្យ អសុរោះ ដោយចោទថា លោកថតរូបដោយមិនបានសុំការអនុញ្ញាត។ ប៉ុន្តែ លោក សូ វិសាល បានឲ្យដឹងថា លោកថតរូបនោះនៅទីសាធារណៈ ដោយលោកយល់ថា មិនចាំបាច់សុំការអនុញ្ញាតពីនគរបាលនោះទេ។
លោក សូ វិសាល៖ «ប៉ូលិសម្នាក់គាត់និយាយថា ហ្អែងឈ្លើយហ្អែងថតរូប ហ្អែងអត់មានសុំការអនុញ្ញាត ដូច្នេះហ្អែងឈ្លើយម្ល៉េះ ហ្អែងមកពីណា? ខ្ញុំប្រាប់គាត់ថា ខ្ញុំមកពីកាសែតភ្នំពេញប៉ុស្តិ៍ ប៉ុន្តែគាត់នៅតែព្យាយាមឆ្លៀតពេល ដូចថា ជេរយើងដោយប្រើពាក្យសម្ដីអសុរោះ។ គាត់បានឲ្យខ្ញុំទៅជួបនឹងកូនប៉ូលិសរបស់គាត់ម្នាក់នៅក្នុងបន្ទប់មួយរបស់អធិការខណ្ឌ ដើម្បីធ្វើកំណត់ហេតុ»។
លោក សូ វិសាល មានប្រសាសន៍ថា នគរបាលនោះប៉ុនប៉ងលុបរូបថតរបស់លោកទៀតផង តែក្រោយមកក៏សម្រេចដោះលែងខ្លួនលោក បន្ទាប់ពីមានការសម្រេចពីថ្នាក់លើ៖ «បន្ទាប់ពីធ្វើកំណត់ហេតុហើយ គេរកលុបរូបនៅក្នុងកាមេរ៉ារបស់ខ្ញុំ ហើយខ្ញុំប្រាប់ថា ស្រេចលើលោកទេ ប្រសិនបើលោកចង់លុប លុបទៅ ក៏ប៉ុន្តែរឿងឃាត់ខ្លួនខ្ញុំនៅព្រឹកហ្នឹង ប្រហែលជាត្រូវចុះផ្សាយនៅតាមទំព័រកាសែតនៅព្រឹកស្អែកហើយ ប្រសិនបើមានការចុះផ្សាយ ហើយមានការលុបរូបថតលើរូបអីដែលខ្ញុំបានថតនៅតាមផ្លូវសាធារណៈ អ៊ីចឹង ក្រែងលោវាអាក្រក់មើលពេក ហើយឃើញប៉ូលិសគាត់ធ្វើកំណត់ហេតុ គាត់ទូរស័ព្ទទៅមេគាត់ ក៏ចង់ក្រោយមក គាត់ឲ្យលុបវិញទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីអធិការនគរបាលខណ្ឌមានជ័យ លោក ហ៊ី ណារិន បានទេ នៅត្រឹមរសៀលថ្ងៃទី១៥ សីហា។
ពាក់ព័ន្ធនឹងការថតរូបកងកម្លាំងនគរបាលនៅពីមុខអធិការដ្ឋាននេះ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ យល់ថា អ្នកសារព័ត៌មានគួរតែព្យាយាមចៀសវាងការធ្វើឲ្យស្ថានភាពតឹងតែងតាមតែអាចធ្វើទៅបាន ដោយសារភាគីនីមួយៗសុទ្ធតែសម្អាងហេតុផលរៀងៗខ្លួន នៅពេលមិនមានច្បាប់កំណត់ថា សកម្មភាពរបស់អ្នកកាសែតធ្វើបែបនេះខុស ឬត្រូវនោះ៖ «ពេលដែលច្បាប់អត់មានចែង បានន័យថា អ្នកកាសែតថាខ្លួនឯងត្រូវ ប៉ូលិសក៏គេថាគេត្រូវ។ អ៊ីចឹង តើអ្វីដែលកើតឡើងនៅពេលដែលភាគីទាំងពីរគេថាគេត្រូវរៀងខ្លួន? ឥឡូវអ្នកកាសែតអាងច្បាប់អីដែលទៅថតគេ ទៅឈរបង់ជំទែងនៅពីមុខប៉ុស្តិ៍ប៉ូលិស ហើយថតដោយមិនសុំគេហក! តើប៉ូលិសអាងលើច្បាប់អី ដែលទៅចាប់គេពេលគ្រាន់តែគេទៅឈរថត វាអត់មាន។ ដល់វាអត់មាន ម្នាក់ៗសម្អាងអ៊ីចឹង»។
ប៉ុន្តែ នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ថា មិនមានការចាំបាច់ក្នុងការសុំការអនុញ្ញាតមុននឹងថតរូបរបស់នគរបាលទាំងនោះទេ លុះត្រាតែការថតរូបនោះស្ថិតក្នុងបរិវេណរបស់អធិការដ្ឋាននគរបាល៖ «ក្នុងច្បាប់ព្រហ្មទណ្ឌ និយាយរួម គេហាមតែការថតរូបណាដែលជាការថតរូបបុគ្គលឯកជន ហើយការថតរូបនោះស្ថិតនៅក្នុងទីឯកជនរបស់គេតែប៉ុណ្ណឹងទេ។ ហេតុដូច្នេះហើយ ខ្ញុំយល់ថា រឿងដូចថា បើសិនជាកងទ័ព បើសិនជាពាក់ព័ន្ធកងទ័ព អាហ្នឹងរឿងមួយផ្សេង ព្រោះជួនកាលវាអាចពាក់ព័ន្ធទៅនឹងការងារសម្ងាត់របស់កងទ័ព ពាក់ព័ន្ធសន្តិសុខជាតិ អាហ្នឹងប្រហែលជាមិនបានទេ តែបើចំពោះនគរបាលយុត្តិធម៌ ពីព្រោះបើគ្រាន់តែប្រជុំជួរនគរបាលអ៊ីចឹង ខ្ញុំថាដូចជាមិនខុសអីទេ ហើយក៏មិនបាច់ទៅសុំការអនុញ្ញាតអីដែរ លើកលែងយើងទៅចូលកន្លែងគេ។ បើដើរចូលទៅកន្លែងគេ សុំថត អាហ្នឹងយើងត្រូវទៅសុំការអនុញ្ញាតពីអ្នកដែលគ្រប់គ្រង»។
ទោះបីមានការឃាត់ខ្លួនរូបលោកក្តី លោក សូ វិសាល មានប្រសាសន៍ថា តាមបទពិសោធន៍ប្រហែល ១០ឆ្នាំក្នុងវិស័យសារព័ត៌មាន លោកសង្កេតឃើញថា បញ្ហារវាងអ្នកសារព័ត៌មាន និងមន្ត្រីសាធារណៈ មានការថយចុះច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអាកប្បកិរិយារបស់សមត្ថកិច្ចក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកសារព័ត៌មាន មានភាពល្អប្រសើរ។ លោកមានប្រសាសន៍ថា ភាពមិនចុះសម្រុងគ្នាកើតមានឡើងតែចំពោះជនមួយក្ដាប់តូចតែប៉ុណ្ណោះ។ លោកក៏បានអំពាវនាវឲ្យមន្ត្រីសាធារណៈទាំងឡាយ មេត្តាប្រើប្រាស់ពាក្យសម្ដីសមគួរ នៅពេលបំពេញភារកិច្ចក្នុងនាមជាអ្នកអនុវត្តន៍ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- CCHRបារម្ភពីការគំរាមពលរដ្ឋមានវិវាទដីធ្លីក្រោយការបោះឆ្នោត
- មន្ត្រីនៅពោធិ៍សាត់រងការចោទថាគំរាមពលរដ្ឋមិនឲ្យធ្វើកសិកម្មលើដីធ្លាប់កាន់កាប់
- អ្នកមានបញ្ហាដីធ្លីទាមទារតុលាការដោះស្រាយសំណុំរឿងអ្នកស្រី យ៉ោម បុប្ផា
- មន្ត្រីសិទ្ធិមនុស្សអំពាវនាវឲ្យអាជ្ញាធរស៊ើបអង្កេតករណីរំលោភសិទ្ធិនៅមណ្ឌលគិរី
- ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក៖ កម្ពុជាត្រូវពង្រឹងសេរីភាពសារព័ត៌មាន
- សង្គមស៊ីវិលរិះគន់តុលាការខេត្តសៀមរាបថាឃុំខ្លួនស្ត្រីម្នាក់ដោយពុំមានភស្តុតាង
- សារព័ត៌មានយុវវ័យថ្មីប្រកាសផ្សាយព័ត៌មានពិតឯករាជ្យ
- ការប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកកំពុងពេញនិយមនៅកម្ពុជា
- មន្ត្រីអាវុធហត្ថខេត្តរតនគិរីម្នាក់រងការចោទថាប្រើហិង្សាលើស្ត្រីពីរនាក់
នេះហើយជាកងកម្លាំងប្រដាប់អាវុធកើតឡើងពីអ្នកដឹកនាំជនពាលជនព្រៃផ្សៃជនបាតផ្សាដែល
សង្គមស្អប់ខ្ពើមជាទីបំផុត។ ខុសពីកងកម្លាំងប្រដាប់អាវុធកើតចេញពីកុលបុត្ររបស់ខ្មែរដែលមាន
ក្រមសិលធម៌ល្អ មានភាពជាអ្នកស្វែងរកសុខសន្តិភាពជូនប្រជាជន គេមានមេត្តាករុណា និងព្រហ្មវិ
ហាធម៌ល្អណាស់ ព្រោះទឹកចិត្តនិងឆន្ទៈគេស្មោះបំរើប្រជាជន។ ប៉ុន្តែបុគ្គលនេះ និយាយចេញមកគឺ
សុទ្ធអាមឹង ហ្អែង បែបមនុស្សព្រៃចេញមកតែម្តង សម្តីនិយាយចេញមកមិនបំរើផលប្រយោជន៍
ឲ្យប្រជាជនទេ គឺបំរើឲ្យមេរបស់ខ្លួន និងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ។ យើងជាកូនខ្មែរដែលជា
អ្នកមានពូជមានអំបូរខ្មែរអង្គរ យើងស្អប់ខ្លាំងណាស់ចំពោះអាពួកកម្លាំងប្រដាប់អាវុធគ្រប់ជាន់
ថ្នាក់ណាដែលមានសម្តីបាតផ្សារដាក់លើប្រជាពលរដ្ឋអសិលធម៌ដោយ មិនដឹងពីទួនាទីរបស់
ខ្លួនបំរើពលរដ្ឋឬបំរើឲ្យបុគ្គលមានអំណាចណាម្នាក់។ កម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់បែបនេះ
គួរតែកុំឲ្យមាននៅក្នុងសង្គម។ ពួកវានេះធ្វើឲ្យខូចអារិយធម៌និងវប្បធម៌សង្គមនិងប្រទេសជាតិ
មិនគួរទុកវាទេ។ សំណូមពរដល់អ្នកដឹកនាំគ្រប់កងកម្លាំងមានសត្ថកិច្ចដែលបំរើប្រជាជននិងប្រ
ទេសជាតិសូមកុំឲ្យមានបុគ្គលគ្មានចំណេះដឹង គ្មានការរៀនសូត្រ គ្មានក្រមសិលធម៌ មិនយល់អំ
ពីប្រវត្តិរូបរបស់ខ្លួនថាធ្វើការបំរើប្រជាជន បំរើប្រទេសជាតិដោយឥតលក្ខ័ណ បែរទៅធ្វើការគំរាម
កំហែងបិទសិទ្ធិប្រជាជន។ បើមានបុគ្គលដូចនេះគួរតែបណ្ដេញចេញពីជួរកងកម្លាំងគ្រប់ផ្នែក។