តូប​អាជីវករ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កណ្ដាល​ត្រូវ​គេ​លួច​ដុត

តូប​លក់​ខោអាវ​របស់​អាជីវករ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​កន្លែង​នៅ​ផ្សារ​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាង​លិច ស្រុក​លើកដែក ខេត្ត​កណ្ដាល ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​បំផ្លាញ​ឆេះ​អស់​ទ្រព្យសម្បត្តិ​គិត​ជា​ទឹក​ប្រាក់​ជាង ១០​លាន​រៀល នៅ​យប់​ថ្ងៃ​ទី​១៧ សីហា។ ម្ចាស់​តូប​បាន​អះអាង​ថា តូប​របស់​ខ្លួន​ឆេះ​​មាន​ការ​ពាក់​ព័ន្ធ​ទៅ​​លើ​ការ​រើសអើង​គណបក្ស​នយោបាយ។

ដោយ ហ៊ុំ ចំរើន
2013-08-19
RFA

ភ្លើង​ឆេះ កណ្ដាល ៦១០
១៨-សីហា-២០១៣៖ ពលរដ្ឋ​ច្របាច់​ពិល​មើល បន្ទាប់​ពី​តូប​លក់​ខោអាវ​របស់​អ្នកស្រី ប៉ិច ស៊ីថា ​នៅ​ផ្សារ​កំពង់ចំលង​អ្នកលឿង​ត្រើយ​ខាង​លិច​ឃុំ​ព្រែកទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល។ RFA

​ក្នុង​ករណី​ឆេះ​តូប​នេះ​ អាជីវករ​ម្ចាស់​តូប​បាន​​លើក​ឡើង​ថា កន្លង​មក​ប្ដី​របស់​អ្នកស្រី​ធ្លាប់​ជា​មនុស្ស​សកម្ម​របស់​គណបក្ស សម រង្សី​ ប្រចាំ​ខេត្ត​កណ្ដាល​ ប៉ុន្តែ​ប្ដី​របស់​គាត់​បាន​ស្លាប់​ដោយ​ជំងឺ​ប្រចាំ​កាយ​កាល​ពី​ជាង ៣​ឆ្នាំ​មុន​ទៅ​ហើយ។ អ្នកស្រី​បន្ត​ថា​ បើ​ទោះ​ណា​ប្ដី​បាន​ស្លាប់​ចោល​ខ្លួន​ច្រើន​ឆ្នាំ​ទៅ​ហើយ​ក៏ដោយ​ ប៉ុន្តែ​សមាជិក​គាំទ្រ​គណបក្ស​ប្រជាជន​ក្នុង​ភូមិ​របស់​អ្នកស្រី​នៅ​តែ​បន្ត​ការ​ចោទ​ប្រកាន់​រើស​អើង​អ្នកស្រី​ ថា​ជា​មនុស្ស​របស់​គណបក្ស​ប្រឆាំង​ដដែល។​ ជាង​នេះ​ទៅ​ទៀត អ្នកស្រី​ថា កន្លង​មក​សកម្មជន​បក្ស​ប្រជាជន​ធ្លាប់​បាន​អូសទាញ​អ្នកស្រី​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​តែ​មិន​បាន​សម្រេច។

ម្ចាស់​តូប​លក់​សំលៀកបំពាក់ គឺ​អ្នកស្រី​ ប៉ិច​ ស៊ីថា វ័យ ៥៦​ឆ្នាំ​ រស់​នៅ​ភូមិ​កំពង់ចំលង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក។ អ្នក​ស្រី​បាន​ថ្លែង​ទាំង​អួល​ដើម​ក​នៅ​ថ្ងៃ​ទី​១៨ សីហា ថា ក្រោយ​ពី​ការ​បរាជ័យ​ក្នុង​ការ​អូស​ទាញ​អ្នកស្រី​មិន​​បាន​សម្រេច​មក​ អ្នកស្រី​ថា​ ថ្មី​ៗ​នេះ​មាន​មនុស្ស​មួយ​ក្រុម​បាន​ដើរ​មក​និយាយ​ឌឺដង​មិន​ឲ្យ​អ្នក​ស្រី​បើក​ស្ដាប់​វិទ្យុ​ឯករាជ្យ​បរទេស​ផ្សាយ​ជា​ខេមរៈ​ភាសា​ក្នុង​​តូប​​​​លក់​ខោអាវ​របស់​ខ្លួន​នោះ​ឡើយ។

អ្នកស្រី​ថា​ ការ​ស្ដាប់​ព័ត៌មាន​ជា​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ​ ដូចនេះ​អ្នកស្រី​ក៏​នៅ​តែ​បន្ត​បើក​វិទ្យុ​ស្ដាប់​ក្នុង​តូប​របស់​ខ្លួន​ជា​រាង​រហូត៖ «ព្រោះ​អី​ពី​ល្ងាច​មិញ​ហ្នឹង ម៉ោង​៦ ខ្ញុំ​នៅ​តូប​ខ្ញុំ​នៅ​ឡើយ​ទេ​ ដូច​ជា​រសាប់រសល់​ទី​បញ្ចប់​ម៉ោង ៧​កន្លះ ខ្ញុំ​ចេញ​ពី​តូប​ខ្ញុំ​ម៉ោង ៦ មក​ដល់​ផ្ទះ​ខ្ញុំ​មុជ​ទឹក​ផ្លាស់​ខោអាវ​ហើយ​អស់​ ខ្ញុំ​លេង​ពីរ​នាក់​ម៉ែ​និង​កូន​ហ្នឹង។ ខ្ញុំ​ចូល​សម្រាន្ត មិន​ទាន់​បាន​សម្រាន្ត​ផង ស្រាប់​តែ​គេ​ទូរស័ព្ទ​ថា តូប​ខ្ញុំ​ត្រូវ​គេ​ដុត​ឆេះ​អស់​ហើយ ហើយ​ពេល​ហ្នឹង​ខ្ញុំ​ត្រឡប់​ទៅ​ពី​នាក់​ម៉ែ​និង​កូន​ឃើញ​មុខ​គេ​កំពុង​តែ​ច្រូងច្រាង​ជួយ​ខ្ញុំ។ អត់​មាន​ទេ​ពូ! បើ​មិន​ជឿ​ដើរ​សួរ​គេ​អ្នក​ស្រុក​អ្នក​ភូមិ​ហ្នឹង​ខ្ញុំ​ដើរ​ជួយ​អ្នក​ក្រីក្រ​ច្រើន​ណាស់ ខ្ញុំ​មិន​ដែល​មាន​បញ្ហា​អី​រឿង​គំនុំគំកួន​អី​ទេ ហើយ​ខ្ញុំ​មក​លក់​កន្លែង​ហ្នឹង ៧-៨​ឆ្នាំ​ហើយ​មិន​ដែល​មាន​បញ្ហា​អី​ទេ»

អ្នក​ស្រី​អះអាង​ថា​ ការ​ឆេះ​តូប​របស់​គាត់​គឺ​ជា​បញ្ហា​រើស​អើង​ផ្នែក​នយោបាយ​របស់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​មក​លើ​រូប​អ្នក​ស្រី ដែល​ឃើញ​ខ្លួន​ជា​ស្ត្រី​មេម៉ាយ​នោះ។ អ្នក​ស្រី​ថា​ ការ​លើ​ឡើង​ដូច​នេះ ព្រោះ​ហេតុ​ថា​ខ្លួន​ជា​មនុស្ស​មាន​ធម៌អាថ៌​រក្សា​សីល​ និង​ជួយ​ជន​ក្រី​ក្រ​ ហើយ​ពុំ​ដែល​មាន​ទំនាស់​ជា​មួយ​ជន​ណា​ម្នាក់​ឡើយ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ អធិការ​រង​ស្រុក​លើកដែក លោក​ ទឹម​ សារិន​ បង្ហាញ​ថា​ បញ្ហា​ឆេះ​តូប​នេះ​ពុំ​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រើស​អើង​ផ្នែក​នយោបាយ​ឡើយ។ លោក​ថា​ អ្នក​ស្រី​ម្ចាស់​តូប​​ពុំ​ដែល​បាន​ចូល​រួម​ជា​មួយ​គណបក្ស​នយោបាយ​ណា​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ អ្នក​ស្រី​ម្ចាស់​តូប​កន្លង​មក​ធ្លាប់​មាន​បញ្ហា​ពាក់​ព័ន្ធ​ការ​ឌឺដង​ពី​​អតិថិជន​ក្នុង​ផ្សា​មិន​ឲ្យ​បើក​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរៈ​ភាសា​ស្ដាប់​ក្នុង​តូប​របស់​អ្នក​ស្រី​ខ្លះ​មែន​ តែ​កត្តា​ទាំង​នេះ​ពុំ​មាន​អ្វី​ចោទ​ជា​បញ្ហា​ធំ​ដុំ​នោះ​ឡើយ។

លោក ទឹម សារិន៖ «ផ្អែក​តាម​ការ​ពិនិត្យ​របស់​យើង របស់​សមត្ថកិច្ច​យើង​ហ្នឹង យើង​អាច​សន្និដ្ឋាន​ថា វា​អាច​កើត​ឡើង​ដោយ​សា​តែ​ការ​ធ្វេសប្រហែស​ ឬ​មួយ​ក៏​គាត់​មាន​ការ​ភ្លេច​ភ្លាំង​ក្នុង​ការ​ដុត​ភ្លើង​ធូប ឬ​ភ្លើង​ទៀង​អី​ ហើយ​អាច​ដាក់​នៅ​លើ​ទូ…។ ជួន​កាល​ដាល់​លើ​ទូ​ហ្នឹង​ទៅ​ហ្នឹង​ជួន​កាល​អា​ខ្នោះ​អាវ​ជួន​កាល​វា​មក​ប៉ះ អា​ហ្នឹង​ប៉ះ​យូរ​ៗ​ទៅ​វា​អាច​បង្កើត​ឡើង​ជា​អគ្គីភ័យ ហើយ​វា​ឋិត​ក្នុង​រយៈពេល​យូរ​បាន​ជា​មាន​អណ្ដាត​ឡើង។ អ៊ីចឹង​ករណី​ហ្នឹង​យើង​ជា​លក្ខណៈ​សន្និដ្ឋាន​ទេ។ ផ្អែក​តាម​ការ​ពិនិត្យ​ហេតុ​របស់​យើង​ក្រោយ​ចប់​សព្វ​គ្រប់​ទៅ​វា​អត់​មាន​ឃើញ​អី​ប្លែក​ដែល​អាច​ពិនិត្យ​ឃើញ​ថា ឲ្យ​​វា​មាន​ពិរុទ្ធ​ភាព​ក្នុង​​អគ្គីភ័យ​ហ្នឹង​កើត​ឡើង»

លោក​បន្ត​ថា​ ចំ​ពោះ​ទ្រព្យ​សម្បត្តិ​វិញ គឺ​មាន​ការ​ខូច​ខាត​ប្រមាណ​ជា ៤០​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​អាជីវករ​ម្ចាស់​តូប​បាន​អះអាង​ថា តូប​របស់​គាត់​ឆេះ​ខូច​ខាត​​ពុំ​អាច​យក​មក​ប្រើ​ការ​វិញ​បាន​ទេ​ ហើយ​ចំនួន​ដែល​បាន​ខូច​ខាត​ទាំង​នោះ​​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​អស់​ជា ១០​លាន​រៀង។

អ្នក​ស្រី​អាជីវករ​បន្ត​ថា​ ជន​មិន​ស្គាល់​មុន​ទំនង​មាន​គោល​បំណង​ដុត​បំផ្លាញ​តូប​លក់​អង្ករ​ជាប់​នឹង​តូប​របស់​អ្នកស្រី​មុន​ តែ​ដោយ​ការ​ប្រញាប់​របស់​មិន​ស្គាល់​មុខ​ផង​ គេ​ក៏​បាន​បែរ​ទិស​ដៅ​ដុត​តូប​របស់​អ្នកស្រី​វិញ​ ព្រោះ​មាន​ការ​ងាយ​ស្រួល​ជាង។ អ្នក​ស្រី​ថា​ ម្ចាស់​តូប​លក់​អង្ករ​ ក៏​ជា​សកម្ម​ជន​លេច​ធ្លោ មួយ​​រូប​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ហើយ​តូប​នេះ​ត្រូវ​បាន​គេ​គាស់​បំផ្លាញ​ខ្លះ​ដែរ​ តែ​តូប​នេះ​ពុំ​​មាន​ការ​ខូច​ខាត​ការ​អ្វី​ធំដុំ​ឡើយ។​

តូប​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​បំផ្លាញ​នៅ​វេលា​ម៉ោង​ជិត ៨​យប់ ថ្ងៃ​ទី​១៧ សីហា ហើយ​ម្ចាស់​តូប​ទាមទារ​ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ឆេះ​តូប​នេះ​ពន្លឿន​ការ​ស៊ើប​អង្កេត​ដើម្បី​ចាប់​ជន​បង្ក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

7 Responses to "តូប​អាជីវករ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កណ្ដាល​ត្រូវ​គេ​លួច​ដុត"

  1.   says:

    Khmer society failed!!!

  2. 18 Mars says:

    បើសិនជាអំពើរបស់បក្សប្រជាជនមែនវាកាន់តែដុតឲ្យប្រជាជនស្អប់ខ្ពើមគណៈបក្សប្រជាជនកាន់តែ ខ្លាំងថែមទៀត។ មិនចំណេញទេបើសិនជាសមាជិករបស់​គណៈបក្សប្រជាជនធ្វើអំពើ​មិនគាប់​បីទៅ​លើអ្នកដទៃ។ កុំភ្លេចថាទឹកត្រជាក់ត្រីកុម ពេលឃោសនាបោះឆ្នោតគណៈបក្សប្រជាជន​ជួល​សមាជិក​​មកហែរឯគណៈបក្សប្រឆាំងសមាជិកគេស្ម័គ្រចិត្តមកហែរដោយចំណាយថវិកាផ្ទាល់ខ្លួន ចូរសកម្មជននិងក្រុមការងាររបស់គណៈបក្សប្រជាជនពិចារណា……..គណៈបក្សប្រជាជនបាន​ខិតដល់ចំណុចកែលែងកើតហើយ……….ខ្លាញ់កំពុងក្តៅមិនត្រូវជះទឹកទេ….បើយើងធ្វើល្អពេលខ្លះគេ អាចត្រឡប់មកស្រឡាញ់យើងវិញ…..តែបើអាងកម្លាំងបាយប្រហែលជាស៊យច្រើនជាងលាភ…ព្រោះ រដ្ឋាភិបាលត្រូការការគាំទ្រពីប្រជាពលរដ្ឋ………

  3. កុំបំប៉ោងតើមានភស្តុតាងទេ?

  4. ខាង​សកម្មជន​បក្ស​សង្គ្រោះ​ស្រវឹងស្រាសជិះកង់ធ្លាក់ប្រឡាយក៍ហេតុផលនយោបាយដែរ

  5. បរកែវ- រតនៈគិរី says:

    បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង???​ អីក៏យ៉ាប់ម្លេះ???
    ———————-

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង

    ក្រុមបក្សពួកកាន់អំណាចនោះទេ ។

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់

    អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ

    ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ

    គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ

    ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង​

    ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។

    តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព

    សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?

    តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក

    លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។

    =======

    បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់

    លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល​ ចង់សាកលមើល

    ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត

    ទេ ។​ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ

    អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ

    បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល​ ក៏សំដៅឃ្មួញអន្លង់

    កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ

    មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ

    សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស

    ណាដែលសង្គ្រោះជាតិ ។

  6.   says:

    ហាស ហាស ហា៎…ចំជាមោឃមែន អាខាងលើនេះ!

  7. Strey Khmer says:

    It is the Khmer Rouge style, they burned the houses, bridges, bomb the streets, killed innocent people, and abuse on human rights They have been committed crime very cruelly in the society of Cambodia to be the Victoria on the tears of people cried for justice by the dangerous of dark dream dictators.