យុវជន ៤ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​និង​ឃុំ​នៅ ព្រៃ ស

Monday, 19 August 2013
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

130819_06

យុវ​ជន ​ទុត ច័ន្ទ​បញ្ញា ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​ខ្លួន​។ រូបថត ដក​ចេញ​ពី​ ហ្វេស​ប៊ុក​

ភ្នំពេញៈ យុវជន ៤ នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត បទ​ឧក្រិដ្ឋ» កាល​ពី​ថ្ងៃ​សៅរ៍​ទៅ​តាម​អី្វ​ដែល​នគរបាល​បាន​អះអាង​ថា ក្រុម​នេះ មាន​ចេតនា​ញុះញង់​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ ស។

យុវជន​ទាំង ៤ នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៥ ខែ សីហា ដែល​ក្នុង​ចំណោម​នោះ មាន​ពីរ​នាក់ ម្នាក់​ឈ្មោះ ទុត ច័ន្ទបញ្ញា ប្រុស អាយុ ៣០ ឆ្នាំ និង​សុខ ដាលីស ស្រី អាយុ ២៨ ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ដែល​ពួក​គេ​ទៅ​ទទួល​ផ្កា​កុលាប ១ ពាន់​ទង ពី​ជន​មិន​ស្គាល់​មុខ​ម្នាក់​នៅ​ផ្សារ​ធំ​ថ្មី ដើម្បី​យក​ទៅ​ចែក​ជូន​កង​កម្លាំង​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​មាន​ការ​ទាក់​ទង​គ្នា​ជាមួយ​ជន​មិន​ស្គាល់​មុខ​នោះ​តាម ហ្វេសប៊ុក។ ចំណែក​ពីរ​នាក់​ផ្សេង​ទៀត ឈ្មោះ ហ៊ី បូរិន ប្រុស​អាយុ ៣៣ ឆ្នាំ និង លី លីនផេង ត្រូវ​បាន​ចាប់​ខ្លួន នៅ​កន្លែង​ផ្សេង។

អ្នក​ទាំង​បួន ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សៅរ៍ ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ» តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ជាប់​ពន្ធនាគារ​ពី ៦ ខែ​ដល់ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៤ លាន​រៀល​។ បន្ទាប់​ពី​ចោទ​ប្រកាន់​ពួក​គេ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ព្រៃ ស។ នេះ​បើ​តាម​លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​។ បើ​តាម​លោក អំ សំអាត មេធាវី​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ពួក​គេ​នៅ​ក្រៅ​ឃុំ។

នគរបាល បាន​អះអាង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​សៅរ៍​ថា យុវជន​ទាំង​នោះ​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ខិត្តប័ណ្ណ តាម​បញ្ជា​របស់​ឈ្មោះ សួន សេរីរដ្ឋា ដែល​ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ហើយ​ជា​អ្នក​ធ្លាប់​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ ប្រឆាំង​រដ្ឋាភិបាល។

អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ថ្លែង​តាម​សេចក្តី​ប្រកាស​នោះ​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​នេះ គឺ​ក្នុង​ខណៈ​ដែល​ពួក​គេ «កំពុង​ធ្វើ​សកម្មភាព​ផលិត និង​ចែក​ចាយ ដោយ​រួម​មាន​វត្ថុតាង ជា​ខិត្តប័ណ្ណ​ច្រើន​រយ​សន្លឹក​»។

លោក​បាន​បន្ត​ថា៖ «ការ​ផលិត​ចែក​ចាយ​ខិត្តប័ណ្ណ​នេះ គឺជា​សកម្មភាព​ចេតនា បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​ប្រដាប់​អាវុធ បង្ក​អស្ថិរភាព​ធ្ងន់​ធ្ងរ ដល់​សង្គម​ជាតិ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន»។

ប៉ុន្តែ​លោក អំ សំអាត ដែល​អង្គការ​របស់​លោក និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ផ្តល់​មេធាវី​ចំនួន ៤ រូប ដើម្បី​ការពារ​ក្តី ដល់​យុវជន​ពីរ​រូប ក្នុង​ចំណោម​យុវជន​ទាំង​នេះ បាន​និយាយ​ថា កូន​ក្តី​របស់​អង្គការ​លោក មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​ចែក​ចាយ​ខិតប័ណ្ណ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ក៏​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ក្រុម​លោក សួន សេរីរដ្ឋា​នោះ​ដែរ។

លោក អំ សំអាត បាន​គូស​បញ្ជាក់​ថា៖ «ពួក​គាត់​មិន​មាន​ពាក់​ព័ន្ធ​សកម្មភាព​ណា​មួយ ចែក​ចាយ​ខិត្តប័ណ្ណ ដែល​នគរបាល​ចោទ​នោះ​ទេ គាត់​គ្រាន់​តែ​ទៅ​យក​ផ្កា ហើយ​នេះ​ជា​សិទ្ធិ​របស់​គាត់»។

ចំណែក អ្នក​ស្រី ចាន់ សេដ្ឋា អាយុ ៥០ ឆ្នាំ ត្រូវ​ជា​ម្តាយ​យុវជន ទុត ច័ន្ទបញ្ញា និយាយ​ថា កូន​របស់​អ្នក​ស្រី មិន​បាន​ដឹង​ពី​ខិត្តប័ណ្ណ មាន​រូប​រាង​យ៉ាង​ណា ឬ​មាន​អត្ថន័យ​យ៉ាង​ម៉េច​នោះ​ឡើយ​តែ បញ្ញា និង ដាលីស បាន​ទៅ​យក​ផ្កា ដោយ​សារ​មាន​មនុស្ស​ម្នាក់ ណាត់​ឲ្យ​ទៅ​យក ក៏​ត្រូវ​ចាប់​ខ្លួន​ទាំង​ពីរ​នាក់ នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ហាង​ផ្កា​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។

អ្នក​ស្រី​ថ្លែង​ថា៖ «បញ្ញា​ជិះ​ម៉ូតូ ឯ ដាលីស​ជិះ​តុក តុក ឱប​ផ្កា​ក្នុង​ដៃ ព្រោះ​ផ្កា​ច្រើន​ពេក​។ កូន​ខ្ញុំ​ទៅ​យក​ផ្កា តែ​មិន​មាន​សំបុត្រ​អី​នៅ​ក្នុង​ផ្កា​ទេ ហើយ​ខ្ញុំ​ជឿ​ថា ពួកគេ​មិន​ទាក់​ទង​នឹង​រឿង​ខិតប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​ស្អី​នោះ​ឡើយ​។ រឿង​នេះ​ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់»។

អ្នក​ស្រី​បន្ត​ថា បញ្ញា និង​ដាលីស ក៏​មិន​ដែល​ស្គាល់​បុរស​និង​ស្ត្រី​ពីរ​រូប​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​គ្នា​នោះ​ដែរ ហើយ​ម្ចាស់​កូពី​នោះ ពួក​គាត់​ក៏​គ្រាន់​តែ​កូពី​ទៅ​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ។

អ្នក​ស្រី​ឲ្យ​ដឹង​ថា ៖ «ស្ត្រី​ម្ចាស់​ព្រីន​នោះ​ប្រាប់​ខ្ញុំ​ថា គាត់​ដឹង​តែ​ពី​ព្រីន​ឲ្យ​គេ ហើយ​មិន​ចង់​ដឹង​ថា នៅ​ក្នុង​ក្រដាស​ព្រីន​នោះ គេ​សរសេរ​ពី​អ្វី​នោះ​ទេ»។

ទោះ​យ៉ាង​ណា នគរបាល បាន​ភ្ជាប់​រឿង​ចាប់​ខ្លួន​យុវជន​ទាំង​បួន​រូប​នេះ ទៅ​នឹង​ខិតប័ណ្ណ​មួយ​ដែល​មាន​រូប​ផ្កា​កុលាប​លឿង ហើយ​មាន​សរសេរ​អក្សរ ដោយ​មាន​ដាក់​ឈ្មោះ សួន សេរីរដ្ឋា ពី​ខាង​ក្រោម​អត្ថន័យ​នេះ​ថា ៖ «ផ្កា​កុលាប​ពណ៌​លឿង សម្រាប់​ការ​ផ្លាស់​ប្តូរ ជូន​មួយ​ទង​ម្នាក់ ដល់​វីរៈ​កងទ័ព​គ្រប់​រូប ដែល​ជា​កូន​ចៅ​ពលរដ្ឋ​ខ្មែរ។ សូម​បែរ​ចុង​អាវុធ​តម្រង់​ជន​ផ្តាច់ការ ហើយ​យក​ជីវិត​ការពារ​ពលរដ្ឋ ជា​ឈាម​ខ្មែរ​ដូច​គ្នា ព្រោះ​កងទ័ព​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ ជា​ខ្មែរ​តែ​មួយ ដែល​ត្រូវ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក»។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចំពោះ​មិត្តភក្តិ​របស់​យុវជន​ទាំង​នេះ​និយាយ​ថា ខ្លឹមសារ​របស់​ក្រុម​ខ្លួន គឺ​គ្រាន់​តែ​បង្ហាញ​ថា បង​ប្អូន​នគរបាល​ជា​ជន​រួម​ឈាម​ខ្មែរ​តែ​មួយ​និង​មិន​មាន​ខ្លឹមសារ​អ្វី​ខុស ច្បាប់​ឡើយ។

លោក​ថ្លែង​ថា៖ «យើង​កំពុង​តាម​ដាន​ករណី​នេះ ព្រោះ​ហាក់​នៅ​ស្រពិច​ស្រពិល​ច្រើន ដោយ​សារ​មាន​ខ្លឹមសារ​ពីរ ខ្លឹមសារ​នគរបាល​ចោទ​មាន​ពាក់​ព័ន្ធ​រឿង​បង្វែរ​កាណុង​មក​ជន​ផ្តាច់​ការ តែ​មិត្តភកិ្ត​ពួកគេ​ថា ខ្លឹមសារ​ពួក​គេ​គឺ បង​ប្អូន​ប៉ូលិស​ជា​ជន​រួម​ឈាម​ខ្មែរ​តែ​មួយ​។ បើ​ខ្លឹមសារ​នេះ​មែន គ្មាន​អ្វី​ខុស​ទេ»។

លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​ក្រៅ​ប្រទេស បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា សកម្មភាព​យុវជន​ចែក​ផ្កា ទឹក​សុទ្ធ ដល់​កងទ័ព គ្មាន​អ្វី​ខុស​ច្បាប់​ឡើយ ហើយ​មិន​មែន​ជា​ការ​ញុះ​ញង់​ទេ តែ «គឺជា​ទឹក​ចិត្ត​សប្បុរស​សុទ្ធសាធ ដែល​យុវជន និង​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា នរណា​ក៏​អាច​ធ្វើ​បាន​ដែរ»។

នៅ​ពេល​សួរ​ថា តើ​ក្រុម​យុវជន​ទាំង​បួន​រូប ជា​សមាជិក​របស់​លោក​ឬ​យ៉ាង​ណា លោក សេរីរដ្ឋា និយាយ​ថា៖ «ក្រុម​យុវជន​ទាំង​នោះ ជា​យុវជន​ខ្មែរ មិន​មែន​ចាំ​បាច់​ថា ជា​សកម្មជន​របស់​ចលនា អំណាច​ពលរដ្ឋ​ខ្មែរ ឬ​អត់​នោះ​ទេ ពួក​គេ​គ្រប់​គ្នា​មាន​សិទ្ធិ មាន​សេរីភាព មាន​អំណាច​ធ្វើ​អ្វី ដែល​ពួក​គេ​គិត​ថា​ត្រូវ ពីព្រោះ​នេះ ជា​សេរីភាព​នៃ​ការ​គិត ការ​និយាយ និង​ការ​ធ្វើ​»។

កាល​ពី​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​បាន​ធ្វើ​ការ​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​យុវជន​ទាំង ៤ រូប​នេះ និង​បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា «ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​បុគ្គល និង​សិទ្ធិ​សេរីភាព​សម្តែង​មតិ របស់​ប្រជា​ពលរដ្ឋ» ដោយ​ពួក​គេ​គ្រាន់​តែ​យក​ផ្កា និង​ទឹក​សុទ្ធ មាន​បំណង​ចែក​ជូន​កងទ័ព​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាមទារ​ឲ្យ​ដោះលែង​យុវជន​ទាំង​នេះ​ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ៕

 

What Next?

Recent Articles

7 Responses to "យុវជន ៤ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​និង​ឃុំ​នៅ ព្រៃ ស"

  1. Anonymous says:

    ក្នុងនាមជាយុវជនខ្មែរ ខ្ញុំសូមអោយរដ្ឋាភិបាលដោះលែងយុវជនទាំង៤នាក់​ពីព្រោះពួកគាត់មិនកំហុសទេ…

  2. Siemreap says:

    កាលពីម្សិលមិញ​ខ្ញុំបានទៅ​ទិញ​ផ្កាកុលាប​2000ទង ប៉ុន្ដែ​​ពុំមានប៉ូលីស​ចាប់​ខ្ញុំនោះទេ។ដូច្នេះ​ប្អូនប្រុស ទុត ច័ន្ទបញ្ញាទៅ​ទទួល​ផ្កា​កុលាប ១ ពាន់​ទង ពុំមានអ្វីដែលប៉ូលីស​ត្រូវ​ចាប់គាត់នោះទេ។

    បើយោងតាម​វិទ្យុ​បារាំង RFI ​ប្រជាពលរដ្ឋ​មួយរូប​នៅ​ទីក្រុង​ភ្នំពេញ ឈ្មោះ​លោក ស៊ី​ធាងបាន​អះអាងថា​ពួកគេ​នឹង​បន្តសកម្មភាព​បរិ​ច្ចាក​​ជូន​ទឹក​សុទ្ធ ជូន​ផ្កា នំ​ចំណី ដល់​សមត្ថកិច្ច​ជា​រៀង​រាល់ថ្ងៃ ទៅតាមលទ្ធភាព​រៀង​ៗ​ខ្លួន ដោយ​​លោក​ស៊ី​ធាង​យល់ថា សមត្ថកិច្ច​បាន​ចំណាយ​កំលាំងកាយ​​ការពារ​​ពួកគេ​​​ជា​យូរ​មកហើយ។
    ប៉ូលីសមិនបានចាប់ខ្លួន​លោក ស៊ី​ធាងនោះទេ។
    ដូច្នេះ​ប្អូនប្រុស ទុត ច័ន្ទបញ្ញាទៅ​ទទួល​ផ្កា​កុលាប ១ ពាន់​ទង​បំណង​ចែក​ជូន​កងទ័ព ពុំមានអ្វីដែលប៉ូលីស​ត្រូវ​ចាប់គាត់នោះទេ។

    ខ្ញុំបានលឺថាកាលពី​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣ ឈ្មោះ ទុន ចាន់​បញ្ញា ​ដែល​ជា​អ្នក​ស្និទ្ធ​ជាមួយ​ឈ្មោះ សួន សេរី​រដ្ឋា ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អាមេរិក​បាន​ទទួល​សារ​អេឡិចត្រូនិក​ឈ្មោះ សួន សេរី​រដ្ឋា​។ បន្ទាប់មក​ឈ្មោះ ទុន ចាន់​បញ្ញា​បាន​ថតចម្លង​សារ​នោះ ​ហើយ​យក​មក​ទាក់ទង​ឲ្យ​ឈ្មោះ ហ៊ី បូ​រិ​ន ដែល​ជា​អ្នកជំនាញ​ផ្នែក​IT និង​Design រៀបចំ​ធ្វើជា​ខិត្តប័ណ្ណ​នៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​។ ក្រោយពី​ពួកគេ​បាន​រៀប​ចំ​ទំរង់​នៃ​ខិត្តប័ណ្ណ​រួចហើយ​ក៏បាន​ទៅ​ទំនាក់ទំនង​ជាមួយ​ឈ្មោះ លឹម លី​ផេង ភេទ​ស្រី​ ជា​ថៅកែ​រោង​ពុម្ព​មួយ​ធ្វើការ​បោះពុម្ព​ខិត្តប័ណ្ណ​ទាំងនេះ​បាន​រាប់​រយ​សន្លឹក​ដើម្បី​យក​ទៅ​ចែក​ផ្សព្វផ្សាយ​ដល់​គោលដៅ​របស់​ពួកគេ​ដោយមាន​ឈ្មោះ សុខ ដា​លី​ស ភេទ​ស្រី សេនាធិការ​ក្នុង​ការចែក​ផ្សាយ​។​

    ​តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​បាន​ឲ្យ​ដឹង​ថា​ ខិត្តប័ណ្ណ​ទាំងនោះ​គឺ​ពួកគេ​ចង​ផ្អោប​ជាប់​នឹង​ផ្កា​ស្រស់​ចម្រុះ​ពណ៌​ហើយ​យក​ទៅ​ចែក​ជូន​ដល់​បណ្ដា​សមត្ថកិច្ច​នគរបាល​អាវុធហត្ថ​កងទ័ព​ដែល​មាន​ភារកិច្ច​យាមកាម​ថែរក្សា​សន្ដិសុខ​ក្នុង​រាជធានី​ភ្នំពេញ​និង​តំបន់​ផ្សេងៗ​ទៀត​។

  3. បរកែវ- រតនៈគិរី says:

    បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង???​ អីក៏យ៉ាប់ម្លេះ???
    ———————-

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង

    ក្រុមបក្សពួកកាន់អំណាចនោះទេ ។

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់

    អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ

    ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ

    គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ

    ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង​

    ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។

    តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព

    សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?

    តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក

    លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។

    =======

    បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់

    លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល​ ចង់សាកលមើល

    ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត

    ទេ ។​ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ

    អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ

    បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល​ ក៏សំដៅឃ្មួញអន្លង់

    កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ

    មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ

    សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស

    ណាដែលសង្គ្រោះជាតិ ។

  4. Tor says:

    ពួកខ្មែរក្រហមវាមានភាពក្រឡិចក្រឡុចណាស់ ព្រោះមេវាកំពុងមោហោទោសោក្នុងខួរក្រោយពីចាញ់ឆ្នោតសង្រ្គោះជាតិ។
    សព្វថ្ងៃមិនសូវហ៊ានបង្ហាញខ្លួនក្នុងទូរទស្សន៍ទេ ព្រោះដឹងខ្លួនថារាស្រ្តមិនចូលចឹត្ត ពេលឃើញតេចោរតាមទូរទស្សន៍ម្តងៗ
    រាស្រ្តគេដើរចេញ្មាខ្លះខាកស្តោះ,ខ្ពើមនូវអ្វីដែលគាត់បានប្រព្រឹត្ត។ គួរតែជ្រមុជក្បាលក្នុងទឹកពាងអោយងាប់ទៅដើម្បីអោយបានកើតជាក្រពើនាជាតិក្រោយ។

  5. mission impossible says:

    it was the proper way to arrested them, we can’t let this idiot guys destroyed our beloved
    country.,
    ———————–
    khmer governments needs to go after ring leaders, asks USA authorities to extradite them to face justice in cambodia.,

    liked USA, went after terrorism,, around the world
    ————-
    these guys dared to play with fire, then, they deserved to be in jail,,
    no excuses, no mercy, no bailed out

  6. Real Khmerologist says:

    The international communities should take appropriate action against the dictators for their crime against humanity. The western governments will not tolerate the atrocity committed by the authoritarian governments any where in the world.

  7. Real Khmerologist says:

    I want to see whether the western government is on the opposition side or the oppressive government side.