Tuesday, 20 August 2013
វង្ស សុខេង និង Stuart White
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នដោះស្រាយបណ្តឹងបោះឆ្នោតកំពូលរបស់កម្ពុជា នឹងបើកកិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីចាប់ផ្តើមធ្វើការសម្រេច លើបណ្តឹងចំនួន ៣៣ ពីគណបក្សនយោបាយ បើទោះបីជាសមាជិកគណបក្សប្រឆាំង កាលពីម្សិលមិញបានថ្លែងថា ពួកគេមានក្តីសង្ឃឹមតិចតួច ចំពោះសេចក្តីសម្រេចរបស់ស្ថាប័នជាតិកំពូលមួយនេះក៏ដោយ។
យោងតាមលោក ព្រំ ញៀនវិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ក្រុមប្រឹក្សានេះ បានពិនិត្យលើពាក្យបណ្តឹង ១៤ នៃពាក្យបណ្តឹងទាំង ៣២ របស់គណបក្សប្រឆាំងរួចហើយ ហើយកំពុងពិចារណាលើសេចក្តីសម្រេចចុងក្រោយ ប៉ុន្តែ លោក វិចិត្រ បានបដិសេធមិនធ្វើការអត្ថាធិប្បាយ អំពីសេចក្តីសម្រេចឡើយ ឬថាតើពាក្យបណ្តឹងដទៃទៀតនឹងត្រូវសម្រេច ឬយ៉ាងណាឡើយ មុនពេលការស៊ើបអង្កេតត្រូវបញ្ចប់នៅថ្ងៃស្អែក។ ពាក្យបណ្តឹងមួយត្រូវបានដាក់ដោយគណបក្សប្រជាជនកម្ពុជា ហើយគ្មានពាក្យបណ្តឹងបានដាក់ដោយគណបក្សដទៃទៀតឡើយ។
លោក វិចិត្រ បានថ្លែងថា៖«យើងបានបញ្ចប់ការស៊ើបអង្កេតលើបណ្តឹងមួយចំនួន ហើយបានបញ្ជូនបណ្តឹងទៅពិនិត្យដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មួយករណីម្តងៗ។ ខ្ញុំមិនដឹងអំពីលទ្ធផលទេ។ វាអាស្រ័យទៅលើការអនុម័តរបស់សមាជិក ហើយយើងធ្វើការស៊ើបអង្កេតអនុលោមតាមនីតិវិធីច្បាប់របស់ក្រុមប្រឹក្សាធម្មនុញ្ញ»។
លោក វិចិត្រ បានបន្ថែមថា ការស៊ើបអង្កេតរួមមានវិធានការដូចជាការសាកសួរដើមបណ្តឹង និងជនត្រូវចោទ ប៉ុន្តែលោកបានបន្តថា វិធានការត្រូវធ្វើឡើង តែករណីក្រុមប្រឹក្សាធម្មនុញ្ញ ចាត់ទុកថា ចាំបាច់ប៉ុណ្ណោះ។
ក្រុមប្រឹក្សាធម្មនុញ្ញមានរយៈពេល ៧២ ម៉ោង ដើម្បីបញ្ចប់ការស៊ើបអង្កេតលើបណ្តឹង ដែលអាចទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត បញ្ហាពេលធ្វើយុទ្ធនាការ និងពាក្យបណ្តឹងអំពីវិធានការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់គណបក្សប្រឆាំងកាលពីថ្ងៃសៅរ៍ រយៈពេល ៧២ ម៉ោងរបស់ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចប់នៅថ្ងៃនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃសៅរ៍ បានច្រានចោលពាក្យបណ្តឹងរបស់គណបក្សប្រឆាំង ដោយថ្លែងថា ពាក្យបណ្តឹងជាច្រើនមិនតម្រូវឲ្យធ្វើការស៊ើបអង្កេតស៊ីជម្រៅឡើយ ដូចជាការបើកហិបឯកសារបោះឆ្នោត ដើម្បីពិនិត្យផ្ទៀងផ្ទាត់តួលេខ។
លោក គួយ ប៊ុនរឿន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញ បានថ្លែងថា លោកមិនរំពឹងថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នឹងខុសប្លែកខ្លាំងពីគ.ជ.បឡើយ។
លោក បន្តថា៖ «យើងមិនជឿថា ក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើសេចក្តីសម្រេចបានត្រឹមត្រូវ ចំពោះបណ្តឹងរបស់យើងទេ ព្រោះសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ គឺនៅជាមួយនឹងគណបក្សប្រជាជន។ ដូច្នេះ ពួកគេនឹងសម្រេចដូចគ.ជ.ប»។
លោកបានបន្ថែមថា៖ «យើងដាក់ពាក្យបណ្តឹងព្រោះយើងគ្រាន់តែធ្វើតាមនីតិវិធីច្បាប់ ហើយដើម្បីបង្ហាញសហគមន៍ជាតិ និងអន្តរជាតិថា ក្រុមប្រឹក្សាធម្មនុញ្ញនៅតែលំអៀងទៅខាងគណបក្សកាន់អំណាច ហើយទាមទារឲ្យធ្វើកំណែទម្រង់»។
លោក ប៊ុនរឿន បានបន្ថែមថា គណបក្សមិនបានដាក់ភ័ស្តុតាងបន្ថែមទៅក្រុមប្រឹក្សានេះទេ ប៉ុន្តែភ័ស្តុតាងដែលបានដាក់រួចហើយទៅ គ.ជ.ប មានករណីជាក់លាក់ដែលបុគ្គលរកឃើញឈ្មោះជាន់ ឬអ្នកដទៃទៀតបានបោះឆ្នោតជួសពួកគេ ក៏ដូចជាករណីបញ្ហាទាក់ទងនឹងទម្រង់ និងការបិទមណ្ឌលបោះឆ្នោតមុនពេលកំណត់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលថ្លែងថា ការតវ៉ានៅតែជាជម្រើស ប្រសិនបើពាក្យបណ្តឹងរបស់គណបក្ស ត្រូវបានច្រានចោលម្តងទៀត បានបញ្ជាក់កាលពីម្សិលមិញថា លោកមិនចង់អត្ថាធិប្បាយអំពីការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ រហូតទាល់តែក្រោយប្រកាសសេចក្តីសម្រេចថ្ងៃនេះ។
លោកបានបញ្ជាក់ថា៖ «យើងនឹងរង់ចាំរហូតដល់ថ្ងៃនេះចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយយើងនឹងពិភាក្សាជាមួយនឹងអ្នកបោះឆ្នោត ប្រជាជន ថាតើយើងនឹងធ្វើអ្វីបន្ទាប់ទៀត»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានថ្លែងថា ទាក់ទងនឹងការតវ៉ា«តើគណបក្សប្រឆាំងអាចធ្វើអ្វីផ្សេងទៀតបាន?»
លោកបានបន្ថែមថា៖ «វាអាចដាក់សម្ពាធថែមទៀត លើគណបក្សកាន់អំណាច បន្ទាប់មកធ្វើឲ្យគណបក្សកាន់អំណាចត្រូវប្រឈមនឹងពួកគេ ហើយបដិសេធនូវភាពស្របច្បាប់របស់វា។ ពិចារណាលើអារម្មណ៍របស់អ្នកគាំទ្រគណបក្សប្រឆាំងនៅទូទាំងប្រទេស គណបក្សប្រឆាំង អាចប្រមូលមនុស្សជាច្រើននាក់។ អ្នកមិនអាចប្រើរថក្រោះទៅកម្ទេចគំនិតរបស់ប្រជាជនបានឡើយ»។ ទោះជាយ៉ាងណា លោក ឡៅម៉ុងហៃ បានបន្តថា រយៈពេលយុទ្ធនាការមានលក្ខណៈសន្តិវិធីជាសកល បានបញ្ជាក់ថា ការធ្វើបាតុកម្មខ្នាតធំ មិនចាំបាច់ត្រូវប្រែក្លាយជាបាតុកម្មហិង្សាឡើយ។
លោកបន្តថា៖ «មានមនុស្សរាប់ម៉ឺននាក់ ហើយរាប់សែននាក់ នៅផ្លូវទូទាំងប្រទេស ហើយទោះបីជាគណបក្សគូប្រជែងគ្នានៅលើផ្លូវតែមួយក៏ដោយ វានឹងគ្មានអំពើហិង្សាទេ។ ផ្អែកលើបទពិសោធថ្មីៗនេះ ប្រសិនបើយើងអាចបន្តមានកិច្ចសហប្រតិបតិ្តការពីអាជ្ញាធរដើម្បីធានាច្បាប់ និងសណ្តាប់ធ្នាប់…ហេតុអ្វីមិនរំឭកនូវបទពិសោធបែបនោះទៀតទៅ?»
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុមហ្វ្រែល បានថ្លែងថា តាមពិត មិនអាចមានជម្រើសសល់តាមគោលការណ៍ច្បាប់ឡើយ។
លោកបានបញ្ជាក់ថា៖«នេះជាជម្រើសចុងក្រោយ។ គេគ្មានកន្លែងទៅប្តឹងទៀតទេ។ ព្រោះតុលាការទទួលយកតែបណ្តឹងព្រហ្មទណ្ឌទាក់ទងនឹងការបោះឆ្នោត ដូចជាឯកសារក្លែងក្លាយ ឬការបំភិតបំភ័យ និងការគំរាមកំហែង។ គេអាចដាក់ទោសបុគ្គលដែលប្រព្រឹត្តអំពើឧក្រិដ្ឋធ្ងន់ធ្ងរ»។
លោកគល់ បញ្ញា បានពន្យល់ថា ការដាក់ពាក្យបណ្តឹង ប្រឆាំងនឹងស្ថាប័នរដ្ឋាភិបាលមិនអាចធ្វើទៅបានទេ។ «តុលាការសន្មតថា ស្ថាប័នរដ្ឋាភិបាលគឺល្អឥតខ្ចោះ»៕ TK
Ma famille mes amis Et moi meme nous allons faire manifestaton sans voilance si cnrp fixe une date nous n avont pas peur les bals de fusi de Hun sen ce qu on demande pour le ou les gouvernements qui Eluent democratiquement graver les noms qui cedes ce jours la pour les generations futures mort pour le cambodge democratie Et la justice et de drois
ក្រុមប្រឹក្សាធម្មនុញ្ញ : គជប :cpp ពីព្រោះវាជាពួករបស់cppទាំងអស់
កុំសង្ឃឹមតុលាការផ្លូវលោកវាមានអយុត្តិធ៌មៈ
ទី១អ្នកមានអំណាចត្រូវតែឈ្នះ
ទី២អ្នកជាបក្ខពួកខ្លួនឈ្នះ
ទី៣អ្នកមានលុយឈ្នះ
ទី៤អ្នកពូកែបកស្រាយឈ្នះ
ទី៥អ្នករត់ចោលស្រុករួចខ្លួន
តែតុលាការផ្លូវក្នុងចង់រួចខ្លួនលុះត្រាតែអ្នករត់ទៅកន្លែងណាដែលគ្មាសេក្តីស្លាប់។
ល្មមឈប់ជឿតុលាការជញ្ជិងថ្លឹងប្រហុករបស់ហ៊ុនសែនទៀតទៅនាំគ្នាដុតធូបប្តឹងយមរាជវិញឧទាហរណ៏ស្តេចពាល
ទោះជារត់ដល់ណាក៏គេតាមកាត់ទោសបានដែល។
juegos gratis