Tuesday, 20 August 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនឹងបន្តពិចារណាទៅលើសំណើសុំនៅក្រៅឃុំរបស់គ្រួសារយុវជនបួននាក់នៅថ្ងៃនេះ បន្ទាប់ពីតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអ្វីដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងថា មានចេតនាញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានឲ្យដឹងថា ក្រុមគ្រួសារយុវជនទាំងបួននាក់បានដាក់ពាក្យមកធានាសុំឲ្យពួកគេនៅក្រៅឃុំ ដែលសុំណើនេះបានដល់ដៃចៅក្រមហើយ។ លោកថ្លែងទៀតថា ៖ «លោកចៅក្រមនឹងពិចារណាដោះលែងឲ្យនៅក្រៅឃុំឬមិននៅក្រៅឃុំនៅថ្ងៃស្អែក។ ដោយសារតែនៅថ្ងៃនេះមានតែពាក្យធានាយកប្អូននិងកូនទៅ វិញ តែពុំទាន់មានពាក្យស្នើសុំពីអ្នកទាំងបួន»។
លោកបន្តថា ក្រុមគ្រួសារពួកគាត់ធានាអះអាងនិងសន្យាថា នឹងអប់រំពួកគេមិនឲ្យធ្វើការចែកចាយរបៀបនេះទៀត ណាមួយពួកគេជានិស្សិតកំពុងតែសិក្សាផង។ លោកបន្តថា៖ «ប្អូនៗបានធ្វើដោយសារតែចាញ់បោកគេ»។
យុវជនទាំង ៤ នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីល្ងាចថ្ងៃទី១៥ ខែ សីហា មានពីរនាក់ម្នាក់ឈ្មោះ ទុត ច័ន្ទបញ្ញា អាយុ ៣០ ឆ្នាំ និង សុខ ដាលីស អាយុ ២៨ ឆ្នាំ ត្រូវបានចាប់ខ្លួននៅពេលទៅទទួលផ្កា ១ ពាន់ទង ពីជនមិនស្គាល់ម្នាក់នៅផ្សារធំថ្មី ដើម្បីយកទៅចែកកងកម្លាំងដែលដាក់ពង្រាយនៅក្នុងទីក្រុង ភ្នំពេញ បន្ទាប់ពីបានទាក់ទងគ្នាតាម ហ្វេសប៊ុក។ ចំណែកពីរនាក់ទៀតឈ្មោះ ហ៊ើយ បូរិន និង ឡុង លីផេង ត្រូវចាប់ខ្លួននៅកន្លែងផ្សេង។ អ្នកទាំងបួន ត្រូវតុលាការរាជធានីចោទប្រកាន់កាលពីថ្ងៃសៅរ៍ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ ខែដល់ ២ ឆ្នាំ និងពិន័យជាប្រាក់ដល់ ៤ លានរៀលប្រសិនតុលាការរកឃើញកំហុស។
អ្នកស្រី ចាន់ សេដ្ឋា អាយុ ៥០ ឆ្នាំ ជាម្តាយយុវជន ទុត ច័ន្ទបញ្ញា បដិសេធមិនធ្វើអត្ថាធិប្បាយទេ ពេលចេញពីតុលាការ។ ប៉ុន្តែអ្នកស្រីប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីមុនមកថា កូនគាត់ទៅយកផ្កាតែគ្មានសំបុត្រនៅក្នុងផ្កាទេ គាត់ជឿថា ពួកគេមិនទាក់ទងនឹងរឿងខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាលឡើយរឿងនេះវាអយុត្តិធម៌ខ្លាំងណាស់សម្រាប់កូនគាត់។
រីឯកញ្ញា សេរី បុត្រចរិយា មេធាវីការពារជនរងគ្រោះមកពីមជ្ឈមណ្ឌលច្បាប់សម្រាប់អប់រំសហគមន៍បដិសេធមិនធ្វើការអត្ថាធិប្បាយជុំវិញបញ្ហានោះទេ។
តាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសៅរ៍ របស់អ្នកនាំពាក្យនគរបាលជាតិថា យុវជនទាំងនោះបានធ្វើការផ្សព្វផ្សាយខិត្តប័ណ្ណ តាមបញ្ជារបស់ឈ្មោះ សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរដែលជាអ្នកប៉ុនប៉ងបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ប្រឆាំងរដ្ឋាភិបាល។
ក្នុងប្រកាសព័ត៌មាននោះ អ្នកនាំពាក្យនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ថ្លែងថា ការចាប់ខ្លួនជនសង្ស័យទាំងនេះធ្វើឡើងខណៈពួកគេកំពុងធ្វើសកម្មភាពផលិតនិងចែកចាយខិត្តប័ណ្ណជាច្រើនរយសន្លឹកដែលជាវត្ថុតាង។ លោកបន្តថា៖ «ការផលិតចែកចាយខិត្តប័ណ្ណនេះគឺជាសកម្មភាពមានចេតនាបង្កើតឲ្យមានអំពើហិង្សាប្រដាប់អាវុធ បង្កអស្ថិរភាពធ្ងន់ធ្ងរ ដល់សង្គមជាតិដែលត្រូវផ្តន្ទាទោសតាមច្បាប់»។
កាលពីថ្ងៃអាទិត្យគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសចំពោះការចាប់ខ្លួនយុវជនទាំង ៤ រូបនេះនិងបានហៅការចាប់ខ្លួននេះថា ជាការរំលោភបំពានធ្ងន់ធ្ងរដល់សិទ្ធិបុគ្គលនិងសិទ្ធិសេរីភាព សម្តែងមតិរបស់ប្រជាពលរដ្ឋ ដោយសារតែពួកគេគ្រាន់តែយកផ្កានិងទឹកសុទ្ធទៅចែកជូនកងទ័ព ហើយគណបក្សសង្គ្រោះជាតិបានទាមទារឲ្យមានការដោះលែងយុវជន ទាំងនេះជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានថ្លែងដែរថា ពួកគាត់មិនពាក់ព័ន្ធសកម្មភាព ចែកចាយខិត្តប័ណ្ណដូចដែលនគរបាលចោទទេ គាត់គ្រាន់តែទៅយកផ្កា ហើយនេះជាសិទ្ធិពួកគាត់។
លោកថ្លែងថា៖ «ក្នុងនាមអង្គការសង្គមស៊ីវិល ខ្ញុំទទូចឲ្យតុលាការធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ហើយខ្ញុំទទូចឲ្យមានការដោះលែងនិងលើកបទចោទប្រកាន់ដើម្បីឲ្យពួកគេបានមករៀនសូត្រវិញ ពីព្រោះគាត់រៀនឆ្នាំទី៤នៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រ»៕
ខ្ញុំសូមបួងសួងឲ្យ យុវជនទាំង ៤នាក់ចាកផុតពីការចោទប្រកាន់នេះទៅចុះ ។ ហើយខ្ញុំមិនចង់ឃើញ
ស្រមោលរឿងលោក សុខ សំអឿន និង បូន សំណាង មកតាមលងយុវជនទាំង ៤នាក់ថែមទៀតដែរ ។
សូមព្រះជួយដល់ពួកគេផង!!!
ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ
សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង
អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់
ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់
បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម
សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា
ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល
ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ
ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង
អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ
ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម
បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។
យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង
កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់
យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព
ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង ហើយ
ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង
ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!
ដូចនេះយើងជាប៉ាតុករស្នេហាជាតិ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់
មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌
តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ
ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ! ជ័យយោសិទ្ធិសេរីភាព!
ជ័យយោយុត្តិធម៌!