ប្រទះ​ឃើញ​សត្វ​ត្រយ៉ង​យក្ស សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​ស្ទឹង​ត្រែង

Tuesday, 20 August 2013
Stuart White
ភ្នំពេញ ប៉ុស្តិ៍

2-story-1a

សត្វ​ត្រយ៉ង​យក្ស សត្វ​កម្រ​ជិត​ផុត​ពូជ ត្រូវបានគេប្រទះឃើញ​​នៅ​ខេត្ត​ស្ទឹង​ត្រែង។ រូបថត​ សហការី

ស្ទឹងត្រែងៈ កាល​ពី​ខែ​មុន​អ្នក​ភូមិ​ម្នាក់​​នៅ​ក្នុង​ស្រុក​សៀមបុក ​ខេត្ត​ស្ទឹង​ត្រែង​ ​បាន​ប្រទះ​ឃើញ​កន្លែង​ធ្វើ​សំបុក​របស់​សត្វ​​ត្រយ៉ង​យក្ស​​​​ដោយ​ចៃ​ដន្យ ​ដែល​ជា​ប្រភេទសត្វ​កំពុង​​ជិត​ផុត​ពូជ​ នៅ​ក្នុង​តំបន់​លិច​ទឹក​ទន្លេ​មេគង្គ​។ ​នេះ​បើ​តាម​អង្គការ​​មូល​និធិ​​ជីវិត​សត្វ​ព្រៃ​ពិ​ភព​លោក​ដែល​បាន​ប្រកាស​កាលពី​ម្សិល​មិញ។

​បើ​តាម​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ពី​​ក្រុម​អភិរក្ស​ ​​ការ​ប្រទះ​ឃើញ​​សំបុក​​នៅ​កន្លែង​​​រស់​នៅ​របស់​សត្វ​នេះ​​ដែល​គេ​មិន​ធ្លាប់​ដឹង​ពី​​ពេល​មុន​មក​​គឺ​ជា​ដំណើរ​វត្ត​វិជ្ជ​មាន​​សម្រាប់បក្សី​ជាតិ​​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ ហើយ​ដែល​បច្ចុបន្ន​នៅ​មាន​បក្សី​នេះ​នៅ​រស់​ចំនួន​តិច​ជាង​ ៣៥០ ​ប៉ុណ្ណោះ​។ ​

លោក Gerry Ryan ​ជា​ទីប្រឹក្សា​បច្ចេក​ទេសផ្នែកស្រាវ​ជ្រាវ​នៅ​អង្គការ​មូល​និធិ​​ជីវិត​សត្វ​ព្រៃ​ពិ​ភព​លោក​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា​៖ «​​សត្វ​ត្រយ៉ង​យក្ស​នេះ​​​មិន​ចូល​ចិត្ត​ឲ្យ​មាន​ការ​រំខាន​ទេ​ ​ហើយ​វា​អៀន​ខ្លាំង​ណាស់​ ​ពួក​វា​ចូល​ចិត្ត​រស់​នៅ​ឆ្ងាយ​ពី​កន្លែង​រស់​នៅ​របស់​មនុស្ស​»។ «​វត្ត​មាន​​នៃ​បក្សី​ជាតិ​របស់​កម្ពុជា​​​នេះ​​គឺ​ជា​ភស្តុតាង​បន្ថែម​ទៀត​​ដែល​បង្ហាញ​​​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុង​ការ​គ្រប់គ្រង​​និង​អភិរក្ស​​តំបន់នោះ​និង​ជីវ​ចម្រុះ​របស់​វា​គឺ​​​​ពិត​ជា​មាន​តម្លៃ​​»។​

​ទោះ​យ៉ាង​ណា​ក្តី ​តំបន់​រស់​​នៅ​របស់​សត្វ​ត្រយ៉ង​យក្ស​នេះ​​កំពុង​ស្ថិត​​ក្រោម​ការ​គំរាម​កំហែង​​ក្នុង​រយៈ​កាល​ប៉ុន្មាន​ថ្មី​ៗ​នេះ។ ​កាល​ពី​ឆ្នាំ​២០១១​ ​សម្បទាន​ដី​សេដ្ឋ​កិច្ច​ត្រូវ​បាន​ផ្តល់​ឲ្យ​​​នៅ​ក្នុង​តំបន់​មួយ​​ដែល​កាល​ពី​មុន​ធ្លាប់​ជា​​ផ្នែក​នៃ​តំបន់​អភិរក្ស​​សត្វ​ព្រៃ​គុលែន​ព្រំទេព។ តំបន់​ទំនាប​ខាង​ជើង​​ដែល​ជា​តំបន់​​ព្រំទេព ​ត្រូវ​បាន​គិត​ថា​​ ជា​​​តំបន់​សំបុក​រស់​នៅ​​របស់​សត្វ​ត្រយ៉ង​យក្ស​ជាង ​៤០ ​ភាគ​រយ​​ក្នុង​ប្រទេស​កម្ពុជា​។

​​ការ​ផ្តល់​ដី​សម្បទាន​​បន្ថែម​ទៀតនៅ​តំបន់​​ព្រៃ​សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង​ ​បាន​គំរាម​កំហែង​​ដល់​​​កន្លែង​រស់​នៅ​របស់​សត្វ​ត្រយ៉ង​យក្ស​។ នេះ​បើ​តាម​រយបាយការណ៍​ឆ្នាំ​ ២០១២ ​​​​ដែល​រក​ឃើញ​ដោយ​​អង្គការ​​​ជីវិត​បក្សី​អន្តរជាតិ​​កម្ពុជា​។

ទន្ទឹម​នេះ ​សេចក្តី​ថ្លែង​ការណ៍​របស់​​អង្គការ​​មូល​និធិ​​ជីវិត​សត្វ​ព្រៃ​ពិ​ភព​លោក​ ​បាន​ឲ្យដឹង​ទៀត​ថា​​ ​សំបុក​សត្វ​ត្រយ៉ងយក្ស​​​ដែល​ទើប​រក​ឃើញ​នៅ​ក្នុង​​​ខេត្ត​ស្ទឹង​ត្រែង​ថ្មី​ៗ​នេះ​​​​​គឺ​គ្មានអ្វី​សង្ស័យ​ទេ​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ផង​ដែរ​​​ ទី​មួយ​គឺ​ដោយ​សារ​សម្បទាន​ដី​​សេដ្ឋ​កិច្ចដែល​កំណត់​ឲ្យ​នៅ​តំបន់​នេះ​ ​និង​មួយ​ទៀត​គឺ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សំបោរ ដែល​អាច​នាំ​ឲ្យ​​​មាន​ទឹក​ជំនន់​​​ទៅ​ដល់​​កន្លែង​សំបុក​របស់​សត្វ​ត្រយ៉ង​យក្ស​«​ដ៏​សំខាន់​»នេះ។ PS

 

What Next?

Recent Articles

2 Responses to "ប្រទះ​ឃើញ​សត្វ​ត្រយ៉ង​យក្ស សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​ស្ទឹង​ត្រែង"

  1. Cheat/JML says:

    These type of birds are commonly found in Africa, known as stalk. Their favorite food is not only fish, but they feed on cacus of dead animals as well.

  2. khmer krom says:

    il faut bien proteger ces oiseaux !!!!! si non les jeunes khmers ne le connaissent pas dans quelques annees .