អាជ្ញាធរ​សង្កាត់ ទឹកល្អក់ ប្រមូល​មេ​ដៃ​គាំទ្រ​លទ្ធផល​ឆ្នោត

Tuesday, 20 August 2013
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

130820_07

ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ការិយា​ល័យ​បោះ​ឆ្នោត​មួយ​នៅ​ខេត្ត​កំពង់​ចាម​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កក្កដា​។ រូបថត ជីវ័ន

ភ្នំពេញៈ អាជ្ញាធរ​សង្កាត់ ទឹកល្អក់ ១ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ប្រជា​ពលរដ្ឋ​ក្នុង​សង្កាត់​នេះ ចំនួន ១០០០ នាក់ បាន​ផ្ដិត​មេ​ដៃ​លើ​ញត្តិ​គាំទ្រ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត ខណៈ​ដែល​គណបក្ស​ប្រឆាំង កំពុង​តែ​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់។

លោក ប៉ិច សុឃឿន ចៅ​សង្កាត់ ទឹកល្អក់ ១ ក្នុង​ខណ្ឌ ទួលគោក បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ៦០០០ នាក់ ដែល​បាន​បោះឆ្នោត​ក្នុង​សង្កាត់​របស់​លោក មាន​ពលរដ្ឋ​ប្រមាណ​ជា ១០០០ នាក់ បាន​ចុះ​ហត្ថលេខា​គាំទ្រ​លទ្ធផល​បោះឆ្នោត​បឋម។​លោក​ថ្លែង​ថា៖ «ការងារ​យើង គឺ​មិន​បង្ខំ​ឲ្យ​គាត់​ឲ្យ​គាំទ្រ​ទេ គឺ​ស្ថិត​លើ​គាត់​។ យើង​មាន​លិខិត ហើយ​បើ​គាត់​គាំទ្រ គាត់​អាច​ជួប​មេភូមិ និង​ចុះ​ហត្ថលេខា​តែ​ម្តង។ បើ​គេ​មិន​គាំទ្រ​ក៏​យើង​មិន​បង្ខំ​អ្វី​ដែរ»។

សកម្មភាព​របស់​អាជ្ញាធរ​បែប​នេះ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ កាល​ពី​ម្សិលមិញ​ថា ខ្លួន​បាន​ទទួល​ព័ត៌មាន​ថា មាន​ពលរដ្ឋ​ជាច្រើន ក្នុង​សង្កាត់ ទឹកល្អក់ ១ ត្រូវ​បាន​អាជ្ញាធរ «គាប​សង្កត់​ឲ្យ​ចុះ​ហត្ថលេខា​លើ​ញត្តិ​គាំទ្រ» លទ្ធផល​បោះឆ្នោត ដែល​មជ្ឈមណ្ឌល​នេះ​យល់​ថា ជា​សកម្មភាព ដែល​ធ្វើ​ឡើង​ពុំ​ស្រប​តាម​គោល​ការណ៍​បោះឆ្នោត​សេរី និង យុត្តិធម៌ ហើយ​បង្ក​ឲ្យ​មាន «ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ» នៅ​ក្នុង​សង្កាត់ ទឹកល្អក់ ១។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សរសេរ​ថា៖ «ញត្តិ​នេះ ពិត​ជា​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់ បើ​ពលរដ្ឋ​បាន​ផ្តួច​ផ្តើម​សរសេរ​ដោយ​ខ្លួន​ឯង ដោយ​មិន​មាន​ការ​ភិត​ភ័យ។ ប៉ុន្តែ​ករណី​អាជ្ញាធរ​សរសេរ​ញត្តិ​ហើយ​ប្រាប់​ពលរដ្ឋ​ឲ្យ​ចុះ​ហត្ថលេខា​គាំទ្រ ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​គិត​ថា បើ​គាត់​មិន​ចុះ​ហត្ថលេខា​គាំទ្រ នោះ​គ្រួសារ​គាត់​នឹង​ប្រឈម​គ្រោះថ្នាក់»។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា៖ «អាកប្បកិរិយា របស់​អាជ្ញាធរ​បែប​នេះ ជា​ការ​និយាយ​ជំនួស​ម្ចាស់​ឆ្នោត ដោយ​បង្ខំ​ឲ្យ​ពួក​គេ ក្រោក​ឈរ​ឡើង​គាំទ្រ​លទ្ធផល​ដែល​មាន​ការ​តវ៉ា ហើយ​ការ​ធ្វើ​បែប​នេះ មិន​មាន​ប្រយោជន៍​អ្វី​ឡើយ​តែ​ជា​ការ​បន្ថែម​ភ្លើង​ទៅ​វិញ​ទេ»។

មិន​មែន​មាន​តែ​នៅ​សង្កាត់ ទឹកល្អក់ ១ តែ​មួយ​នោះ​ទេ ដែល​អាជ្ញាធរ បាន​ដើរ​ប្រមូល​ស្នាម​មេដៃ ឬ​ហត្ថលេខា​ពី​ប្រជា​ពលរដ្ឋ ឲ្យ​គាំ​ទ្រ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ នៅ​សង្កាត់​ផ្សេងៗ​ទៀត និង​នៅ​តាម​ផ្សារ​ជាច្រើន ក្នុង​រាជធានី​ភ្នំពេញ ព្រម​ទាំង​នៅ​តាម​បណ្តា​ខេត្ត​នានា ដូច​ករណី​មួយ​នៅ​ខេត្ត សៀមរាប​ដែល​ក្រោយ​ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី ១២ សីហា​ភ្លាម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ប្រកាស​ហៅ​សមាគម​ទេសចរណ៍​នានា ឲ្យ​មក​ផ្តិត​មេ​ដៃ ឬ​ចុះ​ហត្ថលេខា គាំទ្រ​លទ្ធផល​បោះឆ្នោត ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​រិះគន់​សកម្មភាព​នេះ ថា​ជា​ការ​បំភិត​បំភ័យ​ថ្មី​មួយ​ទៀត។

គណបក្ស​ប្រជាជន​បាន​ប្រកាស​ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី២៨ ខែ កក្កដា តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​បោះឆ្នោត​មក​ថា ខ្លួន​ទទួល​បាន ៦៨ អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រជែង​ទទួល​បាន ៥៥ អាសនៈ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​នៅ​ពេល​ក្រោយ​មក​ថា ខ្លួន​ទទួល​បាន ៦៣ អាសនៈ ហើយ​គណបក្ស​ប្រជាជន ទទួល​បាន ៦០ អាសនៈ។ នៅ​ពេល​នេះ​គណបក្ស​ប្រឆាំង​កំពុង​តែ​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ៕

 

What Next?

Recent Articles

One Response to "អាជ្ញាធរ​សង្កាត់ ទឹកល្អក់ ប្រមូល​មេ​ដៃ​គាំទ្រ​លទ្ធផល​ឆ្នោត"

  1. សន្តិភាព says:

    ហេតុអីបានជាចាំបាច់បិទទ្វារមិនឲ្យប្រជាជនឈរមើលការរាប់សន្លឹកឆ្នោតដូចនៅកន្លែងដទៃទៀត

    នៅក្នុងរដ្ឋធានី និងខេត្តមួយចំនួន។ ព្រោះតែចង់បង្កើនល្បិចកលដាក់លើឆន្ទៈប្រជាជនឬ?

    ====================

    ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ

    សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង

    អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់

    ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់

    បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម

    សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា

    ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល

    ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ

    ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង

    អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ

    ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម

    បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។

    យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង

    កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់

    យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព

    ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង​ ហើយ

    ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង

    ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!

    ដូចនេះយើងជាប៉ាតុករស្នេហាជាតិ​ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់

    មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌

    តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ

    ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ! ជ័យយោសិទ្ធិសេរីភាព!

    ជ័យយោយុត្តិធម៌!