ជំនន់ទឹកភ្លៀង ជារឿយៗបានធ្វើឲ្យលិចលង់នៅតាមផ្លូវសំខាន់ជាច្រើនក្នុងរាជធានីភ្នំពេញ នៅក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សាម្ដងៗ។ ផលប៉ះពាល់ជាច្រើន បានកើតចេញពីការលិចលង់ដោយជំនន់ទឹកភ្លៀងទាំងនោះ។ សាលារាជធានីភ្នំពេញ ដែលទទួលបន្ទុកដោះស្រាយបញ្ហានេះ ជូនដំណឹងថា នឹងចាប់ផ្ដើមយុទ្ធនាការដើម្បីដោះស្រាយបញ្ហាចំពោះមុខការជន់លិចនេះ។
ដោយ សុ ជីវី
2013-08-21
RFA

២០-សីហា-២០១៣៖ ប្រព័ន្ធលូបង្ហូរទឹកមួយកន្លែងនៅរាជធានីភ្នំពេញ។ RFA/Sek Bandith
សាលារាជធានីភ្នំពេញ គ្រោងនឹងចាប់ផ្ដើមធ្វើយុទ្ធនាការស្ដារប្រព័ន្ធលូបង្ហូរទឹកក្នុងក្រុងនេះ ដើម្បីបញ្ចៀសការជន់ទឹកភ្លៀងលិចលង់វិថីនានា។
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា បានអោយដឹងថា យុទ្ធនាការស្ដារ សម្អាត ជួសជុល និងកែលំអអណ្ដូងលូ ឬហៅជាទូទៅតាមឈ្មោះជាភាសាបារាំង ថា រ៉ឺហ្គែរ (reguère) ទាំងអស់ ធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ខាងមុខ។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ភ្លៀងក្នុងរដូវវស្សាឆ្នាំនេះបានធ្វើអោយលិចលង់នៅតាមដងវិថីនានា ដែលធ្វើអោយខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ បង្កការលំបាកដល់ការធ្វើដំណើររបស់ពលរដ្ឋ ការរស់នៅ និងការប្រកបអាជីវកម្មផ្សេងៗ។ ស្របគ្នានេះ សាលារាជធានីបានសង្កេតឃើញថា អណ្ដូងលូភាគច្រើន ត្រូវកកស្ទះដោយកំណកដី សំរាម ទាំងនៅតាមមាត់ និងក្នុងលូ រួមទាំងការថែទាំសម្អាតមិនបានដិតដល់ផង។
នាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ផ្នែកឯកជន និងពលរដ្ឋក្នុងរាជធានីទាំងអស់ មានតួនាទីចូលរួមក្នុងការស្ដារអណ្ដូងលូ នៅតាមតំបន់ និងមុខផ្ទះរៀងៗខ្លួន។ លោក ឌីម៉ង់ បន្តថា យុទ្ធនាការនេះមិនតម្រូវអោយបង់ប្រាក់ឡើយ ប៉ុន្តែត្រូវចូលរួមកម្លាំង។
លោក ឡុង ឌីម៉ង់៖ «ការដែលយើងធ្វើនេះ គឺយើងចៀសវាង ហើយការរៃអង្គាសការប្រើថវិកាអ្វីទាំងអស់។ ការដែលយើងស្នើសុំអោយមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់ ពីព្រោះការស្ដារលូនេះ មិនមែនគ្រាន់តែអោយប្រជាពលរដ្ឋបានដឹងទេ ប៉ុន្តែជាការបញ្ជាក់អោយបានច្បាស់ថា ក្រោយពីការស្ដារទៅ ពួកគាត់ជួយថែអណ្ដូងដែលនៅតាមមុខផ្ទះគាត់ហ្នឹងផង»។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ក្នុងរាជធានីភ្នំពេញ ទាំងមូល មានអណ្ដូងលូសរុបជាង ៣ម៉ឺន។
ទាក់ទិននឹងការស្ដារអណ្ដូងលូ ដើម្បីបញ្ចៀសការជន់លិចដោយទឹកភ្លៀងក្នុងរាជធានីភ្នំពេញ នេះ អ្នកសម្របសម្រួលបណ្ដាញគណនេយ្យភាពនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា វិធានការសង្គ្រោះបន្ទាន់របស់សាលារាជធានីភ្នំពេញ នឹងពុំអាចបញ្ចៀសការជន់លិចបានឡើយ ដ្បិតបញ្ហានៃប្រព័ន្ធលូកំពុងមានបញ្ហាចោទធ្ងន់ធ្ងររួចទៅហើយ។
លោក សន ជ័យ៖ «ហើយផែនការហ្នឹងអត់មានភាពច្បាស់លាស់ ហើយរួមផ្សំនឹងបញ្ហាដទៃទៀត ដូចជាប្រជាពលរដ្ឋនៅខ្វះការយល់ដឹងពីការចូលរួមថែរក្សាប្រព័ន្ធលូនៅតាមគេហដ្ឋានរបស់ខ្លួន។ អ្វីដែលយើងចាប់អារម្មណ៍មួយទៀតនោះ គឺបណ្ដាញទឹកសម្រាប់បង្ហូរទឹកចេញទៅស្តុកទឹកហ្នឹង បានលុបអស់ហើយ។ ដូចជាបឹងកក់ បានលុបហើយ និងបឹងសំខាន់ៗដទៃទៀត ក៏ត្រូវបានលុបដែរ។ អីចឹងយើងសង្ស័យថា ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ពន្ធនៅក្នុងក្រុងភ្នំពេញនេះ គឺនឹងជួបប្រទះនឹងការលំបាក»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមគម្រោងរៀបចំប្រព័ន្ធបង្ហូរលូចាស់ និងកសាងប្រព័ន្ធលូថ្មី ដើម្បីសម្រួលជំនន់ទឹកភ្លៀងក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)។ តំបន់ដែលកំពុងដំណើរគម្រោង មានខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌប្រាំពីរមករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋ៧០គ្រួសារនៅបាត់ដំបងស្នើឲ្យផ្ដល់សំណងពីគម្រោងសង់ទំនប់រណប
- ពលរដ្ឋនៅស្ទឹងត្រែងស្នើសុំឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពរែងរកមាស
- ពលរដ្ឋអំពាវនាវឲ្យអាជ្ញាធររតនគិរីទប់ស្កាត់ជនជាតិវៀតណាមចូលកាប់ឈើ
- បទសម្ភាសន៍ស្ដីពីសំណើសុំលុបចោលគណៈកម្មការទន្លេមេគង្គ
- ពលរដ្ឋនៅសង្កាត់ដង្កោស្នើឲ្យអាជ្ញាធរដោះស្រាយរឿងទឹកលិចផ្ទះ
- អ្នកនេសាទត្អូញត្អែរពីផលប៉ះពាល់បរិស្ថានពីការរែងរកមាសក្នុងទន្លេខេត្តស្ទឹងត្រែង
- ពលរដ្ឋត្អូញត្អែរពីការបង្ហូរទឹកស្អុយចូលសមុទ្រក្នុងក្រុងព្រះសីហនុ
- តម្លាភាពលើការអភិវឌ្ឍអាជីវកម្មធនធានរ៉ែនៅកម្ពុជា
- សកម្មភាពជីករករ៉ែរបស់ជនជាតិវៀតណាមលើភ្នំទូកមាស
They should punish people who throwing trashs on the street and in the waters…A huge fine will teach people a lesson for littering…