ការចាប់អារម្មណ៍​របស់​ម្ចាស់​ឆ្នោត​ក្នុង​សកម្មភាព​នយោបាយ​ឆ្នាំ​២០១៣​

ដោយ៖​ កែវ ភារម្យ និង អ៊ឹង ប៊ុនថន​​ | ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013, ម៉ោង 05:02 PM​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣​នេះ​ គឺ​ប្រជាពលរដ្ឋ​​ជាច្រើន​​បាន​​ចូលរួម​​សកម្ម​ភាព​​នយោបាយ តាំងពី​ពេល​ឃោសនា ការ​សង្កេត​ការណ៍​ថ្ងៃ​បោះឆ្នោត និង​​ក្រោយ​​ពេល​​ចេញ​​លទ្ធផល​បោះឆ្នោត ជាពិសេស​ការតស៊ូ​ធ្វើ​មហា​បាតុកម្ម​ជំរុញ​ឲ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​។​

តើ​មាន​​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរ​ការបោះឆ្នោត នៅក្នុង​អាណត្តិ​ទី​នេះ​?

​អ្នកនាង ហៃ សេង​ហ៊ួ មាន​អាយុ​២៨​ឆ្នាំ មកពី​ស្រុក​កញ្ច្រៀច ខេត្ត​ព្រៃវែង ដែល​​បច្ចុប្បន្ន​ជា​កម្មការិនី​​រោង​ចក្រ​​កាត់ដេរ​នៅ​រាជធានី​ភ្នំពេញ បាន​និយាយ​ថា ដំណើរ​​ការ​បោះ​ឆ្នោត​​ឆ្នាំ​​នេះ​ មាន​ប្រជាពលរដ្ឋ​ច្រើន​ មាន​ការចាប់អារម្មណ៍​ពី​បញ្ហា​បោះឆ្នោត​ដោយ​អ្នកបោះឆ្នោត​ខ្លះ​ក្រោយពី​បោះ​ឆ្នោត​រួច​មិន​ទាន់​វិល​ត្រឡប់​ទៅ​ផ្ទះ​ទេ ពួក​គាត់​នៅ​តាមដាន​មើល​ដំណើរ​នោះ​រហូត​ដល់​ពេល​រាប់​សន្លឹកឆ្នោត​ចប់សព្វគ្រប់​។ ​មូលហេតុ ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ច្បាស់លាស់​ពី​តម្លៃ​សន្លឹកឆ្នោត​របស់​ខ្លួន គឺ​ពួកគាត់​បោះឆ្នោត​តាម​ឆន្ទៈ​ដែល​គាត់​ចង់​បាន​មិនមែន​បោះ​ឲ្យ​គណបក្ស​ណា​មួយ​ដោយសារ​គេ​ចែក​អំណោយ​​ដូច​​លើក​មុន​ទៀត​ទេ​ ៖ «​ចា៎! ខ្ញុំ​មើល​ឃើញ​ទៅ​ខុសប្លែក​ពី​អាណត្តិ​មុន បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​អាណត្តិ​នេះ​​ចាប់អារម្មណ៍​​ចំពោះ​​ការបោះ​ឆ្នោត​​ច្រើន​ជាង​​អាណត្តិ​​មុន ពេល​គាត់​​ទៅ​បោះឆ្នោត​ ហើយ​គាត់​អត់​ទាន់​ទៅ​ផ្ទះ​ទេ គាត់​នៅ​ចាំ​មើល​គេ​រាប់​សន្លឹកឆ្នោត​សិន គាត់​នៅ​រារាំង​មិន​​ឲ្យ​ជន​ជាតិ​​វៀតណាម​​ចូល​បោះ​​​ឆ្នោត​។ ហើយ​មួយទៀត​គាត់​មាន​ការយល់ដឹង​ច្រើន គាត់​​បាន​អំណោយ​គេ​ហើយ​គាត់​អត់​បោះ​ឲ្យគេ​ទេ​​គាត់​បោះ​ឲ្យ​បក្ស​ដែល​គាត់​ស្រឡាញ់​»​។​

​លោក​សាស្ត្រាចារ្យ​ម្នាក់ បម្រើ​​ការងារ​នៅ​រាជធានី​ភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា មាន​មូល​ហេតុ​មួយចំនួន ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្ម​ណ៍​​ចំពោះ​ការបោះឆ្នោត ខុសប្លែក​ពី​អាណត្តិ​មុនៗ ដូចជា បណ្តាញ​សង្គម​​(facebook) ការកើនឡើង​នៃ​ភាពអយុត្តិធម៌​សង្គម ការបញ្ជូន​ព័ត៌មាន​ពី​យុវជន​​ដែល​បាន​មក​សិក្សា​នៅ​ទីក្រុង ឬ​មក​ធ្វើការ​នៅ​តំបន់​អភិវឌ្ឍ​​ផ្សេងៗ ទៅ​ប្រាប់​គ្រួសារ​នៅឯ​ស្រុកកំណើត​ជាដើម​ ៖ «​យុវជន​ពីមុន​ និង​ឥឡូវ​វា​ខុស​គ្នា​យុវជន​​ឥឡូវ​មាន​ការយល់់ដឹង ច្រើន​​ជាង​មុន ដោយសារ​ការរៀនសូត្រ ការស្រាវជ្រាវ​តាម​មហាវិទ្យាល័យ ការយល់ដឹង​នេះ​អាច​ជះ ឥទ្ធិពល​ទៅលើ​គ្រួសារ នៅពេល​ដែល​គាត់​ត្រឡប់​ទៅ​វិញ​គាត់​អាច​និយាយ ពន្យល់​ទៅដល់​គ្រួសារ របស់គាត់ អំពី​និន្នាកា​ និង​ព័ត៌មាន​របស់​ប្រទេស​។ ​ដូច​​​នេះ​ធ្វើឲ្យ​ព័ត៌មាន​ស្តីពី​ការបោះឆ្នោត​​នេះ ​វា​ជ្រួត​​​​ជ្រាប​​គ្រប់​​ស្រទាប់​​មនុស្ស ក្នុង​គ្រួសារ​អំពី​ការ​បោះ​ឆ្នោត​​នេះ​»​។

លោក​បាន​បន្ថែមថា​ ការហូរចូល​នៃ​ជន​​​អន្តោប្រវេសន៍ មក​កាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន ក៏​ជា​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ អំពី​ការ​បាត់​បង់​ទឹកដី នៅ​ថ្ងៃក្រោយ​ផងដែរ ៖ ​«​បញ្ហា​នេះ​ក៏​វា​ពាក់ព័ន្ធ​ទៅនឹង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​​ដែល​ចូល​​​មក​​ច្រើន ហើយ​​ការកើនឡើង​នៃ​ជនអន្តោប្រវេសន៍​នេះ​ ​វា​ធ្វើឲ្យ​ប្រជាជន​ក្នុង​​ប្រទេស​​មាន​​ការ​បារម្មណ៍​​​​ថា​ បើ​គេ​​មក​​កាន់​តែ​ច្រើន​ឡើង​​អញ្ចឹង តើ​ទឹកដី​យើង​នៅ​ថ្ងៃក្រោយ​នឹង​បាត់បង់​ដែរឬទេ​?»។

​ចំណែក​ លោក កែម ឡី អ្នកវិភាគ​ឯករាជ្យ​បាន​លើកឡើង​ថា ការចាប់អារម្មណ៍​របស់​ម្ចាស់​ឆ្នោត​ក្នុង​អាណត្តិ​នេះ​ដោយសារ ពលរដ្ឋ​មើលឃើញ​ភាព​អយុត្តិធម៌​ សង្គម​ស៊ីវិល​ជួយ​ពង្រឹង​ចំណេះដឹង​ក្នុង​កិច្ចការ​សិទ្ធិមនុស្ស ​និង​ការបោះឆ្នោត និង​ពលរដ្ឋ​ខ្លួនឯង​ឆ្លងកាត់​ការបោះឆ្នោត​ច្រើនលើក​ហើយ​ ​និង​មាន​ការយល់ដឹង​ច្រើន ៖ «​ទី​មួយ​ពលរដ្ឋ​គាត់​មាន​​ការចេះដឹង​ច្រើន ក្មេងៗ​រៀន​បាន​ច្រើន ហើយ​ក្មេងៗ​មាន​ឥទ្ធិពល​ទៅលើ​មនុស្ស​ចាស់ ធ្វើឲ្យ​គាត់​យល់​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​។ ​ទី​២​ដោយសារតែ ដៃគូ​អភិ​វ​ឌ្ឍ ​និង​អង្គការ​ផ្សេងៗ ដូចជា​អង្គការ​(​អា​យ.អ.អា​យ​ , ​អិន.ឌី.អា​យ , ខុម​ហ្វ្រែល ​, និកហ្វិក​) ​និង​អង្គការ​នានា​ទៀត ដែល​ធ្វើ​ការងា​រលើ​ការបោះឆ្នោត​។ ទី​៣​ដោយ​សារ​តែ​ប្រជាពលរដ្ឋ ខ្មែរ​យើង​ធ្លាប់​ឆ្លងកាត់​មាន​បទពិសោធន៍​៤​ដង​ទៅ​ហើយ ចាប់ផ្តើម​យល់​ពី​តួនាទី​របស់​ពលរដ្ឋ នៅក្នុង​ការបោះឆ្នោត​។ ​ហើយ​មិន​ត្រឹមតែ​ជា ​អ្នកបោះឆ្នោត​មួយ​ដ៏​មាន​គុណ​ភាព​​ទេ គឺជា​អ្នក​តាមដាន មើល​ព្រឹត្តិការណ៏​នៃ​ការបោះឆ្នោតដ៏សកម្ម​ទៀ​ត​ផង​»៕

សូមសរសេរមកកាន់ លោក កែវ ភី​រម្យ​ តាមរយៈ keophirum@gmail.com

What Next?

Recent Articles

One Response to "ការចាប់អារម្មណ៍​របស់​ម្ចាស់​ឆ្នោត​ក្នុង​សកម្មភាព​នយោបាយ​ឆ្នាំ​២០១៣​"

  1. Anonymous says:

    ដឹកនាំតាមចិន ឬ យួន (២អាណត្តិ=១០ឆ្នាំ).
    ដឹកនាំតាម គុយបា ; ស៊ីរី គឹ តពូជ មិនព្រមចុះចេញទេ……
    នេះបានចំជាមនុស្សគំរក់ផ្តាច់ការ….