ក្រុម​​អ្នក​ស្រលាញ់​​សន្តិ​ភាព​​ដង្ហែ​ក្បួន​​​ស្វែង​រក​​យុត្តិ​ធម៌​​សា​​ជាថ្មី​​

ថ្ងៃ ចន្ទ 23 កញ្ញា 2013
ដោយ សឿន វឌ្ឍនា
RFI

ក្រុមយុវជន​ដើម្បី​សន្តិភាព ព្រះសង្ឃ និង​សកម្មជន​ដីធ្លី​មួយចំនួន​ បាន​ដង្ហែ​ក្បួន​ស្វែងរក​សន្តិភាព និង​យុត្តិធម៌​ក្នុងសង្គម​ម្ដងទៀត ខណៈពេលដែល​នយោបាយ​កម្ពុជា​កំពុង​ជួបប្រទះ​នឹង​ភាព​តានតឹង និង​ក្រោយពេល​មាន​ហេតុការណ៍​ហិង្សា​ ពី​សំណាក់​សមត្ថកិច្ច​ ទៅលើ​ប្រជាជន​ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ។

សកម្ម​ជន​ដី​ធ្លី​បឹង​កក់​ និង​​បុរី​កីឡា​ធ្វើ​កូដ​កម្ម​អត់​អាហារ​នៅ​វត្ត​ភ្នំ​ ថ្ងៃ​អាទិត្យ​ទី២២​ កញ្ញា​ ២០១៣​។ CHRAC

សេចក្ដីរាយការណ៍របស់​ សឿន វឌ្ឍនា

(01:44)

នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី២៣ កញ្ញា​នេះ យុវជន ព្រះសង្ឃ និង​សកម្មជន​ដីធ្លី​ប្រមាណ ១០០នាក់ បាន​ដង្ហែក្បួន​ស្វែងរក​សន្តិភាព និង​យុត្តិធម៌​សង្គម​ជាថ្មី​ម្ដងទៀត​ ពី​វត្តភ្នំ​ទៅកាន់​ព្រះបរមរាជវាំង​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្ថិ មាត់ទន្លេ។

លោក អឿ ណា​រិត អ្នកសម្របសម្រួល​យុវជន​ដើម្បី​សន្តិភាព បាន​ប្រាប់​វិទ្យុ​អន្តរជាតិ​ឲ្យ​ដឹងថា ការ​ដង្ហែ​ក្បួន​នេះ​ធ្វើឡើង​ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​ជំទាស់​ទៅនឹង​ដំណើរការ​រដ្ឋសភា​ជា​លក្ខណៈ​​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ទាមទារ​កុំ​ឲ្យ​កង​កម្លាំង​ប្រដាប់អាវុធ​​​ ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​តទៅទៀត។
 
អ្នកសម្របសម្រួល​យុវជន​ដើម្បី​សន្តិភាព​រូបនេះ បញ្ជាក់ថា ​ចំនួន​ក្រុមយុវជន និង​ប្រជាជន​ដែល​ចូលរួម​ដង្ហែ​ក្បួន​សន្តិភាព មានការ​ថយចុះ​ ដោយសារ​ប្រជាជនមាន​ការភ័យខ្លាច​ចំពោះ​ការបង្ក្រាប​ពី​សំណាក់​កងកម្លាំង​សម​ត្ថកិច្ច។

គួររម្លឹកថា កាលពី​យប់​ថ្ងៃអាទិត្យ​ទី ២២ កញ្ញា​ម្សិលមិញ អាជ្ញាធរ​សមត្ថកិច្ច​ចំរុះ​បាន​បង្ក​ឲ្យ​មនុស្ស​មិនតិចជាង ១២​នាក់​រងរបួស ធ្ងន់ និង​ស្រាល ក្នុងការ​បំបែក​កូដកម្ម​បង្អត់អាហារ​របស់​សកម្ម​ជន​ដីធ្លី​បឹងកក់ និង​បុរី​កីឡា នៅក្នុង​បរិវេណ​រមណីយដ្ឋាន​វ​ត្ត​ភ្នំ។ ក្នុងចំណោម​អ្នករងរបួស​​ទាំងអស់ ​ក្នុងនោះ​ក៏មាន​អ្នកសារព័ត៌មាន និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ផងដែរ។
 
ឆ្លើយតប​ទៅនឹង​អំពើហិង្សា​នេះ គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន និង​គណៈកម្មាធិការ​ខុម​ហ្វ្រែល បានចេញ​សេចក្តី​ថ្លែង​ការ​ណ៏​រួមគ្នា​មួយ ថ្កោលទោស​ចំពោះ​ទង្វើ​របស់​កងកម្លាំង​ចម្រុះ​រាជធានី​ភ្នំពេញ ដែល​បាន​ប្រដាប់​ដោយ​ខែល ដំបងឆក់ ចំ​ពាម និង​ប្រដាប់​ឆក់ ថែមទាំង​បាន​ដឹកនាំ​មនុស្ស​អនាចារ​មួយក្រុម​មក​វាយប្រហារ​លើ​អ្នកភូមិ​បឹងកក់ និង​បូរី​កីឡា ក្នុងពេលដែល​ពួកគាត់​កំពុង​ធ្វើ​កូដកម្ម​បង្អត់អាហារ​នៅ​រមណីយដ្ឋាន​វត្តភ្នំ។ សេចក្តី​ថ្លែង​ការ​ណ៏​នេះ​ចោទថា ទាំងនេះ គឺជា​ការរំលោភ​សិទ្ធមនុស្ស​ដ៏​ធ្ងន់ធ្ងរ ហើយ​រដ្ឋាភិបាល​គួរតែ​ដាក់ទោស​ជន​ដែល​ប្រព្រឹត្ត​ទាំងនោះ។
 
គួរ​បញ្ជាក់ថា ក្បួន​ដង្ហែ​សន្តិភាព​​បាន​បញ្ឈប់​នៅមុខ​របាំង​​លួស​បន្លា​របស់​ក្រុម​សមត្ថកិច្ច ​នៅ​ម្ដុំ​ព្រះ​អង្គដ​ង្កើរ។ មុននឹង​រំសាយ​ក្បួន​ ព្រះសង្ឃ​បាន​គង់​សូត្រ​​ធម៌​នៅ​ទីនោះ និង​មាន​សង្ឃដីការ​​ទៅកាន់​​ក្រុម​សមត្ថកិច្ច ឲ្យ​ឈប់​ប្រើ​ប្រាស់​​អំពើ​ហិង្សា​លើ​ប្រជាជន៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

One Response to "ក្រុម​​អ្នក​ស្រលាញ់​​សន្តិ​ភាព​​ដង្ហែ​ក្បួន​​​ស្វែង​រក​​យុត្តិ​ធម៌​​សា​​ជាថ្មី​​"

  1. pingpong says:

    ១. ពួកវាប្រជុំ ពួកវារាយបន្លាលួស រំខានប្រជារាស្រ្ត ស្ទះគ្រប់តែផ្លូវ
    ២. ប្រជារាស្រ្តប្រមាណបួនដប់នាក់ប្រជុំ ពួកវាធ្វើបាបគេ។ គ្រាន់តែមួយយប់ របួសជិត១០នាក់។
    ៣. អូហ៍ អាមួយនេះចរិកវាឃោឃៅមិនកែសោះ អោយវាធ្វើនាយករដ្ឋមន្រ្តីបន្លាលួសបន្តទៅទៀតទៅ!