ដោយ៖ ពេជ្រ សុធារី
ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
អង្គការសង្គមស៊ីវិលធំៗបី ចាត់ទុកការប្រើហិង្សាលើអ្នកតវ៉ាអហិង្សា និងអ្នកសារព័ត៌មាន កាលពីយប់ថ្ងៃទី២២កញ្ញា នៅរមណីយដ្ឋានវត្តភ្នំ ថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងទទូចឲ្យរាជរដ្ឋាភិបាលស៊ើបអង្កេតតាមរកចាប់អ្នកប្រព្រឹត្ត យកមកផ្តន្ទាទោសតាមច្បាប់។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចំនួនបី រួមមាន គណៈកម្មាធិការប្រព្រឹត្តិកម្ម ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន និងគណៈកម្មាធិការខុមហ្វ្រែល ចេញផ្សាយនៅថ្ងៃទី២៣ខែកញ្ញានេះ បានថ្កោលទោសចំពោះទង្វើរបស់កងកម្លាំងចម្រុះរាជធានីភ្នំពេញ ប្រដាប់ដោយខែល ដំបងឆក់ បំពង់ទីពរុំក្រដាសកាសែត ចំពាម និងប្រដាប់ឆក់ និងបានដឹកនាំមនុស្សអនាចារមួយក្រុម ទៅវាយប្រហារលើអ្នកភូមិបឹងកក់ និងបុរីកីឡា ដែលកំពុងធ្វើកូដកម្មអត់អាហារនៅរមណីយដ្ឋានវត្តភ្នំ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល ចំនួន១២នាក់។
សេចក្តីថ្លែងការណ៍បន្តថា ការវាយប្រហារដែលឈានទៅដល់ការបង្ករបួសស្នាមដល់អ្នកតវ៉ាអហិង្សា និងអ្នកសារព័ត៌មាននេះ គឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដោយអាជ្ញាធរមិនបានអនុវត្តន៍នូវគោលការណ៍ជាមូលដ្ឋានស្តីពីការប្រើប្រាស់កម្លាំង និងអាវុធ។ សេចក្តីថ្លែងការណ៍បន្តដោយដកស្រង់បទបញ្ញត្តិទូទៅរបស់គោលការណ៍ជាមូលដ្ឋាន នៅត្រង់ចំណុច ៥ ដែលបានគូសបញ្ជាក់ថា “នៅពេលណាដែលមិនអាចចៀសវាងបាននូវការប្រើកម្លាំង និងអាវុធស្របច្បាប់ មន្ត្រីប្រតិបត្តិច្បាប់ ត្រូវកាត់បន្ថយនូវការខូចខាត និងការរងរបួសជាអប្បបរិមា ហើយគោរព និងការពារជីវិតមនុស្ស”។
ទាក់ទងករណីនេះ អង្គការសង្គមស៊ីវិលទាំងបី ទទូចដល់រាជរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតទៅលើហេតុការណ៍បង្ក្រាបកាលពីយប់ថ្ងៃទី២២ខែកញ្ញា ក្នុងការស្វែងរកជនល្មើសដែលពាក់ព័ន្ធក្នុងអំពើហិង្សានេះ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីពង្រឹងការអនុវត្តន៍នីតិរដ្ឋ និងប្រជាធិបតេយ្យ ក៏ដូចជាការចាប់ផ្តើមលុបបំបាត់នូវវប្បធម៌ហិង្សា និងនិទណ្ឌភាពនៅកម្ពុជា។
គួរបញ្ជាក់ថា កាលពីម៉ោង ១០:៣០នាទីយប់ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៣ កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ប្រដាប់ដោយដំបងឆក់ ខែល និងក្រុមក្មេងទំនើង ដែលមានដំបង និងចំពាមកៅស៊ូគ្រាប់ឃ្លី បានចុះទៅបណ្តេញអ្នកភូមិបឹងកក់ និងបុរីកីឡា មិនឲ្យបន្តធ្វើកូដកម្មអត់អាហារ នៅរមណីយដ្ឋានវត្តភ្នំ។ ក្នុងការចុះទៅបណ្តេញនេះ ពលរដ្ឋ ក្រុមសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ជាង១០នាក់ បានរងរបួស។ អ្នកសង្កេតការណ៍សិទ្ធិមនុស្ស និងអ្នកសារព័ត៌មានខ្លះ ត្រូវបានក្មេងទំនើងវាយ បាញ់នឹងគ្រាប់ចំពាម ដណ្តើមយកម៉ាស៊ីនថត និងបណ្តេញចេញពីទីនោះ៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
ពិតជាឃោឃៅមែន!!! អ្នកភូមិបឹងកក់ និងបុរីកីឡា គ្រាន់តែទាមទារ នូវអ្វីដែលពួកគេបាត់បង់ដោយការប្លន់យកដីធ្លីនិងផ្ទះសំបែងពីសំណាក់ក្រុមហ៊ុនដែលសហការជាមួយរដ្ឋាភិបាលពុករលួយតែប៉ុណ្ណោះ!