​គណបក្ស​សម​រង្ស៊ី​៖ សម័យប្រជុំ​រដ្ឋសភា​លើក​​ដំបូង​ជា​ព្រឹត្តិការណ៍​ផ្ទុយ​ពី​ឆន្ទៈ​ពលរដ្ឋ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​​​ស​ម​រង្ស៊ី នៅ​ថ្ងៃ​ចន្ទ​នេះ សោកស្តាយ និង​​ចាត់​ទុក​ការប្រជុំ​រដ្ឋសភា​ដំបូង​របស់​ក្រុម​តំណាងរាស្ត្រ នីតិកាល​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ ជា​ព្រឹត្តិការណ៍​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជា​អំពើ​ខ្មៅ​ងងឹត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ដោយ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​រង្ស៊ី​ ទាំង​១០​រូប អំពាវនាវ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរ​ជាតិ បណ្តា​​ភាគី​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​​ប៉ារីស ២៣ តុលា ១៩៩១ ថ្កោលទោស និង​ដាក់​លក្ខខណ្ឌ​ផ្សេងៗ​ឲ្យ​កម្ពុជា គោរព​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ តាមរយៈ​ការបង្កើត​​គណៈកម្មការ​ឯករាជ្យ​មួយ​ស៊ើបអង្កេត​ ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោតជាដាច់ខាត​។​​

សេចក្តីថ្លែងការណ៍ ក៏​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈ្នះ​អាសនៈ​រដ្ឋសភា នីតិកាល​ទី​៥ បន្ត​ពិភាក្សា និងព្រមព្រៀងគ្នា ដើម្បី​បម្រើ​ពលរដ្ឋ​ឲ្យបាន​ត្រឹមត្រូវ និង​យុត្តិធម៌​ជាដាច់ខាត​។​

គួរបញ្ជាក់​ថា សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សម​រង្ស៊ី ធ្វើ​ទ្បើងតែ​ប៉ុន្មាន​​ម៉ោង បន្ទាប់​ពី​តំណាង​រាស្ត្រ​ទាំង​៦៨​រូប​​របស់​​គណបក្ស​​កាន់​អំណាច ចូល​រួម​​សម័យ​ប្រជុំ​​លើក​​ដំបូង​​នៃ​​រដ្ឋសភា ដោយ​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ឆ្លើយតប​ទៅនឹង​ការ​លើកទ្បើង​របស់​គណ​បក្ស​សម​រង្ស៊ី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​​កម្ពុជា លោក ប្រាក់ សុខុន ដែល​មាន​វត្ត​មានក្នុង​កិច្ច​ចរចា​ពីរ​លើក​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្សកាន់​អំណាច និង​គណបក្ស​ប្រឆាំង កាលពី​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កញ្ញា អះអាងថា សម័យ​ប្រជុំ​​លើក​ដំបូង​​នេះ ប្រព្រឹត្តទៅ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ពីព្រោះ​ព្រះមហាក្សត្រ​បាន​យាង​ ធ្វើ​ជា​ព្រះរាជធិបតី​ក្នុង​ការបើក​សម័យប្រជុំ​នេះ ហើយ​ឯកអគ្គរដ្ឋទូត និង​ឯក​អគ្គរាជទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា​ក៏​ចូលរួម​ផងដែរ​។​

​ទោះយ៉ាងណា ស្ថាតទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា វត្តមាន​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក មិនមែន​មាន​ន័យថា សហរដ្ឋអាមេរិក ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នោះទេ​។ សហរដ្ឋអាមេរិក បន្ត​ស្នើ​ឲ្យមាន​ការត្រួតពិនិត្យ​ឡើងវិ​ញ​ដោយ​តម្លាភាព នូវ​ភាព​មិន​ប្រក្រតី​នានា ទាក់ទង​នឹង​ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕

សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

3 Responses to "​គណបក្ស​សម​រង្ស៊ី​៖ សម័យប្រជុំ​រដ្ឋសភា​លើក​​ដំបូង​ជា​ព្រឹត្តិការណ៍​ផ្ទុយ​ពី​ឆន្ទៈ​ពលរដ្ឋ​​"

  1. Reak says:

    មាសសុទ្ធមិនខ្លាចភ្លើង។ ចុះបើមាសខ្លាចភ្លើង តើវាជាមាសសុទ្ធឬទេ ? សូមបងប្អូនជួយពិចារណា !
    មាស និង ភ្លើង ស្ថិតនៅលើដីនេះ ជាដែនអនុត្តរភាពរបស់ក្សត្រ ចុះបើក្សត្រអាចទទួលយកបានហើយ ថាវាជាមាសសុទ្ធ តើរាស្រ្តអាចទទួលយកបានឬទេ? សូមបងប្អូនជួយពិចារណា !
    ទុក្ខរបស់រាស្រ្ត ជាទុក្ខរបស់ក្សត្រ ជាពាក្យរបស់ក្សត្រ នាសម័យមហានគរ សម័យមហានគរ អង្គរដ៏រុងរឿងរបស់អណាចក្រខ្មែរ ចុះបើព្រះមហាក្សត្របច្ចុប្បន្ន កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ អាចទទួលយកបានហើយ តើរាស្រ្តអាចទទួលយកបានឬទេ ? សូមបងប្អូនជួយពិចារណា !
    មហាក្សត្រគង់ជាម្លប់របស់រាស្រ្តទូទាំងនគរ ជាតំណាងនៃប្រជាជាតិលើឆាកអន្តរជាតិ ជាព្រះប្រមុខរដ្ឋ ជាតំណាងឯកភាពជាតិ ជាំណាង (មាសនិងភ្លើង) ចុះបើទ្រង់សំរេចហើយ តើមានអ្វីអាចតវ៉ាបាន? សូមបងប្អូនជួយពិចារណា ! តើទ្រង់អាចកែប្រែការសំរេចរបស់ទ្រង់ជាលើកទីពីរបានទេ ក្នុងនាមជាមហាក្សត្រ នៃដែនអនុត្តរភាពនេះ?
    តើឆន្ទៈរាស្រ្ត និងឆន្ទៈក្សត្រមានអ្វីខុសគ្នា ? បើដូចគ្នាវាជាការប្រសើរក្រៃ ចុះបើខុសគ្នា? តើរាស្រ្តគួរកែប្រែឆន្ទៈតាមក្សត្រ ឬ ក្សត្រគួរកែប្រែឆន្ទៈតាមរាស្រ្ត។ក្នុងនាម ព្រះអង្គជាតំណាងជាតិ ជាតំណាងជាតិលើឆាកអន្តរជាតិ ជាព្រះប្រមុខរដ្ឋ ជាតំណាង (មាសនិងភ្លើង) សូមបងប្អូនជួយពិចារណា!
    (ច្បាប់ ជាអក្សរ ក្បួន មាត្រា តាក់តែងឡើងដោយមនុស្ស) អ្នកបង្កើតច្បាប់ អ្នកអនុវត្តន៍ច្បាប់ អ្នកបកស្រាយច្បាប់ អ្នកដោះស្រាយវិវាទច្បាប់ អ្នកកាត់ក្តីតាមច្បាប់(តុលាការ) ក្សត្រ មន្រ្តី និងរាស្រ្ត តើតួអង្គមួយណាជាអ្នកវិនិច្ឆ័យមួយណានៅពេលដែល ក្នុងចំណោមអ្នកទាំងអស់នោះ មានតួអង្គមួយណា ធ្វើខុស? តើតួអង្គដទៃទៀតអាចវិនិច្ឆ័យដោះស្រាយបានទេ? សូមបងប្អូនជួយពិចារណា!
    បច្ចុប្បន្ននេះ ច្បាប់ជាភាសាប្រជាប្រិយមួយ ដែលត្រូវបានប្រជារាស្រ្ត តូចធំ មន្រ្តី រាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ក្រុមឬបក្ស ស្ថាប័ន អង្គការ ជាច្រើន បកស្រាយផ្សេងៗគ្នា ក្នុងគោលបំណងឈរលើផលប្រយោជន៍រៀងៗខ្លួន ខ្លះពិត ខ្លះស្រពេចស្រពិលត្រូវខ្លះខុសខ្លះ ខ្លះខុសតែម្តង ។ បើដូចនេះ ច្បាប់ពិតជា យុត្តិធម៌មែនទេ ? ចុងបញ្ចប់ ពាក្យថាយុត្តិធម៌ក៏ត្រូវបានមនុស្សបកស្រាយផ្សេងៗគ្នាទៀត ទៅតាមលក្ខខណ្ឌ័នៃអ្នកស្វែងរកយុត្តិធម៌រៀងៗខ្លួន ។ យុត្តិធម៌ ចុងក្រោយបង្អស់ ជាអ្វីដែលអាស្រ័យទៅលើមនុស្សទេ ជាអ្នកសន្មត់ អាចក្រឡៃ វិនិច្ឆ័យ និងសំរេចយកជាការបាន ។ ខុសពីពាក្សថា សច្ចៈធម៌ ជាធម៌សច្ចៈដែលមានតែព្រះពុទ្ធជាម្ចាស់តែប៉ុណ្ណោះដែលជាអ្នករកឃើញ និងផ្សព្វផ្សាយ ជាកត្តាសត្យានុម័ត ជាក្រិតក្រមធម្មជាតិ គ្មានអ្នកណាអាចក្រឡៃ បានឡើយ៕

  2. Former Hia lola says:

    ​”គណបក្ស​សម​រង្ស៊ី​៖ សម័យប្រជុំ​រដ្ឋសភា​លើក​​ដំបូង​ជា​ព្រឹត្តិការណ៍​ផ្ទុយ​ពី​ឆន្ទៈ​ពលរដ្ឋ​​”
    ​ផ្ទុយ​ពី​ឆន្ទៈ​ពលរដ្ឋ​​ ប៉ុន្មាននាក់​? ​ច្រើនជាង 7 លាននាក់​ឬ​ទេ? ​ប្រទេសកម្ពុជាមាន​ប្រជាជន​ជាង 14 លាននាក់។

  3. ការពិត says:

    លោកសមរង្សីគាត់មានសិទ្ធិបដិសេធមិនទទួលស្គាល់សភាឬរាជរដ្ឋាភិបាលតែគាត់គ្មានអំណាច
    អ្វិទៅលប់បំបាត់ឬក៏ផ្ដួលរំលំស្ថាបបន្ត័ទាំងពីរនេះបានទេទោះបីជាគាត់ធ្វើបាតុកម្មប៉ុន្មានដង
    ទៀតក៏ដោយ។បើពឹងលើអាមេរិកឲ្យមកដាក់សម្ពាធឬមកជួយច្បាំងដើម្បីកំចាត់បក្សប្រជាជន
    ក៏មិនងាយនឹងទៅរួចដែរព្រោះវាដូចជាហួសសមយ៏ទៅហើយយើងជឿថាអាមេរិកមិនយក
    កងទព៏មកច្បាំងដើម្បីគណបក្សសង្រ្គោះជាតិខ្មែរនោះទេ។ម្យ៉ាងអាមេរិកកាលណារំលឹកដល់
    រឿងសង្រ្គាមឥណ្ឌូចិនគឺអាមេរិករាងចាលតែម្តងស្បថតកូនតចៅ។