បញ្ចប់​បរិញ្ញាបត្រ​ពី​វៀតណាម​មក​ធ្វើ​ជា​ជាង​កាត់សក់ និង​ផាត់មុខ​ល្បី

Tuesday, 24 September 2013
ឈឹម ស្រីនាង
ភ្នំពេញ ប៉ុស្តិ៍

130924_20a

លោក យ៉ាវ សុយ៉ាឌី ហៅ ឌី កំពុង​ផាត់​មុខ​ និង​ធ្វើ​សក់​ឲ្យ​ភ្ញៀវ​នារីៗ ដើម្បី​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​ផ្សេង​ៗ។ រូបថត ឈឹម ស្រីនាង

ភ្នំពេញៈ ឌី​មាន​ឈ្មោះ​ពេញ​ថា យ៉ាវ សុយ៉ាឌី​អាយុ​២៦​ឆ្នាំ​មាន​កំណើត​នៅ​ភ្នំពេញ។​ កាលពី​នៅ​អាយុ​ប្រមាណ​ជា​៧​ឆ្នាំ​ឌី​ចូលចិត្ត​គូរ​រូប​ម៉ូដ​ខោអាវ​មនុស្ស​ស្រី​និង​ម៉ូដ​សក់​មនុស្ស​ស្រី​ហើយ​ក្តីស្រមៃ​របស់​គេ​គឺ​ចង់​ក្លាយ​ទៅ​ជា​អ្នករចនា​ម៉ូដ​សម្លៀកបំពាក់​ប៉ុន្តែ​នៅពេល​ដែល​ធំ​ដឹង​ក្តី​ឡើង ឌី​មិន​អាច​បំពេញ​ក្តីស្រមៃ​មួយ​នេះ​ទេ​ដោយសារ​តែ​ប៉ាម៉ាក់​គេ​បាន​ជំរុញ​ឲ្យ​ទៅ​រៀន​ជំនាញ​ផ្នែក​ផ្សេង​ទៀត​ដែល​ខ្លួន​មិន​សូវ​ស្រឡាញ់។

ឌី​រៀបរាប់​ថា​៖​«​កាលពី​រៀន​ថ្នាក់​ទី​១០​ខ្ញុំ​បាន​ឆ្លៀត​ពេល​ទំនេរ​ពី​សាលា​លួច​ទៅ​ហាង​សាឡន​អ្នក​ស្គាល់​គ្នា​ទៅ​រៀន​ផាត់​មុខ​នៅ​ទី​នោះ​ប៉ុន្តែ​អត់​មាន​ការ​បង់​លុយ​កាក់​អី​ទេ​ដោយសារ​តែ​បងស្រី​របស់​ខ្ញុំ​គាត់​ស្គាល់​គេ​នៅ​ទី​នោះ​តែ​គេ​ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​យើង​ដូច​សិស្ស​ដែល​គេ​បង់​លុយ​រៀន​នោះ​ទេ​យើង​មិន​បំភ្លេច​គុណ​គេ​ទេ​បើ​អត់​មាន​គេ​ក៏​យើង​អត់​មាន​ថ្ងៃ​នេះ​ដែរ​តែ​នៅ​ពេល​ខ្លះ​ក៏​មាន​ការ​តូច​ចិត្ត​ដែរ។​ទាំងអស់​ហ្នឹង​ហើយ​ធ្វើឲ្យ​ខ្ញុំ​ចេះ​តែ​ព្យាយាម​លួច​មើល​គេ​និង​ដើរ​តាម​សម្អាងការ​រយៈពេល​ប្រហែល​ជា​បួន​ឆ្នាំ​»។


ទោះ​បី​ជា​ប្រឹង​រៀន​ផ្នែក​សម្អាង ក៏ ឌី ជា​មនុស្ស​ពូកែ​ម្នាក់​ដែរ។ ឌី និយាយ​ថា​៖​«​នៅ​ឆ្នាំ​២០០៦​ខ្ញុំ​ក៏​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​រៀន​វៀតណាម​ខាង​ផ្នែក​business​Management​បាន​ប្រាក់​ខែ​៨០​ដុល្លារ​ក្នុង​មួយ​ខែ។​ការ​សិក្សា​នៅ​ទី​នោះ​មាន​ការ​លំបាក​ច្រើន​គឺ​គេ​រៀន​ជា​ភាសា​វៀតណាម។​ខ្ញុំ​រៀន​រស់នៅ​ដោយ​ខ្លួនឯង​ដាំបាយ​ធ្វើ​ម្ហូប​បោក​ខោអាវ​បោសសម្អាត​ផ្ទះ​គឺ​ធ្វើ​អ្វី​ៗ​ទំាំងអស់​ដោយ​ខ្លួនឯង​»។

លោក​បន្ត​ថា​៖​«​អំឡុង​ពេល​ដែល​ខ្ញុំ​រៀន​នៅ​វៀតណាម​គឺ​ដោយសារ​តែ​គេ​ឃើញ​មុខមាត់​របស់​ខ្ញុំ​អំណោយផល​ពី​ធម្មជាតិ​មិត្តភក្តិ​របស់​ខ្ញុំ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូដ​តែ​មុន​ដំបូង​អត់​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ពីព្រោះ​គិត​ថា​តាំងពី​តូច​មក​អត់​ដែល​គិត​ថា​ខ្លួន​ឯង​ធ្វើ​ជា​អ្នក​បង្ហាញ​ម៉ូដ​ឬ​ក៏​ធ្វើ​ជា​ម៉ូដែល​ឲ្យ​គេ​ថតរូប​អី​ដែរ​ក៏​ប៉ុន្តែ​ដោយសារ​មាន​ការ​ជំរុញ​ក៏​ធ្វើឲ្យ​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​សាកល្បង​ថត​ផ្សព្វផ្សាយ​ហាង​លក់​ខោអាវ​របស់​មិត្តភក្តិ​ដាក់​លើ​វេបសាយ​មួយ​របស់​វៀតណាម​ហើយ​បន្ទាប់មក​មាន​លោកគ្រូ​គាត?​បង្រៀន​អ្នក​បង្ហាញ​ម៉ូដ​ទាក់ទង​ខ្ញុំ​ឲ្យ​ចូល​ក្លិប​ដើរ​ម៉ូដ​ហើយ​ធម្មតា​សិស្ស​ទូទៅ​រៀន​ជាមួយ​គាត់​ចាប់​ពី​បី​ខែ​ឡើង​បាន​មាន​សិទ្ធិ​អាច​ចេញ​សម្តែង​តែ​សម្រាប់​ខ្ញុំ​ប្លែក​ខុស​ពី​គេ​ចូល​រៀន​ត្រឹម​តែ​២​អាទិត្យ​ទេ​ក៏​គាត់​ចុច​ឈ្មោះ​ខ្ញុំ​ឲ្យ​ខ្ញុំ​ដើរ​ឲ្យ​គាត់​មើល​ហើយ​កំណត់​ថ្ងៃ​ឲ្យ​ខ្ញុំ​ដើរ​ម៉ូដ​តែ​ម្តង​»។

លោក​បន្ត​ថា​៖​«​ក្រោយ​ដើរ​បាន​៣​ខែ ខាង​Agency​គេ​បាន​ហៅ​ចូល​ជា​សមាជិក​ដើរ​ម៉ូដ​Elite​Model​Vietnam​ដើរ​ម៉ូដ​ជាមួយ​នឹង​បរទេស​នានា​ជាច្រើន​នៅក្នុង​កម្មវិធី​ធំ​ៗ​ដូចជា​នៅក្នុង​កម្មវិធី​Fashion​Vietnam​fair ជាដើម។ ក្រៅពី​បង្ហាញ​ម៉ូដ​ខ្ញុំ​ក៏​មាន​ឱកាស​ផាត់មុខ​និង​ធ្វើ​សក់​ឲ្យ​ម៉ូដែល​ម្តងម្កាល​ដែរ។​សម្រាប់​ការ​ដើរ​ម៉ូដ​ម្តង​ៗ​ខ្ញុំ​ទទួល​បាន​ចាប់​ពី​១៥០​ដុល្លារ​ឡើង​ក៏​ប៉ុន្តែ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ក៏​មិន​ទាន់​ធូរធារ​ណាស់​ដែរ​»។

លុះ​ដល់​ឆ្នាំ​ទី​៤​ជា​ពេល​ដែល​ប្រឡង​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​Business​Management​ចៃដន្យ​អាក្រក់​ឌី បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដាច់​សរសៃ​កែងជើង​ដើរ​អត់​បាន​ជិត​កន្លះ​ឆ្នាំ។​ឌី​បាន​និយាយ​ថា​៖​«​គ្រោះថ្នាក់​នោះ គឺ​វា​ពិតជា​លំបាក​ណាស់​សម្រាប់​ខ្ញុំ​គឺ​បាត់បង់​ចំណូល​ទាំងអស់​ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​លាក់​អ្នក​ផ្ទះ​របស់​ខ្ញុំ​មិន​ឲ្យ​ដឹង​រឿង​នេះ​ទេ​ពីព្រោះ​មិន​ចង់​ឲ្យ​គាត់​បារម្ភ​»។

ឌី​បាន​ប្រឹងប្រែង​រៀនសូត្រ​រហូត​ដល់​បញ្ចប់​បរិញ្ញាបត្រ​ហើយ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក៏​ប៉ុន្តែ​សម្រាប់​បរិញ្ញាបត្រ​នេះ​គឺ​គាត់​មិន​បាន​យក​ទៅ​ប្រើប្រាស់​ធ្វើ​ការងារ​អ្វី​ទេ​ផ្ទុយ​ទៅ​វិញ​គាត់​បាន​យក​ជំនាញ​ដុង​ពី​ធម្មជាតិ​គឺ​ការ​ផាត់មុខ​ធ្វើ​សក់​ដើរ​តាម​ម្ចាស់​សម្អាង​ការ​នានា​បាន​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ក៏​សម្រេច​ចិត្ត​បើក​ហាង​សាឡន​ដោយ​ខ្លួនឯង​ដោយ​ហ៊ុន​គ្នា​ជាមួយ​មិត្តភក្តិ។

ក្រោយ​មក​សម្អាង​ការ​សុខ​ណា ក៏​ឲ្យ​រូប​គេ​ថត​ជាមួយ​នឹង​អ្នកនាង​ចន​ច័ន្ទលក្ខិណា​ក្នុង​ឈុត​អាពាហ៍ពិពាហ៏​ហើយ​បន្ទាប់មក​ទៀត​ខាង​ហង្សមាស​បាន​ហៅ​គេ​ឲ្យ​ថត​ខារ៉ាអូខេ​ក្នុង​បទ​«​គ្រាន់តែ​ស្រឡាញ់​បង​តើ​អូន​ខុស​ត្រង់​ណា​»​របស់ សុគន្ធ​កញ្ញា​ប៉ុន្តែ​ដោយសារ​តែ​ពេលវេលា​ឌី មិន​សូវ​មាន​ពេល​ថត​ខារ៉ាអូខេ​ប៉ុន្មាន​ទេ។

ឌី​បាន​បន្ត​ថា​ការ​ផាត់មុខ​ធ្វើ​សក់​ម្តង​ៗ​មាន​តម្លៃ​ចាប់ពី​១៥​ទៅ​២៥​ដុល្លារ​ហើយ​សម្រាប់​ការ​លាប​ពណ៌​សក់​សម្រាប់​នារី​ចាប់ពី​៣០​ទៅ​១០០​ដុល្លារ​ហើយ​បុរស​វិញ​ការ​កាត់​សក់​៣​ដុល្លារ​ចំណែក​នារី​វិញ​គឺ​៤​ដុល្លារ។

អ្នកនាង​យ៉ាវ​សុយ៉ាណា​ជា​បងស្រី​ឌី​ថា​៖​«​ខ្ញុំ​គាំទ្រ​សកម្មភាព​របស់​ប្អូន​សប្បាយ​ចិត្ត​ហើយ​ជួយ​ជំរុញ​គេ​ពី​ព្រោះ​សង្គម​យើង​ឥឡូវ​ខាង​ផ្នែក​ហ្នឹង​គឺ​វា​ដើរ​ទៅ​មុខ​និង​មាន​ការ​គាំទ្រ​ច្រើន​ហើយ​សម្រាប់​ម៉ាក់​វិញ​គឺ​គាត់​គាំទ្រ​ច្រើន​ក៏​ប៉ុន្តែ​ប៉ា​វិញ​គឺ​គាត់​គាំទ្រ​៥០​ភាគរយ​ដោយសារ​តែ​ប៉ា​គាត់​មាន​ជំនួញ​ខ្លះ​ចង់​ឲ្យ​ប្អូន​មើល​ថែ​ព្រោះ​ក្នុង​គ្រួសារ​គឺ​នៅ​សល់​កូនប្រុស​តែ​ម្នាក់​គត់​»៕


What Next?

Recent Articles

One Response to "បញ្ចប់​បរិញ្ញាបត្រ​ពី​វៀតណាម​មក​ធ្វើ​ជា​ជាង​កាត់សក់ និង​ផាត់មុខ​ល្បី"

  1. Good boy says:

    He is successful man . he likes this skill ,he can do. although he get high education frome VN but he can use his knowledge for Managed his Bussiness.