សេរីមន្ត ជិះ​យន្តហោះ​ទៅ​ច្រៀង​មង្គលការ​នៅ​បារាំង​ក្នុង​តម្លៃ​ខ្ពស់

Tuesday, 24 September 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

130924_28b

តារា​ចម្រៀង​លំដាប់​កំពូល ខេមរៈ សេរីមន្ត។ រូបថត ហុង មិនា

ភ្នំពេញៈ តារាចម្រៀង​លំដាប់​កំពូល​របស់​កម្ពុជា​លោក ខេមរៈ សេរីមន្ត ទើប​តែ​ត្រឡប់​មកពី​ប្រទេស​បារាំង​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយពេល​លោក​បាន​ចំណាយពេល​មួយ​ចំនួន​នៅក្នុង​រដូវភ្លៀង​នេះ ដើម្បី​ចេញ​ច្រៀង​ក្នុង​ពិធី​មង្គលការ​គេ​នៅ​ប្រទេស​បារាំង​ក្នុង​តម្លៃ​ខ្លួន​មួយ​ខ្ពស់។

ទោះ​បី​ជា​មិន​ទាន់​ទទួល​បាន​សំណង​ប្រាក់​ពី​ក្រុមហ៊ុន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ធ្វើឲ្យ​រថយន្ត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​របស់​លោក​ខូច​ខ្ទេច​ទាំង​ស្រុង ហើយ​នៅពេល​នេះ​ជា​រដូវភ្លៀង​ក្តី តែ​សម្រាប់​តារាចម្រៀង ខេមរៈ សេរីមន្ត ហាក់​ដូចជា​មិន​មាន​ហានិភ័យ​នៃ​ប្រាក់​ចំណូល​ឡើយ ខណៈ​ដែល​ថ្មី​ៗ​នេះ​លោក​ឆក់​បាន​ឱកាស​ចេញ​ច្រៀង​ក្នុង​ពិធី​មង្គលការ​គេ​នៅ​ប្រទេស​បារាំង​ដែល​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា តារា​រូប​នេះ​ត្រូវ​បាន​គេ​ធានា​រ៉ាប់រង​សព្វ​បែប​យ៉ាង​ជាមួយ​នឹង​តម្លៃ​ខ្លួន​មួយ​ខ្ពស់។

លោក ខេមរៈ ភារុណ បងប្រុស​បង្កើត​របស់​ខេមរៈ សេរីមន្ត បាន​និយាយ​ថា​៖​«​សេរីមន្ត បាន​ចេញ​ទៅ​ច្រៀង​នៅក្នុង​ពិធី​មង្គលការ​គេ​មួយ​នៅ​បារាំង​ហ្នឹង កាលពី​ថ្ងៃ​ទី​១១ កញ្ញា កន្លង​មក​នេះ ហើយ​ទើប​តែ​ត្រឡប់​មក​ដល់​វិញ​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា​ថ្មី​ៗ​នេះ​»។ លោក​បាន​បន្ត​ថា​៖​«​សេរីមន្ត គេ​ទៅ​នោះ​គឺ​តាម​ការ​អញ្ជើញ​របស់​គ្រួសារ​មួយ​គេ​រៀបការ​កូន ហើយ​គេ​នោះ​ស្គាល់​ពូ​របស់​ខ្ញុំ​នៅ​បារាំង​ហ្នឹង ដូច្នេះ​គេ​ក៏​អញ្ជើញ​តាម​ពូ​របស់​ខ្ញុំ​ហ្នឹង​»។

ជាមួយ​នឹង​ការ​ចំណាយ​ពេល​ខ្លី​ជិះ​យន្តហោះ​ទៅ​ច្រៀង​ក្នុង​ពិធីអាពាហ៍ពិពាហ៍​គេ​នៅ​បារាំង​មួយ​ភ្លែត​ក៏​មក​វិញ​នេះ បើ​តាម​ការ​បង្ហើប​របស់​ប្រភព​កៀកកិត​នឹង​តារាចម្រៀង​ល្បី​លំដាប់​ប្រទេស​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ដែល​អញ្ជើញ​រូបគេ​ទៅ​ច្រៀង​នៅ​ក្នុង​ពិធីមង្គលការ​នេះ គឺជា​គ្រួសារ​ខ្មែរ​ដ៏​ស្តុកស្តម្ភ​មួយ​នៅ​ប្រទេស​បារាំង ហើយ​នៅក្នុង​ដំណើរ​ចេញ​ច្រៀង​នោះ សេរីមន្ត បាន​ទទួល​ការ​ទំនុកបម្រុង​សព្វ​បែប​យ៉ាង ជាមួយ​នឹង​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់។ តែ​យ៉ាង​ណា​ចំពោះ​បញ្ហា​នេះ​លោក ខេមរៈ ភារុណ ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្ហើប​រឿង​នេះ។

ដោយ​ចំណាយ​ពេល​គិត​បន្តិច​លោក ភារុណ បាន​និយាយ​ទាំង​សំណើច​ថា​៖​«​នៅក្នុង​ដំណើរ​ទៅ​ច្រៀង​ហ្នឹង គឺ​គេ​រៀបចំ​ចំណាយ​ឲ្យ​យើង​សព្វ​យ៉ាង​ទាំង​ថ្លៃ​សំបុត្រ​យន្តហោះ ការ​ស្នាក់​នៅ​ហូបចុក ហើយ​រឿង​តម្លៃ​ខ្លួន​វិញ​មិន​អាច​ប្រាប់​បាន​ទេ​តែ​ធម្មតា​ការ​ចេញ​ឆ្លងដែន​អ៊ីចឹង​គឺ​ច្រើន​ជាង​ធម្មតា​»។

ទោះ​បី​ជា​រដូវភ្លៀង​ដែល​សិល្បករ​មួយ​ចំនួន​បាន​ហៅ​ថា ជា​រដូវ​ដេកស៊ី​លុយ​ចាស់​ក្តី តែ​លោក ខេមរៈ ភារុណ បាន​ឲ្យ​ដឹង​ថា ខេមរៈ សេរីមន្ត កំពុង​រវល់​ជាមួយ​នឹង​ការ​សម្រុក​ថត​ភាពយន្ត​ខ្នាត​ធំ​របស់​សាន់ដេ ក្នុង​រឿង «​ព្រាយ​ក្បាល​ប្រាំបី​» ដើម្បី​ឲ្យ​ឆាប់​ចប់ ខណៈ​ដែល​រដូវ​កើប​ប្រាក់​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់​ៗ​នេះ។

លោក ភារុណ និយាយ​ថា​៖​«​នៅពេល​នេះ​គេ​ថត​បាន​ច្រើន​ហើយ អ៊ីចឹង​អាច​នឹង​ចប់​ក្នុង​ពេល​ដ៏​ខ្លី​នេះ ដើម្បី​ត្រៀម​ខ្លួន​ទទួល​ការងារ​ដទៃ​ទៀត​»៕

 

What Next?

Recent Articles

2 Responses to "សេរីមន្ត ជិះ​យន្តហោះ​ទៅ​ច្រៀង​មង្គលការ​នៅ​បារាំង​ក្នុង​តម្លៃ​ខ្ពស់"

  1. Excellency Bandit Oknha Achar Knoy says:

    គេជិះរាប់លាននាក់ហើយចុះទៅចាប់អារម្មណ៏អីតារាហ្នឹង!!!!!!

  2. Excellency Bandit Oknha Achar Knoy says:

    គេជិះរាប់លាននាក់ហើយ(មិនឮសូរមាត់១ម៉ាត់) ចុះទៅចាប់អារម្មណ៏អីតារាហ្នឹង!!!!!! មានតែអែងឆ្កួតដែរ!!!!