មន្ត្រីគណបក្សសង្គ្រោះជាតិ បានចោទអាជ្ញាធរតាមខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ថាបានរំខានសកម្មភាពចុះផ្ដិតស្នាមមេដៃប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីដាក់ញត្តិជូនអង្គការសហប្រជាជាតិ។ ប៉ុន្តែ សកម្មភាពនេះ មន្ត្រីសាលារាជធានីភ្នំពេញ បានអះអាងថា ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម និងស្នើឲ្យបក្សប្រឆាំងធ្វើសកម្មភាពផ្ដិតស្នាមមេដៃតាមទីស្នាក់ការបក្សជំនួសធ្វើសកម្មភាពតាមទីសាធារណៈ។
ដោយ ដែន អយុធ្យា
2013-10-11
RFA
![]()
ប្រជាពលរដ្ឋចូលរួមក្នុងសមាជបក្សសង្គ្រោះជាតិ ផ្ដិតមេដៃគាំទ្រញត្តិទាមទារតវ៉ារបស់បក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣។ Photo: RFA
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃទី១០ ខែតុលា ថា សកម្មភាពចុះផ្ដិតស្នាមមេដៃ ដើម្បីដាក់ញត្តិជូនអង្គការសហប្រជាជាតិ ជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតរបស់សមាជិកខ្លួន ក្នុងរាជធានីភ្នំពេញ ត្រូវអាជ្ញាធរគំរាមកំហែង។
មន្ត្រីបក្សប្រឆាំងរូបនេះ បានចាត់ទុកសកម្មភាពរារាំង ឬគំរាមចាប់ខ្លួនសមាជិកបក្សប្រឆាំងដាក់គុក ផ្ដើមដោយអាជ្ញាធរ ថាជាទង្វើខុសច្បាប់។ លោកបានអំពាវនាវដល់សមត្ថកិច្ចត្រូវចូលរួមសហការជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីកែប្រែសង្គមឲ្យមានលទ្ធិប្រជាធិបតេយ្យ និងឲ្យមានការគោរពច្បាប់៖ «ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ គឺជាទង្វើខុសច្បាប់ គឺជាបទព្រហ្មទណ្ឌដែលត្រូវជាប់ទោស។ រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋមានសិទ្ធិសម្ដែងមតិតាមគ្រប់រូបភាព លើកលែងតែធ្វើដោយអំពើហិង្សា។ អ្វីដែលយើងធ្វើ គឺស្របតាមរដ្ឋធម្មនុញ្ញ និងស្របច្បាប់។ ដូច្នេះ អ្នកដែលហាមឃាត់ អ្នកដែលជំទាស់ និងបង្កបញ្ហាទៅលើចលនារបស់ប្រជាជនក្នុងការប្រមូលញត្តិនេះ គឺជាទង្វើខុសច្បាប់»។
សមាជិកគណបក្សសង្គ្រោះជាតិ តាមសង្កាត់មួយចំនួន និងប្រជាពលរដ្ឋ ព្រមទាំងអាជីវករតាមផ្សារខ្លះ មានអាជីវករនៅផ្សារទំនប់ និងផ្សារកណ្ដាល ជាដើម ត្រូវអាជ្ញាធរគំរាមចំពោះសកម្មភាពផ្ដិតស្នាមមេដៃគាំទ្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា។
ពលរដ្ឋ និងអាជីវករអះអាងថា ពួកគាត់ត្រូវបានអាជ្ញាធរ ឬសន្តិសុខផ្សារ បង្ខំឲ្យចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ឲ្យបញ្ឈប់សកម្មភាពផ្ដិតស្នាមមេដៃគាំទ្របក្សសង្គ្រោះជាតិ នៅតាមទីសាធារណៈ ឬតាមទីផ្សារបន្តទៀត។ បើមិនដូច្នេះទេ នឹងត្រូវចាប់ខ្លួនដាក់គុក ដោយចោទពីបទបង្កឲ្យសង្គមចលាចល៖ «គេចោទយើងថាធ្វើខុស ដើរធ្វើការអុកឡុក ឬធ្វើឲ្យចលាចលក្នុងសង្គមជាដើម។ ខ្ញុំថា ខ្ញុំអត់មានធ្វើអីឲ្យចលាចលទេ ដោយសារតែប្រជាពលរដ្ឋទូរស័ព្ទហៅខ្ញុំឲ្យមកផ្ដិតស្នាមមេដៃក្នុងញត្តិហ្នឹងដែរ។ ទាមទារចាប់ក្រដាសខ្ញុំមើល។ គេហាម គេឲ្យខ្ញុំសរសេរក្រដាសស្នាម និងផ្ដិតមេដៃឲ្យបញ្ឈប់សកម្មភាពផ្ដិតមេដៃបន្តទៀត»។
ទោះជាបែបណា អាជ្ញាធរតាមសង្កាត់កើតមានបញ្ហា មានដូចជាសង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ទួលសង្កែ ឬសង្កាត់ច្រាំងចំរេះទី២ ជាដើម បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ជុំវិញសកម្មភាពរារាំងផ្តិតស្នាមមេដៃរបស់គណបក្សប្រឆាំង។
លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា អាជ្ញាធរមិនហាមឃាត់សកម្មភាពផ្ដិតស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិ ទេ ប៉ុន្តែស្នើឲ្យធ្វើសកម្មភាពនៅតាមទីស្នាក់ការបក្សជំនួសការធ្វើសកម្មភាពតាមទីសាធារណៈ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម៖ «យើងបានធ្វើលិខិតបញ្ជាក់គាត់រួចហើយ ខាងគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ គឺមិនអនុញ្ញាតឲ្យគាត់ប្រមូលស្នាមមេដៃតាមទីសាធារណៈ តាមផ្សារអនាធិបតេយ្យ បង្កឲ្យខូចសណ្ដាប់ធ្នាប់ វាអត់ត្រូវទេ។ គាត់គិតតែពីសិទ្ធិសេរីភាពរបស់គាត់ ក៏ប៉ុន្តែសិទ្ធិសេរីភាពរបស់គាត់ហ្នឹង គឺវាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋផ្សេងទៀត ដែលគេមិនជាប់ពាក់ព័ន្ធរឿងហ្នឹង។ យើងអនុញ្ញាតឲ្យគាត់ធ្វើអីធ្វើទៅនៅទីស្នាក់ការបក្សរបស់ខ្លួន គឺគាត់អាចធ្វើបាន»។
បញ្ហាស្រដៀងគ្នានេះដែរ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្ត្រីស្តីទី បានរិះគន់សកម្មភាពផ្ដិតស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិ ដែលបានយកទៅថ្វាយព្រះមហាក្សត្រកន្លងទៅ។ លោកថ្លែងថា ស្នាមមេដៃដាក់ថ្វាយព្រះមហាក្សត្រ មិនបានបង្ហាញអត្តសញ្ញាណច្បាស់លាស់របស់ម្ចាស់ស្នាមមេដៃទេ ឬអាចហៅថា ជាស្នាមមេដៃអនាមិក និងមនុស្សម្នាក់បានផ្ដិតស្នាមមេដៃច្រើនដងជាដើម។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងសមាជមហាជន ថ្ងៃទី៦ ខែតុលា នាទីលានប្រជាធិបតេយ្យ បានអំពាវនាវឲ្យពលរដ្ឋផ្ដិតស្នាមមេដៃឲ្យបានយ៉ាងហោច ៣លាននាក់ សម្រាប់ដាក់ញត្តិទៅកាន់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ នៅថ្ងៃធ្វើមហាបាតុកម្មជាថ្មីថ្ងៃទី២៣ ខែតុលា ខាងមុខ។
បញ្ហានេះ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា បានចេញលិខិតជូនគណបក្សសង្គ្រោះជាតិ ឲ្យបញ្ឈប់សកម្មភាពដើរប្រមូលស្នាមមេដៃតាមផ្សារ ទីសាធារណៈ និងនៅតាមផ្ទះប្រជាពលរដ្ឋជាបន្តទៀត។ ប៉ុន្តែ សកម្មភាពផ្ដិតស្នាមមេដៃនេះ អាចធ្វើនៅតាមទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ ជំនួសវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តំណាងរាស្ត្របក្សប្រជាជនដាក់ទំនាយមេបក្សជំទាស់
- រដ្ឋសភាបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការទាំង៩
- តើបក្សប្រឆាំងមានលទ្ធភាពកម្រិតណាក្នុងការទាមទារឲ្យអ.ស.បព្យួរអាសនៈកម្ពុជា?
- សមត្ថកិច្ចឡោមព័ទ្ធរកព្រះសង្ឃ១អង្គនៅវត្តបទុមវតី
- រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១នីតិកាលទី៥នៅថ្ងៃទី១០
- សាលាក្រុងចេញលិខិតរារាំងសកម្មភាពប្រមូលស្នាមមេដៃរបស់បក្សប្រឆាំង
- អាជ្ញាធរខ្លះនៅសៀមរាបរងការចោទថារើសអើងក្នុងការជួយអ្នករងគ្រោះទឹកជំនន់
- អ្នកវិភាគថាបក្សជំទាស់រកអន្តរាគមន៍ពីអន្តរជាតិជារឿងត្រឹមត្រូវ
- អ្នកវិភាគ៖ បក្សប្រជាជនគួរពិចារណាលើការទាមទាររបស់បក្សប្រឆាំង
មន្ត្រីបក្សប្រឆាំងរូបនេះ បានចាត់ទុកសកម្មភាពរារាំង ឬគំរាមចាប់ខ្លួនសមាជិកបក្សប្រឆាំងដាក់គុក ផ្ដើមដោយអាជ្ញាធរ ថាជាទង្វើខុសច្បាប់។ លោកបានអំពាវនាវដល់សមត្ថកិច្ចត្រូវចូលរួមសហការជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីកែប្រែសង្គមឲ្យមានលទ្ធិប្រជាធិបតេយ្យ និងឲ្យមានការគោរពច្បាប់៖ «ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ គឺជាទង្វើខុសច្បាប់ គឺជាបទព្រហ្មទណ្ឌដែលត្រូវជាប់ទោស។ រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋមានសិទ្ធិសម្ដែងមតិតាមគ្រប់រូបភាព លើកលែងតែធ្វើដោយអំពើហិង្សា។ អ្វីដែលយើងធ្វើ គឺស្របតាមរដ្ឋធម្មនុញ្ញ និងស្របច្បាប់។ ដូច្នេះ អ្នកដែលហាមឃាត់ អ្នកដែលជំទាស់ និងបង្កបញ្ហាទៅលើចលនារបស់ប្រជាជនក្នុងការប្រមូលញត្តិនេះ គឺជាទង្វើខុសច្បាប់»។
_______________________________
តាមសំដីយឹម សុវណ្ណ សុទ្ធតែប្រជាពលរដ្ឋមានសិទ្ធិ។
តែបើអនុវត្តត្រឹមត្រូវវិញ យើងគួរតែចាប់ពួកដើរប្រមូលហត្ថលេខានេះមួយនាក់ ឬ ពីរនាក់ ឬក៏ច្រើនជាងនេះ សិនទៅ ព្រោះប្រទេសមានច្បាប់គ្រប់សព្វទាំងអស់សម្រាប់ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងនោះក៏រួមទាំងសកម្មភាពនយោបាយ ដែលបង្កចលាចល អស្ថេរភាពសង្គមផង។ សូមយកគម្រូអាមេរិកចាបឃាត់ខ្លួនវាខ្នោះសមាជិកសភា ៨ នាក់ កាលពីសប្តាហ៍កន្លង មកបង្ហាញអស់លោក ឲ្យពិចារណាទៅ។