​ពលរដ្ឋ​មួយ​ភូមិ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ខេត្តបាត់ដំបង​អះអាងថា មិនទាន់ទទួល​ការផ្តល់​ជំនួយ​​

ដោយ៖​ ញ៉ែត ស្រីពៅ និង អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី11 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ពលរដ្ឋ​មួយ​ភូមិ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ភូមិ​ម្នា​ស់កាល ឃុំ​អូ​ដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង អះអាងថា បើទោះជា​ទឹកជំនន់​បាន​ជន​លិច​ផ្ទះ ​និង​ដំណាំ​ពួកគេ​ច្រើន​ថ្ងៃ​មក​ហើយ​ក្តី តែ​មកដល់​ថ្ងៃ​សុក្រ​នេះ ពួកគេ​មិន​ដែល​ទទួល​ជំនួយ​ពី​សប្បុរសជន​ណា​នៅឡើយ​។​

​លោក​សាំង ហៀ​ង ប្រាប់​VOD ថា​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជាង​១០០គ្រួសារ​ រស់នៅ​ភូមិ​ម្នា​ស់កាល កំពុង​ដាច់​ស្បៀង និង​ថ្នាំពេទ្យ​ព្យាបាល​ជំងឺ។ លោក​បន្តថា នៅឃុំ​ជិត​នោះ មានការ​ចែក​អំណោយ​ជា​ហូរហែ ហើយ​អំណោយ​ជាច្រើន​ត្រូវ​បាន​រក្សាទុក​ នៅ​បន្ទាយ​ទាហាន​នៅ​ជិត​នោះ តែ​មិន​បាន​ចែក​ឲ្យ​ជនរងគ្រោះ​ពិតប្រាកដ ​នៅ​ភូមិ​របស់​លោក​ទេ​ ៖​ “​ភូមិ​រងគ្រោះ​មិន​បាន​ទទួល​អ្វី​ទេ ហើយ​ការ​ដែល​ផ្តល់​ជំនួយ​មក​នេះ​គឺ ចូល​កន្លែង​បន្ទាយ អញ្ជឹង​កន្លែង​បន្ទាយ គេ​ចាត់ចែង​ទៅ ហើយ​ខាង​ឃុំ​ជាប់​គ្នា​នោះ​ឯង គេ​មិន​បែងចែក​ឲ្យ​យើង ជួយ​យើង អត់​មាន​ទេ ជំនួយ​ដែល​មក​ដល់​កន្លែង​នេះ​វា​ប្រហែល​ពីរ​បី​មុខសញ្ញា​ឯណោះ តាម​ស្រុក​កំរៀង​នោះ​គាត់​ព្យាយាម​ទៅសុំ​យក​មក​ចែក​ខាង ខ្ញុំ​ឯ​នេះដែរ ប៉ុន្តែ​គេ​មិន​ព្រម គេ​ថា​គេ​សុំ​ជួយ​ចែក​ខាង​នោះ ដល់​អញ្ជឹង​ទៅ​វា​មិន​ស្មើភាព​ក្នុង​ស្រុក អញ្ជឹ​សសំនូមពរ​ខ្ញុំ​ប្រសិន​ជា​មាន​ជំនួយ ទម្លាក់​តាម​អាជ្ញាធរ​ស្រុក ឬ​ឃុំ​វា​ល្អ​ជាង​វា​អាច​ដល់​តាម​ឃុំ តាម​ភូមិ​នោះ គេ​អាច​ដឹង​ថា​កន្លែង​ណា​សភាព​ធ្ងន់​ធរ​”​។​

ពលរដ្ឋ​រងគ្រោះ​ម្នាក់ទៀត លោក ធឹ​ន ចំ​រុង ក៏​បាន​អះអាង​ថា ទាំង​រូបគាត់​និង​អ្នកភាគច្រើន ​ដែល​រងគ្រោះ​ពិតប្រាកដ ​មិន​បាន​ទទួល​អំណោយ​ទេ ពោល​មានតែ​អ្នកភូមិ​តិចតួច​គ្រួសារ​ប៉ុណ្ណោះ ​ដែល​បាន​ជំនួយ​ខ្លះ​។ ​មេភូមិ​ម្នា​ស់កាល លោក ជួន ជៀន បញ្ជាក់បន្ថែម​ថា ប្រជាជន​រងគ្រោះ កំពុង​ដាច់​ស្បៀង​ហារ និង​អ្នកខ្លះ​មាន​ជំងឺ ហើយ​មិន​មាន​ជំនួយ​ពី​ខាង​ណា​នៅឡើយ​ទេ​ ៖ “​អត់​ផង គេ​ចែក​តែ​គេ​ទេ ខ្ញុំ​អត់​ផង បើ​ទទួល​អំណោយ​ទទួលបាន​តែ​បន្តិច​ទេ ទទួលបាន​តែ​ប្រមាណ ២០​គ្រួសារ​ទេ​។ ខាង​នេះ​អត់​មាន​ទេ អត់​មាន​ជំនួយ​មក​ពី​ខាង​អង្គការ ណា​ទេ ឬ​សប្បុរសជន​ណា​ទេ គឺមាន​តែ​ក្នុង​វត្ត​អូ​ដា ហើយ​និង​វត្ត​តាំងយូ ខាង​វត្ត​តាំង​យូ នោះ​ជួយ​បាន​អង្ក​ម្នាក់​ប៉ុន្មាន​គី​ឡូ បួន​គីឡូ​គ្រាន់​ដាំបាយហូប មួយ​ល្ងាច​”​។​

​លោក សឹន គឹមហុង ជា​ទាហាន​ម្នាក់​នៅ​បន្ទាយ​លេខ​៥៣ ក្នុង​ឃុំ​តា​ក្រី មានប្រសាសន៍ថា អំណោយ​ដែល​រក្សាទុក​នៅ​កន្លែង​របស់លោក សម្រាប់​ផ្គត់​ផ្គង​តែ​បន្ទាយ​ទាហាន​នេះ​ប៉ុណ្ណោះ​ ៖ “​អត់​ទេ ជំនួយ​ទាហាន​នោះ មិនមែន​ទេ គេ​ឲ្យមក​ឃុំ​តាគ្រៃ សម្រាប់​តែ​កងពល​ទេ អញ្ជឹង​គេ​ឲ្យមក​ឃុំ​តា​គ្រៃទេ មិន​មែន​គេ​ឲ្យ​ជា​ទូទៅ​ទេ​”​។​

​អាជ្ញាធរ​ជាតិ​គ្រប់​គ្រោះមហន្តរាយ ឲ្យដឹងថា  ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះទឹកជំនន់​កើន​ដល់​១០៤​នាក់ ក្នុងនោះមាន​កុមារ​ជិត ៤០​នាក់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​។​

កាលពី​ថ្ងៃ​ថ្ងៃទី​១០ ខែ​តុលា​នេះ ​ប្រធានរដ្ឋសភា​ក៏​បាន​អំពាវនាវ​ដល់​សប្បុរស​ជន ​ទាំង​ជាតិ ​និង​អន្តរជាតិ ​ឲ្យចូល​រួមចំណែក​ផ្តល់​វិភាគទាន​ ដល់​ជនរងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​កម្ពុជា​ជាង ៨​សែន​នាក់ ដែល​កំពុង​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់ ព្រោះ​ផ្ទះ និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ ត្រូវ​ទឹក​បំផ្លាញ​៕

សូមសរសេរមកកាន់កញ្ញា ញ៉ែត ស្រីពៅ តាមរយៈ sreypov.nhet@gmail.com

 

 

What Next?

Recent Articles

One Response to "​ពលរដ្ឋ​មួយ​ភូមិ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ខេត្តបាត់ដំបង​អះអាងថា មិនទាន់ទទួល​ការផ្តល់​ជំនួយ​​"

  1. lolo says:

    គ្មាន​ជំនួយ​ទេ​ កុំ​សុំឱ្យគេជួយ​នោះ, ​លោកសមរង្ស៊ី​បាន​ស្នើសុំឱ្យ​ពិភពលោក​បញ្ឈប់​ជំនួយ​ដល់ប្រទេសកម្ពុជា​ហើយ។