Monday, 21 October 2013
Rupert Winchester
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ : សប្ដាហ៍នេះអ្នកនិពន្ធលោក សុខ ចាន់ផល បានទទួលពានរង្វាន់និពន្ធប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Write Award) សម្រាប់ប្រទេសកម្ពុជា។ នេះគឺជាជ័យជម្នះលើកទីមួយហើយក្នុងអំឡុងពេល៥ឆ្នាំដែលអ្នកនិពន្ធខ្មែរបានឈ្នះពានរង្វាន់នេះ។
លោក សុខ ចាន់ផល ស្ថិតនៅក្នុងចំណោមអ្នកនិពន្ធដទៃទៀតមកពី ៩ ប្រទេសក្នុងតំបន់អាស៊ាន ដែលមកចូលរួមកម្មវិធីប្រគល់ពានរង្វាន់នៅទីក្រុងបាងកក។ លោកត្រូវបានព្រះនាង មហាចក្រី សុរិន្ទថន ជាអ្នកប្រគល់ពានជូនឲ្យផ្ទាល់ដៃ។
ពានរង្វាន់នេះជាការផ្ដល់កិត្តិយសដល់អ្នកនិពន្ធឆ្នើមក្នុងតំបន់អាស៊ាន រួមមានប្រទេសកម្ពុជា និងភូមា។ នេះគឺជាលើកទី១ហើយក្នុងអំឡុងពេល១១ឆ្នាំដែលគ្រប់ប្រទេសអាស៊ានមានវត្តមានចូលរួមទាំងអស់គ្នា។
ពិធីប្រគល់រង្វាន់ដែលចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៧៩នេះបានរៀបចំឡើងពេលដែលក្រុងបាងកកត្រូវបានគេទទួលស្គាល់ជា«រាជធានីនៃសៀវភៅក្នុងពិភពលោកប្រចាំឆ្នាំ២០១៣» ដោយអង្គការយូណេស្កូ។
កាលពីឆ្នាំ២០០៨ អ្នកនិពន្ធខ្មែរឈ្មោះ ស៊ិន ទូច ក៏បានចូលរួមដែរ រីឯលោក សុខ ចាន់ផល គឺជាបេក្ខជនទី១១ហើយក្នុងប្រវត្តិសាស្ត្រ។
ក្រោយពីទទួលបានពានរង្វាន់នេះ អ្នកនិពន្ធវ័យ២៩ឆ្នាំ សុខ ចាន់ផលបានសម្ដែងក្ដីរំភើបថា៖ «ពិតជាពិបាករកពាក្យពេចន៍នឹងថ្លែងក្នុងឱកាសនេះណាស់។ ពានរង្វាន់នេះគឺជាកិត្តិយស ដ៏មានអត្ថន័យក៏ដូចជាការទទួលស្គាល់រូបខ្ញុំនិងស្នាដៃដ៏ជោគជ័យរបស់ខ្ញុំក្នុងអាជីពតែងនិពន្ធនេះ»។
លោកបាននិយាយទៀតថា៖ «ជាពិសេសខ្ញុំមានកិត្តិយសណាស់ដែលជាអ្នកមានវ័យក្មេងជាងគេក្នុងចំណោមម្ចាស់ពានរង្វាន់ឆ្នាំនេះ»។
លោក សុខ ចាន់ផល បានឲ្យដឹងទៀតថា ក្រៅពីមានកិត្តិយសក្នុងនាមជាតំណាងឲ្យប្រទេសកម្ពុជា អ្វីដែលសំខាន់សម្រាប់រូបលោកគឺសិល្បៈក្នុងការតែងនិពន្ធនេះតែម្ដង។
លោកបានថ្លែងទៀតថា៖ «ខ្ញុំមានមោទនភាពចំពោះខ្លួនខ្ញុំដែលខ្ញុំអាចដើរតួជាអ្នកនិពន្ធតំណាងឲ្យប្រទេសកម្ពុជា ជាពិសេសពេលបានឃើញទង់ជាតិរបស់ខ្លួនមានវត្តមានក្នុងពិធីនោះ»។
សម្រាប់រូបលោក ពានរង្វាន់អ្នកនិពន្ធឆ្នើមនេះគឺជាបទពិសោធមួយដ៏មានតម្លៃសម្រាប់ថ្ងៃអនាគត។
លោកបានរំឭកថា៖ «ខ្ញុំពិតជារីករាយដែលបានជួបម្ចាស់ជ័យលាភីដទៃទៀត។ ខ្ញុំគិតថាពួកយើងជាអ្នកនិពន្ធដែលមានសណ្ឋានស្រដៀងគ្នា។ មែនហើយ ពិធីឆ្នាំនេះខ្ញុំមានវ័យក្មេងជាងគេដូច្នេះខ្ញុំមានអារម្មណ៍ថា អ្នកនិពន្ធដទៃទៀតប្រៀបបីដូចជាឪពុក ម្ដាយ បងប្រុស បងស្រីរបស់ខ្ញុំអ៊ីចឹង»។
អ្នកនិពន្ធមិនសូវចេះនិយាយស្ដីច្រើនរូបនេះបានសម្ដែងទស្សនៈផ្ទាល់ខ្លួនថា៖ «បទពិសោធនេះនឹងជួយដល់អ្នកនិពន្ធខ្មែរដទៃទៀត។ ខ្ញុំគិតថាចង់បង្កើតការប្រកួតដណ្ដើមពានរង្វាន់អ្នកនិពន្ធឆ្នើមនៅស្រុកខ្មែរដើម្បីលើកតម្កើងវិស័យនេះផងដែរ»។
លោកបាននិពន្ធរឿងខ្លីចំនួន៣ដែលបោះពុម្ពជាភាសាអង់គ្លសក្នុងឆ្នាំនេះ។ គណៈកម្មការអ្នកនិពន្ធអាស៊ាន បានកោតសរសើរដល់ស្នាដៃរបស់លោកថា ជាស្នាដៃ«មានគុណភាព អាស្រ័យបទពិសោធ និងការឆ្លុះបញ្ចាំង»។ លោក ថេរី យ៉ាម៉ាដា សាស្ត្រាចារ្យសិក្សាស្រាវជ្រាវតំបន់អាស៊ីមកពីរដ្ឋកាលីហ្វ័រនីញ៉ា ដែលជាគណៈកម្មការមួយរូបដែរនោះ បានសរសើរលោកថា ជាអ្នកនិពន្ធរឿងខ្លីដ៏ឆ្នើមបំផុតនៅប្រទេសកម្ពុជាក្នុងសម័យកាលនេះ៕
Congratulation !!!
Good to hear that new. Was Poan Poung Vorphom forget to attend the ceremoney or competition?
Congratulation, keep continuing your best work!!!
សូមកំុចំលងពីគេច្រើនពេក ប្រើគំនិតខ្លួនឯងអោយសមនិងអ្វីដែលទទួលបាន