វិភាគ​៖​ តើ​​ប្រជា​មតិ​​គួរ​​ធ្វើ​​ទេ នៅ​​គ្រា​ដែល​កម្ពុជា​ជាប់​កាំ​ង​នយោបាយ​?​

ដោយ៖​ អ៊ឹង​ ប៊ុន​ថន​
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

(រូបថត តាំង វីដា)

(រូបថត តាំង វីដា)


ការធ្វើប្រជាមតិ ​គឺជា​វិធីសាស្ត្រ​មួយ​​ក្នុងចំណោម​​វិធី​សាស្ត្រ​​ដោះ​ស្រាយ​ផ្សេង​ទៀត នៅ​​គ្រា​​ដែល​​ស្ថាន​ការណ៍​​នយោបាយ​​កំពុង​​ជួប​​វិបត្តិ ឬ​​ការ​​មិន​ឯកភាព​​គ្នា​​លើ​​ដំណោះ​ស្រាយ​​អ្វី​​មួយ​។​

សម្រាប់​ប្រទេស​កម្ពុជា នៅ​គ្រានេះ ត្រូវបាន​​អ្នកវិភាគ​​ចាត់ទុក​ថា ជា​​ការជាប់គាំង​នយោបាយ ដោយ​សារ​​គណបក្ស​​ជាប់​​ឆ្នោត​មួយ ក្នុងចំណោម​គណបក្ស​​​ជាប់​​ឆ្នោត​​ទាំង​ពីរ មិន​ចូល​ប្រជុំ​សភា ។​

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា  មានប្រសាសន៍​ថា លោក​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ប្រជាមតិ ដើម្បី​ឲ្យដឹង​ពី​ចំនួន​អ្នក​គាំទ្រ​​គណបក្ស​​ទាំង​​ពីរ ថា​តើ​មួយ​ណា​មាន​អ្នកគាំទ្រ​ពិតប្រាកដ​ច្រើនជាង​?

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​លោក យ៉ង គឺ​ម​អេង មានប្រសាសន៍ថា ការធ្វើ​ប្រជាមតិ​​ជា​យន្តការ​ចាំបាច់​មួយ​ដែល​ប្រទេស​​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ តែង​អនុវត្តន៍​នៅ​គ្រា​ដែល​ជាប់គាំង​​លើ​ការសម្រេចចិត្ត​ធ្វើ​អ្វីមួយ​ ៖ "ខ្ញុំគិត​ថា​ប្រ​ជា​ពលរដ្ឋ​គាំ​ទ្រ សម្រាប់​ការ​ធ្វើ​ប្រ​ជា​មតិ​ ទីមួយ​អាច​ថា​ គាត់​ចង់​ឲ្យ​មាន​ការ​​ជ្រះ​ស្រ​ឡះ​រឿង​មន្ទិល​ទាំង​ឡាយ កុំ​ឲ្យ​អ្នក​ខ្លះ​ថា​ស្រប​ច្បាប់ អ្នក​ខ្លះ​ថា​មិន​ស្រប​ អ្នក​ខ្លះ​ហ្នឹង​ថា​សហ​គមន៍​អន្តរ​ជាតិ​អញ្ចេះ អ្នក​ខ្លះ​ថា​អញ្ចោះ ហើយ​អញ្ចឹង​ការ​ធ្វើ​ប្រ​ជា​មតិហ្នឹង​វា​​​ស្រួល​ម្យ៉ាង​ដែរ អញ្ចឹង​បើ​គេ​ធ្វើ​ប្រជា​មតិ​ទៅ​​ឃើញ​មានការ​ថា មានគេ​គាំ​ទ្រ​ដូចដំណើរ​រាល់​ថ្ងៃ​នេះ​ច្រើន​ហើយ អាហ្នឹង​វា​អត់មាន​បញ្ហា​អី​ទេ ​រដ្ឋាភិបាល​ក៏​ធ្វើ​ដំណើរ​ទៅ​មុខ​ដោយសប្បាយ​ចិត្ត ថា​ហរ​បើ​គេ​អត់​គាំ​ទ្រ​ទេ អាហ្នឹងក៏​​​ត្រូវ​គិត​ពី​យុទ្ធ​សាស្ត្រថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ​ឬ​ក៏​ត្រូវ​រៀបចំ​យន្តការ​ហ្នឹង ឲ្យ​វា​មានការ​គាំ​ទ្រ​ពី​ប្រ​ជា​ពលរដ្ឋ​កាន់​តែ​ខ្លាំង​ឡើង​វិញ​​ ព្រោះថា​ នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ ធ្វើអី​ត្រូវ​​​គិតពី​ប្រជា​ពលរដ្ឋ​ជា​និច្ច​ជា​កាល​"។​

​លោក​មេធាវី សុក សំអឿន ពន្យល់ថា ការធ្វើប្រជាមតិ​ប្រៀប​ដូចជា​ការបោះឆ្នោត​ដែរ គឺ​ត្រូវធ្វើ​ដោយ​សម្ងាត់​ប៉ុន្តែ​ងាយស្រួល​រៀបចំ​ជាង​ការបោះឆ្នោត​។ ជម្រើស​របស់​ប្រជាពលរដ្ឋ​មាន​តែ​ពីរ​ទេ​គឺ​គាំទ្រ​ឬ​​មិន​គាំទ្រ​ចំពោះ អ្វី​ដែល​លើក​ជា​ប្រធានបទ​នោះ ហើយ​សេចក្តីសម្រេច​គឺ​ផ្អែក​លើ​សំឡេង​ភាគច្រើន​ដាច់ខាត ៥០​បូក​១​។​

​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការធ្វើប្រជាមតិ​ជា​បញ្ហា​សំខាន់​ក្នុង​ការរក​ដំណោះស្រាយ​នយោបាយ ដែល​ជាប់គាំង​នៅ​ពេល​នេះ​។ ប៉ុន្ដែ​​លោក​ថា មិន​អាច​ធ្វើ​ទៅរួច​ទេ សម្រាប់​កម្ពុជា ព្រោះ​មិន​មានច្បាប់​ចែង​ ៖ "​ប្រជា​មតិ​ គឺ​ការ​បោះឆ្នោត អារឿង​ការ​បោះឆ្នោត​ហ្នឹង​គេ​ត្រូវ​​​មាន​យន្ត​ការហើយ ហើយ​និង​ច្បាប់​ទម្លាប់​មួយ​ចំនួន ព្រោះយើង​ចេះ​តែ​និយាយ​ថា​ប្រជា​មតិៗ ក៏​ប៉ុន្តែ​ត្រូវ​ធ្វើយ៉ាង​ម៉េច ទៅមក​ៗ​មិន​ គជប ដដែល វិល​ទៅ​វិល​មក​ជាន់​ដាន​ដដែលមក​វិញ​មក​ វា​ទាល់​តែ​មូល​មាត់​គ្នា​ ថា​មួយ​ដំណាក់​កាល​ម្តង ភាព​មិន​ប្រក្រ​តី អាហ្នឹង​ដោះស្រាយ​យ៉ាង​ម៉េច ដូច​មូល​មាត់​គ្នា​ថា​កែ​ប្រែ​ គជប អាហ្នឹងគឺ​អាច​​​អង្គុយ​ជុំ​គ្នា​ទៅ ហើយ​​បង្កើត​គណៈ​កម្មការ​អីពិនិត្យ​ឲ្យបាន​​​​ស្រួល​បួល​ទៅ ចម្រុះ​មក ហើយ​និង​ហៅ​អ្នក​​ជំនាញមក ជំនាញ​ក្នុង​ស្រុក ជំនាញ​ក្រៅ​ស្រុក ហើយ​យើង​ម្ចាស់​ការ​ខ្លួន​ឯង​ទៅ"។

​សម្រាប់​លោក​បណ្ឌិត សុខ ទូច អ្នកវិភាគ​នយោបាយ មានប្រសាសន៍ថា ការធ្វើប្រជាមតិ​នេះ គេ​ត្រូវ​បង្កើតឲ្យមាន​គណៈកម្ម​ឯករាជ្យ​មួយ​សម្រាប់​ធ្វើ​កិច្ច​ការ​​នេះ ទូទាំង​ប្រទេស​ដើម្បី​រកឲ្យឃើញ​ពី​ការចង់បាន​របស់​ប្រជាពលរដ្ឋ ហើយ​គណបក្ស​ទាំង​ពីរ​ត្រូវតែ​គោរព​តាម​ការ​លទ្ធផល​នៃ​ការធ្វើប្រជាមតិ​នោះ​ ៖ "ជម្រើស​ខ្ញុំ​ចុង​ក្រោយ ខ្ញុំ​ចង់​ឲ្យ​​អ្នក​នយោ​បាយ​បក្ស​ទាំង​ពីរ​ដែល​ឈ្នះ​ឆ្នោត​ហ្នឹង ត្រូវ​បង្កើត​គណៈ​កម្មការ​មួយ ចុះ​ធ្វើប្រជា​មតិសម្រាប់​ម្ចាស់​ឆ្នោត​ នយោ​បាយ​គ្មាន​លទ្ធ​ភាព​នឹង​ដោះស្រាយហ្នឹង​ហើយ យើង​គួរ​តែ​បង្កើត​ក្រុម​ឯករាជ្យ​មួយ​ចុះ​ធ្វើប្រជា​មតិ​ដាក់បីសំណួរ ទទួល​ស្គាល់​ការ​បោះឆ្នោតឬ​ក៏​អត់ ទីពីរ យើង​ត្រូវ​បោះឆ្នោតកន្លែង​មិន​ប្រ​ក្រតី​ ទីបី​យើង​ត្រូវ​តែ​ត្រួត​ពិនិត្យ​ គជប​ បីសំណួរ​ហ្នឹង បើប្រជា​ជនមតិ​ភាគ​ច្រើន​ គាត់​ឲ្យ​ទៅ​ខាង​ណា យើង​គោរព​តាម​អ្នក​ធ្វើ​ប្រជា​មតិហ្នឹង​ទៅ ពីព្រោះ​អ្នក​នយោ​បាយឥឡូវ​អស់​លទ្ធ​ភាព​ហើយ អត់​មានអី​ធ្វើ​ទៅ​ទៀត​​ អញ្ចឹង​យើង​គួរតែ​ប្រើប្រាស់​ប្រជា​មតិ​ទៅ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា"។

​បើ​តាម​លោក មេធាវី សុក សំអឿន បើទោះជា​ច្បាប់​មិន​មាន​ចែង​ពី​ការធ្វើប្រជាមតិ​នេះ​ក៏ដោយ ប៉ុន្តែ​បើ​អ្នកនយោបាយ​មាន​ឆន្ទៈ​ចង់ដឹង​ពី​ការគាំទ្រ​ពិត​ប្រាកដ​ពី​ប្រជាពលរដ្ឋ​នោះ អាចធ្វើ​បាន​។ សម្រាប់​កាលៈទេសៈ​បច្ចុប្បន្ន​នៅ​កម្ពុជា​លោក​យល់ថា បើ​គណបក្ស​កាន់​អំណាច​មិន​ព្រម ក៏​មិន​ពិបាក​ធ្វើ​ដែរ​ ៖​ "ប្រជា​មតិ​គឺមាន​ន័យ​ថា​ ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់មក​បោះឆ្នោត ហើយ​ចុះ​បើសិនជា​ គាត់អត់​​មានជា​ផ្លូវ​ការគេ​ទទួល​ស្គាល់​ ធ្វើម៉េច​អាច​ចាត់​ទុក​​​ថា​ប្រជា​មតិ​ត្រឹម​ត្រូវ​កើត​ទៅ"។

ប្រទេស​មួយចំនួន​ដែល​កំពុង​ជួប​វិបត្តិ​នយោបាយ ដូចជា​ប្រទេស អេ​ហ្ស៊ី​ប តួ​គី ប្រេ​ស៊ីល ស៊េរី និង​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នៅ​សហភាព​​អ៊ឺរ៉ុប​ជាដើម ពួកគេ​បាន​ទាមទារ​ឲ្យធ្វើ​ប្រ​ជាមិតនេះ​ឡើង ដើម្បី​កែ​ទម្រង់​នយោបាយ​ឬ​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការអនុម័ត​សេចក្តីព្រាងច្បាប់​ណាមួយ​៕

សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

One Response to "វិភាគ​៖​ តើ​​ប្រជា​មតិ​​គួរ​​ធ្វើ​​ទេ នៅ​​គ្រា​ដែល​កម្ពុជា​ជាប់​កាំ​ង​នយោបាយ​?​"

  1. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!