អាជ្ញាធរមានសមត្ថកិច្ចបណ្ដេញមិនឲ្យសង្គមស៊ីវិល និងប្រជាពលរដ្ឋជាង ២០សហគមន៍ ធ្វើសមាជប្រជាជននៅទីលានប្រជាធិបតេយ្យ។ តាមគម្រោងក្រុមប្រជាពលរដ្ឋគ្រោងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២១ ខែតុលា ដើម្បីចែករំលែកចំណេះដឹងស្ដីពីរដ្ឋធម្មនុញ្ញ និងចូលរួមបញ្ចេញមតិ រកដំណោះស្រាយក្នុងពេលដែលស្ថានភាពនយោបាយស្ថិតក្នុងភាពមិនប្រាកដប្រជានោះ។
ដោយ វណ្ណ វិចារ
2013-10-21
RFA

សមត្ថកិច្ចដើរកាត់កន្លែងហ្វឹកហាត់ដើម្បីបង្ក្រាបក្រុមបាតុករនៅទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី២១ តុលា ឆ្នាំ២០១៣។ RFA/Van Vichar
ក្រុមសមត្ថកិច្ចរាប់រយនាក់ ប្រដាប់ដោយកាំភ្លើងបាញ់គ្រាប់ខ្យល់ កាំភ្លើងអាកា ដំបងឆក់ ខែល និង ឡានទឹក បានដណ្ដើមយកទីលានសេរីភាពដែលជាកន្លែងសម្រាប់ប្រជុំធ្វើបាតុកម្មតវ៉ា និងបញ្ចេញមតិរិះគន់តែមួយគត់ក្នុងរាជធានីភ្នំពេញ យកធ្វើជាកន្លែងហ្វឹកហាត់បង្ក្រាបបាតុកម្ម។
ក្រុមពលរដ្ឋប្រមាណជាង ៥០០នាក់ដែលគ្រោងជួបជុំគ្នាសម្ដែងមតិ ក៏ត្រូវសមត្ថកិច្ចដេញឲ្យទៅជួបជុំគ្នានៅខាងកើតស្ពាននាគ ដែលមានចម្ងាយជាង ១០០ម៉ែត្រ ពីទីលានប្រជាធិបតេយ្យ។
សមាជិកបណ្ដាញពហុវិស័យ កញ្ញា ច្រឹក សុភា មានប្រសាសន៍ថា ក្រុមប្រជាពលរដ្ឋមានបំណងតែមួយគត់ គឺដើម្បីរួមគ្នាបញ្ចេញមតិ ស្វែងរកដំណោះស្រាយលើបញ្ហាផ្សេងៗក្នុងសង្គម រួមមានបញ្ហាទំនាស់ដីធ្លី សេរីភាពបញ្ចេញមតិ និងពិសេសស្វែងយល់ពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
កញ្ញាបន្តថា ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន នៅពេលប្រកាសនយោបាយដឹកនាំប្រទេស បានបញ្ជាមន្ត្រីរបស់ខ្លួនឲ្យរៀបចំសមាជប្រជាជន ប៉ុន្តែពេលពលរដ្ឋជួបជុំគ្នាសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ បែរជាប្រើលេះផ្សេងៗដើម្បីរារាំងទៅវិញ។
កញ្ញាបញ្ជាក់ថា ពលរដ្ឋពិតជាមានការសោកស្ដាយជាខ្លាំង បន្ទាប់ពីសមត្ថកិច្ចដណ្ដើមទីលានបញ្ចេញមតិទៅធ្វើជាទីលានហាត់សមយុទ្ធបង្ក្រាបបាតុករ៖ «សំខាន់យើងធ្វើសមាជនេះ ចង់ប្រាប់វិញថា យើងធ្វើហើយ តែយើងទទួលបាននូវការសោកស្ដាយទៅវិញ។ ខ្ញុំវាហួសចិត្តនៅពេលខ្ញុំមកដល់សួន គេសមយុទ្ធ វាមិនដែលទីលានប្រជាធិបតេយ្យរៀបចំសមយុទ្ធ»។
ទោះជាបែបណាក្តី ក្រុមប្រជាពលរដ្ឋមកពីសហគមន៍នានា នៅតែរៀបចំវេទិកាសមាជប្រជាជនតាមការគ្រោងទុក។ ក្រុមពលរដ្ឋចងឆ្នូតពណ៌ក្រហមនៅលើក្បាលដែលមានសរសេរអក្សរថា សមាជប្រជាជន អ្នកខ្លះទៀតលើកបដាសរសេររៀបរាប់ពីគោលបំណងសមាជ។ ក្រុមពលរដ្ឋបានឡើងថ្លែងការណ៍ម្ដងម្នាក់ៗស្ដីពីទុក្ខកង្វល់របស់សហគមន៍នីមួយៗ ដូចជាការធ្លាក់ចុះនៃផលនេសាទបណ្ដាលមកពីបទល្មើសនេសាទខុសច្បាប់ បញ្ហារំលោភបំពានដីធ្លី ការបាត់បង់ព្រៃឈើ បញ្ហាប្រាក់បៀវត្សមន្ត្រីរាជការ បញ្ហាប្រព័ន្ធតុលាការ ពុករលួយ សាំងឡើងថ្លៃ និងការគំរាមកំហែងពីក្រុមអ្នកមានអំណាចជាដើម។
នៅខាងក្រៅវេទិកាកណ្ដាលថ្ងៃក្ដៅនេះវិញ គេសង្កេតឃើញក្រុមសមត្ថកិច្ចបង្ក្រាបប្រដាប់ដោយខែល និងដំបងឆក់ អង្គុយចាំរួចជាស្រេច។ សមត្ថកិច្ចទាំងនោះប្រាប់ថា ពួកគេរង់ចាំបញ្ជាពីថ្នាក់លើ បើថ្នាក់លើឲ្យវាយបណ្ដេញពួកអ្នកស្រុក គឺពួកគេចាត់ការតែម្ដង។
តំណាងប្រជាពលរដ្ឋមកពីសហគមន៍នេសាទសមុទ្រ ត្រពាំងរពៅ ខេត្តកំពត លោក ជា ប៊ុនធឿន មានប្រសាសន៍ថា ប្រជាសហគមន៍នេសាទកំពុងប្រឈមនឹងការដាច់បាយ ដោយសារតែផលនេសាទធ្លាក់ចុះ។ លោកបន្តថា ទូកនេសាទបរទេសដែលប្រើឧបករណ៍ខុសច្បាប់ បានចូលលុកលុយដែននេសាទរបស់អ្នកស្រុក ដោយមានមន្ត្រីជំនាញនៅពីក្រោយខ្នង។
លោកបញ្ជាក់ថា លោកមកទីលានប្រជាធិបតេយ្យថ្ងៃនេះ ដើម្បីយកកង្វល់នេះឲ្យរាជរដ្ឋាភិបាលដោះស្រាយ ប៉ុន្តែបែរជាអស់សង្ឃឹម៖ «ផ្ទះនោះប្រក់មេឃហើយ ព្រោះផលនេសាទសមុទ្រវាច្រើនពេក រត់ពីត្រពាំងរពៅ ទៅដល់កន្លែងនេសាទចំណាយប្រេង ១០លីត្រហើយ។ អាណត្តិទី១ ថាដោះ (ដោះស្រាយ) ទី២ ថាដោះ ទី៣ ទី៤ ថាដោះស្រាយ ចុះអាណត្តិទី៥ បានរៀបចំហើយនៅ?»។
ទាក់ទងនឹងការយកទីលានប្រជាធិបតេយ្យយកទៅហាត់សមនេះ មន្ត្រីដឹកនាំកម្លាំងហ្វឹកហាត់ប្រាប់ថា ក្រុមនគរបាលសណ្ដាប់ធ្នាប់ធ្វើតាមបញ្ជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងបំណងត្រៀមខ្លួនរក្សាសណ្ដាប់ធ្នាប់ជូនសង្គម មិនមែនត្រៀមប្រើហិង្សាទេ ហើយក៏មិនមានបំណងបង្ក្រាបពលរដ្ឋសម្ដែងមតិដែរ បើសិនជាការសម្ដែងមតិនោះសមស្របតាមច្បាប់។ ប៉ុន្តែមន្ត្រីរូបនេះបដិសេធមិនឆ្លើយថា រូបគាត់មិនដឹងថាមូលហេតុអ្វីទើបយកទីលានប្រជាធិបតេយ្យមកហ្វឹកហាត់ឡើយ។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់បន្ថែមពីស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានទេ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។
ទាក់ទងនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ ដែលឃ្លាំមើលដំណើរការសមាជប្រជាជនពេញមួយព្រឹកនោះ មានប្រសាសន៍ថា អាជ្ញាធរត្រូវលើកទឹកចិត្តពលរដ្ឋឲ្យចូលរួមគ្រប់សកម្មភាពសង្គម នយោបាយ និងវេទិកាសម្ដែងមតិនានា ដើម្បីអភិវឌ្ឍសង្គម។ លោកបន្តថា តាមច្បាប់ ពលរដ្ឋមានសិទ្ធិពេញលេញក្នុងការប្រមូលផ្តុំ ជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដែលមានអាជ្ញាធរជាអ្នកការពារសណ្ដាប់ធ្នាប់។
លោកបញ្ជាក់ថា វាជារឿងគួរឲ្យអស់សំណើចនៅពេលដែលសមត្ថកិច្ចយកទីលានប្រជាធិបតេយ្យធ្វើជាទីតាំងហ្វឹកហ្វឺននោះ៖ «បាតុកម្មដោយសន្តិវិធីអីនេះត្រូវតែទទួលបានការឆ្លើយតបជាវិជ្ជមាន តែថ្ងៃនេះជាឧទាហរណ៍មួយទៀតបង្ហាញថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញហ្នឹង អត់ត្រូវបានគោរពទេ»។
អង្គសមាជប្រជាជន ត្រូវបានបញ្ចប់នៅវេលាម៉ោង ១១ និង ១៥នាទីព្រឹក ដោយក្រុមពលរដ្ឋសម្រេចលុបចោលកម្មវិធីសំខាន់ៗ មួយចំនួន ដូចជាអ្នកជំនាញឡើងពន្យល់ពីខ្លឹមសាររដ្ឋធម្មនុញ្ញ និងវេទិកាជួបជាមួយតំណាងរាស្ត្រជាប់ឆ្នោតនៃបក្សទាំងពីរ។ ពលរដ្ឋបានត្រឹមតែច្រៀងចម្រៀង ចែកសៀវភៅស្ដីពីរដ្ឋធម្មនុញ្ញ និងពន្យល់គ្នាទៅវិញទៅមកលើតួនាទីរបស់រដ្ឋាភិបាល រដ្ឋសភា តុលាការ តួនាទីព្រះមហាក្សត្រ តួនាទីក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងជំរុញបញ្ហាស្ត្រីនិងនយោបាយ។
នៅកម្ពុជាមានសាលាហ្វឹកហ្វឺនកងកម្លាំង ទាំងសាលាខ្នាតមធ្យមនិងខ្នាតតូចគ្រប់ភូមិភាគនៅទូទាំងប្រទេស ប៉ុន្តែអាជ្ញាធរមិនជ្រើសរើសជាទីតាំងហ្វឹកហាត់ទេ។ ម្យ៉ាងទៀត ដីធ្លីជាកម្មសិទ្ធិរបស់រដ្ឋ ដូចជាដីពហុកីឡាដ្ឋានជាតិអូឡាំពិក ដីស្តាតចាស់ និងដីតាមក្រសួងមន្ទីរមួយចំនួនទៀតដែលត្រូវប៉ាន់ ក៏ត្រូវអាជ្ញាធរពុះច្រៀកលក់ឲ្យក្រុមហ៊ុនឯកជនដោយគ្មានតម្លាភាព និងគួរឲ្យសង្ស័យ។
ក្រុមសង្គមស៊ីវិលរិះគន់ថា ការហ្វឹកហាត់របស់សមត្ថកិច្ចនៅទីលានប្រជាធិបតេយ្យ ជាការគំរាមយ៉ាងខ្លាំងចំពោះការសម្ដែងមតិ។ តើរាជរដ្ឋាភិបាលអត់កន្លែងហ្វឹកហាត់កងកម្លាំង ឬចង់ហ្វឹកហាត់កងកម្លាំងនៅទីលានប្រជាធិបតេយ្យ ដើម្បីស្វាគមន៍ខួប ៤ឆ្នាំ នៃការអនុម័តរបស់សភាបង្កើតច្បាប់ស្ដីពីបាតុកម្ម?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សសង្គ្រោះជាតិរក្សាជំហរធ្វើបាតុកម្មទោះអាជ្ញាធរមិនអនុញ្ញាត
- បក្សគ្មានអាសនៈក្នុងសភាព្រមានធ្វើបាតុកម្មប្រឆាំងបក្សសង្គ្រោះជាតិ
- កម្មកររោងចក្រអែស.អិលទៅរកអន្តរាគមន៍ពីលោក ហ៊ុន សែន
- បក្សសង្គ្រោះជាតិនិងអាជ្ញាធរមិនទាន់ត្រូវរ៉ូវគ្នារឿងធ្វើបាតុកម្ម
- សកម្មជនបក្សប្រឆាំងនៅរតនគិរីត្រូវបានកោះហៅទៅបំភ្លឺរឿងប្រមូលស្នាមមេដៃ
- ពលរដ្ឋខ្មែរអាមេរិកាំងជាង១ពាន់នាក់តវ៉ាទាមទារយុត្តិធម៌ពីការបោះឆ្នោត
- អ្នកវិភាគ៖ សកម្មភាពពង្រាយកម្លាំងចម្រុះជាទង្វើបំភិតបំភ័យនិងអំពើហិង្សា
- សកម្មជនបក្សប្រឆាំងចោទអាជ្ញាធរខេត្តបាត់ដំបងថារារាំងការប្រមូលស្នាមមេដៃ
- មន្ត្រីបក្សប្រឆាំងនៅកំពង់ឆ្នាំងព្រមានធ្វើបាតុកម្មប្រឆាំងនឹងការរារាំងផ្ដិតមេដៃ
អាថោកទាប ហ្អែងដឹងទេថា ការចាញ់ឆ្នោតយ៉ាងអាម៉ាស នៅកំពង់ចាមដោយសារអ្វីទេ ?
-ដោយសារអាចារ្យបាំងឈើ យកទ្រព្យសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិខ្លួនអស់ លក់អស់ សូមបីតែច្រាំងទន្លេក៏លក់អស់ដែរ ថោកទាបយ៉ាងណ្នឹង ។
-ដោុយសារអំពើអយុត្តិធម៌ របស់បង ហ៊ុន សែន ឈ្មោះ ហ៊ុន ណេង ដែលប្រើទង្វើថោកទាប បិទទីតាំងសាធារណៈទាំងអស់ក្នុងខេត្តកំពង់ចាម មិនឲ្យគណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការបោះឆ្នោតថ្ងៃចុងក្រោយ ដែលធ្វើឲ្យអ្នកក្រុងកំពង់ចាមទាំងមួលស្អប់ខ្ពើម ដាក់បណ្តាសា
-ឥឡូវនយោបាយបែបនេះ យកទៅអនុវត្តនៅភ្នំពេញ ប្រយត្ន័គេចូលមិនរួចបិទផ្លូវគ្រប់កន្លែង
តិចថាស្កន់ជាន់ ពេលនោះមិនមែននៅភ្នំពេញទេ គឺនៅទូទាំងប្រទេសហើយ អាជោរ សមត្ថកិច្ច
ប៉ុណ្ណឹងស្មានថាបង្ក្រាបមនុស្សទូទាំងប្រទេសបានរឺ ?
ម្តេចមិនគិតមើល និងដោះស្រាយទៅ ?
Really crazy government! HS what are you doing?
i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank
មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!
ចំណែកអញ ជាកងពិឃាតពិសេស កំពុងហាត ហ្វឹកហ្វឹន បាញ់សីុប និងបោកគ្រាប់បែកនៅឯកំបូលឯណេះអាឡប់!
គណបក្សប្រជាជនគាត់ច្រណែននឹងបក្សសង្រ្គោះជាតិតែងតែយកទីលានប្រជាធិបតេយ្យ
ឲ្យប្រជាជនធ្វើបាតុកម្មរហូតចំណែកខាងបក្សប្រជាជនមិនដែលបានប្រើកន្លែងហ្នឹងសោះ
ព្រោះរកប្រជាជនមកធ្វើបាតុកម្មនឹងគេមិនបានឥឡូវគាត់យកប៉ូលីសទាហានមកហ្វឹកហាត់
នៅទីនេះឲ្យបានស្គាល់ជាតិទីលាននេះម្ដង។ណ្ហើយចែកគ្នាប្រើម្ដងម្នាក់ទៅ។
ចេះតែម្នាក់អែងទៅ ព្រោះនៅលើលោកនេះមានមនុស្សល្ងង់ច្រើនណាស់។
មនុស្សយើងបើធ្វើ ខុស ត្រូវកែ ខ្លួន អាចមាន កេរ្ត៍ ឈ្មោះ ឡើងវិញ !
បើមិនកែខ្លួន ទេ ប្រយ័ត្ន មានវាសនា ដូច ខ្មោច ប៉ុល ពត !
អ្នកបញ្ជា អោយ យកទីលានប្រជាធិបតេយ្យ ទៅធ្វើសមយុទ្ធ ហ្វឹកហាត់ ទ័ព
គាត់នឹង គឺ ជាបក្ស ពួក របស់ ខ្មោច ប៉ុល ពត ! គាត់នឹងមិនចង់អោយមាន
លទ្ធិប្រជាធិតេយ្យ ពិតប្រាកដ នៅកម្ពុជាឡើយ !