ដោយ ឡេង ម៉ាលី
2013-10-21
RFA

២៩-មិថុនា-២០១១៖ ខៀវ សំផន ក្នុងអំឡុងពេលសវនាការបឋមសំណុំរឿង ០០២ នៃសាលាក្ដីខ្មែរក្រហម ថ្ងៃទី៣ Photo courtesy of ECCC
សាលាក្តីខ្មែរក្រហម បានប្រឹងប្រែងបញ្ចប់សំណុំរឿងលេខ ០០២ វគ្គទី ១ ដោយសហព្រះរាជអាជ្ញាធ្វើការប្រកាសបញ្ចប់សេចក្ដីសន្និដ្ឋានរបស់ខ្លួននៅចំពោះមុខជនជាប់ចោទទាំងពីរ នៅរសៀលថ្ងៃទី២១ ខែតុលា អំពីទោសដែលត្រូវផ្ដន្ទាទោសចំពោះអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំង ២រូប។
សហព្រះរាជអាជ្ញាជាតិ គឺអ្នកស្រី ជា លាង ថ្លែងថា ផ្អែកលើភស្តុតាងនៅក្នុងវិសាលភាពនៃការជំនុំជម្រះសំណុំរឿងលេខ ០០២ ដំណាក់កាលទី១ នេះ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលបានកើតឡើងចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។ សហព្រះរាជអាជ្ញាមិនបានមើលឃើញមូលដ្ឋានណាមួយដើម្បីបន្ធូរបន្ថយទោសជនជាប់ចោទទាំងពីរឡើយ។
ការស្នើសុំផ្ដន្ទាទោសបែបនេះ គឺសហព្រះរាជអាជ្ញាផ្អែកលើខ្លឹមសារមាត្រាចំនួន ៣ នៃច្បាប់ស្ដីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដូចជាមាត្រា ៥ មាត្រា ២៩ (ថ្មី) និងមាត្រា ៣៩ (ថ្មី) និងផ្អែកលើសម្អាងថា មានភស្តុតាងគ្រប់គ្រាន់ដាក់ជូនចំពោះមុខចៅក្រមសាលាដំបូង។ ភស្តុតាងដែលសហព្រះរាជអាជ្ញាលើកឡើងនោះ គឺក្នុងអង្គហេតុជម្លៀសពលរដ្ឋដោយបង្ខំទាំងលើកទី១ និងលើកទី២ និងអង្គហេតុសម្លាប់មនុស្សនៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់ ដែលអង្គហេតុទាំងនេះពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
សហព្រះរាជអាជ្ញាជម្រាបអង្គជំនុំជម្រះថា អង្គហេតុទាំងនេះធ្វើឱ្យមានអំពើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើទុក្ខបុកម្នេញ ការជម្លៀស និងការបាត់ខ្លួនដោយបង្ខំ ដែលខ្លួនយល់ឃើញថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវទទួលខុសចំពោះឧក្រិដ្ឋកម្មទាំងនេះ។
សហព្រះរាជអាជ្ញាជាតិ អ្នកស្រី ជា លាង ថ្លែងថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន ជាអ្នកដាក់ចេញគោលនយោបាយរបស់បក្សកុម្មុយនិស្តកម្ពុជា ចំនួន ៥ គឺទី១ ការផ្លាស់ទីលំនៅរបស់ពលរដ្ឋច្រើនលើកច្រើនសា ពីទីប្រជុំជនទៅជនបទ។ ទី២ ការទាញយកប្រយោជន៍ពីសហករណ៍ និងការដ្ឋាន។ ទី៣ ការអប់រំ និងការកម្ទេចខ្មាំងទាំងក្នុង និងក្រៅជួរបក្ស។ ទី៤ ការចេញវិធានការពិសេសចំពោះមនុស្សជាក់លាក់ ដូចជា ជនជាតិចាម វៀតណាម ពុទ្ធសាសនិកជន និងអតីតអ្នករដ្ឋការនានា នៃសាធារណរដ្ឋខ្មែរអតីតមន្ត្រីរាជការ បុគ្គលិកយោធា និងក្រុមគ្រួសាររបស់គេ និងគោលនយោបាយទី៥ គឺការដាក់បទបញ្ជាទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍។
សហព្រះរាជអាជ្ញា ជា លាង ថ្លែងថា មានគោលនយោបាយ ២ ក្នុងចំណោម ៥ ត្រូវបានអនុវត្តន៍បានសម្រេចដែលស្ថិតក្នុងវិសាលភាពនៃការជំនុំជម្រះវគ្គទី ១ នេះ។
សហព្រះរាជអាជ្ញាបន្តថា ជនជាប់ចោទទាំងពីរមិនបានសម្ដែងការសោកស្ដាយទេ ហើយបានផ្ដល់ចម្លើយភូតភ មិនទទួលស្គាល់ឯកសារភស្តុតាងដែលអង្គជំនុំជម្រះសាលាដំបូងដាក់ឱ្យពិភាក្សាដេញដោល ផ្ដល់សក្ខីកម្មផ្ទុយពីសក្ខីកម្មរបស់សាក្សី និងមិនសហការ។ បញ្ហានេះធ្វើឱ្យសហព្រះរាជអាជ្ញាមិនអាចរកឃើញស្ថានសម្រាលទោសណាមួយសម្រាប់ជនជាប់ចោទទាំងពីរទេ។
សហព្រះរាជអាជ្ញា ជា លាង ថ្លែងថា ទោះជាជនជាប់ចោទបានប្រព្រឹត្តអំពើឧក្រិដ្ឋធ្ងន់ធ្ងរលើជនរងគ្រោះរាប់លាននាក់ក៏ដោយ ក៏សហព្រះរាជអាជ្ញាមិនស្នើសុំឱ្យអង្គជំនុំជម្រះ ដាក់ទោសជនជាប់ចោទទាំងពីរឱ្យដូចគ្នានឹងអំពើគេបានធ្វើទេ គឺគ្រាន់តែសុំឱ្យផ្ដន្ទាទោសទៅតាមច្បាប់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សវនាការការពិភាក្សាបិទបញ្ចប់លើសំណុំរឿងលេខ ០០២ វគ្គ ១
- សាលាក្ដីខ្មែរក្រហមគ្រោងបញ្ចប់សំណុំរឿងលេខ០០២វគ្គ១ត្រឹមថ្ងៃ៣១តុលា
- សាលាក្ដីខ្មែរក្រហមនឹងបន្តសវនាការនៅថ្ងៃទី១៦ តុលា
- សមាគមខ្មែរក្រោមគ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមបន្ទាប់ពីភ្ជុំបិណ្ឌ
- ភាគីខ្មែរនៃសាលាក្ដីខ្មែរក្រហមទទួលមូលនិធិសង្គ្រោះបន្ទាន់
- ពលរដ្ឋជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្រចេះស្នើរក្សាទុកសាលាក្តីខ្មែរក្រហម
- សហព្រះរាជអាជ្ញាអន្តរជាតិមួយរូបនឹងចាកចេញពីសាលាក្ដីខ្មែរក្រហម
- អន្តរជាតិ៖ វិបត្តិថវិកាសាលាក្ដីខ្មែរក្រហមជាការប៉ុនប៉ងរបស់រដ្ឋាភិបាលកម្ពុជា
- ជប៉ុនផ្ដល់ជំនួយដល់សាលាក្ដីខ្មែរក្រហមភាគីកម្ពុជា
ចុងក្រោយការកាត់ក្តីអត់ប្រយោជន៏ចំនាយលុយទទេ ពីព្រោះអត់ឹដឹងថាអ្នកណាខ្លះនៅពីក្រោយរៀងនឹង….
He said theat the reason he order the evacuation from PP was that he believed that Americans would drop bombs on them soon! He is a liar. During the evacuation, his soldiers caught many innocent people and executed them along the road. His soldiers also executed the people who were sick and unable to walk or to walk slowly. No humaninty was existed in the mind of the KR cadres. They had been injected with hatred, cruelty, and savage!!! The best way is now to take ah Nuon Chea and ah Khiev Samphan to get naked and walk around PP by letting the people mob to throw stones at them until they pass away!!!!
យើងត្រូវឲ្យមានតុលាកា កាត់សេចក្តីបង្គ្រប់ផ្លូវច្បាប់ទៅ ទោះចំណាយអស់ប៉ុន្មាន ក៏ចំណាយទៅ ព្រោះអន្តរជាតិ គេចង់បាន។ កាលក្នុងជំនាន់ក្រោយរំដោះ ១៩៧៩ រដ្ឋាភិបាលខ្មោចកម្ពុជាប្រជាធិបតេយ្យមានអាសនៈក្នុងអ.ស.ប។ តែដល់ខ្មែររួបរួម ទើបរៀបចំកាត់ទោសមេដឹកនាំ ខ្មែរក្រហម!!
យើងសំណូមពរតែប៉ុណ្ណេះបានហើយ គឺតុលាកាកូនកាត់នេះ ត្រូវតែដំណើរការដោយធានាសន្តិភាពនៅកម្ពុជា ដោយមិនត្រូវចង់ធ្វើអ្វី តាមតែនឹកឃើញ នោះឡើយ។ សន្តិភាព ដែលប្រជាជនកម្ពុជាបានទទួលមក នាថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្រោយប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្លួន។
យើងកំពុងតែបារម្ភណាស់ថា របបខ្មែរក្រហមថ្មី នឹងកើតឡើងវិញតាមរយៈ « Neo Khmer Rouge » របស់ក្រុមបក្សមួយនោះ។ បក្សមួយនោះ កំពុងបញ្ឆេះសង្គ្រាមមួយក្នុងផ្លូវដូចខ្មែរក្រហម ទៀតហើយ
សន្តិភាពងាយនឹងបាត់បង់ណាស់ បើសិនណា ជាមាននយោបាយ « NEO KHMER ROUGE » នេះ។