​ពៅ បញ្ញា​ពេជ្រ ប្រកាស​វិលត្រឡប់​ចូល​វិស័យ​សិល្បៈ​វិញ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com

កញ្ញា ពៅ បញ្ញាពេជ្រ (កណ្តាល) / រូបថតដោយ ឡាយ សាមាន

កញ្ញា ពៅ បញ្ញាពេជ្រ (កណ្តាល) / រូបថតដោយ ឡាយ សាមាន

អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​រងគ្រោះ​ដោយសារ​ការបាញ់ប្រហារ​កាលពី​ឆ្នាំ​២០០៧ កញ្ញា ពៅ បញ្ញា​ពេជ្រ ប្រកាសថា ខ្លួន​មាន​បំណង​ចង់​ចូល​ប្រឡូក​វិស័យ​សិល្បៈ​វិញ បន្ទាប់ពី​រូប​នាង បាន​ឃ្លាតឆ្ងាយ​ពី​ទស្សនិកជន​អស់​រយៈពេល​ជិត​៦​ឆ្នាំ​។​

​កញ្ញា ពៅ បញ្ញា ពេជ្រ ប្រាប់​VOD​ក្នុង​កម្មវិធី​តន្ត្រី​សប្បុរសធម៌​កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែតុលា រូបនាង ស្វាគមន៍​ចំពោះ​បណ្តា​ផលិតកម្ម ឬ ក្រុមហ៊ុន​ណា ដែល​ចង់​បាន​រូបនាង​ធ្វើ​ជា​តារាចម្រៀង​។ កញ្ញា​បន្តថា បើ​ទោះជា​នាង​មិន​អាច​ក្រោក​ដើរ​បាន ប៉ុន្តែ​នាង​នៅ​អាច​ច្រៀង​បាន និង​រក្សា​ទឹកដម​សំនៀង​បានល្អ​។ នេះ​ជា​លើក​ទី​១ ដែល​រូប​នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​តន្ត្រី​សប្បុរសធម៌ ដើម្បី​ជួយ​សិស្ស​ក្រីក្រ​។​

​ក្នុង​កម្មវិធី​នោះ ពៅ បញ្ញា​ពេជ្រ បាន​បង្ហើរ​សំនៀង​ចំនួន​៣​បទ គឺ​បទ “​សង្ឃឹម​ថ្ងៃមួយ​” “Because I Love You” និង​បទ “​អនិច្ចា​អ្នកស្រែ​”​។ យ៉ាងណាក៏ដោយ កញ្ញា មិន​អាច​ក្រោកឈរ​ច្រៀង​បានទេ គឺ​ត្រឹមតែ​អង្គុយ​នៅលើ​កៅអី​ដើម្បី​បង្ហើរ​សំនៀង ប៉ុន្តែ​សំនៀង​របស់​នាង នៅ​តែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នកចូលរួម​។

​ពៅ បញ្ញា​ពេជ្រ បញ្ជាក់ថា សព្វថ្ងៃ​នាង​ប្រឹងប្រែង​រស់​ដោយសារ​មាន​ការគាំទ្រ​ពី​បងប្អូន​មិត្ត​ភ័ក្ត្រ និង​ក្រុមគ្រួសា​របស់​នាង ដែល​​ធ្វើឲ្យ​នាង​មាន​ចិត្ត​តស៊ូ និង​បន្ត​រស់នៅ​តទៅទៀត​។ ពៅ បញ្ញា​ពេជ្រ បន្តថា សព្វថ្ងៃ​ស្នាមរបួស ទាំង​ក្នុង និង​ក្រៅ ជា​សះ​ស្បើយ​អស់ហើយ ប៉ុន្តែ​មួយ​កំណាត់​ជើង​ចុះ​ក្រោម​មិន​អាច​កម្រើក​បាន និង​បន្ត​លេបថ្នាំ​ទៀត​។

​កម្មវិធី​តន្ត្រី​សប្បុរសធម៌​នោះ ក៏​មាន​ការចូល​រូ​ម​ពី​តារា​សម្តែង និង តារា​បង្ហាញ​ម៉ូត​មួយចំនួន គឺ​អ្នកនាង ច​ន ចន្ទ​លក្ខណា  ក​ញ្ញ ឌួង ហ្សូ​រីដា និង កញ្ញា សូ​ដា​នី​តា​។ កញ្ញា ច​ន ចន្ទ​លក្ខណា ក៏​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ជូន​កញ្ញា ពៅ បញ្ញា​ពេជ្រ  រីឯ​កញ្ញា ដួង ហ្សូ​រីដា និង កញ្ញា សូ​ដា​នី​តា ក៏​បាន​សម្ដែង​ទឹកចិត្ត​អាណិតអាសូរ​ដូចគ្នា​ចំពោះ កញ្ញា ពៅ បញ្ញា​ពេជ្រ ហើយ​បាន​អំពាវ​នាវ​ឲ្យ​សិល្បករ សិល្បការិនី និង​អ្នកគាំទ្រ​រូប​នាង​ទាំងអស់ ជួយ​ឧបត្ថម្ភ​ដល់​រូបនាង​។

​ពៅ បញ្ញា​ពេជ្រ ត្រូវបាន​ជន​មិន​ស្គាល់​មុខ​លប​បាញ់ប្រហារ ធ្វើឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃ​ទៅ​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ក្បែរ​របង​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ជញ្ជួន​ទៅ​ព្យាបាល​នៅ​បរទេស​ភ្លាមៗ និង​បាន​ត្រឡប់​មក​វិញ​កម្ពុជា​វិញ បន្ទាប់​ពី​គ្រួសារ​អស់​លទ្ធភាព​ព្យាបាល​៕

សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ laysamean168@yahoo.com

What Next?

Recent Articles

One Response to "​ពៅ បញ្ញា​ពេជ្រ ប្រកាស​វិលត្រឡប់​ចូល​វិស័យ​សិល្បៈ​វិញ​​"

  1. gfd says:

    សូមអរគុណដល់ដារាទំាអអស់ដែលចេះជួយយកអាសារគ្នា
    នៅពេលដារាដទែទៀតមានទុកហើយនិងចេះជួយដល់សង្គម
    ខ្មែរខ្លួនឯងផងសូមអោយកញ្ញា ពៅបញ្ញាពេជ្ញស៊ូៗ