សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​សៀមរាប​នឹង​ហែ​ស្នាម​មេដៃ​ទៅ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣

គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​នឹង​យក​ញត្តិ​ដែល​អម​ដោយ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់ ទៅ​ដាក់​នៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា។ ក៏ប៉ុន្តែ នៅ​ថ្ងៃ​អង្គារ នេះ សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រមូល​យក​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ពី​តាម​បណ្ដា​ខេត្ត​ជាច្រើន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ។

ដោយ ហង្ស សាវយុត
2013-10-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផ្ដិត​មេដៃ​បក្ស​សង្គ្រោះ​ជាតិ សៀមរាប ៦១០
សកម្មភាព​ប្រជាពលរដ្ឋ​ចូល​ផ្ដិត​មេដៃ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីស្នាក់ការ​គណបក្ស ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Hang Savyouth

តើ​អាជ្ញាធរ​រដ្ឋាភិបាល មាន​វិធាន​ការ​យ៉ាង​ណា​ខ្លះ នៅ​ពេល​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​រៀប​ចំ​ជា​ក្បួន​ដង្ហែ​ស្នាម​មេដៃ ចេញ​ពី​បណ្ដា​ខេត្ត​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ នោះ?

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​នឹង​រៀប​ចំ​ក្បួន​ដង្ហែ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ចេញ​ពី​ខេត្ត​នេះ ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​ឯ​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា។ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ពី ២៥០ ទៅ ៣០០​នាក់ បាន​ស្ម័គ្រចិត្ត​ត្រៀម​ខ្លួន​ចូល​រួម​ដង្ហែ​ក្បួន ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​ជាច្រើន​គ្រឿង។

តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប គឺ​អ្នកស្រី កែ សុវណ្ណរតន៍។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​តុលា មក សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ស្រុក​ឃុំ បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ញត្តិ​ទាមទារ​យុត្តិធម៌​អំពី​លទ្ធផល​ឆ្នោត ទៅ​អង្គការ​សហប្រជាជាតិ បាន​ចំនួន​ជិត ៧​ម៉ឺន​នាក់។ អ្នកស្រី កែ សុវណ្ណារតន៍ បាន​បញ្ជាក់​ថា អ្នកស្រី​នឹង​ដង្ហែ​ក្បួន​យក​ស្នាម​មេដៃ​ទាំង​នេះ ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​រួម​បញ្ចូល​ជាមួយ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ពី​ទូទាំង​ប្រទេស។

អ្នកស្រី កែ សុវណ្ណរតន៍៖ «យើង​នឹង​ចាប់​ផ្ដើម​ចេញ​ពី​ម៉ោង ៥​ព្រឹក ធ្វើ​ម៉េច​ឱ្យ​ផែន​ការ​របស់​យើង គឺ​យើង​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង ១​រសៀល។ យើង​បាន​គ្រោង​ទុក​ពី ២៥០​នាក់ ទៅ ៣០០​នាក់​ហ្នឹង ដោយ​រថយន្ត​ធំ ដែល​យើង​ជួល​ប្រហែល ៥ និង​រថយន្ត​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទៀត។ ដូច្នេះ ការ​ធ្វើ​ដំណើរ​គ្រាន់​តែ​យើង​រួម​គ្នា​ទៅ​ទេ ហើយ​ទៅ​ដល់​ណោះ បាន​យើង​រៀប​ចំ​កម្មវិធី​ជា​ផ្លូវ​ការ​របស់​គណបក្ស ហើយ​បើ​សិន​ជា​មាន​អ្នក​ស្ម័គ្រចិត្ត​ដែល​ទៅ​ក្រៅ​ពី​ការ​រៀប​ចំ​របស់​ខេត្ត យើង​នៅ​តែ​ស្វាគមន៍​គាត់​នៅ​ទីលាន​ប្រជាធិបតេយ្យ»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​សមត្ថកិច្ច​រដ្ឋាភិបាល ធ្វើ​ការ​រារាំង ឬ​ក៏​បង្អាក់​ដំណើរ​ក្បួន​ដង្ហែ​ស្នាម​មេដៃ​នេះ​នៅ​តាម​កំណាត់​ផ្លូវ​ត្រង់​កន្លែង​ណា​មួយ។

ទោះ​យ៉ាង​ណា មិន​មាន​មន្ត្រី​សាលា​ខេត្ត និង​មន្ត្រី​នគរបាល​របស់​ខេត្ត​សៀមរាប ណា​មួយ បាន​បង្ហាញ​ប្រតិកម្ម​ទៅ​លើ​ក្បួន​នោះ​នៅ​ឡើយ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​បង្ហាញ​ការ​គាំទ្រ និង​ផ្ដិត​មេដៃ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យក​ទៅ​ធ្វើ​ញត្តិ​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ជុំវិញ​លទ្ធផល​បោះ​ឆ្នោត​នោះ ព្រម​ទាំង​អ្នក​ខ្លះ​ទៀត ក៏​បាន​ស្ម័គ្រចិត្ត​ចូល​រួម​ដង្ហែ​ស្នាម​មេដៃ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ដែរ។

ស្ត្រី​ម្នាក់​ដែល​ប្រកប​របរ​លក់​នំបុ័ង​សាច់​ប្រចាំ​ថ្ងៃ​នៅ​ក្រុង​សៀមរាប បាន​សុខ​ចិត្ត​ទុក​ចោល​ការ​លក់​ដូរ​របស់​គាត់​មួយ​រយៈ​សិន ហើយ​នាំ​ប្ដី​កូន ព្រម​ទាំង​ប្អូន​ផង​ទៅ​ផ្ដិត​មេដៃ​ដល់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​សុខ​ចិត្ត​ខាត​បង់​ការ​លក់​ដូរ ក៏ប៉ុន្តែ មក​ផ្ដិត​មេដៃ​ដើម្បី​ចង់​បាន​មេ​ដឹក​នាំ​ល្អ និង​មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម៖ «ឆ្លៀត​មក​មួយ​ភ្លែត ពេល​ត្រឡប់​ទៅ​វិញ​ធ្វើ​ជ្រក់​ធ្វើ​សាច់​លក់​នំបុ័ង​ទៀត។ ខំ​មក​ហ្នឹង ដើម្បី​អនាគត​កូន​ថ្ងៃ​ក្រោយ​ទៅ​ទៀត ព្រោះ​ស្រឡាញ់​អ្នក​ដឹក​នាំ​ល្អ ដើម្បី​ប្រទេស​ជាតិ។ ឥឡូវ​ហ្នឹង អត់​ត្រូវ​ចិត្ត​ពេល​ខ្ញុំ​ចេញ​ទៅ​រក​ស៊ី សមត្ថកិច្ច​ចាប់ ឱ្យ​លុយ​មួយ នៅ​មួយ​ទៀត មើល​ទៅ​ពិបាក​រក​ស៊ី​ណាស់ បើ​មាន​លុយ​ឱ្យ​ទៅ​រួច អត់​លុយ​ចប់​ហើយ។ តែ​ពីស​តែ​ពាស​អ៊ីចឹង ខ្ញុំ​អត់​ចូល​ចិត្ត​ទេ គឺ​ខ្ញុំ​ចូល​ចិត្ត​តែ​ត្រឹមត្រូវ។ បន់​ឱ្យ​តែ​ទេវតា ព្រះអង្គ​អី​ជួយ​ឱ្យ​បាន​រក​អ្នក​ដឹក​នាំ​ល្អ ប្រទេស​ជាតិ​យើង​ទៅ​មុខ​ទៀត»

ចំណែក​បុរស​ចំណាស់​ឈ្មោះ វ៉ៃ ឈន បាន​ឱ្យ​ដឹង​ថា លោក​ស្ម័គ្រចិត្ត​ចូល​រួម​ដង្ហែ​ក្បួន ដើម្បី​យក​ស្នាម​មេដៃ​ពី​ខេត្ត​សៀមរាប ទៅ​កាន់​ទីក្រុង​ភ្នំពេញ។ បុរស​ដដែល​បាន​បញ្ជាក់​ថា ប្រសិន​បើ​ជា​ការ​ដឹក​ជញ្ជូន​ស្នាម​មេដៃ​ទៅ​ទីក្រុង​ភ្នំពេញ នោះ តម្រូវ​ឱ្យ​លោក​ចំណាយ​លុយ​កាក់​សម្រាប់​ធ្វើ​ដំណើរ ក៏​លោក​សុខ​ចិត្ត​ដែរ៖ «ថ្ងៃ​ស្អែក​នេះ គឺ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ទៅ​តែ​ម្ដង ព្រោះ​ខ្ញុំ​ចង់​ទាមទារ​ឱ្យ​គេ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹក​នាំ​បច្ចុប្បន្ន​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​សុខ​សប្បាយ​នៅ​ក្នុង​ពេល​អនាគត​ខាង​មុខ។ សព្វថ្ងៃ​នេះ មិន​ទាន់​បាន​សុខ​ស្រួល​ទេ ព្រោះ​មិន​ទាន់​មាន​យុត្តិធម៌​ត្រឹមត្រូវ នៅ​មាន​អំពើ​ពុក​រលួយ មាន​អំពើ​បំផ្លាញ​ប្រទេស​ជាតិ ហើយ​និង​បំផ្លាញ​ព្រៃ​ឈើ​សម្បត្តិ​ធម្មជាតិ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បេតិកភណ្ឌ​ដូច​ជា​អង្គរវត្ត មិន​បាន​មក​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺ​បាន​តែ​ជន​បរទេស ដែល​គេ​មក​រក​ស៊ី​លើ​ទឹក​ដី​ខ្មែរ»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ឱ្យ​ដឹង​ថា ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ គឺ​គេ​ប្រមូល​យក​ទៅ​ធ្វើ​ជា​ញត្តិ​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​បង្ហាញ​ឱ្យ​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ដឹង​ថា រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ ប្រទេស​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល តាំង​ពី​ឆ្នាំ​១៩៩១ មក ហើយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ដែល​ទើប​កន្លង​ទៅ កាល​ពី​ខែ​កក្កដា ក៏​មិន​មាន​ភាព​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ​ដែរ។

ការ​គ្រោង​ទុក​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវ​ប្រមូល​យក​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ឱ្យ​បាន​ចំនួន ៣​លាន ៥​សែន​នាក់ ដើម្បី​ដាក់​ជូន​ទៅ​អង្គការ​សហប្រជាជាតិ ក៏ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែ​តុលា គឺ​ប្រមូល​បាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​តែ​ជិត ២​លាន​នាក់​ប៉ុណ្ណោះ។

អគ្គនាយក​រដ្ឋបាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា មាន​បញ្ហា​ពីរ​ដែល​គណបក្ស​របស់​លោក​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​មិន​បាន​គ្រប់​ចំនួន ៣​លាន ៥​សែន​នាក់​នោះ៖ «មូលហេតុ ២​យ៉ាង​ធំៗ គឺ​ដោយសារ​ប្រទេស​យើង​រងគ្រោះ​ដោយ​ទឹក​ជំនន់ ហើយ​និង​មួយ​ទៀត គឺ​ដោយសារ​ការ​រារាំង​របស់​អាជ្ញាធរ​ដែន​ដី​ផង»

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ឱ្យ​ដឹង​ថា ទោះ​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​នឹង​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជិត ២​លាន​នាក់​នោះ ទៅ​ដាក់​ជូន​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​សៀមរាប​នឹង​ហែ​ស្នាម​មេដៃ​ទៅ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣"

  1. Former Hia lola says:

    The opposition party should go to the printer and print the finger prints. It takes only few minutes to have million and million finger prints. This is the best way and smart way for the opposition party to have more finger prints.

  2. colab says:

    Yes, let print it! Good idea.

  3. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!