ពេជ្រ សោភា បញ្ជាក់​រឿង​គេ​ចោទ​ថា សង្គ្រោះ​ជាតិ

Wednesday, 23 October 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

131023_20a

តារា​ចម្រៀង ពេជ្រ សោភា ច្រៀង​គ្រលែង​លើ​ឆាក​តន្ត្រី​នា​ពេល​កន្លង​មក​។ រូបថត សហ​ការី/ សេត គឹមសឿន

ភ្នំពេញៈ ក្រោយ​ពី​រង​ការ​រិះគន់​យ៉ាង​ធ្ងន់ៗ អម​ជាមួយ​ពាក្យ​សម្ដី​បែប​អសីលធម៌ ពី​បុរស​ម្នាក់​ប្រើ ហ្វេសប៊ុក ផ្ទាល់​ខ្លួន ថា ពេជ្រ សោភា រៀន​បាន​ទាប​មិន​ចប់​មធ្យម​សិក្សា និង​មិន​មាន​សមត្ថភាព​គ្រប់​គ្រង​ថវិកា អាច​ជាប់​គុក ជុំវិញ​ការ​បង្កើត​មូលនិធិ​ជួយ​ជន​រងគ្រោះ​ទឹក​ជំនន់​នោះ ក៏​មាន​លេច​ចេញ​នូវ​ព័ត៌មាន​ដ៏​ភ្ញាក់​ផ្អើល​មួយ​ទៀត​ថា ពេជ្រ សោភា បង្កើត​មូលនិធិ​នេះ ប្រមូល​ប្រាក់​ជួយ​បង​ប្អូន​បក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

តារា​ចម្រៀង ស្រី​ប្រចាំ​ផលិតកម្ម ហង្សមាស នាង ពេជ្រ សោភា ខណៈ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ពី​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នោះ នាង​បាន​បង្ហោះ​វីដេអូ​ឃ្លីប បកស្រាយ​ទាំង​ទឹក​ភ្នែក​កក្លាក់​អម​ជាមួយ​សម្ដី​រដិប​រដុប។ នៅ​ក្នុង​វីដេអូ​ឃ្លីប ដែល​មាន​រយៈ​ពេល ៥ នាទី និង ២២ វិនាទី ដែល​នាង​បង្ហោះ​ពី​ទឹកដី​អាមេរិក ដំបូង​នាង​និយាយ​ថា៖ «អ្នក​កាសែត​គឺជា​អ្នក​ឆ្លុះ​បញ្ចាំង​ការ​ពិត​មែន​ទេ? ហេតុ​អី​ក៏​ដឹង​ច្បាស់​ម៉េះ​? ហេតុ​អ្វី​ក៏​វិភាគ​ដឹង​ក្នុង​ចិត្ត​របស់​ខ្ញុំ អ្វី​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​មិន​បាន​តាំង​ចិត្ត​ធ្វើ​ឲ្យ​បក្ស​ណា​មួយ​ឡើយ។ ខ្ញុំ​ធ្វើ​គ្រាន់​តែ​ចង់​ជួយ​បង​ប្អូន​ខ្មែរ កំពុង​តែ​ជួប​បញ្ហា​ជាមួយ​ទឹក​ជំនន់​ប៉ុណ្ណោះ»។


នាង​បញ្ជាក់​ថា៖ «ខ្ញុំ​ជា​អ្នក​ចម្រៀង បើ​ទោះ​ជា​បក្ស​ណា​ជាប់​ក៏​ខ្ញុំ​នៅ​តែ​ជា​អ្នក​ចម្រៀង​ដែរ»។ ទាំង​ទឹក​ភ្នែក​ទឹក​សម្បោរ​ហូរ​នោះ នាង​ពេជ្រ សោភា សារភាព​ថា៖ «ខ្ញុំ មិន​មែន​ជា​អ្នក​លេង​នយោបាយ​ទេ អ្វី​ដែល​ខ្ញុំ​ធ្វើ ដោយ​សារ​តែ​ខ្លួន​ឯង​ធ្លាប់​ជួប​បែប​នេះ ជួប​ប្រទះ​រសជាតិ​បែប​ហ្នឹង ទើប​ដឹង​ថា​វា​ពិបាក​យ៉ាង​ម៉េច? គ្រាន់​តែ​ចង់​ជួយ​ខ្មែរ​ជួប​ប្រទះ​ទឹក​ជំនន់​បន្តិច​បន្តួច​ក៏​ខុស​ដែរ​មែន! ខ្ញុំ​ជា​អ្នក​ចម្រៀង ហើយ​ខ្ញុំ​ក៏​ជា​មនុស្ស​ស្រី​ទៀត គ្មាន​អ្វី​អាច​ជួយ​បាន​ច្រើន​ទេ ក្រៅ​ពី​សំឡេង ស្រែក​សុំ​ឲ្យ​ជួយ​ផង»។

នៅ​ក្នុង​ការ​រៀប​រាប់​របស់​តារា​ចម្រៀង​ដែល​មាន​កំណើត​ពី​ខេត្ត ព្រៃវែង រូប​នេះ​ហាក់​បញ្ជាក់​ច្បាស់​ណាស់​ថា ខ្លួន​នាង​បារម្ភ​ពី​ទីផ្សារ​អាជីព​របស់​នាង ព្រោះ​នាង​មិន​មែន​ជា​អ្នក​រស់​នៅ​ខ្លួន​មួយ​ឡើយ នាង​បាន​ត្អូញ​ត្អែរ​ថា៖ «ខ្ញុំ​គ្រាន់​តែ​បារម្ភ នៅ​ពេល​ដែល​ឈ្មោះ​ខ្ញុំ​អ៊ីចឹង អ្នក​នេះ​គេ​ថា​ខ្ញុំ​ចូល​បក្ស​នោះ អ្នក​នោះ​គេ​ថា​ខ្ញុំ​ចូល​បក្ស​នេះ អាច​ធ្វើ​ឲ្យ​ខ្ញុំ​គ្មាន​ការងារ​ធ្វើ បើ​ខ្ញុំ​អត់​មាន​ការងារ​ធ្វើ អ្នក​ណា​ចិញ្ចឹម​ឪពុក​ម្តាយ​ខ្ញុំ»។

មុន នេះ​មាន​ការ​រិះគន់​ពី​ការ​ប្រកាស​សុំ​ប្រាក់​ជួយ​អ្នក​រងគ្រោះ​ដោយ​ទឹក ជំនន់ តែ​ក្នុង​វីដេអូ​នោះ​នាង​ក៏​បញ្ជាក់​ទៀត​ថា៖ «អ្វី​កំពុង​តែ​ធ្វើ​នេះ មិន​មាន​ពាក់​ព័ន្ធ​ជាមួយ​បក្ស​ណា​ទាំង​អស់ ដោយ​សារ​តែ​ចិត្ត​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​ស្រឡាញ់ ខ្ញុំ​ចង់​ឃើញ​ស្នាម​ញញឹម​នៃ​អ្នក​ក្រ ក្រ​គឺ​វេទនា​ណាស់ យល់​អត់ អ្នក​ក្រ? គ្រប់​ពេល​ខ្ញុំ​ឡើង​ច្រៀង ខ្ញុំ​អរគុណ​គេ​ច្រើន​ណាស់​ខ្ញុំ​នៅ​តែ​ប្រើ​ពាក្យ​ថា សូម​បង​ប្អូន​ទាំង​អស់​គ្នា ចំណាយ​ទឹក​ប្រាក់​របស់​បង​ប្អូន​ត្រឹម​តែ ១ ដុល្លារ សម្រាប់​ជួយ​បង​ប្អូន​ខ្មែរ​ជួប​គ្រោះ​ទឹក​ជំនន់ ខ្ញុំ​ដើរ​កាន់​ធុង​ស​មួយ ដើរ​ជួប​គ្រប់​តុ តែ​ខ្ញុំ​សប្បាយ​ចិត្ត​ធ្វើ បង​ប្អូន​នៅ​ទី​នោះ គាត់​មាន​ចិត្ត​គាត់​ជួយ។ តែ​ចំណែក​បង​ប្រុស​បាន​ត្រឹម​តែ​រិះគន់ និយាយ​ឥត​ប្រយោជន៍​ជា​ខ្មែរ​ដូច​គ្នា​ជួយ​គ្នា​ទៅ»។

នាង​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ទេ ខ្ញុំ​ធ្វើ​នេះ គឺ​ចិត្ត​ខ្ញុំ​ស្រឡាញ់​ហើយ​ចង់​ជួយ បង​ប្អូន​ទាំង​អស់​គ្នា​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ អ្វី​ដែល​ខ្ញុំ​ធ្វើ​ក៏​គ្មាន​ពាក់​ព័ន្ធ​បក្ស​ណា​ដែរ»។

ជាមួយ អារម្មណ៍​អួល​អាក់​បង្ហូរ​ទឹក​ភ្នែក​ពី​សហរដ្ឋ អាមេរិក ពេជ្រ សោភា បាន​និយាយ​យ៉ាង​ច្បាស់​ថា៖ «នាង​ខ្ញុំ​ទទួល​ប្រាក់​បាន​ជំនួយ​ច្រើន​គួរ​សម ក្នុង​នេះ​ក៏​មាន​ក្រដាស ១ ដុល្លារ​ផង​ដែរ នាង​ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​ធ្វើ​ដោយ​ខ្លួន​ឯង ពេល​ខ្ញុំ​ទៅ​ដល់​ស្រុក​ខ្មែរ​វិញ ខ្ញុំ​នឹង​ចុះ​ជួយ​បង​ប្អូន​ដែល​ជួប​គ្រោះ​ទឹក​ជំនន់​ដោយ​ផ្ទាល់»៕


What Next?

Recent Articles

4 Responses to "ពេជ្រ សោភា បញ្ជាក់​រឿង​គេ​ចោទ​ថា សង្គ្រោះ​ជាតិ"

  1. Love Khmer. says:

    Is right SOR PHEAR that you help khmer, we are living oversea support you and love all the stars thst love khmer nation, From oversea.

  2. Love Khmer. says:

    SOR PHEAR please go on your good mind in help Khmer nation, we are living oversea love you and support, From oversea.

  3. 18 Mars says:

    អ្នកកាសែតនៅកម្ពុជាមួយចំនួនមិនគោរពទៅតាមក្រមសីលធ៌មរបស់អ្នកកាសែតទេ។ ខ្លះបានកាតមួយ សន្លឹក កាមេរ៉ាមួយដើរកេះលុយគ្រប់កន្លែង…….ភាគច្រើនគឺការសរសេរទ្រពង….ខ្ញុំចង់ស្គាលណាស់មុខ អ្នកសរសេរខ្វះមូលដ្ឋានជាក់ស្តែងមកលើតារាចម្រៀងដោយគ្រាន់តែគ្នាធ្វើអំពើមនុស្សធ៌មសោះ….ចង់ សួរថាតើអាអ្នកសរសេររិះគន់គេនោះបានមួយរយរៀលជួយប្រជាពលរដ្ឋហើយឬនៅ? តែជួនកាលនៅ ប្រទេសយើងអាចបណ្តាលមកពីការកាច់បំបាក់ប្រជាប្រិយភាពគ្នាក៏មាន…ហើយមកចំអាអ្នកនិពន្ធដែល ឃ្លានលុយផងក៏អីចឹងទៅ…….ប្តឹងអីណា…សង្ឃឹមអីតុលាការគោនោះ?

  4. chamreun roath says:

    នៅ​ក្នុង​ការ​រៀប​រាប់​របស់​តារា​ចម្រៀង​ដែល​មាន​កំណើត​ពី​ខេត្ត ព្រៃវែង រូប​នេះ​ហាក់​បញ្ជាក់​ច្បាស់​ណាស់​ថា ខ្លួន​នាង​បារម្ភ​ពី​ទីផ្សារ​អាជីព​របស់​នាង ព្រោះ​នាង​មិន​មែន​ជា​អ្នក​រស់​នៅ​ខ្លួន​មួយ​ឡើយ នាង​បាន​ត្អូញ​ត្អែរ​ថា៖ «ខ្ញុំ​គ្រាន់​តែ​បារម្ភ នៅ​ពេល​ដែល​ឈ្មោះ​ខ្ញុំ​អ៊ីចឹង អ្នក​នេះ​គេ​ថា​ខ្ញុំ​ចូល​បក្ស​នោះ អ្នក​នោះ​គេ​
    ថា​ខ្ញុំ​ចូល​បក្ស​នេះ អាច​ធ្វើ​ឲ្យ​ខ្ញុំ​គ្មាន​ការងារ​ធ្វើ បើ​ខ្ញុំ​អត់​មាន​ការងារ​ធ្វើ អ្នក​ណា​ចិញ្ចឹម​ឪពុក​ម្តាយ​ខ្ញុំ»។
    ____________________________

    យើងដូចជាឆ្ងល់ថា តើនៅសង្ស័យអ្វីទៀត ព្រោះសិទ្ធិជ្រើសរើសបក្ស គឺជារឿងរបស់យើង!! ធើអីក៏ធើទៅ កុំនិយាយរឿងណាមួយ ដែលមានទម្រង់ជាការចោទប្រកាន់ថា គេកៀបសង្កត់លើយើង!! ក៏ខ្វល់ម្លេះ?? ការដែលនាងនិយាយបែបនេះ នឹងនាំឲ្យនាងនៅឆ្ងាយពីសង្គមមួយដែលនាងសង្ស័យថា​ គេមិនចូលចិត្តជាមួយនាង ឬគេបានរើសអើងចំពោះនាង។ តាមពិតគេមិនរវល់ចំពោះការសម្រេចចិត្តរបស់នាងទេ។ ក្នុងសង្គមសព្វថ្ងៃ ប្រជាពលរដ្ឋ គេមានសិទ្ធិក្នងការបញ្ចេញមតិ និងជ្រើសគណបក្ស ណានាង ណា៎។
    កុំ ចូរកុំគិតអញ្ចឹង ! អានេះ គេហៅថា ស៊ីលៀសរអៀសខ្លួន ឬ គេហៅថា បៀមឈាមព្រួសដាក់គេ! បានជានាងទៅណា ក៏ទៅៗ កុំលាបពណ៌គេ ។ តែនាងលាបពណ៌គេ នាងពិតជារកកន្លែងរកស៊ីលែងបានហើយ។