​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​៖ កិច្ច​ព្រម​ព្រៀម​ទីក្រុង​ប៉ារីស មិនទាន់​អស់​សុពលភាព​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ ថ្លែងថា កិច្ច​ព្រម​ព្រៀង​​ទីក្រុង​​ប៉ារីស ២៣​តុលា​ឆ្នាំ​​១៩៩១ នៅ​តែ​មាន​​សុពល​ភាព មិន​​ដូច​ការ​លើក​ឡើង​​របស់​​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​​ពី​​កន្លង​ទៅ​។​

​កាល​ពី​ថ្ងៃ​ទី​២៥​​ខែ​​កញ្ញា លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​​ចាត់​ទុក​​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​​ប៉ារីស ២៣ តុលា ១៩៩១ ថា អស់​​សុពល​​ភាព​សម្រាប់​ប្រទេស​​កម្ពុជា នៅពេ​ល​នេះ ព្រោះ​​កម្ពុជា មាន​​រដ្ឋ​ធម្មនុញ្ញ​​ជា​ច្បាប់​កំពូល​របស់​ជាតិ​រួចទៅហើយ​។ លោកនាយក​រដ្ឋ​មន្ត្រី បញ្ជា​ក់​ថា ស្មារតី​របស់​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១​នោះ បាន​រលាយ​ទៅហើយ គឺ​តាមរយៈ​ការដាក់​មាត្រា​មួយចំនួន បញ្ចូល​ទៅក្នុង​រដ្ឋ​ធម្ម​នុញ្ញ​​កម្ពុ​ជា បច្ចុប្បន្ននេះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា មហា​បាតុកម្ម​នៅ​ថ្ងៃ​ពុធ​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​មាត្រា​ទាំងឡាយ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​ធានា​ឲ្យមាន​ការគោរព​សិទ្ធពលរ​ដ្ឋ គោលការណ៍​ប្រជាធិប​តេយ្យ សេរី ពហុបក្ស។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​ដែល​កើតឡើង​ពី​គណបក្ស​តែមួយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​​ប៉ារីស​​ទេ​។​

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា មហា​បាតុកម្ម​នេះ គឺ​ដើម្បី​ពញ្ញាក់​ស្មារតី​ថា កិច្ច​ព្រម​ទីក្រុង​ប៉ារីស នៅមាន​«​សុពលភាព​»​នៅឡើយ និង​នៅ​តែ​អាច​ជា​គោលការណ៍ សម្រាប់​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា មិនទាន់​បាន​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ឲ្យបាន​ពេញ​នៅឡើយ​ទេ​។ លោក​បញ្ជាក់ថា គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី និង​ពហុបក្ស មិនទាន់មាន ដោយសារ​ការ​បោះឆ្នោត​នេះ មិន​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ បញ្ហា​អធិបតេយ្យភាព បូរណភាព​ទឹកដី​តាម​ព្រំដែន អន្តោប្រវែសន៍​ខុសច្បាប់ នៅ​មាន​នៅឡើយ និង​ការទទួល​ជំនួយ​ពី​បរទេស មិនទាន់​ត្រូវបាន​បញ្ឈប់​។​

​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​គោលដៅ​សំខាន់ៗ បី​យ៉ាង​គឺ​៖

​ទី​១-​រៀបចំ​ឲ្យមាន​សន្តិភាព​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្ត​កិច្ច​ឈប់​បាញ់ និង ការរំសាយ​អាវុធ​នៅក្នុង​ជួរ​កងទ័ព នៃ ភាគី​ជម្លោះ​ខ្មែរ​ទាំងអស់ ការដក​កងទ័ព​បរទេស​ចេញពី​កម្ពុជា​។​

​ទី​២-​ចាក់គ្រឹះ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការរៀបចំ​បោះឆ្នោត​សភាធម្មនុញ្ញ​។​

​ទី​៣-​ការពារ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ពេញ​សិទ្ធិ​មួយ តាមរយៈ​ការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​ពុំ​អាច រំលោភ​បំពាន​បាន​ឡើយ​នូវ​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ប្រទេស​កម្ពុជា​។​

​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​អង្គារ ប្រកាស​ដឹងគុណ​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​ដែល​បាន​នាំ​មក​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣ តុលា ដល់​កម្ពុជា​។​នៅលើ​របង​ទីស្តីការគណៈរដ្ឋមន្ត្រី គេ​សង្កេតឃើញ​មានការ​បំពាក់​នូវ​ក្រណាត់ ដោយ​បញ្ជាក់​ជា​សារ​ថា​«​ដឹងគុណ​ជានិច្ច​អង្គការ​សហ​ប្រជា​ជាតិ និង​បណ្តា​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នា​ទីក្រុង​ប៉ារីស ២៣​តុលា ១៩៩១» «២៣ តុលា ១៩៩១ គឺជា​ថ្ងៃ​ដែល​កម្ពុជា ទទួលបាន​នូវ​សន្តិភាព​ទូទាំងប្រទេស ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខក្សេមក្សាន្ត​» និង​«​ប្រទេស មាន​សន្តិភាព គឺ​ប្រទេស​មាន​ការអភិវឌ្ឍ​ជឿន​លឿន និង​ធ្វើឲ្យ​ប្រទេស​ជាតិ រីកចម្រើន​ឥតឈប់ឈរ​»​។​

​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ​១៩៩១ បាន​កើតឡើង​ដោយ​ព្រះរាជ​បូជនីយកិច្ច របស់​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​ភាគី​ខ្មែរ​ដទៃទៀត ក្រោម​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ពិសេស​បារាំង និង​ឥណ្ឌូនេស៊ី ដែល​ជា​សហប្រធាន នៃ​សន្និសីទ​រួម ឈាន​ដល់​ការរួបរួម​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ ​sun_narin@vodhotnews.com

What Next?

Recent Articles

One Response to "​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​៖ កិច្ច​ព្រម​ព្រៀម​ទីក្រុង​ប៉ារីស មិនទាន់​អស់​សុពលភាព​​"

  1. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank