សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះវិហារ នឹងចុះស៊ើបអង្កេតករណីដែលជនមិនស្គាល់មុខ បានទៅលួចដុតបំផ្លាញផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅក្នុងភូមិធម្មជាតិ សម្ដេចតេជោ នាឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ដោយ ហង្ស សាវយុត
2013-10-26
RFA
គម្រោងស៊ើបអង្កេតនោះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ម្ចាស់ផ្ទះ គឺជាសកម្មជននៃគណបក្សសង្គ្រោះជាតិ ហើយត្រូវជនមិនស្គាល់មុខលួចដុតបំផ្លាញផ្ទះ ក្នុងពេលដែលគាត់ទៅចូលរួមធ្វើមហាបាតុកម្មឯទីក្រុងភ្នំពេញ។
តើការលួចដុតបំផ្លាញផ្ទះនេះ ពិតជាមានជាប់ពាក់ព័ន្ធនឹងការស្អប់ខាងនយោបាយ ឬក៏យ៉ាងណា?
បុរសម្នាក់រស់នៅភូមិធម្មជាតិ សម្ដេចតេជោ ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងកើតពីប្រាសាទព្រះវិហារ កំពុងជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន តាមរកមុខក្រុមជនដៃដល់ដែលលួចដុតបំផ្លាញផ្ទះរបស់គាត់ ដើម្បីឱ្យគាត់បានទទួលភាពយុត្តិធម៌ដ៏សមរម្យ។
លោក ផាន់ ធឿន គឺជាម្ចាស់ផ្ទះដែលជនមិនស្គាល់មុខលួចដុតបំផ្លាញនោះ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ថា ចាប់តាំងតែពីថ្ងៃទី១៦ ខែតុលា មក គឺលោកបានចាកចេញពីផ្ទះ ទៅចូលរួមធ្វើបុណ្យសពជីដូន នៅឯស្រុកកំណើតនាខេត្តស្វាយរៀង។ លុះដល់ថ្ងៃទី២៤ ខែតុលា ដែលគាប់ជួននឹងគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មអហិង្សា រូបលោកក៏ត្រឡប់ពីស្រុកកំណើត មកស្នាក់នៅទីក្រុងភ្នំពេញ បំណងបន្តដំណើរត្រឡប់ទៅស្រុកជាំក្សាន្ដ វិញ។ លុះព្រឹកឡើងថ្ងៃទី២៥ ខែតុលា លោកបានទទួលទូរស័ព្ទប្រាប់ថា ផ្ទះរបស់លោកនៅឯភូមិធម្មជាតិ សម្ដេចតេជោ ត្រូវជនមិនស្គាល់មុខលួចដុតឆេះអស់ទៅហើយ។
លោក ផាន់ ធឿន បានបញ្ជាក់ថា នៅពេលដែលលោកកំពុងស្នាក់នៅទីក្រុងភ្នំពេញ គឺមានលេចឮការចោទប្រកាន់ថា រូបលោកបានទៅចូលរួមធ្វើមហាបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ហើយលោកគិតថា ការលួចដុតបំផ្លាញផ្ទះនោះ ទំនងជាការស្អប់ខាងនយោបាយ៖ «ធ្វើបុណ្យធ្វើអីហើយ ថ្ងៃទី២៤ ខ្ញុំឡើងមកភ្នំពេញ ផ្ទះបងប្អូន។ ខ្ញុំមកសម្រាកនៅទីនោះ ដោយថា ព្រឹកឡើងថ្ងៃទី២៥ ខ្ញុំនឹងទៅផ្ទះវិញ។ ដល់ពេលភ្លឺ ឮគេទូរស័ព្ទមកគេថា ផ្ទះខ្ញុំគេដុតចោលបាត់។ រឿងហ្នឹងវាកើតទៅជាគេថា ខ្ញុំមកហែគណបក្សអី ចុះបើហែជារឿងសិទ្ធិរបស់ខ្ញុំទេតើ ម្ដេចចាំទៅដុតផ្ទះរបស់ខ្ញុំ? បើគេចោទប្រកាន់ថាអ៊ីចឹង ខ្ញុំក៏មិនថាអីដែរ រឿងគេលាបពណ៌ទៅហើយ គឺខ្ញុំត្រូវតែធ្វើ ហើយរឿងអីទៅដុតផ្ទះខ្ញុំដោយគ្មានមូលហេតុ?»។
លោក ផាន់ ធឿន បានបញ្ជាក់ថា លោកមិនមែនជាសកម្មជននៃគណបក្សប្រឆាំង ដូចការចោទប្រកាន់នោះទេ ក៏ប៉ុន្តែកាលពីជាង ២ឆ្នាំមុន រូបលោក គឺជាតំណាងអ្នកភូមិស្វាយជ្រំ ដែលធ្លាប់ដឹកនាំការតវ៉ាប្រឆាំងនឹងអាជ្ញាធរ រុះរើភូមិនោះ។
អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ផ្ទះមួយខ្នងដែលសង់អំពីឈើប្រក់ស្បូវនោះ គឺពិតជាមានជនមិនស្គាល់មុខលួចដុតមែន ក៏ប៉ុន្តែ គេមិនធ្លាប់ដឹងថា ម្ចាស់ផ្ទះនោះ គឺជាសកម្មជននៃគណបក្សប្រឆាំងឡើយ ពីព្រោះតែម្ចាស់ផ្ទះតែងតែដើរប្រកបរបរចិញ្ចឹមជីវិតបាត់ៗពីផ្ទះ។
មេឃុំស្រអែម លោក ប្រាក់ ភី បានមានប្រសាសន៍ថា រូបលោក និងមន្ត្រីនគរបាលប៉ុស្តិ៍ បានទៅពិនិត្យដល់កន្លែងផ្ទះនោះហើយ ក៏ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់រកឃើញមុខសញ្ញាជនសង្ស័យក្នុងរឿងដុតនោះនៅឡើយ៖ «ខ្ញុំក៏បានស៊ើបសួរបងប្អូននៅជិតហ្នឹង ថាមានឡាន១ចូលទៅហ្នឹង តែមិនដឹងថាឡានអ្នកណា? ដល់ពេលឡានហ្នឹងចេញមកវិញ ស្រាប់តែភ្លើងឆេះ។ ប៉ូលិសប៉ុស្តិ៍ខាងខ្ញុំហ្នឹង ក៏កំពុងតាមស៊ើបសួរតាមដានអង្កេត។ ផ្ទះគាត់នេះមានម៉ាស៊ីនកែច្នៃឈើ ១គ្រឿងនៅក្នុងហ្នឹង។ ខ្ញុំខ្លាចតែជំពាក់ជំពិនលុយគេ តែគាត់ឆ្លើយប្រាប់ខ្ញុំមកវិញថា មិនបានជំពាក់អ្នកណាទេ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ច័ន្ទ បានឱ្យដឹងថា តាមប្រធានក្រុមប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តនេះ បានប្រាប់លោកថា បុរសម្ចាស់ផ្ទះដែលគេលួចដុតនោះ គឺជាសកម្មជន។ លោក ឡោ ច័ន្ទ បានបញ្ជាក់ថា ប្រសិនបើបុរសម្ចាស់ផ្ទះជាសកម្មជនគណបក្សប្រឆាំងមែន គឺជាករណីដុតបំផ្លាញផ្ទះជាលើកដំបូងក្នុងរយៈពេលជាង ៣ខែមកនេះ ចាប់តាំងតែពីពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ដោយការគំរាមកំហែងផ្នែកនយោបាយ ធ្លាប់មានត្រឹមតែការលួចទម្លាក់ស្លាកគណបក្សប្រឆាំងជាច្រើនកន្លែងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើមហាបាតុកម្មអហិង្សារបស់បក្សសង្គ្រោះជាតិទទួលបានលទ្ធផលយ៉ាងណា?
- ស្ថានភាពសន្តិសុខ៣ថ្ងៃនៃមហាបាតុកម្មអហិង្សារបស់បក្សសង្គ្រោះជាតិ
- សកម្មភាពការងារស្ម័គ្រចិត្តរបស់យុវជននៅទីលានប្រជាធិបតេយ្យ
- ក្ដីសង្ឃឹមរបស់ក្រុមជនពិការក្នុងមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ
- សម្ភាសជនជាតិដើមភាគតិចចារាយរស់នៅអាមេរិកពីនិន្នាការនយោបាយ
- មេដឹកនាំបក្សសង្គ្រោះជាតិដឹកនាំក្បួនហែញត្តិទៅដាក់នៅស្ថានទូត៥
- ស្ត្រីម្នាក់ដើរពីខេត្តកំពង់ចាមជាមួយកូនបីនាក់មកចូលរួមបាតុកម្មរបស់បក្សប្រឆាំង
- បាតុកររិះគន់ក្រុមហ៊ុនប្រមូលសំរាមថាមានចេតនាមិនប្រមូលសំរាមជុំវិញទីលាន
- មតិពលរដ្ឋនៅខេត្តរតនគិរីជុំវិញការធ្វើបាតុកម្មរបស់បក្សប្រឆាំង
ខ្ញុំថា ប្រហែលជារកមិនឃើញជនដៃដល់ទេ ព្រោះវាជាកូនចៅCPP …! បើឃើញគឺប្រឌិតរឿងគំនុំ គ្រួសារ បុគ្គលគឺមិនមែនរឿងនយោបាយទេ…!?
លោក ប្រាក់ភី មេឃុំ ស្រអែម និង មន្ទ្រីនគរបាលប៉ុស្ត ត្រូវចាប់ជនល្មើស
ដែល ជិះឡាន មកដុតផ្ទះ ប្រជាពលរដ្ឋ យកមក កាត់ទោសអោយបាន !
ប្រទេស កម្ពុជាយើងជា ប្រទេសមានច្បាប់ មិនមែនប្រទេសព្រៃ ទេ !