អស់រយៈពេលជាយូរឆ្នាំមកហើយដែលគេប្រទះឃើញប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង នៅតែប្រកបរបរលក់ផលិតផលដែលធ្វើអំពីដី ដឹកតាមរទេះគោ។ មុខរបរមួយនេះត្រូវបានអនុវត្តស្ទើរតកូនតចៅ។ រហូតដល់ពេលបច្ចុប្បន្ន គេក៏នៅតែប្រទះឃើញរទេះគោដើរលក់ក្អម ឆ្នាំងទាំងនោះដដែល ប៉ុន្តែគេមិនសូវបានដឹងថា ស្ថានភាពរបស់អ្នកលក់ផលិតផលទាំងនោះ តើនឹងមានជួបការលំបាកយ៉ាងណាខ្លះនោះឡើយ?
ដោយ សូត សុខប្រាថ្នា
2013-10-27
RFA

សកម្មភាពរបស់អ្នកលក់គ្រឿងសិប្បកម្មធ្វើអំពីដីឈប់ចម្អិនអាហារនៅតាមដងផ្លូវ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រូបថតថ្ងៃទី២០ តុលា ឆ្នាំ២០១៣ (RFA)
«ចម្រៀងរៀបរាប់អំពីទិដ្ឋភាពខេត្តកំពង់ឆ្នាំង» កាលណាគេបានឭបទចម្រៀងមួយបទនេះ គេតែងនឹកឃើញដល់ផលិតផលដែលធ្វើអំពីដីជាស្នាដៃរបស់អ្នកស្រុកខេត្តកំពង់ឆ្នាំង ជាច្រើនដែលបានប្រើប្រាស់ស្ទើរទូទាំងប្រទេសកម្ពុជានោះ ភាគច្រើនគឺត្រូវបាននាំចេញពីខេត្តកំពង់ឆ្នាំង តាមរយៈមធ្យោបាយផ្សេងៗ។ មធ្យោបាយទាំងនោះមានជាអាទិ រថយន្ត ម៉ាស៊ីនគោយន្តឆ្នៃ និងតាមរទេះគោជាដើម។
ក្នុងចំណោមមធ្យោបាយដឹកជញ្ជូនទាំងនោះ មធ្យោបាយដឹកផលិតផលសិប្បកម្មធ្វើអំពីដីដែលមានវ័យចំណាស់ជាងគេនោះ គឺរទេះគោដែលគេប្រទះឃើញជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែមិនបានបាត់បង់នោះទេ បើទោះបីជាមានមធ្យោបាយជាច្រើនទំនើបៗ និងមានភាពងាយស្រួលជាងមធ្យោបាយមួយនេះយ៉ាងណាក៏ដោយ។
និយាយរៀបរាប់បណ្ដើរ ភ្នែកសម្លឹងមើលទៅឆ្នាំងបាយ និងឆ្នាំងសម្លបណ្ដើរលោក ប៉ុល ស៊ុយ ដែលមានស្រុកកំណើតភូមិឃ្លី ឃុំឈើបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មកចាប់យកមុខរបរបន្ទាប់បន្សំជាអ្នកដឹករទេះគោដើរលក់គ្រឿងប្រើប្រាស់ដែលធ្វើអំពីដី បានមានប្រសាសន៍ថា លោកបានចាប់យកមុខរបរមួយនេះអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ ការធ្វើដំណើរលក់ផលិតផលសិប្បកម្មពេលនេះ ដោយសារតែលោកទំនេរពីការងារនៅឯស្រុកកំណើត ហើយលោកក៏បន្តប្រកបមុខរបរនេះ ដើម្បីបានប្រាក់បន្តិចបន្តួចគ្រាន់សម្រួលដល់ជីវភាពរស់នៅរបស់ខ្លួនតែប៉ុណ្ណោះ។
លោក ប៉ុល ស៊ុយ៖ «អូ! យូរឆ្នាំហើយ ប្រហែលជិត ៣០ឆ្នាំហើយ មើលតាំងពីខ្ញុំអាយុ ២០ឆ្នាំ ឥឡូវនេះជាង ៥០ឆ្នាំហើយ ជិត ៣០ឆ្នាំហើយ។ បាទ! ធ្វើស្រែអីរួចហើយបានមកហ្នឹង។ អត់ទេ នៅតែច្រូតទេ អានេះទើបតែស្ទូងរួចហើយ»។
លោកបន្តថា ផលិតផលដែលលោកកំពុងតែលក់នោះ គឺលោកបានទទួលពីគេដើម្បីយកមកលក់បន្តតែប៉ុណ្ណោះ។ ក្នុងមួយរទេះ លោកត្រូវចំណាយដើមទុនប្រមាណជាងមួយលានរៀល ហើយក៏អាចលក់ដាច់អស់ក្នុងរយៈជាងកន្លះខែ ចំណែកឯប្រាក់ចំណេញក្នុងមួយរទេះ គឺបានប្រមាណពី ២០ ទៅ ៣០ម៉ឺនរៀលតែប៉ុណ្ណោះ ដោយលោកត្រូវធ្វើដំណើរស្ទើរគ្រប់ខេត្តក្រុង។
លោក ប៉ុល ស៊ុយ៖ «បាទ! ខេត្តណាក៏ដើរដែរ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង កំពត ភ្នំពេញ។ ហាសៗៗ ចេះតែដើរ យប់កន្លែងណាស្នាក់នៅកន្លែងហ្នុង សុំគេសម្រាកតាមផ្ទះគេទៅ ហើយប្រាប់អាជ្ញាធរប្រាប់អីគេទៅ»។
ដោយមិនសូវពូកែនិយាយរៀបរាប់វែងឆ្ងាយនោះ លោក ប៉ុល ស៊ុយ បានបង្វែរទៅឱ្យក្មួយប្រុសជាអ្នកនិយាយជំនួសវិញ។ និយាយបណ្ដើរ ដៃកំពុងតែធ្វើត្រីដើម្បីស្លសម្រាប់ហូបបាយថ្ងៃត្រង់បណ្ដើរ លោក អន់ ណាង ដែលមានអាយុ ២៨ឆ្នាំ បានថ្លែងថា សម្រាប់អ្នកដែលមានមុខរបរដូចពួកលោកនោះ គឺមិនបានកំណត់ពីទីតាំងដើម្បីឈប់សម្រាក ឬត្រូវវិលទៅវិញពេលណាច្បាស់លាស់នោះទេ គឺកំណត់ត្រឹមតែលក់អស់ពេលណាវិលត្រឡប់ទៅស្រុកវិញពេលនោះ។ ចំណែកឯការសម្រាកវិញ គឺធ្វើដំណើរដល់កន្លែងណា គឺសម្រាកនៅកន្លែងនោះ។
ថ្លែងបន្តពីការលំបាករបស់ខ្លួនក្នុងការប្រកបរបរមួយនេះ លោក អន់ ណាង បានឱ្យដឹងថា ពេលខ្លះ អាកាសធាតុមិនល្អ គឺទាំងមនុស្ស ទាំងសត្វ គឺមិនបានសម្រាកមួយយប់ទល់ភ្លឺ៖ «ជួនកាលភ្លៀងមក ប្រសេចប្រសាចអ៊ីចឹងទៅ ដាំបាយដាំទឹកអីមិនបានហូបទេ។ មូសខាំផងអីផង យប់ព្រលប់ភ្លៀងមកដេកតែខោ តែអាវ…។ លក់មួយថ្ងៃបានចង្ក្រានមួយ ពីរ ទិញអង្ករ ទិញត្រីគេទៅ។ អត់មានចំណេញប៉ុន្មានទេ តាមតែអត់មុខរបររកចេះតែរកតិចៗ។ … បាទ! មានដាក់អង្ករតាមរទេះគោ មកបន្តិចៗ អត់អង្ករដែរហ្នុង ទិញគេដែរហ្នឹង! … (លក់បាន) បួនដប់ម្ភៃម៉ឺន គ្រាន់តែទៅដល់ហ្នឹងខ្ទុះគោខ្លះ ខំតែអត់មុខរបររកបានចេះតែរកទៅ មិនដឹងថា នៅផ្ទះធ្វើអី»។
ពេលខ្លះលោកក៏មានការព្រួយបារម្ភទៅនឹងសុវត្ថិភាពខ្លួនដែរ ដោយភ័យខ្លាចមានការធ្វើបាបជាដើម ប៉ុន្តែគ្រាន់តែមិនធ្លាប់មានហេតុភេទមិនល្អកើតឡើងចំពោះលោកនោះទេ។
លោកបានបង្ហាញឱ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ន អ្នកលក់គ្រឿងធ្វើអំពីដីតាមរទេះគោ ជួបនូវបញ្ហាជាច្រើន ពីព្រោះមានមធ្យោបាយងាយស្រួលមួយចំនួនបានកើតឡើង ដូចជាការប្រើប្រាស់រថយន្ត និងគោយន្តឆ្នៃដើម្បីដឹកផលិតផលមកលក់ ដែលមានភាពរហ័សជាងរទេះគោ ហើយមានប្រជាពលរដ្ឋមួយចំនួនមិនសូវនិយមប្រើប្រាស់ផលិតផលធ្វើពីដីទាំងនោះទេ ដូចនេះ ពួកលោកលក់មិនសូវដាច់នោះឡើយ។
លោក អន់ ណាង៖ «ឥឡូវយ៉ាប់បង! ឥឡូវមានអង្គការគេបង្កើតចង្ក្រានគ្រប់កន្លែងអ៊ីចឹងទៅ ពិបាកលក់ ពីដើមគ្រាន់ស្រួលលក់ គឺមកត្រឹមតែខេត្តយើងហ្នឹងអស់ហើយ។ ឥឡូវនេះអត់ទេ ទាល់តែធ្លាយឆ្លងទៅខាងព្រៃវែង ខាងស្វាយរៀងអីណោះ។ …ដោយសារឥឡូវសម្បូរឡាន សម្បូរម៉ូតូ យើងលក់អត់ទាន់គេ។ យើងអត់មានលុយទិញនឹងគេ ទៅវ៉ៗបាត់អស់រលីង។ គេបោះម៉ូយហើយគេទៅផ្ទះអស់រលីង ឯងនេះមួយជើង គេប្រាំជើង អ៊ីចឹងម៉េចរកទាន់គេពិបាកអ៊ីចឹង»។
បញ្ហាធំដែលចោទឡើងចំពោះពួកលោកមួយទៀត គឺនៅពេលខ្លះរទេះគោដឹកគ្រឿងក្អមឆ្នាំងនោះ ត្រូវក្រឡាប់ ដែលធ្វើផលិតផលទាំងនោះត្រូវខូចខាត។ បើកាលណាផលិតខូចខាត គឺមិនអាចស្វែងរកប្រាក់ទៅសងម្ចាស់ដែលលក់ផលិតផលឱ្យលោកបាននោះទេ។
លោក អន់ ណាង៖ «អាហ្នឹងគេបណ្ដាក់គេណាបង! ទាល់តែទៅវិញគេដឹងតែឱ្យគេ។ មួយជើងដឹងតែឱ្យគេ ទោះខាតទោះចំណេញម៉េចក៏ដោយ ត្រូវតែយកលុយឱ្យគេ។ គេដឹងតែកំណត់ឱ្យយើងត្រឹមតែមួយជើងអត់ឱ្យលើសពីមួយជើងទេ។ …ជំពាក់គេច្រើនដែរ ប៉ះគោឈឺអ៊ីចឹងទៅ ណាមួយជួនកាលទៅភ្លូករទេះ ខូចលិចកើតអ៊ីចឹងទៅជំពាក់គេដែរ»។
ដោយសារតែមុខរបរនេះបានបន្សល់ទុកតាំងពីដូនតារបស់លោកមក ដូចនេះលោក អន់ ណាង មិនគិតថា វានឹងអាចបាត់បង់នោះទេ ប៉ុន្តែប្រសិនបើផលិតផលដែលធ្វើអំពីដីទាំងនេះ មិនសូវសម្បូរទីផ្សារសម្រាប់លក់ ហើយប្រជាពលរដ្ឋក៏មិនសូវនិយមប្រើប្រាស់ទៀតនោះ វានឹងធ្វើឱ្យប៉ះពាល់ទៅដល់ស្ថានភាពរស់នៅរបស់អ្នកផលិត និងអ្នកលក់តែម្ដង។ ដូចនេះ លោកបានសំណូមពរឱ្យប្រជាពលរដ្ឋជួយគាំទ្រផលិតផលដែលធ្វើអំពីដីទាំងនោះ ដើម្បីជាការលើកទឹកចិត្តដល់ស្នាដៃរបស់ខ្មែរយើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីសិទ្ធិមនុស្ស៖ ពន្ធនាគារខេត្តបន្ទាយមានជ័យគួរត្រូវកែលម្អដើម្បីបញ្ចៀសទឹកជំនន់
- មេភូមិនៅសៀមរាបរងការចោទថាបោកប្រាសលុយពលរដ្ឋ
- សពអាកាសយានិកខ្មែរដែលធ្លាក់យន្តហោះនៅឡាវបញ្ជូនមកដល់កម្ពុជា
- អ្នកបើកយន្តហោះខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅឡាវ
- ពលរដ្ឋនៅស្វាយរៀងអះអាងមានការនាំម៉ូតូគេចពន្ធមកពីវៀតណាម
- ពលរដ្ឋខ្មែរព័ទ្ធចាប់បានជនជាតិវៀតណាម៤នាក់នៅតាកែវ
- ជម្លោះរវាងអ្នករកស៊ីខ្មែរជាមួយអាជ្ញាធរវៀតណាមត្រូវបានដោះស្រាយ
- ពលរដ្ឋរិះគន់អាជ្ញាធរស្រុកអង្គរបុរីថាមិនបង្ក្រាបល្បែងស៊ីសង
- សមត្ថកិច្ចខេត្តស្ទឹងត្រែងចាប់អ្នកលេងល្បែងស៊ីសង៤១នាក់
អ្នកយកពត៌មាននេះហាក់មិនចេះធ្វើការសិក្សាអំពីសេដ្ឋកិច្ចសង្គម ព្រមទាំងមិនចេះបរិយាយឲ្យ
អ្នកស្តាប់ចាប់អារម្មណ៍ មិនចេះយកពត៌មាននិងអំពីគោលបំណងដែលខ្លួនចង់បាននិងត្រូវសរសេរ
ជាអត្ថបទ។
តាសូមប្រាប់អាចៅឯងថា មុខរបរនេះវាជាប្រពៃណីដូនតាយើងតាំងពីយូរលុងណាស់មកហើយ
ហើយ អ្នកស្រុកខេត្តកំពង់ឆ្នាំងនេះបានបន្តវប្បធម៌និងប្រពៃណីនេះមិនឲ្យបាត់បង់ទេ ពិសេស
គឺអ្នកស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (បាត់តែឈ្មោះភូមិតិរច្ឆាន)។ រីឯម្យោបាយដឹកជញ្ជុនគឺប្រើតែ
រទេះគោនិងក្របី។ មុខរបរនេះ គ្មានអ្នកណាបង្ខំឬតម្រូវឲ្យពួកគាតធ្វើនិងផលិតឡើយ វាគឺជាកេរ្តិ៍
ដំណែលតៗគ្នាមក (មាននៅក្នុងរឿងព្រះមហោសថ) ។ ក្រោយពីធ្វើស្រែចំការពួកគាត់ចាប់ផ្តើម
មុខរបរស្មូនឆ្នាំងក្អមនិងរបស់របរផ្សេងៗ។ អ្នកខេត្តកំពុងឆ្នាំងជាអ្នកសកម្មនិងការងារខ្លាំង
ណាស់។ ធ្វើការប្រដេញប្រជែងគ្នា មានពេលខ្លះពួកគាត់អុចចន្លុះស្ទូងស្រូវទាំងយប់ក៏មាន។
សព្វថ្ងៃគេតែងតែនិយាយកំប្លែងលេងថា ជាខេត្តលក់ដី (តាមពិតជាផលិតផលធ្វើចេញពីដីឥដ្ឋ
និងដីដំបូក ដូចជាឆ្នាំង ក្អម ថូផ្កា ចង្ក្រានសៀម ចង្រ្កានអុងឡូវ អំបែងចាក់នំ នំគ្រួក
កូនជ្រូកសន្សំលុយ និងវត្ថុអានុស្សាវរីជាច្រើនទៀត ។ល។) និងពេលខ្លះទៀតគេនិយាយកំប្លែង
លេងថា ពួកអ្នកលក់របស់របរដឹកពីខេត្តកំពង់ឆ្នាំនេះវាយឬកពារធំណាស់ព្រោះរបស់អ្វីដែលជ្រុះ
ចេញពីរទេះពួកគាត់ទោះជាគេខំស្រែកប្រាប់ថា ឆ្នាំង ចង្ក្រានជ្រុះហើយគឺគាត់មិនខ្ចីធ្វើឮទេ។
ហេតុអីបានជាគាត់មិនចាប់អារម្មណ៍? ព្រោះតែធ្លាក់ឬជ្រុះមកក្រោមគឺវាបែកអស់ហើយ។
អីចឹងបានពាក្យកំប្លែងពីរ ១. ក្បត់ជាតិ លក់ដី និង ២. ពួកឬកនាម៉ឺន ឬកអ្នកមាន។
គ្មានអ្វីដែលត្រូវ