ពលរដ្ឋ​នៅ​តំបន់​ភ្នំ​វល្លិ​បារម្ភ​ពី​ផល​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​​កាយ​​ភ្នំ​យក​ដី

ភ្នំ​វល្លិ​ជា​ទីតាំង​កាន់​កាប់ និង​ឈរ​ជើង​ដ៏​រឹងមាំ​មួយ​ក្នុង​ចំណោម​តំបន់​មួយ​ចំនួន​ទៀត ក្នុង​ប្រទេស​កម្ពុជា របស់​យោធា​ខ្មែរ​ក្រហម។

ដោយ ម៉ម មុនីរតន៍
2013-11-06
RFA

ភ្នំ វល្លិ ៦១០
២៩-តុលា-២០១៣៖ ការដ្ឋាន​យក​ដី​របស់​អ្នកស្រី ហ៊ឹម ស៊ីវន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ប្រហប់​តាអឿន នៅ​លើ​ភ្នំ​វល្លិ ខេត្ត​កែប។ RFA/Morm Moniroth

អ្នក​រស់​នៅ​ក្នុង​តំបន់​នេះ ភាគ​ច្រើន​អះអាង​ថា កាល​ពី​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​ក្រហម ព្រៃ​ឈើ និង​សម្បត្តិ​ធម្មជាតិ​នានា នៅ​គងវង់​នៅ​ឡើយ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​បរិវេណ​ជុំវិញ​ភ្នំ អាច​ទាញ​យក​អនុផល​ព្រៃឈើ​ពី​ភ្នំ​វល្លិ​នេះ ដោយ​ពុំ​មាន​ការ​ហាមឃាត់ និង​រឹត​ត្បិត​ទេ។ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ផ្ដល់​ការ​វិនិយោគ​ភ្នំ​វល្លិ​នេះ ឲ្យ​ក្រុមហ៊ុន​ឯកជន​ឈូស​ឆាយ និង​ធ្វើ​អាជីវកម្ម​យក​ដី​លក់​ជា​បន្តបន្ទាប់។

ពលរដ្ឋ​ព្រួយ​បារម្ភ​ថា ទៅ​ថ្ងៃ​អនាគត ភ្នំ​នេះ​អាច​នឹង​ត្រូវ​បាត់បង់ ហើយ​ជីវភាព​របស់​ពួក​គាត់​នឹង​រង​ការ​ប៉ះពាល់​​ពី​ការ​វិនិយោគ​នេះ​ដែរ៖ (សំឡេង​ពលរដ្ឋ)

ឡាន​ធំៗ​កំពុង​ដឹក​ដី​ចេញ​ពី​ជើង​ភ្នំ​ជា​ហូរហែ​មិន​ដាច់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រី​ឯ​ត្រាក់ទ័រ​អាប៊ុល ដែល​មាន​ប្រមោយ​វែងៗ ក៏​កំពុង​រន្ថើន​កាយ​ដី​ពី​លើ​ភ្នំ​ទម្លាក់​ចូល​ក្នុង​ឡាន​ដែរ។ (សំឡេង​រថយន្ត)

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ជើង​ភ្នំ​វល្លិ ថ្លែង​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទទួល​ការ​វិនិយោគ​ឈូស​ឆាយ​ភ្នំ​នេះ​មក ពួក​គាត់​ពុំ​អាច​ឡើង​ភ្នំ​ដើម្បី​ប្រមូល​អនុផល​ព្រៃឈើ​ជា​លក្ខណៈ​គ្រួសារ​បាន​ដូច​មុន​ទៀត​ឡើយ។

ពលរដ្ឋ​នៅ​ភូមិ​ដំណាក់ចង្អើរ ខេត្ត​កែប លោក ម៉ក ផាត មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​កាយ​ដី​ភ្នំ​នេះ គឺ​មាន​រយៈពេល​ប្រមាណ ៥​ឆ្នាំ​កន្លង​មក​ហើយ។ លោក​បន្ត​ថា ភ្នំ​វល្លិ​នេះ អាច​នឹង​បាត់​ឈ្មោះ​នៅ​ពេល​ខាង​មុខ បើ​មិន​ទប់​ស្កាត់​ទេ។

ក្ដី​បារម្ភ​នេះ ពុំ​មែន​កើត​មាន​តែ​ចំពោះ​លោក ម៉ក ផាត ឡើយ។ ចំណែក​ឯ​លោក យោង ប៊ុនថា នៅ​សង្កាត់​ព្រៃធំ នៃ​ក្រុង​កែប មាន​ប្រសាសន៍​ថា ភ្នំ​នេះ​នឹង​ត្រូវ​រលាយ​បាត់​ឈ្មោះ​ក្នុង​ពេល​ខាង​មុខ ព្រោះ​សកម្មភាព​នៃ​ការ​កាយ​ដី​​បន្ត​មិន​ឈប់ឈរ​បែប​នេះ កើត​មាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្រៅ​ពី​នេះ ផល​ប៉ះពាល់​ធ្ងន់ធ្ងរ គឺ​សុខភាព​សម្រាប់​អ្នក​រស់​នៅ​ក្បែរ​ផ្លូវ គឺ​បង្ក​ដោយ​ដី​ហុយ។

ក្រោយ​រំដោះ​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៩៣ ភ្នំ​វល្លិ ជា​តំបន់​ប្រយុទ្ធ​ដ៏​រឹងមាំ​របស់​ខ្មែរ​ក្រហម​ក្នុង​ចំណោម​ទីតាំង​កាន់​កាប់​ដទៃ​ទៀត​របស់​ប្រទេស​កម្ពុជា នៅ​គ្រា​នោះ។

ក្រោយ​ពី​ខ្មែរ​ក្រហម​ធ្វើ​សមាហរណកម្ម​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​កាល​ពី​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក ភ្នំ​វល្លិ​បាន​ក្លាយ​ចំណុច​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​រហូត​មក​ដល់​ពេល​នេះ គឺ​មេ​បញ្ជាការ​ខ្មែរ​ក្រហម​ម្នាក់ ឈ្មោះ ឈូក រិន បាន​បញ្ជា​ឲ្យ​យោធា​ថ្នាក់​ក្រោម​របស់​ខ្លួន​បាញ់​សម្លាប់​ភ្ញៀវ​បរទេស ៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ស្ត្រាលី បារាំង និង​អង់គ្លេស នៅ​ទីនោះ។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ សម្រាប់​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ជើង​ភ្នំ​វល្លិ និយាយ​ថា ការ​រស់​នៅ​កាល​ពី​ជាង ២​ទសវត្សរ៍​មុន​នេះ គេ​ហាក់​មាន​សេរីភាព សម្បូរសប្បាយ និង​ងាយ​ស្រួល​ក្នុង​ការ​ប្រកប​មុខ​របរ​ប្រចាំ​ថ្ងៃ​ជាង​ពេល​បច្ចុប្បន្ន។ កាល​ណោះ ពលរដ្ឋ​អាច​ចូល​កាប់​ឈើ​ធ្វើ​លំនៅឋាន​ក៏​បាន បោច​វល្លិ​ក៏​បាន និង​មួយ​វិញ​ទៀត គេ​ចាត់​ទុក​ថា ភ្នំ​មួយ​នេះ​គឺ​ជា​ឆ្នាំង​បាយ​ស្លាប់​រស់​របស់​ពួក​គាត់​ថែម​ទៀត​ផង។ (សំឡេង​ពលរដ្ឋ​ជជែក​គ្នា)

នៅ​ពេល​នេះ ភ្នំ​វល្លិ​អតីត​ទីតាំង​សមរភូមិ​ប្រយុទ្ធ​រវាង​យោធា​ខ្មែរ​ក្រហម​ជាមួយ​និង​រដ្ឋ​កម្ពុជា ត្រូវ​បាន​គេ​ពុះ​ច្រៀក​ធ្វើ​អាជីវកម្ម​ដោយ​ពុំ​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​ចំពោះ​អ្នក​រស់​នៅ​ក្នុង​តំបន់​នោះ​ទេ។

ចំណែក​ប្រជាពលរដ្ឋ​វិញ បាន​ស្ដី​បន្ទោស​ថា ក្រោយ​ពី​ការដ្ឋាន​របស់​អ្នកស្រី ហ៊ឹម ស៊ីវន ដែល​ជា​តារា​ចម្រៀង​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង និង​ការដ្ឋាន​របស់​អ្នកស្រី ម៉ៅ ញីប ទទួល​សិទ្ធិ​កាយ​ដី​នៅ​ភ្នំ​វល្លិ មក​ធ្វើ​ឲ្យ​ពួក​គាត់​រស់​នៅ​ក្នុង​តំបន់ ពុំ​អាច​ទាញ​យក​អនុផល​ព្រៃឈើ​បាន​ដូច​មុន​ទៀត​ឡើយ។

ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​នេះ អ្នកស្រី ហ៊ឹម ស៊ីវន អះអាង​ថា អ្នកស្រី​ពុំ​បាន​ធ្វើ​អាជីវកម្ម​កាយ​ភ្នំ​លក់​ដី​ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា ការ​ពិត​អ្វី​ដែល​មាន និង​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​នៅ​ក្នុង​តំបន់​នោះ គឺ​អ្នកស្រី​មាន​តែ​ដី​ចម្ការ​សម្រាប់​ដាំដុះ​ក្នុង​តំបន់​នោះ​តែប៉ុណ្ណោះ។

រីឯ​អ្នកស្រី ម៉ៅ ញីប ដែល​ជា​ម្ចាស់​ការដ្ឋាន​ដ៏​ធំ​មួយ​ដែរ ហើយ​ក៏​មាន​សែស្រឡាយ​ជា​ដន្លង​ជាមួយ​ចៅហ្វាយ​ក្រុង​កែប នៅ​ក្នុង​តំបន់​នោះ​ថែម​ទៀត ថ្លែង​ថា ក្រុមហ៊ុន​របស់​អ្នកស្រី​ដែល​ធ្លាប់​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​កាយ​ដី​លក់​នៅ​ពេល​នេះ បាន​ផ្អាក​ដំណើរ​ការ​របស់​ខ្លួន​មួយ​រយៈពេល​មក​ហើយ។

បើ​ទោះ​ជា​បែប​ណា ម្ចាស់​ការដ្ឋាន​ក្រួស​ក្រហម អ្នកស្រី ម៉ៅ ញីប បញ្ជាក់​ថា អ្នកស្រី​មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ ហើយ​ក៏​មិន​ចេះ​តែ​កាយ​នោះ​ដែរ។

ចំណែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ដិសេធ​ថា ពុំ​មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​នេះ​ទេ។ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្រ្តី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ប៉ុណ្ណោះ។ ផ្ទុយ​ពី​ការ​បដិសេធ​នេះ សកម្មភាព​នៃ​ការ​កាយ និង​ដឹក​ជញ្ជូន​ដី​ចេញ​ពី​តំបន់​ភ្នំ​វល្លិ កំពុង​តែ​បង្កើន​យ៉ាង​រន្ថើន​ទៅ​វិញ ដែល​មាន​រថយន្ត​ធុន​ធំៗ បន្ត​កន្ទុយ​គ្នា​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ។

លើស​ពី​នេះ អ្វី​ដែល​អ្នកស្រី ហ៊ឹម ស៊ីវន បញ្ជាក់​ថា ជា​ប្រភេទ​ដី​ចម្ការ​ក្ដី នៅ​ក្បែរ​ទីតាំង​នោះ ដែល​អ្នក​ស្រុក​តែង​ហៅ​ថា ជា​ប្រហប់​តាអឿន បែរ​ជា​មាន​ការដ្ឋាន​មួយ​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​របង​ដែល​ដាក់​បម្រាម “អ្នក​គ្មាន​ភារកិច្ច​ហាម​ចូល” ថែម​ទៀត។ ជាង​នេះ​ទៅ​ទៀត ការដ្ឋាន​នោះ​មាន​ទាំង​ឡាន​ដឹក​ដី​ផង និង​ត្រាក់ទ័រ​អាប៊ុល​ផង ដែល​មាន​ប្រមោយ​វែងៗ កំពុង​តែ​ធ្វើ​សកម្មភាព​កាយ និង​ដឹក​ដី​ចេញ​យ៉ាង​សកម្ម​ទៅ​វិញ។

ដោយ​ឡែក​ការដ្ឋាន​យក​ក្រួស​ក្រហម​របស់​អ្នកស្រី ម៉ៅ ញីប ក៏​ពុំ​បាន​ផ្អាក​ធ្វើ​អាជីវកម្ម​ដូច​ការ​អះអាង​នោះ​ដែរ។

អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី គិត​ថា មន្ត្រី​ជំនាញ​គឺ​ជា​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​ធ្វើ​អាជីវកម្ម​នេះ។ ក្រៅ​ពី​នេះ ភ្នំ​វល្លិ​អាច​ប្រឈម​នឹង​ការ​បាត់​ឈ្មោះ ប្រសិន​បើ​នៅ​តែ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​បន្ត​ធ្វើ​អាជីវកម្ម​តទៅ​ទៀត។

បច្ចុប្បន្ន​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ឲ្យ​វិស័យ​ឯកជន​ធ្វើ​អាជីវកម្ម​កាយ​ដី​ភ្នំ​ដើម្បី​យក​​លក់​នេះ ពុំ​មែន​កើត​ឡើង​តែ​នៅ​ចំណុច​ភ្នំ​វល្លិ​ទេ ប៉ុន្តែ​វា​បាន​កើត​ឡើង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ពលរដ្ឋ​នៅ​តំបន់​ភ្នំ​វល្លិ​បារម្ភ​ពី​ផល​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​​កាយ​​ភ្នំ​យក​ដី"

  1. កូនឪ says:

    គួរឲ្យសង្វែកដល់ជោគវាសនារបស់ប្រទេសជាតិណាស់ បើបណ្តោយអោយអានេះ នៅបន្តកាន់ អំណាចទៀត ប្រាំឆ្នាំក្រោយដឹងរលាយដល់ណាទេយើង ។