រាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ហើយក៏មានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនកើតឡើង ដោយសាររថយន្តធុនធំ និងកុងតឺន័រជាដើម កិនស្លាប់មនុស្សគួរឲ្យខ្លាច។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសាររថយន្តធំនេះ សាលារាជធានីភ្នំពេញ បានជូនដំណឹងទៅក្រុមហ៊ុនដឹកជញ្ជូននានា ឲ្យផ្អាករថយន្តធុនធំ និងរថយន្តដឹកកុងតឺន័រ ធ្វើចរាចរណ៍ក្នុងទីក្រុងចាប់ពីម៉ោង ៥ភ្លឺ ទៅទល់ម៉ោង ៩យប់។ សេចក្តីជូនដំណឹងនោះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា មក។
ដោយ អ៊ុក សាវបូរី
2013-11-06
RFA

រថយន្តដឹកទំនិញ បើកបរនៅតាមបណ្ដោយផ្លូវមួយក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣។ RFA/Ouk Savborey
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យដឹងថា សេចក្តីជូនដំណឹងនោះមិនមែនជាការផាកពិន័យទេ ជាការណែនាំមួយឲ្យក្រុមហ៊ុន និងអ្នករកស៊ី រួមគ្នាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងបន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនបង្កដោយរថយន្តធុនធំ។
អ្នកបើកបររថយន្តដឹកស៊ីម៉ងត៍ និងដឹកដែកឲ្យក្រុមហ៊ុនសំណង់នៅក្បែរស្ទឹងមានជ័យ សុំមិនបញ្ចេញឈ្មោះ ថ្លែងថា គាត់ស្តាប់តាមការជូនដំណឹងរបស់សាលារាជធានី។ គាត់បានដឹកស៊ីម៉ងត៍មកដល់ភ្នំពេញ នៅពេលទៀបភ្លឺ តែគាត់មិនបើករថយន្តដឹកឥវ៉ាន់ក្នុងនោះទៅដាក់ក្នុងក្រុមហ៊ុនភ្លាមទេ។
គាត់ចតរថយន្តអែបផ្លូវ វ៉េង ស្រេង រង់ចាំដល់ម៉ោង ៩យប់ ទើបបើកចូលការដ្ឋានសំណង់៖ «ឡានប្រភេទធុនធំ ដូចសេរីពួកខ្ញុំហ្នឹង អាប្លាតហ្វម ហើយនិងអាម៉ាតួភ្លៅ៥ ហើយនិងកុងតឺន័រ វាប្រភេទហ្នឹងហើយបើអា ២តោនកន្លះ ខ្ញុំមិនដឹងទេ ព្រោះខ្ញុំមិនបានរៀនច្បាប់ចរាចរណ៍ទេ គ្រាន់តែខ្ញុំស្តាប់តាមវិទ្យុគេផ្សាយតាមហ្នឹង ខ្ញុំស្តាប់គេទៅ ម៉ោង៩ចូលម៉ោង ៥ជិតភ្លឺហ្នឹង គេឲ្យចេញវិញ»។
អ្នកបើកបរមួយរូបទៀត ថ្លែងថា បញ្ហាអនុវត្តសេចក្តីជូនដំណឹងនោះអាចឲ្យគាត់ខាតពេលជាច្រើនម៉ោង ក្នុងការបញ្ជូនឥវ៉ាន់ពីកន្លែងមួយទៅមួយ។ ប៉ុន្តែ គាត់គោរពតាមការណែនាំនោះ៖ «បញ្ហាចរាចរណ៍មិនមែនមកពីចរាចរណ៍ទេ។ តៃកុងឡានមួយៗគេបើកឡានគេមិនចង់ឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទេ ម៉ូតូខ្លះវ៉ា វេលិចវេកើត ចាក់លិចចាក់កើត ភ្លូចកង់ឡានគ្នាហ្នឹងដួលមុខកង់ឡានគ្នាហ្នឹង។ ធម្មតាឡានគ្នា ៥ម៉ែត្រ ទៅ ១០ម៉ែត្រ ហ្វ្រាំងម៉េចទាន់។ អារឿងតៃកុងឡានអត់មានចង់ឲ្យប៉ះពាល់ដល់បងប្អូនណា អាយុជីវិតបងប្អូនណាទេ រឿងឡានធំនោះ។ គឺឡានបើកអត់ចេះយោគយល់ក៏បាន តែគ្រាន់បញ្ហា គឺមិនមកពីឡានទាំងស្រុងពេកទេ វាអាចមកពីអ្នកជិះម៉ូតូ មិនសូវចេះគិត ស្រវឹងបើកបរ ហើយចូលឡានភ្លូច ហើយអាងបន្ទោសតៃកុងឡានឲ្យខុសរហូត»។
កាលពីចុងខែតុលា សាលារាជធានីភ្នំពេញ បានធ្វើសេចក្តីជូនដំណឹងហាមរថយន្តដឹកទំនិញធុនធំ និងរថយន្តកុងតឺន័រ ចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីម៉ោង ៥ភ្លឺ ដល់ម៉ោង ៩យប់ ហើយអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា ការអនុវត្តសេចក្តីជូនដំណឹង (ស.ជ.ណ) កំពុងធ្វើហើយ។ ប៉ុន្តែ មានរថយន្តធុនធ្ងន់មួយចំនួននៅតែឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងម៉ោងហាមឃាត់នៅឡើយ អាចមកពីអ្នកបើកបរមិនទទួលបានសេចក្តីជូនដំណឹងនោះ។ លោកបន្តថា សេចក្តីជូនដំណឹងនោះ មិនមែនជាឱសានវាទទេ គឺគ្រាន់តែជាការទើបចាប់ផ្ដើមអនុវត្តការរៀបចំសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ ដោយបន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ ចំណតក្នុងក្រុង និងការដឹកជញ្ជូនសាធារណៈ ពុំទាន់សមស្របទៅនឹងកំណើនពលរដ្ឋក្នុងទីក្រុងកំណើនរោងចក្រ សហគ្រាស ឃ្លាំង និងកំណើនមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ៖ «យើងហាមឃាត់គាត់ផង យើងអប់រំណែនាំគាត់ផង ហើយយើងទុកពេលឲ្យគាត់ ដើម្បីឲ្យគាត់អាចទៅសុំច្បាប់ និងបែបបទដើម្បីនាំឲ្យរថយន្តរបស់គាត់អាចចេញចូលទៅមកភ្នំពេញ តាមម៉ោងយើងបានកំណត់ និងតាមតម្រាយផ្លូវដែលយើងបានកំណត់ជូន តាមប្រភេទរថយន្តរបស់គាត់»។
លោកបន្តថា ការអនុវត្តភ្លាមឃើញមានការកកស្ទះតាមផ្លូវជុំវិញទីក្រុងមួយចំនួន បណ្ដាលមកពីផ្លូវក្រវាត់ក្រុងមិនទាន់បានរៀបចំឲ្យបានល្អនៅឡើយ។ បញ្ហានេះ សាលារាជធានីភ្នំពេញ នឹងអភិវឌ្ឍ ឬកសាងផ្លូវក្រវាត់ក្រុងបន្តបន្ទាប់ទៀត ដើម្បីឲ្យរថយន្តធុនធ្ងន់ទាំងអស់ហ្នឹង មានលទ្ធភាពក្នុងការពង្វាងផ្លូវ។
លោកលើកឧទាហរណ៍ ស្ពានអាកាសក្បាលថ្នល់បានហាមបើកបរឆ្លងកាត់មែន ប៉ុន្តែសាលារាជធានី មិនអាចអនុវត្តបានទាំងស្រុង ដោយសារផ្លូវវាងមិនទាន់កសាងរួច ព្រោះទើសស្ពានតាខ្មៅមិនទាន់បានធ្វើហើយ។ ហេតុនេះ សេចក្តីជូនដំណឹងមិនមែនជាគោលដៅនៃការផាកពិន័យទេ គឺជាការរៀបចំឲ្យមានការកែទម្លាប់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាប់ផ្ដើមរួមគ្នាអភិវឌ្ឍសណ្ដាប់ធ្នាប់ផ្លូវក្នុងខណ្ឌចំនួន៤ កុំឲ្យរថយន្តបើកបរក្នុងនោះនាំឲ្យចង្អៀតទីក្រុង។
លោកថា ខណ្ឌទាំង៤ ដែលអភិវឌ្ឍមុនគេ ក្នុងចំណោមខណ្ឌទាំង៩ មានខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌចម្ការមន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ខ្មែរនៅបរទេសរៃអង្គាសលុយជួយស្ត្រីដែលអះអាងថាដើរពីកំពង់ចាមមកធ្វើបាតុកម្ម
- សាលាក្រុងចាប់ផ្ដើមអនុវត្តបម្រាមហាមរថយន្តធុនធ្ងន់មិនឲ្យចូលក្រុងពេលថ្ងៃ
- អ្នកប្រកបរបរលក់គ្រឿងសិប្បកម្មធ្វើអំពីដីតាមរទេះគោជួបការលំបាក
- មន្ត្រីសិទ្ធិមនុស្ស៖ ពន្ធនាគារខេត្តបន្ទាយមានជ័យគួរត្រូវកែលម្អដើម្បីបញ្ចៀសទឹកជំនន់
- មេភូមិនៅសៀមរាបរងការចោទថាបោកប្រាសលុយពលរដ្ឋ
- សពអាកាសយានិកខ្មែរដែលធ្លាក់យន្តហោះនៅឡាវបញ្ជូនមកដល់កម្ពុជា
- អ្នកបើកយន្តហោះខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅឡាវ
- ពលរដ្ឋនៅស្វាយរៀងអះអាងមានការនាំម៉ូតូគេចពន្ធមកពីវៀតណាម
- ពលរដ្ឋខ្មែរព័ទ្ធចាប់បានជនជាតិវៀតណាម៤នាក់នៅតាកែវ
ជាឪិកាសរកចំណូលរបស់ឡានតូចៗ សូមនាំគ្នាគោរពច្បាប់ មានលុយមិនអាចទិញជីវិត
អោយរស់សារជាថ្មីបានទេ បើស្លាប់ទៅហើយនោះ បើរបួសធ្ងន់ ខាតបង់ធំ ពិតជាពិបាកជាងស្លាប់ទៅទៀត ។ ភាពព្រហើនរបស់ក្មេង ៗ លទ្ធផលមុនឹងក្រោយ គង់តែអាយុខ្លី
បើមិនព្រមទទួលកំហុស ។បើដួលមិនក្រោកគ្មានអ្នកណាជួយលើកប្រយត្ន័ឡានកិនថែម។