ដោយ៖ តាំង វីដា និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
លោក ឈិត សំអាត(កណ្ដាល)នាយកប្រតិបត្តិ នៃអង្គការ NGO Forum(រូបថតដោយ តាំង វីដា)
ប្រជាជនកម្ពុជា ប្រមាណ៦លាននាក់ ប្រឈមនឹងផលប៉ះពាល់លើវិស័យជលផល តាមអាងទន្លេមេគង្គ នៅពេលទំបន់វារីអគ្គិសនី ដនសាហុង នៅប្រទេសឡាវ ត្រូវបានអនុញ្ញាតឲ្យសាងសង់ នៅពាក់កណ្តាលខែវិច្ឆិកានេះ។
ការបារម្ភនេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ ក្នុងសន្និសីទសារព័ត៌មានរៀបចំឡើងដោយ អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន១៩ ដែលជាសមាជិកនៃសម្ព័ន្ធទន្លេកម្ពុជា។
នាយកប្រតិបត្តិ នៃអង្គការ NGO Forum លោក ឈិត សំអាត ឲ្យដឹងថា តាមការស្រាវជ្រាវ ការសាងសង់ទំនប់ដនសាហុង អាចគម្រាមកំហែងដល់វិស័យជលផល សន្តិសុខស្បៀង និងសេដ្ឋកិច្ចក្នុងតំបន់របស់ប្រជាជនតាមមូលដ្ឋាន ក្នុងប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម។ លោកថា ប្រជាជនកម្ពុជាប្រមាណ ៦លាននាក់ ក្នុងចំណោមប្រជាជន ៦០លាននាក់នៃប្រទេសទាំងបួន ដែលរស់នៅតាមអាងទន្លេមេគង្គ នឹងរងផលប៉ះពាល់ពីការសាងសង់ទំនប់នេះ ៖ “យើងមិនអាចចេះតែសិក្សាទៅព្រៀលៗ ទៅថាអត់មានផលប៉ះពាល់ វិទ្យាសាស្ត្រហ្នឹងត្រូវចំណាយពេលច្រើនបន្តិច ដើម្បីសិក្សាទៅលើប្រភេទនៃឈើ នៃត្រី បម្លាស់ទី គឺថាមានត្រីប៉ុន្មានប្រភេទ ត្រូវផ្លាស់ទី វាផ្លាស់ទីយ៉ាងម៉េច ទីពីរទាក់ទងនឹងបញ្ហាជីវចម្រុះនៅក្នុងទឹក វាយ៉ាងម៉េច វាមានអ្វីខ្លះ វាអាចប៉ះពាល់អ្វីខ្លះ។ បើយើងនិយាយពី ជីវចម្រុះនៅក្នុងអាងទន្លេមេគង្គ គឺថាមានភាពស្មុគស្មាញ ជាជាងអ្វីដែលយើងបានគិតនោះ”។
លោក ឈិត សំអាត ឲ្យដឹងទៀតថា ថ្វីបើកិច្ចព្រមព្រៀងទន្លេមេគង្គ ឆ្នាំ១៩៩៥ បានតម្រូវឲ្យ មានការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសផ្សេងៗ មុនសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ ក៏ដោយ តែកិច្ចព្រមព្រៀងនេះ មិនបានចាប់បង្ខំ ឬមានយន្តការដោះស្រាយថ្មី បើមិនមានការឯកភាពគ្នានោះ។
ប្រធានគ្រប់គ្រងកម្មវិធីនៃសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល លោក យុក សេងឡុង ឲ្យដឹងថា ការអភិវឌ្ឍន៍គម្រោងសាងសង់វារីអគ្គិសនី ដនសាហុង អាចជួយឲ្យមានកំណើនសេដ្ឋកិច្ច ប៉ុន្តែប្រជាជនដែលរស់នៅតាមទន្លេមេគង្គនោះទេ អាចនឹងត្រូវបណ្តេញចេញដោយមិនមានសំណងសមរម្យ ៖ “ពិសេសជាងគេប្រទេសកម្ពុជាមាន ៦លាននោះ គឺគាត់មិនត្រូវការទេ គាត់មិនត្រូវការភ្លើងទេ ហើយផលប្រយោជន៍ពីគម្រោងសាងសង់ ខាងមុខនោះ ក៏គាត់មិនបានទទួលដោយផ្ទាល់ដែរ ប្រជាជនដែលរស់នៅខាងលើតំបន់គម្រោងទេ ដែលគាត់អាចត្រូវបានគេ ផ្តល់សំណងតិចតួច ក៏ប៉ុន្តែសម្រាប់ប្រជាជនដែលរស់នៅខាងក្រោមតំបន់គម្រោងសាងសង់ទំនប់ ក៏ដូចជានៅខាងតំបន់ទន្លេសាបនោះ គឺគាត់មិន មិនត្រូវបានគេគិតគូរពិចារណា ដើម្បីសងជាសំណងទេ”។
ការសាងសង់គម្រោងវារីអគ្គិសនី ដនសាហុង នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។ មន្ត្រីម្នាក់នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សុំមិនឲ្យបញ្ចេញឈ្មោះ ឲ្យដឹងថា ភាគីកម្ពុជា ក៏ធ្លាប់ដាក់លិខិតចំហរមួយទៅកាន់រដ្ឋាភិបាលឡាវ ស្នើផ្អាកការសាងសង់នេះ ម្តងរួចហើយ តែមិនការឆ្លើយតបនោះទេ ៖ “មិនទាន់ឃើញឆ្លើយតបទេ ពីព្រោះយើងសរសេរទៅគេឲ្យផ្អាក ហើយឲ្យឡាវហ្នឹងដាក់បញ្ហានេះ ទៅពិភាក្សាក្នុងក្របខណ្ឌ MRC ថាគេចាត់វិធានការយ៉ាងម៉េច យើងមិនទាន់ដឹង”។
គម្រោងសង់ទំនប់វារីអគ្គិសនីដនសាហុង របស់ក្រុមហ៊ុន Mega First Corporation Berhad វិស្វកម្ម និងសំណង់ម៉ាឡេស៊ីនេះ ត្រូវបានផ្អាកសាងសង់ម្តងកាល ពីខែមេសា និងខែឧសភា ឆ្នាំ២០០៧ បន្ទាប់ពីអង្គការមិនមែនរដ្ឋាភិបាលចំនួន ២៨ និងអ្នកវិទ្យាសាស្ត្រ ចំនួន ៣៤នាក់ បានផ្ញើលិខិតចំហរមួយជូនរដ្ឋាភិបាលឡាវ គណៈកម្មការទន្លេមេគង្គ និងរដ្ឋាភិបាលជាសមាជិក នៃគណៈកម្មការនេះ ដោយសុំឲ្យពិចារណាគម្រោងនេះឡើងវិញ។ ពួកគេព្រមានថា គម្រោងនេះ នឹងផលប៉ះពាល់ដល់មច្ឆាជាតិ និងភស្តុតាងវិទ្យាសាស្ត្រ ដែលបង្ហាញថាគម្រោងនេះ គឺមានលក្ខណៈវិនាសធំធេង៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
តើកាំភ្លើងធំ និងមីុសសីុលបាញ់ដល់ទំនប់អគ្គីសនីឡាវរឺទេ ? ការបំផ្លាញនេះស្មើរការប្រកាសសង្រ្គាម!ឡាវអេវ.
គេបាននិយាយថា: “នឹងរងផលប៉ះពាល់ដោយសារគម្រោងវារីអគ្គិសនីនៅឡាវ”, ប៉ុន្តែគេមិនបានពន្យល់ ពីមូលហេតុនេះ។ ខ្ញុំជឿថា វាមិនប៉ះពាល់អ្វីនោះទេ។
ពិបាកទប់ទល់ជាមួយរង្វិលជុំរបស់ផែនដី ឯការអភិវឌ្ឍ ក៏ពិបាកនឹងឃាត់ឃាំងដែរ តែការនាំគ្នាការពារមុនជាការល្អម៉្យាងដែរ
ប៉ុន្តែការពន្យល់គ្នាមុន ដើម្បិបានដឹង ហើយត្រៀមទទួលយក ឫរកវិធីបញ្ឈប់ រកវិធីផ្សេង រកហេតុផល
អោយសង ជូសជុលការខូចខាតនៅពេល ពួកយើងបានសំណូមពរកន្លងមក កុំគិតតែពីចំណូល
ផ្ទះខ្លួនឯងតែបែជាបំផ្លាញផ្ទះអ្នកដទៃទៅវិញ។