ហេង រស្មី
07 វិច្ឆិកា 2013
វីអូអេខ្មែរ

លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងលោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកដឹកនាំគណៈប្រតិភូមកពីគណបក្សប្រជាជន នៅក្នុងសន្និសីទព័ត៌មាននៅក្រោយជំនួបកាលពីថ្ងៃអង្គារទី០៥ វិច្ឆិកា ២០១៣ នៅវិមានរដ្ឋសភាជាតិ។ (វីអូអេ/សាយ មុន្នី)
ភ្នំពេញ — គណបក្សសង្គ្រោះជាតិនៅថ្ងៃពុធនេះបានដាក់ឱសានវាទឱ្យគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅរហូតដល់ដាច់ឆ្នាំ២០១៣ដើម្បីដោះស្រាយការទាមទាររបស់ខ្លួនចំនួន៣ចំណុចបើមិនដូច្នេះទេនឹងមានមហាបាតុកម្មទ្រង់ទ្រាយធំជាងពេលមុនៗដើម្បីទាមទាររកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត។
ការដាក់ឱសានវាទ លាយឡំជាមួយនឹងការព្រមានពីគណបក្សសង្គ្រោះជាតិបានកើតមានឡើងក្រោយពេលមួយថ្ងៃបន្ទាប់ពីក្រុមការងារពិសេសនៃគណបក្សគូរជម្លោះទាំងពីរបានបរាជ័យសារជាថ្មីម្តងទៀតមិនអាចឈានទៅរកចំណុចត្រូវគ្នាបានដើម្បីទម្លុះទម្លាយភាពទាល់ច្រកនយោបាយក្រោយពីការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិបានដាក់លក្ខខណ្ឌចំនួនបីចំណុចសំខាន់ៗសម្រាប់ការចរចាគឺទាមទារឱ្យបង្កើតគណៈកម្មការពិសេសស្វែងរកការពិតដើម្បីស៊ើបអង្កេតលទ្ធផលក្រោយការបោះឆ្នោត ស្នើសុំឱ្យថ្នាក់ដឹកនាំគ.ជ.បទាំង៩រូបលាឈប់ចេញពីមុខតំណែង និង ធ្វើកំណែទម្រង់គ.ជ.បយកតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ វិទ្យាស្ថានជាតិប្រជាធិបតេយ្យNDI និងអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។
លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបានផ្តល់បទសម្ភាសន៍ពិសេសជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកនៅទីស្នាក់ការគណបក្សនៅខណ្ឌទួលគោកក្នុងខណៈពេលដែលលោកកំពុងដឹកនាំធ្វើពិធីបុណ្យកឋិនទានថាចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនៅសល់ពេលជាងមួយខែទៀតដើម្បីទុកលទ្ធភាពឱ្យគណបក្សប្រជាជនដោះស្រាយបើសិនជាមិនអាចរកច្រកចេញបានទេគណបក្សសង្គ្រោះជាតិនឹងមានផែនការយុទ្ធសាស្ត្រថ្មីទ្រង់ទ្រាយធំជាងពេលមុនៗ។
លោក កឹម សុខា មិនបានបញ្ជាក់ថាតើផែនការយុទ្ធសាស្ត្រដែលគណបក្សសង្គ្រោះជាតិគ្រោងនឹងរៀបចំធ្វើនៅថ្ងៃក្រោយនោះមានអ្វីខ្លះទេដោយលោកគ្រាន់តែបានឱ្យដឹងថានឹងមានមហាបាតុកម្មសារជាថ្មីនៅទូទាំងប្រទេសនិងការធ្វើកូដកម្មមិនចូលធ្វើការពីមន្ត្រីរាជការនិងកម្មករជាដើម។
លោកនិយាយថា៖ «យើងដាក់កំណត់ពេលយើងមិនអាចឱ្យគណបក្សប្រជាជនអូសបន្លាយការចរចានេះឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋយូរអង្វែងទេ។ ខ្ញុំជាមួយលោកសម រង្ស៊ីទើបជជែកគ្នាថ្ងៃមិញថាយើងត្រូវកំណត់ពេលយ៉ាងយូរបំផុតដាច់ឆ្នាំនេះអត់មានទុកឱ្យហួសហ្នឹងទៀតទេ។ យើងនឹងធ្វើសកម្មភាពមួយធំណាស់ ធំមែនទែន ធំជាងលើកមុនទៀត»។
លោក កឹម សុខាបានបញ្ជាក់ទៀតថានៅពេលហួសកំណត់ឱសានវាទគណបក្សសង្គ្រោះជាតិនឹងបិទផ្លូវលែងចូលរួមតុចរចាជាមួយគណបក្សប្រជាជនកម្ពុជាទៀតហើយគឺដឹកនាំធ្វើមហាបាតុកម្មដោយគ្មានការកំណត់ដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតឱ្យទាល់តែបាន។
លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាការចរចាមិនគួរគណបក្សសង្គ្រោះជាតិដាក់លក្ខខណ្ឌក្នុងតុចរចាទេពីព្រោះធ្វើឱ្យដំណើរការចរចាជាប់គាំង។
លោកបានបញ្ជាក់ទៀតថាការជួបចរចាជាវិធីមួយល្អជាជាងការប្រើប្រាស់វិធីមួយផ្សេងទៀតមកដោះស្រាយបញ្ហា។
លោកនិយាយថា៖ «ការចារចាទោះបីជាកម្រិតណាក៏ដោយគេមិនគួរដាក់លក្ខខណ្ឌទេ។ កាលណាដាក់លក្ខខណ្ឌវាហាក់បីដូចជាមានន័យមិនសូវមានឆន្ទៈក្នុងការរកដំដោះស្រាយ។ យើងជួបគ្នាទៅ ជជែកគ្នាទៅដូចយើងធ្លាប់ធ្វើកន្លងមក»។
ក្រោយការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាគណបក្សប្រជាជនកម្ពុជាបានទទួលចំនួន៦៨អាសនៈចំណែកឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ៕
អត្ថបទព័ត៌មានទាក់ទង
- គណបក្សទាំងពីរបរាជ័យក្នុងការទម្លាយការជាប់គាំង
- អ្នកវិភាគ៖ ការសម្របសម្រួលលើបញ្ហាយុត្តិធម៌និងកំណែទម្រង់អាចបញ្ចប់ភាពជាប់គាំងនយោបាយ
- គណបក្សជំទាស់ស្នើឲ្យមានអាជ្ញាកណ្តាលឯករាជ្យក្នុងកិច្ចចរចាកំពូលលើកក្រោយ
- ខណៈបក្សប្រឆាំងសុំការគាបសង្កត់ពីអន្តរជាតិ អ្នកវិភាគថាយន្តការក្នុងស្រុកល្អជាង
- គណបក្សនយោបាយចាំបាច់ធ្វើការជាមួយគ្នាដើម្បីប្រយោជន៍ជាតិ
- លោកហ៊ុន សែន និងលោកសម រង្ស៊ីគ្រោងជួបគ្នាជាថ្មីទៀត


គេរងចាំ ឱ្យកម្លាំងហិរញ្ញវត្ថុរបស់គណបក្សសង្គ្រោះជាតិ កាន់តែចុះខ្សោយ ដើម្បីអ្នកតំណាង
រាស្ត្រ៥៥ នាក់ ត្រូវតែពុះកញ្ជ្រោល ស្ម័គ្រចិត្តទៅចូលរួមប្រជុំក្នុងរដ្ឋសភា ដោយស្វ័យប្រវត្តិ។
បើអំណាងរាស្រ្តទាំង៥៥នាក់ មានបំណងដូច លោក កឹម សុខា ដែរ ទើបពិតជា
មិនខ្វល់ពីការខាតបង់របស់ប្រជាពលរដ្ឋ ដោយរវល់តែក្តៅក្រហាយជាមួយសន្លឹកឆ្នោត
ហេតុអ្វិមិនរាប់ម្តងទៀតក្រែងបានឈ្នះ ។ អញ្ចឹងហើយបានជាអ្នកនយោបាយដើម្បីបាន
ល្បីឈ្មោះទាល់តែជាប់គុក ទើបរកយុត្តិធម៌ឃើញ លោកកឹមសុខា ជាបន្លាក្នុងកែវភ្នែក
របស់ប្រជាជន ដែលចង់បានសុខសន្តិភាព នឹងការបង្រួបបង្រួម សាមគ្គីកសាងជាតិ។
លោកនិយាយបានពិរោះណាស់ថាក្លាយបាត់បង់ផលប្រយោជន៏ជាតិ ផលប្រយោជន៏ប្រជាជននៅពេលដែលលោកបានអោយបរទេសផ្អាកការវិនិយោគ និងផ្អាកការផ្តល់អំណោយ។ គណៈបក្សទាំងពីរគួរមានមនៈសិកាក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ កុំដើម្បីតែចង់បានតែអំណាចរៀងខ្លួនធ្វើអោយប្រជាជនធុញទ្រាន់។
បើគ្មានយន្តការច្បាស់លាស់ទេកុំជួបគ្នាទៀតអីប្រសើរជាង ជួបគ្នារាប់ម៉ោងមិនដែលបានផលទេ
ម្នាក់ៗគិតតែពីនិយាយបរិហាដាក់គ្នាអ្នកនេះយ៉ាងនេះអ្នកនោះយ៉ាងនោះ ។
ខ្ញុំធ្លាប់និយាយរួចហើយថាខ្មែរពិបាកនិយាយគ្នាណាស់
ទាល់តែមានអន្តរជាតិនៅជាអជ្ញាកណ្តាលទើប
អាចនិយាយគ្នាស្តាប់បាន មានសន្ធិសញ្ញាក្រុងប៉ារីសជាគំរូ ។
ដើម្បីកុំអោយខាតពេលក្នុងការអភិវឌ្ឍន៍
ប្រទេសភាគីទាំងពីគួររកអន្តរជាតិមកជួយសម្របសម្រួលវិញទៅ សព្វថ្ងៃរាស្ត្ររងទុក្ខគ្រប់ទីកន្លែង
និងធុញទ្រាន់ចំពោះអ្នកនយោបាយណាស់។
គេបានអំណាចហើយ ហើយពួកគេក៍មានលុយចាយមិនខ្វះដែរ ចង់ពន្យាពេលដល់ណាក៍មិនខ្វល់ ដែរអ្នកប៉ះពាល់គឺប្រជាជនមិនមែនមន្ត្រីសម្បូរលុយចាយទាំងនោះទេ។ ហើយកាលណាបន្យាពេល កាន់តែយូរបក្សសង្គ្រោះជាតិកាន់តែចុះខ្យោយហើយអាចបែកបាក់គ្នាទៀតផង ដូច្នេះប្រសិនបើបក្ស សង្គ្រោះជាតិនៅតែពន្យាតាមបក្សកាន់អំណាចនោះការទាមទារកន្លងមកនិងបរាជ័យ។ ដោយឃើញ ហេតុផលនេះហើយទើបបក្សសង្គ្រោះជាតិដាក់ឪសាទនុវាទនោះគឺមិនខុសទេព្រោះគេមិនចង់ឲ្យអ្នក គាំទ្ររបស់គេបន្តរនូវយប់យន្តសុបិន្តច្រើននោះទេ។
Whatever, CPP will be not accepted the requests of CNRP. Because CPP will loose the election
if they accepted the proposal of CNRP . The fraudulent CPP cannot alive without cheating and fraud the ballots of the voters. So CNRP should revise the methodical way for finding the fair justice for the people who had votes for them.