ថ្ងៃ ព្រហស្បតិ៍ 07 វិច្ឆិកា 2013
ដោយ គឹម យុទ្ធណា
RFI
ដោយសារបញ្ហាទឹកជំនន់ កសិករជាច្រើនជំពាក់បំណុលគេនិងពិបាករកប្រាក់សងវិញ។ គណបក្សសង្គ្រោះជាតិបានអំពាវនាវនៅថ្ងៃនេះឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងឡាយជួយបន្ធូរបន្ថយអត្រាការប្រាក់ និងពន្យារការសងប្រាក់ដល់កសិករ។ ទន្ទឹមនឹងនេះ គណបក្សប្រឆាំងក៏បានសុំឲ្យរដ្ឋាភិបាលមានកញ្ចប់ថវិកាដើម្បីជួយកសិករក្រោយទឹកជំនន់ផងដែរ។

លោកស្រី មួរ សុខហួរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (Siv Channa/RFI)
នៅក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកស្រី មួរ សុខហួរ តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានស្នើសុំឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុនានាជួយសម្រួលដល់កសិករដែលរងគ្រោះដោយទឹកជំនន់។ ការជួយសម្រួលនេះគឺធ្វើឡើងតាមរយៈការបន្ធូរបន្ថយអត្រាការប្រាក់ និងការពន្យារយៈពេលសងជាដើម។
ទន្ទឹមនឹងនេះ លោកស្រី មួរ សុខហួរ ក៏បានសុំឲ្យរដ្ឋាភិបាលមានកញ្ចប់ថវិកាសម្រាប់ជួយដល់កសិកររងគ្រោះផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដែលត្រូវបានចែកផ្សាយដល់អ្នកកាសែតនៅថ្ងៃនេះដែរ មានខេត្តចំនួន ១៦ ដែលទទួលរងការលិចលង់ខ្លាំង។ ក្នុងស្ថានភាពនេះ កសិករជាច្រើននឹងជំពាក់បំណុល គេហើយពិបាករកប្រាក់សង។ លោកស្រី មួរ សុខហួរ អះអាងថា មន្ត្រីគណបក្សសង្គ្រោះជាតិនឹងចុះទៅជួបអ្នកទទួលខុសត្រូវស្ថាប័នមីក្រូហិរញ្ញវត្ថុនានា ជាពិសេសក្នុងខេត្តបាត់ដំបងដែលលោកស្រីឈរឈ្មោះដើម្បីសុំឲ្យពួកគេជួយសម្រួលដល់កសិករ។
យ៉ាងណាក៏ដោយអ្នកទទួលខុសត្រូវស្ថាប័នមីក្រូហិរញ្ញវត្ថុបានអះអាងថា ទឹកជំនន់ឆ្នាំនេះមិនបានបង្កបញ្ហាធ្ងន់ធ្ងរដល់កសិករប៉ុន្មានទេ។ លោក ប៊ុន មុនី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិថា ទឹកជំនន់មានសភាពធំធឹងមែន តែវាបានឆាប់ស្រកទៅវិញ។ ដូច្នេះ វាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវកសិករទេ។
ម្យ៉ាងទៀត លោកអះអាងថា កសិករដែលខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុមិនមែនសម្រាប់តែធ្វើស្រែមួយមុខនោះទេ ប៉ុន្តែ ពួកគេក៏យកទៅធ្វើដំណាំកសិកម្មផ្សេងៗទៀតដែរ។ ដូច្នេះ ពួកគេនឹងមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់ទេ។
យ៉ាងណាក៏ដោយ បើយោងតាមលោក ប៊ុន មុនី ស្ថាប័នមីក្រូហិរញ្ញវត្ថុធ្លាប់បានដោះស្រាយសម្រួលដល់កសិករជារៀងរហូតមកហើយ។ ពួកគេតែងសិក្សាអំពីករណីរបស់កសិករម្នាក់ៗហើយតែងបន្ធូរបន្ថយ និងពន្យារពេលនៃការសងបំណុលដើម្បីឲ្យពួកគេអាចមានលទ្ធភាពសងបាន។
សូមបញ្ជាក់ថា ទឹកជំនន់ឆ្នាំនេះបានសម្លាប់មនុស្ស ១៦៨ នាក់ និងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជាង ១,៨ លាននាក់។ ដំណាំកសិកម្មជាងបីម៉ឺនហិកតាត្រូវបានបំផ្លាញ។ នេះបើយោងតាមតួលេខរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕
លោកប្រធានសម រង្ស៊ីតែងតែអំពាវនាវឲ្យបរទេសផ្ដាច់ជំនួយដល់ខ្មែរ
មិនឲ្យវិនិយោគទុនធំមកបណ្ដាក់ទុននៅស្រុកខ្មែរ មិនឲ្យADB ឬ WB
ផ្ដល់កម្ចីដល់រដ្ឋាភិបាលខ្មែរ …………..។នៅពេលពលរដ្ឋជួបនឹងគ្រោះ
ទឹកជំនន់លោកប្រធានសម រង្ស៊ីអំពាវនាវរកថវិកាធ្វើមហាបាតុកម្មតថ្លៃតំណែង
ឲ្យគាត់។ស្រាប់តែមកដល់ពេលនេះគណប្សសង្គ្រោះជាតិបែរជាអំពាវនាវ
សុំឲ្យស្ថាប័នផ្ដល់ប្រាក់កម្ចី មិនឲ្យយកការប្រាក់ពីប្រជាពលរដ្ឋ ឬពន្យារ
ពេលរហូតដល់៦ខែជាដើម។តើលោកសម រង្ស៊ីយកចិត្តទុកដាក់ចំពោះ
ពលរដ្ឋរងគ្រោះដោយទឹកជំនន់មែនឬយ៉ាងណា?គ្មានសោះឡើយ។គោល
ដៅតែមួយមុខគត់គឺការកេងចំណេញនយោបាយ។ថ្ងៃមុនគាត់ថាយុវជនឥឡូវ
ឆ្លាតណាស់អ្នកនយោបាយបោកមិនបានទេ។តើបងប្អូនមានកត់សំគាល់ឃើញ
គាត់ចេញចរិកប្លែកៗដែរឬទេ?ពីមុនមិននិយាយ ហេតុអ្វីមកនិយាយពេលនេះ?
បងប្អូនធ្លាប់បានមើលរឿងមាណពនិងតាបសដែរឬទេ?តាបសប្រុងលួចមាស
របស់មាណពក៏ក្លែងធ្វើជាកាច់ស្បូវមួយសសៃដាក់លើសក់ ហើយគាត់យកស្បូវ
នោះមកសងដល់មាណពវិញ ក្នុងចេតនាយកសក់មកបាំងភ្នំ។លោកសម រង្ស៊ី
អាចនឹងប្រើវិធីនេះដូចគ្នាដែរ។គាត់ប្រុងនឹងធ្វើអ្វីមួយក្បត់បងប្អូនហើយ សូមបងប្អូន
តាមសង្កេតឲ្យទាន់។កញ្ជ្រោងកញ្ចាស់ សម រង្ស៊ីជិតចេញកន្ទុយហើយ សូមបងប្អូន
យកភ្លើងចាំអុជកន្ទុយគាត់៕