Thursday, 07 November 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្នុងរយៈពេល១ខែនៃការចេញសម្តែងនៅប្រទេសអូស្ត្រាលី គេបានឃើញតារាសម្តែងនាង គឹម លីហ្សា បានបញ្ចេញមុខសង្សារដោយបើកចំហ មិនខ្លាចពាក្យពេបជ្រាយ ឬគេឯងនិយាយដើមពីដើមភូមិដល់ចុងភូមិឡើយ ហើយក្រោយពេលវិលត្រឡប់មកប្រទេសកំណើតវិញ តារាសម្តែងវ័យក្មេងសាច់សខ្ចីសម្តីផ្អែមនាង គឹម លីហ្សា បានធ្វើបទសម្ភាសផ្តាច់មុខជាមួយភ្នំពេញ ប៉ុស្តិ៍ ដោយនាងប្រាប់ថា នាងនឹងចូលរោងការជាផ្លូវការជាមួយនឹងបុរសអាណិកជនអូស្ត្រាលី ម្នាក់នោះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ខាងមុខនេះ។
បុរសនៅឯ នាយសមុទ្រដែលតារាស្រីវ័យ២៥ឆ្នាំ នាងគឹម លីហ្សា សម្រេចចិត្តផ្ញើជីវិតជាមួយម្នាក់នោះ ត្រូវបានគេដឹងថា មានឈ្មោះ គាវ វុទ្ធី ហៅស្តេវិន អាយុប្រមាណ៣០ឆ្នាំស្តើង។
តារាស្រីដែល ធ្លាប់ទទួលរងការចោទប្រកាន់ថា មានឧកញ៉ាជាអ្នកឧបត្ថម្ភជាច្រើនលើកច្រើនសារូបនេះនិយាយ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖«ចាស់ទុំទាំងសងខាងបានដឹងឮពីរឿងខ្ញុំនេះយូរហើយ ហើយនៅពេលនេះ ពួកគាត់ក៏បាននិយាយគ្នារួចហើយដែរ។ ចំណែកខ្ញុំក៏បានរៀបចំខ្លួនរួចជាស្រេច និងបានសម្រេចចិត្តថា ពួកខ្ញុំនឹងចូលរោងការជាផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ខាងមុខនេះ»។
គម្រោងរៀបមង្គលការជាមួយបុរសអាណិកជនអូស្ត្រាលី នេះត្រូវបានគេមើលឃើញថា ហាក់ដូចជាមានភាពតក់ក្រហល់បន្តិច ខណៈដែលចំណងស្នេហ៍នេះទើបតែលេចធ្លាយនៅក្នុងអំឡុងពេលដែលតារាស្រីរូបនេះចេញទៅសម្តែងច្រៀងនៅប្រទេសអូស្ត្រាលីនោះ។ ប៉ុន្តែយ៉ាងណា ពាក់ព័ន្ធនឹងចំណងស្នេហ៍នេះ តារាសម្តែងស្រីចង់បានប្តីនៅវ័យ២៥ឆ្នាំរូបនេះ បានទម្លាយឲ្យភ្នំពេញ ប៉ុស្តិ៍ ដឹងពីអាថ៌កំបាំងថា តាមពិតចំណងស្នេហ៍របស់ពួកនាងមិនមែនទើបតែផ្តើមនាពេលថ្មីៗនេះ ទេ ពោលគឺស្គាល់គ្នារាប់ឆ្នាំមកហើយ តែមិនចង់និយាយព្រោះខ្លាចក្រែងមានការប្រែប្រួលនាំឲ្យមានភាពហ្មងសៅ។
គឹម លីហ្សា និយាយថា៖«តាមពិតពួកយើងមិនមែនទើបស្គាល់គ្នានោះទេ យើងស្គាល់គ្នាច្រើនឆ្នាំហើយ តែពីមុនខ្ញុំអត់ទាន់ចង់និយាយ។ ពីមុនគេតែងនិយាយថា ខ្ញុំទទួលការឧបត្ថម្ភពីអ្នកមាននេះ ឧកញ៉ានោះ តែខ្ញុំអត់ចង់បកស្រាយអីច្រើន ព្រោះខ្ញុំគិតថា ចាំដល់ពេល អ្នកទាំងអស់គ្នានឹងបានដឹង»។ នាងបន្ថែមថា៖«សម្រាប់គម្រោងអាពាហ៍ពិពាហ៍របស់ខ្ញុំ ក៏មិនមែនទើបតែគ្រោង ហើយធ្វើភ្លាមនោះទេ តាមពិតយើងបានគិតជាមួយគ្នា ពីគម្រោងហ្នឹងជាង១ឆ្នាំហើយ ហើយនៅពេលនេះខ្ញុំក៏ត្រៀមខ្លួនរួចស្រេចសម្រាប់ធ្វើជាកូនក្រមុំ ដែរ»។
ប្រភពនៅអូស្ត្រាលីដឹងថា នៅក្នុងដំណើរទៅច្រៀងរាំរបស់ លីហ្សា នៅអូស្ត្រាលី នាងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឪពុកម្តាយ និងសាច់ញាតិសាច់ថ្លៃរបស់នាង។ ត្រង់ចំណុចនេះ គឹម លីហ្សា បានទទួលស្គាល់ ហើយនាងនិយាយថា៖ «មែនហើយខ្ញុំបានជួបពួកគាត់ ពួកគាត់ស្រឡាញ់ចូលចិត្ត ខ្ញុំណាស់ ហើយគម្រោងរៀបការរបស់ពួកខ្ញុំនៅពេលនេះ ក៏ផ្តើមពីការនិយាយគ្នារវាងពួកគាត់ និងឪពុកម្តាយរបស់ខ្ញុំដែរ»៕

Much Os See Kim Liza!