ដោយ៖ បូ សាវី និងពៅ មេត្ដា
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ខេត្ដសៀមរាប ជាតំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រមួយ ដែលទទួលបានប្រាក់ចំណូលពីភ្ញៀវមក ទស្សនាប្រាសាទអង្គរវត្ដ រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្ដែខេត្ដនេះ ជាខេត្ដដែលក្រីក្រក្នុងចំណោម២៤រាជធានីខេត្ដ។ កុមារងាយរងគ្រោះ និងកុមារកំព្រាឪពុកម្ដាយជាច្រើននាក់ ដែលមើលមិនឃើញពីជោគវាសនារបស់ខ្លួននៅថ្ងៃអនាគតដូចកុមារដទៃទៀតនោះ ពួកគេត្រូវបានអង្គការសង្គមស៊ីវិលមួយ ចំនួនយកទៅចិញ្ចឹម។
តាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប បានបង្ហាញថា បច្ចុប្បន្ននៅក្នុងខេត្តនេះ មានអង្គការជាង៥០ កំពុងធ្វើសកម្មភាពជួយកុមារកំព្រា និងកុមារ ងាយរងគ្រោះ។
ស្ត្រីវ័យជិត៥០ឆ្នាំម្នាក់ ឈ្មោះ ឈឹម សុភ័ណ្ឌ ជាប្រធានអង្គការមួយក្នុងចំណោមអង្គការទាំងជាង៥០ ក៏កំពុងបំពេញការងារជួយកុមារកំព្រា និងកុមារងាយរងគ្រោះដែរ។
អ្នកស្រី ឈឹម សុភ័ណ្ឌ ប្រធានអង្គការខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមហៅ ខេស៊ីដូ(KSEDO) រៀបរាប់ឲ្យដឹងថា បច្ចុប្បន្នអង្គការ KSEDO ចិញ្ចឹមកុមារកំព្រា និងកុមារងាយរងគ្រោះ៣០នាក់ ដែលភាគច្រើនកុមារនោះ ត្រូវឪពុកម្តាយស្លាប់ ចំណែកកុមារខ្លះទៀត រងការធ្វើទារុណកម្មនៅក្នុងគ្រួសារ ៖

អ្នកស្រី ឈឹម សុភ័ណ្ឌ
អង្គការ KSEDO បង្កើតឡើងដោយទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅឆ្នាំ២០០២ ដែលមានទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
កុមារដែលស្នាក់នៅអង្គការ KSEDO ទាំង៣០នាក់ មានអាយុ ពី៤ឆ្នាំ ដល់ ១៧ឆ្នាំ ហើយបានចូលរៀនសាលារដ្ឋពីថ្នាក់មតេ្តយ្យ ដល់ថ្នាក់ទី៧។ ក្រៅពីរៀនចំណេះដឹង ទូទៅនៅសាលារដ្ឋ កុមារទាំង នេះក៏មានឱកាសរៀនភាសាអង់គ្លេស រៀនជំនាញផ្សេងៗទៀត ដូចជា កាត់ដេរសំលៀកបំពាក់ រៀនវិធីសាស្ត្រដាំបន្លែ ចិញ្ចឹមសត្វ និងរៀនរាំរបាំជាដើម។ គ្រូដែលបង្រៀនភាសាអង់គ្លេស និងជំនាញផ្សេងៗ គឺជាអ្នកស្ម័គ្រចិត្តមកពីអង្គការ និងស្ថាប័នឯកជនផ្សេង ពួកគេជួយបង្រៀនពេលទំនេរពីការងារស្នូល។
កំពុងបោកសំលៀកបំពាក់ ក្បែរអណ្ដូងទឹក កុមារី ម៉ៅ គឹមសួរ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៨នៃវិទ្យាល័យអង្គរ ជាកុមារកំព្រាឪពុក ហើយបានមករស់នៅក្នុងអង្គកា KSEDO នេះនៅដើមឆ្នាំ២០១១។ កុមារីរូបនេះបានសំដែងការសប្បាយចិត្ដ ដោយសារបច្ចុប្បន្នគាត់មានចំណេះដឹងផ្នែករបាំ និងភាសាបរទេសផង។ សំដីម៉ាត់ៗ ប្រកបដោទឹកមុខរីករាយ ម៉ៅ គឹមសួរឲ្យដឹងថា គាត់ចង់ក្លាយជាមគ្គទេសក៏ទេសចរណ៍ ផ្នែកភាសារជប៉ុន ដើម្បីពន្យល់ឲ្យបរទេសស្គាល់វប្បធម៌ខ្មែរ និងរកប្រាក់ចំណូលជួយអង្គការដែលចិញ្ចឹមកុមារកំព្រា ៖
នៅក្បែគ្នានោះដែរ ដៃម្ខាងចាក់សាប៊ូបោកគក់សំលៀកបំពាក់ កុមារី មួន សាវី អាយុ១៥ឆ្នាំ ដែលកំព្រាម្ដាយនិយាយថា គាត់ចង់ក្លាយអ្នករាំរបាំដ៏ពូកែម្នាក់នៅពេលខាងមុខ។ សក់រួញតិចៗ សាវី និយាយបន្ដថា របាំខ្មែរបុរាណមានតាំងពីយូរមកហើយ ហើយនាងចង់រាំរបាំនេះ ដើម្បីបង្ហាញទៅដល់បរទេសដឹងថា នៅក្នុងប្រទេសកម្ពុជាមានវប្បធម៌ល្អ។
គោលបំណង សាវី ក៏មិនខុសពី គឹមសួរ ដែរ គឺក្រៅពីចង់បង្ហាញឲ្យអន្តរជាតិស្គាល់របាំបុរាណខ្មែរ គឺចង់រកប្រាក់ជួយកុមារកំព្រា ដែលកំពុងជួបការ លំបាកដូចរួបគាត់ ៖
ទន្ទឹមនឹងកុមារកំព្រាកំពុងផ្តល់ក្តីសង្ឃឹមដោយមានអង្គការ KSEDO ជាឈ្នាន់ឈានទៅចាប់យកក្តីស្រម៉ៃមួយក្នុងជីវិតរបស់ពួកគេនោះ អ្នកស្រី ឈឹម សុភ័ណ្ឌ សំដែងការព្រួយបារម្ភពីស្ថិរភាពអង្គការ ព្រោះថា បច្ចុប្បន្នអង្គការនេះ ទទួលជំនួយឧបត្ថម្ភពីសប្បុរជនជាតិ និងអន្តរជាតិជាលក្ខណៈ បុគ្គលប៉ុណ្ណោះមិនមានមូលនិធិណាជួយក្នុងរយៈពេលវែងទេ។
ដោយសារជំនួយពីសប្បុរសជនមិនទៀងទាត់ ហើយការចំណាយប្រចាំខែលើកុមារកំព្រា ដែលស្នាក់នៅហូបចុក និងទិញសម្ភារៈសិក្សា អស់ប្រមាណ៦រយ ទៅ១ពាន់ដុល្លារអាមេរិកក្នុងមួយខែនោះ អ្នកស្រី ឈឹម សុភ័ណ្ឌ បានលក់ផ្ទះ និងដី ដើម្បីយកប្រាក់ឧបត្ថម្ភដល់កុមារ ៖
កន្លងមកមន្ដ្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ រួមមាន លោក សម រង្ស៊ី និង លោក កឹម សុខា បានលើកឡើងនៅក្នុងខែកក្កដា ឆ្នាំ២០១៣នេះថា តំបន់ទេសចរណ៍ ខេត្ដសៀមរាប ទទួលបាន ចំណូលពីវិស័យទេសចរណ៏ ប្រមាណពី ២រយ ទៅ ៣រយលានដុល្លារ ក្នុងមួយឆ្នាំៗ ដោយការលក់សំបុត្រឲ្យភ្ញៀវបរទេសទស្សនាប្រាសាទអង្គរវត្ដ។ ថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងពីរបញ្ជាក់ថា ប្រាក់ចំណូលពីវិស័យនោះ អាចចិញ្ចឹមប្រជាពលរដ្ឋដែលជាម្ចាស់អង្គរ និងមន្ដ្រីរាជការទូទាំងខេត្ដ សៀមរាប បានគ្រប់គ្រាន់។
អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ដសៀមរាប លោកស្រី ឆេង វណ្ណា មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាល បានសហការជាមួយអង្គការក្រៅរដ្ឋាភិបាលធ្លាប់ជួយដល់កុមារកំព្រា និងកុមារងាយរងគ្រោះ ដល់មូលដ្ឋាន ដោយការផ្តល់អំណោយជាអង្ករ សំលៀកបំពាក់ និងសំភារៈផ្សេងទៀត។ លោកស្រីបញ្ជាក់ថា នៅឆ្នាំ២០១៤ខាងមុខនេះ រដ្ឋាភិបាលនៅតែមានគំរោង ជួយដល់កុមារទាំងនោះបន្ដទៀត ៖
តាមរបាយការណ៍ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ខែកក្កដា ឆ្នាំ២០១១ បង្ហាញថា កុមារកំព្រា និងកុមារងាយរងគ្រោះនៅកម្ពុជាមានប្រហែល៧៥ម៉ឺននាក់ ក្នុងនោះរួមមាន កុមារដែលឪពុកម្តាយស្លាប់ កុមារក្រីក្រ កុមារងាយរងគ្រោះ កុមារកើតជំងឺអេដស៍ជាដើម។ ដោយឡែកកុមារដែលត្រូវបាន ចិញ្ចឹមនៅក្នុងមណ្ឌលមានតែជាង ១ម៉ឺននាក់ ប៉ុណ្ណោះ ទាំងមណ្ឌលរដ្ឋ និងសង្គមស៊ីវិល។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក កែម ឡី ជំរុញឲ្យរដ្ឋាភិបាល បង្វែរថវិកាពីក្រសួងសង្គមកិច្ចផ្ដល់ឲ្យកុមារកំព្រា កុមារងាយរងគ្រោះ និងជនចាស់ជរាឲ្យបានគ្រប់គ្រាន់។ លោក បន្តថា ដើម្បីឲ្យមានភាពស្មើគ្នារវាងកុមារក្រីក្រ និងកុមារមានជីវភាពធូរធា ក្រសួងផែនការត្រូវស៊ើបអង្កេតរកកុមារ ដែលប្រឈមទាំងនោះ ឲ្យបានច្បាស់លាស់ ដើម្បីផ្ដល់ប័ណ្ណក្រីក្រ ហើយរដ្ឋាភិបាល ត្រូវផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់គ្រូសារក្រីក្រទាំងនោះឲ្យមានលទ្ធភាព បង្ករបង្កើនផល ៖
សម្រាប់កុមារនៅអង្គការ KSEDO នៅពេលបច្ចុប្បន្ន ពួកគេក៏មានលទ្ធភាពខ្លះៗ ក្នុងការរកប្រាក់ចំណូលដែរ គឺតាមរយៈការរាំរបាំតាមពិធីបុណ្យផ្សេងៗ។
ទោះជាប្រាក់សម្រាប់ចំណាយ មិនមានស្ថិរភាពក៏ដោយ តែអ្នកស្រី ឈឹម សុខភ័ណ្ឌ ប្តេជ្ញាថា នឹងមិនបោះបង់កុមារដែលមិនមានទីពឹងទាំងនោះចោលទេ ៖
សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

whre is CNRP party ??? , they suppose to recue poor peoples from poverty.
សូមកោតសរសើរនូវទឹកចិត្តអ្នកស្រីឈឹមសុភ័ណ្ឌជាខ្លាំងដែលខំពុះពារគ្រប់ការលំបាកទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីគ្រប់គ្រងចញ្ចឹមក្មេងៗកំព្រាទាំងនេះ ទន្ទឹមនិងនេះមានមន្ត្រីៗនិងឧកញ៉ា
គ្រាក់ៗរាប់មិនអស់ក្នុងស្រុកខ្មែរដែលម្នាក់ៗជាសេដ្ថីនិងមហាសេដ្ថីគ្មានយកភ្នែកមើលសោះ រីឯរដ្ឋាភិបាលក៍វាដៀតែខ្នូច បើកុំតែបានអង្គការក្រៅរដ្ឋាភិបាលជួយផ្ចុងផ្ដើមនិងជំនួយសប្បុរសជន
ពីបរទេសម្លេះវាសនាក្មេងកំព្រារាប់ម៉ឺនសែននាក់មិនដឹងក្លាយជាយ៉ាងណាទេ បើពឹងទៅលើរដ្ឋាភិបាលចោលម្សៀតហ៊ុនសែនដែលជាភារកិច្ចរបស់ខ្លួនក៍មិនបានការ ពួកនេះគ្មានគិតអ្វីក្រៅពីតែផលប្រយោជន៍គ្រួរសារ,ផលប្រយោជន៍បក្សពួករបស់គេតែប៉ុណ្ណោះ ជាម្ដងទៀតសូមកោតសរសើរនិងអគុណដល់អ្នកស្រីនិងសង្ឃឹមថាអ្វីដែលអ្នកស្រីធ្វើនេះអាចផ្ដល់
ជាគំរូដល់អ្នកឯទៀតកុំឲ្យគិតតែពីអាត្មានិយមពេក។