Thursday, 07 November 2013
សែន ដាវិត និង Daniel Pye
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ នៅពេលដែលគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានសន្យាដំឡើងប្រាក់ខែឲ្យមន្រ្តីរាជការ កាលពីដើមឆ្នាំនេះ អ្នកខ្លះ បានលើកឡើងថា គណបក្សនេះ ក៏កំពុងព្យាយាមប្រាប់ដល់មន្ត្រីរាជការ នូវហេតុផលមួយ ដើម្បីឲ្យពួកគេបន្តគាំទ្រខ្លួនពេលបោះឆ្នោត កាលពីខែ កក្កដា។
ការដំឡើងប្រាក់ខែ ២០ ភាគរយ បានធ្វើឡើង ខណៈដែលមានការជំរុញនៅមុនការបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ ដើម្បីទាក់ទាញការគាំទ្រ ពីមន្រ្តីរាជការ ដោយសន្យាផ្តល់ប្រាក់ខែឲ្យពួកគេក្នុងចំនួនយ៉ាងតិច ២៥០ ដុល្លារ និងកម្មករយ៉ាងតិច ១៥០ ដុល្លារ ក្នុងមួយខែ ប្រសិនបើខ្លួនឈ្នះឆ្នោត។
ក្រុមអ្នកវិភាគ បានចាត់ទុកជោគជ័យមួយផ្នែក របស់គណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោត កាលពីខែ កក្កដា ថាដោយសារតែគោលនយោបាយទាក់ទាញសំឡេងឆ្នោត ពីមន្រ្តីរាជការ កម្មករ តាមរយៈការដំឡើងប្រាក់ខែ ខណៈដែលរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនជាង ៣០ ឆ្នាំមកហើយ ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ ពីស្ថានភាពរស់នៅ ដ៏សែនលំបាករបស់មន្ត្រីរាជការតូចតាច និងកម្មករដោយសារតែប្រាក់ខែតិច។
នៅពេលនេះការព្រមាន កំពុងបន្តចេញពីសហជីព និងបក្សប្រឆាំង ដែលថា ទោះបីការបោះឆ្នោត បានចប់ក៏ដោយ ក៏ក្រុមមេដឹកនាំ នៅពេលនេះ លែងសូវឲ្យតម្លៃក្រុមអ្នកបោះឆ្នោត ដែលកាន់តែមានឥទ្ធិពល ហើយកំពុងតែបន្តបោះជំហានទៅមុខនោះទៀតហើយ។
សមាជិកសភាបក្ស ប្រឆាំង លោក សុន ឆ័យ កាលពីថ្ងៃអង្គារ បានមានប្រសាសន៍ថា ការដំឡើងប្រាក់ខែ ២០ ភាគរយដល់មន្រ្តីរាជការជារៀងរាល់ឆ្នាំ ដែលរដ្ឋាភិបាលបានសន្យា «មិនអាចទូទាត់នឹងអតិផរណា» ទំនិញនៅតាមទីផ្សារបានទេ ហើយនៅទីបញ្ចប់ នឹងមិនគ្រប់គ្រាន់ ដើម្បីផ្គាប់ចិត្តមន្រ្តីរាជការស៊ីវិលបានឡើយ។
លោកបន្តថា៖ «រដ្ឋាភិបាលចាំបាច់ ត្រូវផ្តល់ជីវភាពសមរម្យ ដល់មន្រ្តីរាជការ និងគ្រប់គ្រាន់សម្រាប់ម្ហូបអាហារ ដើម្បីចិញ្ចឹមគ្រួសារ។ យើងបានពន្យល់លម្អិតថា តើលុយទាំងនោះ បានមកពីទីណា»។ លោក បានបញ្ជាក់ថា ការបង្ក្រាបលើការលួចបន្លំពន្ធចំនួន ៥០០ លានដុល្លារក្នុងមួយឆ្នាំៗ អាចនឹងទូទាត់ការដំឡើងប្រាក់ខែបានយ៉ាងងាយស្រួលដែលគណបក្សរបស់លោក បានសន្យាមុនបោះឆ្នោត។
ប៉ុន្មានថ្ងៃមុនការបោះឆ្នោតខែ កក្កដា តួលេខ ដែលបញ្ចេញដោយរដ្ឋាភិបាល បានបង្ហាញថា គ្រូបង្រៀនទូទាំងប្រទេស នឹងទទួលបានការដំឡើងប្រាក់ខែ ដោយលើកឡើងថា បានដឹងពីការបាត់បង់ការគាំទ្រមួយ ដែលអាចនឹងកើតមាន។ កាលពីខែ សីហា ប៉ុន្មានថ្ងៃក្រោយពីការបោះឆ្នោត ខណៈដែលបក្សប្រឆាំង បន្តតវ៉ាប្រឆាំងលទ្ធផលការបោះឆ្នោត ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា ខ្លួននឹងដំឡើងប្រាក់ខែគោលរបស់មន្រ្តីរាជការ ពីប្រមាណ ៦២ ដុល្លារដល់ ៨០ ដុល្លារ ក្នុងមួយខែ ព្រមទាំងដំឡើងប្រាក់ឈ្នួល ៤០ ភាគរយដល់មន្រ្តីរាជការចំនួន ៩ ម៉ឺននាក់ទៀតផង។
នៅពេលគេសួរឲ្យផ្តល់ព័ត៌មានលម្អិត អំពីការបង្កើនការចំណាយលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០១៤ របស់រដ្ឋាភិបាល ដែលច្រើនជាងឆ្នាំមុន ៥០០ លានដុល្លារអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន កាលពីសប្តាហ៍មុន បាននិយាយថា គេនឹងចំណាយច្រើនលើប្រាក់ខែមន្រ្តីរាជការស៊ីវិល ប៉ុន្តែលោក មិនបានផ្តល់ព័ត៌មានលម្អិតទេ។
លោក អាត់ ធន់ ប្រធានសហជីព ស៊ីខៅឌូ បានមានប្រសាសន៍ថា លោកសង្ឃឹមថា រដ្ឋាភិបាល កំពុងតែផ្តោតលើមន្រ្តីរាជការ។
លោក បានថ្លែងបន្តថា៖ «ការទុកប្រាក់ច្រើនទៀត សម្រាប់មន្រ្តីរាជការស៊ីវិលនិងការដំឡើងប្រាក់ខែ បានបង្ហាញពីការគោរពខ្លះៗដល់តួនាទីមន្ត្រីរាជការ នៅពេលដែលពួកគេ បានដើរតួយ៉ាងសំខាន់។ ក្តីសង្ឃឹមរបស់យើង គឺថា រដ្ឋាភិបាល នឹងបន្តដំឡើងប្រាក់ខែដោយហេតុថា ឥឡូវរដ្ឋាភិបាល បានបាត់បង់កៅអីច្រើន (ក្នុងសភា)។
បច្ចុប្បន្ន មន្រ្តីរាជការជាច្រើន ទទួលបានចំណូលតិចជាងកម្មករកាត់ដេរ ហើយត្រូវបានហាមប្រាម មិនឲ្យបង្កើតសហជីពដោយសារច្បាប់ឆ្នាំ ១៩៩៤ ដែលផ្ទុយនឹងសិទ្ធិនៅក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែឥទ្ធិពលនយោបាយ ដែលកំពុងកើនឡើង មានន័យថា គណបក្សប្រជាជន ត្រូវតែបន្តព្យាយាមបំពេញតាមតម្រូវការមន្ត្រីរាជការ កម្មករនិយោជិតដែលយ៉ាងហោចណាស់រហូតដល់គណបក្សប្រឆាំង ព្រមទៅចូលរួមប្រជុំនៅក្នុង សភា។
លោក អាត់ ធន់ បានថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលថ្មី មិនពិចារណា ធ្វើឲ្យប្រាក់ខែមន្រ្តីរាជការប្រសើរឡើង ពួកគេនឹងបាត់បង់ការគាំទ្រច្រើនទៀត ក្នុងអំឡុងអាណត្តិបច្ចុប្បន្ននេះ»។
ប៉ុន្តែ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា កម្រិតនៃការគាំទ្រពីមន្រ្តីរាជការសម្រាប់គណបក្សកាន់អំណាច គឺជាការប៉ាន់ប្រមាណលើស។ លោកថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជា គិតថា ពួកគេមានការគាំទ្រពីមន្រ្តីរាជការ ដោយសារឃើញពួកគេ បង្ហាញវត្តមាននៅកម្មវិធីប្រមូលផ្តុំ ព្រឹត្តិការណ៍ផ្សេងៗ និងពាក់អាវយឺតគណបក្សប្រជាជន»។
លោកបន្តថា៖ «ការដោះស្រាយបញ្ហានេះនឹងត្រូវដើរលើផ្លូវដ៏វែងឆ្ងាយមួយ»។ លោកបន្ថែមថា សូម្បីតែខណៈរដ្ឋាភិបាល នឹងយកចិត្តទុកដាក់ជិតស្និទ្ធ ចំពោះការទាមទាររបស់មន្រ្តីរាជការ ការសន្យាដំឡើងប្រាក់ខែរបស់រដ្ឋាភិបាល អាចជាបំណងមិនស្មោះត្រង់ ដើម្បីបញ្ចៀសការបាត់បង់ការគាំទ្រ ទៅគណបក្សប្រឆាំងថែមទៀត។ លោក វីរៈ បានគូសបញ្ជាក់ទៀតថា៖ «វាមានចំណុចជាច្រើនសម្រាប់ពួកគេ ធ្វើការកែលម្អប្រាក់ខែ ក្នុងថវិកាបច្ចុប្បន្ននេះ ប៉ុន្តែវានៅតែត្រូវចាំមើលថា តើការសន្យាទាំងនេះ នឹងក្លាយជាយ៉ាងណា?»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា សម្រាប់ឥឡូវនេះ រដ្ឋាភិបាលនឹងមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ចំពោះការដំឡើងប្រាក់ខែ ២០ ភាគរយជារៀងរាល់ឆ្នាំដល់មន្ត្រីរាជការនោះទេ។ លោកបានបន្តថា មិនដូចសង្គ្រោះជាតិទេ រដ្ឋាភិបាលនឹងមិនលេងជាមួយនឹងការសន្យាកាលពីមុនការបោះឆ្នោត ក្នុងការផ្តល់ប្រាក់ខែទាបបំផុត ២៥០ ដុល្លារ «ដែលមិនអាចទៅរួច» នោះឡើយ។
លោកបន្តថា៖ «រដ្ឋាភិបាល មានកម្មវិធីដំឡើងប្រាក់ខែ ប៉ុន្តែយើងមិនទិញសន្លឹកឆ្នោតពីបញ្ហានេះទេ។ គណបក្សម្ខាងទៀតទិញសន្លឹកឆ្នោត តាមរយៈការផ្តល់ឲ្យនូវការសន្យា ២៥០ ដុល្លារ។ វាមិនអាចទៅរួចទេ»។ ប៉ុន្តែ លោក សុន ឆ័យ ពីគណបក្សសង្គ្រោះជាតិ បានថ្លែងថា រដ្ឋាភិបាល នឹងចាំបាច់ត្រូវតែធ្វើអ្វីមួយប្រសិនបើពួកគេចង់រក្សាការគាំទ្រពីមន្រ្តីរាជការ ឬឈ្នះសន្លឹកឆ្នោតដែលចាញ់កាលពីថ្ងៃទី ២៨ ខែ កក្កដា។
មន្ត្រីរាជការ មិនអាចទ្រាំនឹងឥរិយាបថរបស់គណបក្សកាន់អំណាចទៀតទេ»។ លោកបន្តថា៖ «ជម្រើសសម្រាប់គណបក្សប្រជាជន គឺយ៉ាងហោចណាស់ ត្រូវផ្តល់ប្រាក់ខែខ្ពស់ជាងមុន ហើយបើពួកគេចង់ឲ្យមានការគាំទ្រពីមន្រ្តីរាជការវិញ ពួកគេត្រូវតែផ្តល់ប្រាក់ខែដល់មន្រ្តីរាជការឲ្យប្រសើរ»៕ NR/ PS
គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានសន្យាដំឡើងប្រាក់ខែឲ្យមន្រ្តីរាជការ កាលពីដើមឆ្នាំនេះ អ្នកខ្លះ បានលើកឡើងថា គណបក្សនេះ ក៏កំពុងព្យាយាមប្រាប់ដល់មន្ត្រីរាជការ នូវហេតុផលមួយ ដើម្បីឲ្យពួកគេបន្តគាំទ្រខ្លួនពេលបោះឆ្នោត កាលពីខែ កក្កដា។ប៉ុន្តែពេលនេះជិតដាច់ខ្យល់ហើយ មិនដឹង ប្រាក់ខែនិងលុយនៅក្រហែងណាទេ????
បើប្រាក់ខែតិចហើយ សូមអោយតែបើកទៀងទាត់ផងទៅ! វាមិនទាំងបានបើកទៀងទាត់ផងនោះ តើប្រមុខរដ្ឋាភិបាលយកមុខទៅទុកនៅឯណាទៅ??? កែទម្រង់ស្អី ដកពួកគេ ដាក់ពួកអញនោះ????