Thursday, 07 November 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ មេធាវីអ្នកស្រីឧកញ៉ា ឈិន សុគន្ឋារី ហៅយាយក្រពើ អាយុ ៥៨ ឆ្នាំប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិចហូលឌីងគ្រុប (LAYIMEX HOLDINGS GROUP) នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើសុំឲ្យប្រធានចៅក្រមប្រឹក្សា នៃសភាព្រហ្មទណ្ឌសាលាឧទ្ទរណ៍ លុបចោលដីការស្វែងរកចាប់កូនក្តី ខណៈដែលសាលាឧទ្ទរណ៍ បានសម្រេចពន្យាពេលសវនាការរបស់លោកស្រី ឈិន សុគន្ធារី ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ លើកទៅពេលក្រោយ ដោយគ្មានកាលបរិច្ឆេទច្បាស់លាស់នោះ។
កាលពីថ្ងៃព្រឹកមិញ សភាព្រហ្មទណ្ឌ នៃ សាលាឧទ្ទរណ៍ បានបើកសវនាការ និង លើកយកសំណុំរឿងឧទ្ទរណ៍របស់លោកស្រី ឈិន សុគន្ឋារី ដែលជាប់ចោទពីបទ «ធ្វើឲ្យប៉ះពាល់លើកម្មសិទ្ធិដី សាធារណៈ» ដែលប្តឹងដោយសាលារាជធានីភ្នំពេញកាលពីឆ្នាំ ២០១២ មកធ្វើការជំនុំជម្រះ កំបាំងមុខគាត់ តែចំពោះមុខមេធាវីចំនួន ៤ រូបរបស់គាត់ មាន ៤ នាក់ រួមមាន៖ លោកមេធាវី សុក សំអឿន, លោក អ៊ីវ ប៉ូលី, លោកពិន វណ្ណៈ និង លោកលី រដ្ឋធី។ ប៉ុន្តែ សវនាការត្រូវបានពន្យារពេលទៅពេលក្រោយ ដោយគ្មានកាលបរិច្ឆេទច្បាស់លាស់វិញ ដោយសារតែមានសំណើរ ពីមេធាវី ភាគីដើមបណ្តឹង នៃ សាលារាជធានីភ្នំពេញ សុំពន្យាពេល ព្រោះខ្លួនទើបនឹង ទទួលបាន ការពឹងពាក់ពីកូនក្តី។
សវនាការកាលពីព្រឹកមិញនេះ ត្រូវបានជំនុះជម្រះដោយក្រុមប្រឹក្សាចៅក្រម ដែលមានសមាសសភាព៖ ទី១ លោកងួន អ៊ីម ជាប្រធានចៅក្រមប្រឹក្សា ទី២ លោក ប៉ាក់ ច័ន្ទសំបូរ និង លោកប៉ុល សំអឿន ជាចៅក្រមប្រឹក្សា នឹងតំណាងមហាអយ្យការអមសាលាឧទ្ទរណ៍ គឺលោកអ៊ឹម សុផាន និង ក្រឡាបញ្ជី គឺលោកអ៊ុច កែនបូ។ ព្រមការមានចូលរួមស្តាប់ តាមដាន និង អង្កេតពីមន្ត្រីអង្គសិទ្ធិមនុស្សជាតិ-អន្តរជាតិ តំណាងស្ថានទូតបរទេស ប្រចាំនៅកម្ពុជា អ្នកកាសែតជាតិ និង អន្តរជាតិ និង សិស្សនិស្សិតយ៉ាងច្រើនកុះករ ផងដែរដោយសារតែ រឿងក្តីខាងលើនេះ មានការជាប់ពាក់ព័ន្ធទៅនឹងអនុក្រឹត្យ លេខ ១០១ អនុក្រ.បកចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១២ របស់់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យប៉ះពាល់ដីកម្មសិទ្ធិប្រជាពលរដ្ឋប្រមាណជាង ៧០ ហិកតា នៅតំបន់អតីតបឹងពោងពាយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ និង មានការជាប់ ទាក់ទងជាមួយលោកសមាជិកសភា កែប ជុតិមា អតីតចៅហ្វាយក្រុង រាជធានីភ្នំពេញ និង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនផ្សេងទៀតនោះ។
លោកសុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់កម្ពុជា និងជាមេធាវីការពារក្តីឲ្យ លោកស្រី ឈិន សុគន្ឋារី បានមានប្រសាសន៍ថា៖ ការពន្យាពេលសវនាការនេះ បានប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់លោកស្រី ឈិន សុគន្ធារី និង យឺតយ៉ាវ ក្នុងការស្វែងយុត្តិធម៌ចំពោះគាត់។ លោកបានសំណូមពរឲ្យ ប្រធានចៅក្រមប្រឹក្សា លុបចោលដីកាស្វែងរកចាប់កូន របស់លោកស្រី ឈិន សុគន្ឋារី ជាបណ្តោះអាសន្នផងដែរ។
លោក សុក សំអឿន បានមានប្រសាសន៍ថាៈ « ខ្ញុំ យល់ឃើញថាៈ ការពន្យាពេលសវនាការនេះ បានប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់លោកស្រី ឈិន សុគន្ធារី និង បន្តភាពភាពអយុត្តិធម៌ ចំពោះគាត់។ ហេតុនេះ ខ្ញុំសុំសំណូមពរឲ្យ លោកប្រធានចៅក្រមប្រឹក្សា មេត្តាលុបចោលដីការស្វែងលោកស្រី ឈិន សុគន្ឋារី ជាបណ្តោះអាសន្ន ដើម្បីឲ្យអ្នកស្រីឧកញ៉ាមានសេរីភាពវិញ និងអាចបន្តការងាររបស់វិនិយោគរបស់អ្នកស្រីតទៅទៀត និង អាចសម្រេចសុបិនរបស់អ្នកស្រី ដែលចង់បង្កើតកសិដ្ឋានអភិរក្សសត្វព្រៃខ្នាតអន្តរជាតិមួយ ដែលជាផ្នែកមួយនឹងការលើកកិត្តិស័ព្ទរបស់កម្ពុជា»។
លោកមេធាវី សំអឿន បានបញ្ជាក់ថា លោកគ្រោងនឹងដាក់លិខិត ដើម្បីសុំឲ្យសាលាឧទ្ធរណ៍ ប្រធានចៅក្រមប្រឹក្សា លុបចោលដីកាស្វែងរកចាប់របស់លោកស្រី ឈិន សុគន្ឋារី នៅសប្តាហ៍ក្រោយនេះ។
ចំណែកឯ លោក អ៊ីវ ប៉ូលី មេធាវីម្នាក់របស់លោកស្រី ឈិន សុគន្ធារី បានមានប្រសាសន៍ថាៈ «យុត្តិធម៌យឺតយ៉ាវគឺអយុត្តិធម៌» និង បានសំណូមពរឲ្យ ជាសំណូមពរ សាលាឧទ្ធរណ៍ពិនិត្យមើលចំណាត់ការនៃសំណុំរឿងនេះ និងមេត្តាយោគយល់កំណត់កាលបរិចេ្ឆទសវនការជាថ្មី ក្នុងអំឡុងពេលដ៏ឆាប់សមរម្យមួយ ដែលអាច ទទួលយកបានពីគ្រប់ភាគីនៃសំណុំរឿង។
ពាក់ព័ន្ធនឹងករណីកូនក្តីរបស់គាត់ខាងលើនេះ លោកសុក សំអឿន បានបញ្ជាក់ ភ្នំពេញូ ប៉ុស្តិ៍ ថា តាមមាត្រា ២៥៩ នៃ ច្បាប់ភូមិបាល លោកស្រី ឈិន សុគន្ធារី មិនត្រូវមានពិរុទ្ធភាពទេ ថា៖១-អ្នកស្រីឧកញ៉ា ឈិន សុគន្ធារី ចូលកាន់កាប់ដី ៣៤ហិកតា ដោយការទិញពីអ្នកកាន់កាប់មុន ដូចនេះ បើទោះជា ដីនោះ ជាសម្បត្តិសាធារណៈក៏ដោយ អ្នកស្រីឧកញ៉ា ឈិន សុគន្ធារីមិនត្រូវមានការទទួលខុសត្រូវព្រហ្មទណ្ឌតាមមាត្រា ២៥៩ នោះដែរ នេះបើតាមអត្ថន័យខ្លឹមសារនៃមាត្រា ២៥៩,
២- ពិតតែមានអនុក្រឹត្យ ១០១ បម្លែងដីជាង ៣៤ ផ្លាយហិកតាដែលអ្នកស្រីឧកញ៉ា ឈិន សុគន្ធារី កំពុងកាន់កាប់ ទៅជាសម្បត្តិសាធារណៈ ប៉ុន្តែ ពេលដែលអ្នកស្រីឧកញ៉ា ឈិន សុគន្ធារី ចូលកាន់កាប់នោះ ដីនោះមិនមែនជាដីសាធារណៈនោះទេ ពោលគឺដោយសារអនុក្រឹត្យកំណត់ថាដីនោះជាដីសាធារណៈប៉ុណ្ណោះ ដែលបណ្តាលឲ្យមានការចោទប្រកាន់បែបនេះឡើង,
៣- អនុក្រឹត្យ ១០១ មិនអាចយកជាមូលដ្ឋានសំរាប់ដាក់ទណ្ឌកម្មព្រហ្មទណ្ឌលើសកម្មភាពកាន់កាប់របស់អ្នកស្រីឧកញ៉ា ឈិន សុគន្ធារី ១៣ ឆ្នាំមកហើយនោះបានទេ,
៤-អ្នកស្រីឧកញ៉ា ឈិន សុគន្ធារី មិនអាចមានទោសដោយសារតែ អនុក្រឹត្យ ១០១ ដែលបានកំណត់ថាដីរបស់អ្នកស្រី ជាដីសាធារណៈរបស់រដ្ឋ ក្រោយពីបានកាន់កាប់អស់រយៈកាល ១៣ ឆ្នាំ នោះបានទេ,
៥-ការកំណត់ដីណាមួយជាដីសាធារណៈ គឺជាធាតុផ្សំថ្មីនៃបទល្មើស ដែលមិនត្រូវមានប្រតិសកម្មនោះបានទេ, និង
៦-អនុក្រឹត្យ ១០១ លែងជាធាតុផ្សំនៃបទល្មើស ដែលអាចដាក់ទោសអ្នកកាន់កាប់ដី តទៅទៀតបានហើយ បន្ទាប់ពីមានច្បាប់អនុប្រយោគដាក់ដី ១០៦ ហិកតា ជាដីឯកជន ហើយត្រូវបានដោះដូរជាមួយ បុគ្គលកឯកជន។
លោកមេធាវី សុក សំអឿន ថ្លែងថា៖ «យោងទៅតាមអង្គហេតុ អង្គច្បាប់ និង ការសន្និដ្ឋាន ខាងលើ ប្រសិនបើតុលាការកាត់ក្តី ដោយឯករាជ្យ ខ្ញុំហ៊ានថា អ្នកស្រី ឧកញ៉ា នឹងត្រូវបានតុលាការលើកលែងការចោទប្រកាន់។ ប៉ុន្តែ ពិភពលោក រួមទាំងរដ្ឋាភិបាលកម្ពុជាផង នរណាក៏យល់ថា តុលាការកម្ពុជាត្រូវតែធ្វើការកែទម្រង់ដែរ ដូចនេះខ្ញុំមិនអាចស្មានជាមុនពីការសម្រេចរបស់តុលាការកម្ពុជាបានទេ ជាពិសេសរឿងក្តីដែលពាក់ព័ន្ធនឹងអ្នកមានអំណាច និង ឥទ្ធិពលនោះ»។
លោកកែប ជុតិមា និង មេធាវីការពារក្តី ឈ្មោះ យឹម សារី មិនអាចទង ដើម្បី សុំការបំភ្លឺបានឡើយ នៅថ្ងៃ ព្រហស្បតិ៍ ទី ៧ ខែ វិច្ឆិកា ២០១៣នេះ។
គួររំលឹកថាៈ លោកស្រីឧកញ៉ា ឈិន សុគន្ធារី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ឲ្យមានទោសកំបាំងមុខ ជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៦ខែ ពីបទ««ធ្វើឲ្យប៉ះពាល់លើកម្មសិទ្ធិដីសាធារណៈ» នៅលើដីកម្មសិទ្ធិរបស់គាត់ តាមមាត្រា ២៥៩ នៃ ច្បាប់ភូមិ ដោយសំអាងតែទៅលើ អនុក្រឹត្យ ១០១ ចុះថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១២ តាមអំណាចសាលក្រមលេខ ៨៧ (ខ) ចុះថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១។ បច្ចុប្បន្ននេះ អ្នកស្រី កំពុងរស់នៅគេចខ្លួន និង និរទេសខ្លួន នៅក្រៅប្រទេស ព្រាត់ប្រាស់គ្រួសារ និង កូនចៅ យ៉ាងគួរ ឲ្យសង្វេគជាបំផុត ព្រមមានដីកាស្វែងចាប់ខ្លួនទៀតផង៕
ប្រាប់ហើយថាអត់លុយកុំចង់បានយុតិធម៌
សូមកុំយកពងមាន់ទៅជល់និងថ្ម