អង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ស្នើសុំឲ្យរដ្ឋាភិបាលអាណត្តិថ្មីពិនិត្យមើល និងលុបចោលដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់ លោកឧកញ៉ា ទ្រី ភាព នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ដោយ ជិន ជេដ្ឋា
2013-11-07
RFA
ការស្នើនេះ បន្ទាប់ពីក្រុមការងាររបស់អង្គការនេះ ចុះស៊ើបអង្កេតរយៈពេល ២ថ្ងៃនៅតំបន់នោះឃើញថា ពុំមានការអភិវឌ្ឍអ្វីក្រៅតែពីការកាប់បំផ្លាញព្រៃឈើ និងច្បាមយកដីរបស់ប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិនោះទេ។
នាយក និងក្រុមការងារនៃអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ចំនួន ៣រូប នៅថ្ងៃទី៥ និងថ្ងៃទី៦ ខែវិច្ឆិកា បានចុះទៅពិនិត្យមើលជាក់ស្ដែងអំពីស្ថានភាពរស់នៅ និងបញ្ហាទំនាស់ដីធ្លីនៅភូមិសង្គមថ្មី ភូមិឯកភាព និងភូមិកណ្ដាល នៃឃុំថ្មដា ឃើញថា មានសកម្មភាពរំលោភសិទ្ធិមនុស្សបំផ្លាញផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរក្រុមហ៊ុន អិម.ឌី.អែស។
នាយកអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង មានប្រសាសន៍ថា បញ្ហាដីធ្លីរបស់អ្នកភូមិទាំងបីភូមិ នៃឃុំថ្មដា នេះអាចដោះស្រាយបាន ឬមិនបាន គឺអាស្រ័យទៅលើប្រជាពលរដ្ឋចេះរួបរួមគ្នា និងចេះប្រើប្រាស់សិទ្ធិជាម្ចាស់កម្មសិទ្ធិខ្លួនឯងប៉ុណ្ណោះ៖ «តាំងពីឆ្នាំ២០១០ មក អត់មានការអភិវឌ្ឍអ្វីទាំងអស់ ក្រៅអំពីកាប់ឈើ ក្រៅអំពីជួញដូរគ្រញូង ហើយយកដីប្រជាជនដើម្បីធ្វើជាកម្មសិទ្ធិប៉ុណ្ណឹង សូមឲ្យរដ្ឋាភិបាលលុបសិទ្ធិសម្បទានក្រុមហ៊ុនហ្នឹងចោលតែម្ដង ព្រោះថាមិនមានការអភិវឌ្ឍអ្វីទាំងអស់ ហើយដកហូតដីទៅឲ្យប្រជាជនវិញ។ ប្រសិនរដ្ឋាភិបាលធ្វើមិនបានទេ គឺម្ចាស់ឆ្នោតគាត់ប្រើប្រាស់សិទ្ធិរបស់គាត់ជាម្ចាស់ទឹកម្ចាស់ដីហើយ»។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋជាង ៨០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អិម.ឌី.អែស មកពីភូមិចំនួន៣ គឺភូមិឯកភាព ភូមិកណ្ដាល និងភូមិសង្គមថ្មី នឹងមានតំណាងរបស់ខ្លួនក្នុងមួយភូមិ ២នាក់ឡើង ទៅធ្វើសន្និសីទកាសែតបង្ហាញពីទុក្ខកង្វល់នៅរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខ។
តំណាងអ្នកភូមិកណ្ដាល ម្នាក់ គឺអ្នកស្រី ផាន់ ចាន់ណា ថ្លែងថា ក្រុមអ្នកភូមិដែលមានបញ្ហាដីធ្លីជាង ២០គ្រួសារ នៅក្នុងភូមិរបស់អ្នកស្រី បានសម្ដែងនូវសេចក្ដីត្រេកអរ និងសង្ឃឹមថា ពួកគាត់នឹងទទួលបានដីដែលបានបាត់បង់មកវិញ ក្រោយពីមានការជួយជ្រោមជ្រែងពីអង្គការក្រៅរដ្ឋាភិបាល៖ «គាត់ទៅ គាត់និយាយដែរថា គាត់នឹងសុំទៅសមាគមអាដហុក (Adhoc) អង្គការលីកាដូ (Licadho) អាស៊ីសេរី អីហ្នឹង គាត់នឹងវិភាគ អ៊ីចឹងទៀតនឹងជួយឲ្យបងប្អូនប្រជាជនយើងហ្នឹងបានដីធ្លីវិលមកវិញ»។
ចំណែកឯតំណាងអ្នកភូមិម្នាក់ទៀតនៅភូមិសង្គមថ្មី អ្នកស្រី ឡេង វាន់ឌឿន បន្ថែមថា ក្រោយពីទទួលបានព័ត៌មាននេះ អ្នកស្រីនឹងដើរប្រមូលឈ្មោះ និងទំហំដីរបស់ប្រជាពលរដ្ឋក្នុងភូមិដែលរងផលប៉ះពាល់ពិតប្រាកដ ដាក់ទៅអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ នៅពេលដែលមានសន្និសីទកាសែតនៅថ្ងៃខាងមុខ។
ទាក់ទងនឹងបញ្ហានេះ តំណាងក្រុមហ៊ុន អិម.ឌី.អែស លោក សាន់ សាវិន បញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបានអភិវឌ្ឍតាមគោលការណ៍បានពី ៤០% ទៅ ៥០% ហើយចំពោះការចោទប្រកាន់ថាក្រុមហ៊ុនមិនបានអភិវឌ្ឍអ្វីសោះ ក្រៅពីការជួញដូរឈើគ្រញូង កាប់បំផ្លាញព្រៃឈើ និងរំលោភយកដីរបស់ប្រជាពលរដ្ឋ គឺជារឿងមិនពិត៖ «ប្រជាជនមួយចំនួនដែលគាត់កាប់ទន្ទ្រានកាន់កាប់ ហើយពាក់ព័ន្ធហ្នឹង ទាល់តែលោកស៊ើបប្រវត្តិឲ្យច្បាស់ថា ដីដែលគាត់ចោទប្រកាន់ថាក្រុមហ៊ុនរំលោភដីហ្នឹង គាត់បានមកយ៉ាងម៉េច គាត់បានមកពីការកាប់ទន្ទ្រានដោយខុសច្បាប់ ឬក៏គាត់បានមកពីលក់ដូរដោយមិនស្របច្បាប់»។
លោកបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាលដែលបានចុះទៅអង្កេតជុំវិញបញ្ហានេះ គប្បីផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន ឬតំណាងក្រុមហ៊ុន ដើម្បីចុះពិនិត្យមើលភាពជាក់ស្ដែងរួមគ្នា ជៀសវាងការស្ដាប់ ហើយជឿជាក់តែទៅលើភាគីម្ខាងៗ។
នៅដើមខែវិច្ឆិកា ឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចទំហំជាង ៤ពាន់ហិកតារ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅឲ្យក្រុមហ៊ុន អិម.ឌី.អែស របស់លោកឧកញ៉ា ទ្រី ភាព ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងដាំដំណាំកសិឧស្សាហកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្រុងបន្តចុះវាស់ដីផ្ដល់កម្មសិទ្ធិជូនអ្នកបឹងកក់
- គ្រួសារអ្នកភូមិដែលត្រូវគេបោះពស់វែកចូលផ្ទះស្នើឲ្យតុលាការវែកមុខជនល្មើស
- អង្គការសិទ្ធិមនុស្សមួយប្រកាសស៊ើបអង្កេតលើក្រុមហ៊ុនទទួលដីសម្បទាន
- តុលាការកំពូលគ្រោងបើកសវនាការសំណុំរឿងលោកស្រី យ៉ោម បុប្ផា នៅថ្ងៃ២២
- ផ្ទះពលរដ្ឋក្រីក្រ៣ខ្នងនៅកំពង់ស្ពឺត្រូវជនមិនស្គាល់មុខលួចដុត
- ជនជាតិដើមភាគតិចព័រនៅបាត់ដំបងស្នើឲ្យដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុន
- ពលរដ្ឋខ្លះប្រតិកម្មនឹងការចាប់ជនសង្ស័យ២នាក់ចោទរានយកដីតំបន់ឧទ្យានជាតិបូកគោ
- ខ្សែភាពយន្តឯកសារ «សូម្បីតែសត្វក៏ត្រូវការសំបុក»
- ពស់វែក៣ក្បាលត្រូវគេបោះចូលក្នុងផ្ទះពលរដ្ឋមានទំនាស់ដីនៅបឹងកក់
កុំថាឡើយការស្នើសុំឲ្យរដ្ឋាភិបាលអាណត្តិថ្មីពិនិត្យមើល និងលុបចោលដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់ លោកឧកញ៉ា ទ្រី ភាព នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូម្បីតែប្រធានមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំនិងប្រធានស្រុកប្រតិបត្តិត្បូងឃ្មុំតូចតាចសោះ ហ៊ានបដិសេធអង្គការមនុស្សធម៌និងម្ចាស់ជំនួយដែលចង់ជួយអ្នកជំងឺក្រីក្រមិនព្រមអនុញាតអោយធ្វើសកម្មភាព កត្តាទាំងនេះហើយដែលធ្វើអោយបក្សប្រជាជនបាត់សំលេងឆ្នោតនៅក្រុងសួង៕តើក្រសួងសុខាភិបាលនិងរដ្ឋាភិបាលកែទំរង់យ៉ាងម៉េច????ឆ្លើយប្រាប់មកៗៗៗៗៗៗ?????
Land of people together and Hun Sen’s government has deprived from them for sell to the private company.
People need those land for plants crops and raise up the ox, cows, and other animal
to make the living. So, was Hun Sen born with carrying the land of people for sell?
អាទ្រីភាពជាមនុស្សម្នាក់ក្នុងចំណោមជាច្រើនដែលសកម្មបំផុតក្នុងការកាប់បំផ្លាញព្រៃឈើនៅស្រុកខ្មែរ វាជាមនុស្សម្នាក់ដែលមានឥទ្ធីពលគ្មានអ្នកណាម្នាក់ហ៊ានធ្វើអ្វីវាឡើយ អាជ្ញាធរឮសូរតែឈ្មោះទ្រីភាពគេខ្លាច គេថាមិនហ៊ាន ដូច្នេះការស្នើសុំរបស់អង្គការក្រៅរដ្ឋាភិបាល
វាមិនអាចទៅរួចទេដ៍រាបណាអាខ្វាក់នៅតែកាន់អំណាច។