សឿ សុធា​រ៉ា រំភើប​នឹង​តំណែង​ថ្មី​នៅ​បាយ័ន​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

អ្នកនាង ​សឿ សុធា​រ៉ា(រូបថតដោយ សុម៉ាលីន)

បើ​ទោះ​ជា​តារា​ស្រី​ល្បីឈ្មោះ អ្នកនាង​ សឿ សុធា​រ៉ា បាន​ពុះពារ​ក្នុង​ពិភព​សិល្បៈ​គ្រប់បែបគ្រប់យ៉ាង​បែបណាក៏ដោយ ក៏​អ្នកនាង​ហាក់​មិនសូវ​ទទួលបាន​ការលើក​ស្ទួយ​ទាល់​តែ​សោះ ពី​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ធំៗ ក្នុង​ការសម្ដែង​កុន​ភាគ ក្រោយ​ពេល​សម្រាលកូន​ស្រី​។

អ្នកនាង​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ការងារ​នេះ អស់​ច្រើន​ឆ្នាំ ដោយសារ​តែ​រលក​នៃ​តារា​ចំណូល​ថ្មី​។ អញ្ចឹង​ហើយ ទើប​អ្នកនាង រំភើបចិត្ត​យ៉ាងខ្លាំង នៅពេល​និយាយ​ដល់​តំណែង​ថ្មី ដែល​ស្ថានីយទូរទស្សន៍​បាយ័ន ទើប​ប្រគល់ឲ្យ នា​ពេល​ថ្មីៗ​។

តាមរយៈ​សារ​អេឡិចត្រូនិក ឆ្លងឆ្លើយ​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន VOD អ្នកនាង​ សឿ សុធា​រ៉ា បាន​ប្រាប់ឲ្យដឹង​ថា តំណែង​ធំ​ដែល​អ្នក​នាង​បាន​ទទួល​ពី​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នោះ គឺ​តំណែង​តួឯក ក្នុង​ខ្សែ​រឿង​ភាគ​ថ្មី​មួយ ដែល​នឹង​ត្រៀម​ចាក់​ផ្សាយ​ជា​សាធារណៈ​ក្នុង​ពេល​ដ៏​ខ្លី​។ ខ្សែ​រឿង​ដែល​អ្នកនាង​បាន​ទទួល​សម្ដែង​ជា​តួឯក​នោះ មាន​ចំណងជើង​ថា «​ស្រមោល​ស្នេហ៍​អតីត​» ដោយ​បាន​សម្ដែង​សុទ្ធតែ​ជា​មួយ​តារា​ល្បីឈ្មោះ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​។ អញ្ចឹង​ហើយ ទើប​អ្នកនាង​យល់ថា នោះ​ជា​មោទនភាព​មួយ​ដ៏​ធំ ដែល​ស្ថានីយទូរទស្សន៍ ដ៏​មាន​សក្កា​នុព​ល កំពុង​ធ្វើឲ្យ​អ្ន​កនាងទទួលបាន​នូវ​មុខ​មាត់ដែល​ធ្លាប់​កប់​បាត់ ឲ្យ​ងើប​ឡើងវិញ​។

នៅ​ទូរទស្សន៍​បាយ័ន អ្នកនាង​មិនដែល​បាន​សម្ដែង​រឿង​ភាគឲ្យ​នោះឡើយ បើទោះជា​កន្លងមក អ្នក​នាង​បាន​ឈរជើង​ក្នុង​តំណែង​ជា​តារា​សម្ដែង​លំដាប់​ជួរមុខ តាំងពី​មុន​រៀបការ និង​មាន​ទំនាក់ទំនង​ល្អ​ជាប់​រហូត ជាមួយ​ប៉ុស្ដិ៍​នេះ តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​។ ក្នុងពេល​ជោគជ័យ អ្នកនាង​ច្រើន​សម្ដែង​ឲ្យ ស្ថានីយទូរទស្សន៍​CTN និង​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ផ្សេងទៀត​ច្រើនជាង ដែល​កាលនោះ គេ​ចាប់បាន​ថា ខ្សែ​រឿង​«​ស្នាម​ស្នេហ៍​សមុទ្រ​រាម​» របស់​អ្នកនាង គឺ​ផ្ទុះ​ខ្លាំង​ហួស​ពី​ការ​ស្មាន​តែ​ម្ដង នៅ​ក្នុង​ពិភព​សម្ដែង​។ ត្រលប់​មក​កាន់​ខ្សែ​រឿង «​ស្រមោល​ស្នេហ៍​អតីត​» នេះ​វិញ គឺ​អ្នកនាង​ត្រូវ​គេ​ឲ្យ​សម្ដែង​ជា​តួ​កម្សត់​ហូរ​ទឹកភ្នែក ដោយ​មាន​ឈុត​ជាច្រើន បង្ហាញ​ពី​ការតស៊ូ និង​ភាពចម្រូងចម្រាស់ ដែល​បង្ក​ដោយ​មនុស្ស​នៅ​ជុំវិញខ្លួន​។ ឈុត​សម្ដែង​ដែល​បាន​សម្ដែង​រួចមក​ហើយ​ក្នុង​រឿងនេះ សុទ្ធតែ​មាន​ភាព​ពិបាក​ទាំងអស់ ប៉ុន្តែ​វា​មិន​ចោទ​ចំពោះ​អ្នកនាង​នោះទេ ដោយសារ​តែ​ឈុត​ឆាក​ភាគច្រើន ហាក់​នៅ​ស្ទើរ មិនទាន់​ស្មើនឹង​ឈុត​ពិបាក​ដែល​អ្នក​នាង​ធ្លាប់​ឆ្លងកាត់ ក្នុង​ពេល​អ្នក​នាង​សម្ដែង​រឿង​ជក់​សូរ​កាលពី​មុន​នោះ​ផង​។ គាប់​ជួន​ជា​អ្នកនាង​បានរួម​ការងារ សុទ្ធតែ​ជា​មួយ​ផលិតករ​ជើងចាស់ និង​ជាមួយ​តារាៗ ដែល​មាន​បទពិសោធន៍​ក្នុង​ការសម្ដែង​ខ្ពស់​ផង ទើប​កាន់តែ​ធ្វើឲ្យ​អ្នកនាង​សប្បាយចិត្ត មាន​មោទនភាព និង​យល់​ថា ក្នុង​រឿង​ទាំងមូល បើទោះជា​មាន​ឈុត​ពិបាក​កម្រិតណា ក៏​មិនមែន​ជា​ឧបសគ្គ​។

មួយ​រយៈ​នេះ អ្នកនាង​ប្រាប់ថា ទទួល​អារម្មណ៍​ស្រស់ស្រាយ​សម្បើម​ណាស់ ទើប​អ្នក​នាង​មាន​កម្លាំង​បង្ហោះ​រូបថត​ថ្មីៗ​ជា​ប្រចាំ​នៅ​លើ​ Facebook ជាពិសេស​រូបថត ពាក់ព័ន្ធ​នឹង​សកម្មភាព​ថត​រឿង​ថ្មី​ដែល​ទើប​ទទួល​បាន​លើក​ដំបូង​នៅ​បាយ័ន​នេះ​។ សឿ សុធា​រ៉ា រំពឹង​ថា​ ខ្សែ​រឿង​«​ស្រមោល​ស្នេហ៍​អតីត​» នឹង​ទទួលបាន​ជោគជ័យ ក្នុង​ពេល​ចាក់​បញ្ចាំង បើ​ទោះ​ជា​រឿង​នោះ មិនមែន​ជា​រឿង​បែប​កំប្លែង ដែល​មហាជន​ភាគច្រើន​កត់សម្គាល់ថា ហាក់​មាន​ឥទ្ធិពល​ស្រូប​ទាញ​អ្នកទស្សនា​បាន​ច្រើន​ជាង​នោះ​ក៏ដោយ​។ ការងារ​របស់​អ្នកនាង កំពុង​បន្សាប និង​បង្វែ​ក​ការចាប់អារម្មណ៍​ជុំវិញ​ដំណឹង​បែកបាក់​ស្នេហ៍​របស់​អ្នកនាង ឲ្យ​ងាក​មក​កាន់​ការងារ​សិល្បៈ ដែល​អ្នកនាង​កំពុង​ទទួល​នេះ​វិញ​។

សឿ សុធា​រ៉ា ប្រាប់ថា រឿង​ពាក្យ​ចចាមអារ៉ាម សុំ​មិន​ខ្វល់​នោះទេ គឺ​ទោះជា​អ្នកណានៅ​តែ​យល់​យ៉ាងម៉េច​ក៏ដោយ ប៉ុន្តែ​អ្វី​ដែល​អ្នកនាង​បារម្ភ ហើយ​ត្រូវ​ប្រឹងប្រែង​បំផុត គឺ​ខំ​សម្ដែង​ឲ្យបាន​ល្អ ក្នុង​រឿង​ភាគ​ថ្មី​នេះ​ប៉ុណ្ណោះ ដើម្បី​កុំឲ្យ​ទស្សនិកជន​ខកចិត្ត និង​កុំ​ឲ្យ​មន្ត្រី​របស់​ទូរទស្សន៍​បាយ័ន ខក​បំណង​។

ខ្សែ​រឿងនេះ ត្រូវ​គេ​រំពឹងថា នឹង​ជួយ​ឲ្យ​អ្នកនាង​ឈាន​ឡើង​មួយ​កម្រិត ប៉ុន្តែ​មិន​ដល់​ស្ទុះ​ដល់​កំពូល​ដូចដើម​ ឬ​យ៉ាងណា​នោះទេ ក្នុងពេល​ដំណើរ​ការចាក់ផ្សាយ​នៅ​មិនទាន់​លេចឡើង​បែបនេះ​៕

សូមសរសេរមកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ  vongsomalin@yahoo.com


What Next?

Recent Articles

2 Responses to "សឿ សុធា​រ៉ា រំភើប​នឹង​តំណែង​ថ្មី​នៅ​បាយ័ន​"

  1. Sar says:

    This actress is my supper star but if she doesn’t do good thing as the same an other stars I would not be oppologize to u ,,,, like and support your family ,,,, keep in touch with you ,,,,, thankssss

  2. Rithea says:

    I wish you good luck. and successful with your new position in Bayon TV, Sotheara, bye………