Friday, 08 November 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រោយធ្វើពិធីកាត់ចំណងដៃស្នេហាជាមួយនឹងលោក សាត ចាន់ថន កាលពីថ្ងៃ ទី២៧ ឧសភា ឆ្នាំ ២០១៣ ដើម្បីជម្រះមន្ទិលសង្ស័យថា កន្លងមកនាងមានស្នេហ៍ត្រីកោណជាមួយមន្ត្រីពាក់ផ្កាយលើស្មានោះ គេបានដឹងថា តាំងពីថ្ងៃនោះមក លី ម៉ារីណា បានបាត់ខ្លួនពីសង្គមសិល្បៈជាថ្មី។ ការបាត់ដំណឹងសូន្យឈឹងនេះ ត្រូវបានមហាជនលើកឡើងថា តើ លី ម៉ារីណា សម្ងំលាក់ខ្លួននៅ ភ្នំពេញ សាងស្នេហ៍ជាមួយមន្ត្រីពាក់ផ្កាយ ឬក៏នាងត្រឡប់ទៅអាមេរិកវិញ។
ការវិលមកពីអាមេរិករបស់ លី ម៉ារីណា ជាមួយនឹងលោក សាត ចាន់ថន កាលពីថ្ងៃ ទី១១ កុម្ភៈ ហើយបានធ្វើពិធីកាត់ចំណងដៃនោះ ត្រូវបានគេគិតថា ជាឆាកល្ខោនតែប៉ុណ្ណោះ ខណៈក្រោយចប់ពិធីនោះមិនបានប៉ុន្មានផង លោក សាត ចាន់ថន ក៏បានវិលទៅអាមេរិកវិញយ៉ាងប្រញាប់ប្រញាល់ ទុកឲ្យ លី ម៉ារីណា នៅ ភ្នំពេញ តែម្នាក់ឯងនោះ។
ភាពសង្ស័យនេះស្របគ្នានឹង ការលើកឡើងរបស់ស្ត្រីអនាមិកម្នាក់ដែលគេគិតថា ជាជំទាវម្នាក់បានទម្លាយឲ្យដឹងថា លោក សាត ចាន់ថន មិនមែនជាប្តី ឬក៏គូដណ្តឹងរបស់ លី ម៉ារីណា ទេ តាមពិត សាត ចាន់ថន គ្រាន់តែជាតួត្លុកម្នាក់ ដែលគេបានជួលឲ្យដើរតួជាប្តីនាងតែប៉ុណ្ណោះ។
នៅពេលនេះ ទស្សនិកជនដែលធ្លាប់តែសរសើរពីទេពកោសល្យសិល្បៈរបស់នាងបានលើកឡើងជាសំណួរគ្នាថា តើ លី ម៉ារីណា ទៅណាបាត់ហើយ? តើនាងនៅសម្ងំលាក់ខ្លួននៅ ភ្នំពេញ ឬក៏ទៅអាមេរិកតាមលោក សាត ចាន់ថន ? សំណួរទាំងនេះមិនទាន់មានអ្នកណាម្នាក់អាចបកស្រាយបានទេ ខណៈមិនអាចទាក់ទង លី ម៉ារីណា បាននោះ។ ចំណែកឯមិត្តជិតស្និទ្ធរបស់នាងនៅក្នុងពិភពសិល្បៈក៏មិនមានអ្នកណាម្នាក់ដឹងពីវត្តមានរបស់តារារូបនេះដែរ។
អ្នកសិល្បៈមាន ទំនាក់ទំនងជិតស្និទ្ធជាមួយនឹង លី ម៉ារីណា ម្នាក់បានឲ្យដឹងថា ខ្លួនក៏មិនដឹង លី ម៉ារីណា បាត់មុខទៅណាដែរ ព្រោះក្រោយធ្វើពិធីកាត់ចំណងដៃរួចនាងក៏បាត់ទំនាក់ទំនងឈឹងតែម្តង។ រីឯអ្នកសិល្បៈម្នាក់ទៀត បានឲ្យដឹងថា ខ្លួនមានកម្មវិធីផ្ទាល់ខ្លួនមួយកាលពីពេលកន្លងមក និងចង់ហៅ លី ម៉ារីណា មកចូលរួមព្រោះធ្លាប់ជាអ្នករាប់អានគ្នា ដឹងពីគ្នា តែមិនដឹងយ៉ាងម៉េចទាក់ទងមិនបានសោះ ហើយក៏មិនដឹងនាងនៅឯណាឲ្យច្បាស់ទេ។
នៅក្នុងពេលធ្វើពិធីកាត់ចំណងដៃកាលពីខែ ឧសភា លី ម៉ារីណា បានឲ្យដឹងថា ប្តីរបស់នាង គឺលោក សាត ចាន់ថន នឹងត្រឡប់ទៅកាន់សហរដ្ឋអាមេរិកមុន រីឯរូបនាងនឹងនៅកម្ពុជាម្នាក់ឯងសិន ហើយនាងនឹងទៅអាមេរិកតាមក្រោយ។
លី ម៉ារីណា បាននិយាយនៅពេលនោះថា៖ «កាលដែលខ្ញុំមកស្រុកខ្មែរជាមួយនឹងស្វាមីនេះ គឺមកលេងផង ហើយមានបំណងមួយចង់មើលពីការរកស៊ីនៅស្រុកខ្មែរផង ហើយបើមាន [កន្លែងរកស៊ី] មែនខ្ញុំចង់មករកស៊ី និងរស់នៅស្រុកខ្មែរវិញ ដោយយើងទៅមកៗ ប្រហែលជាខ្ញុំអត់រស់នៅអាមេរិករហូតទេ។ មុននេះមានគេថា ខ្ញុំប្រុងបើកកន្លែងរកស៊ីនាំចូលផលិតផលដ៏ធំមួយនោះ តែខ្ញុំសុំបញ្ជាក់ថា ខ្ញុំអត់ទាន់មានគម្រោងរកស៊ីអ្វីនៅឡើយទេ។ ឥឡូវនេះយើងកំពុងរកកន្លែង រកទីតាំងសិន បើសិនជាអាច អាចទៅមុខរួចស្វាមីខ្ញុំនឹងរៀបចំឲ្យខ្ញុំរកស៊ីនៅស្រុកខ្មែរ ហើយស្វាមីខ្ញុំគាត់នឹងឡើងចុះខ្មែរអាមេរិក»។
តែយ៉ាងណា នៅពេលនេះ មិនទាន់ឃើញនាងធ្វើអ្វីចេញជារូបរាងផង ក៏ស្រាប់តែបាត់ខ្លួនឈឹងតែម្តង។ ទស្សនិកជនសង្ស័យថា នាងអាចនឹងឡើងទៅអាមេរិកតាមប្តីបាត់ហើយ ព្រោះនាងធ្លាប់ប្រាប់ថា ក្រោយបោះឆ្នោតរួចនាងនឹងទៅអាមេរិកវិញ។ តែមួយចំនួនទៀតសង្ស័យថា នាងអាចនឹងលាក់ខ្លួននៅ ភ្នំពេញ សាងស្នេហ៍លាក់បាំងជាមួយនឹងមន្ត្រី មានអំណាចដែលគេធ្លាប់ដឹងកន្លងមក។ ទោះបីយ៉ាងណា មហាជនទាំងអស់រង់ចាំការចេញមុខបកស្រាយរបស់តារារូបនេះ។
គួរ បញ្ជាក់ថា ជំហានដំបូងក្នុងសិល្បៈ ដោយសារ លី ម៉ារីណា នៅក្មេងខ្ចីមានរូបសម្រស់មិនចាញ់ផ្កាក្រពុំនោះ នាងក៏ក្រសោបបានភាពល្បាញល្បីមួយរំពេច ហើយមិនបានប៉ុន្មានផង នាងក៏រៀបការជាលើកដំបូងជាមួយលោក ទិត ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍ បាយ័ន សព្វថ្ងៃ កាលពីដើមខែ មករា ឆ្នាំ ២០០៦ តែតារារូបនេះរួមរស់ជាមួយគ្នាបានតែ ២៩ ថ្ងៃក៏បែកបាក់គ្នា ហើយនាងក៏បានរស់នៅក្នុងភាពជាមេម៉ាយក្តៅស្រួយអស់ពេល ៥ឆ្នាំ ទើបសម្រេចចិត្តភ្ជាប់ពាក្យជាមួយអាណិកជនអាមេរិកលោក សាត ចាន់ថន អាយុ ៤០ឆ្នាំ កាលពីឆ្នាំ ២០១០។ ប៉ុន្តែការភ្ជាប់ពាក្យនោះត្រូវបានទម្លាយថាគ្រាន់តែជាស្រោមមុខពាក់ដើម្បីបិទបាំងការពិតប៉ុណ្ណោះ ពោលគឺការពិតនាងបានភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយមន្ត្រី មានអំណាចម្នាក់។ តែយ៉ាងណា ដើម្បីលុបបំបាត់ភាពសង្ស័យទាំងឡាយដែលកើតឡើងលើរូបនាងនោះ លី ម៉ារីណា បានរៀបចំពិធីកាត់ចំណងដៃមួយ តែក្រោយធ្វើចប់ នាងក៏បាត់ខ្លួនដោយគ្មានដំណឹងដែលនាំឲ្យការសង្ស័យនោះកើតឡើងជាថ្មី៕
Why her friend don’t call and ask her fake husband, Sat Chantorn? Don’t need to figure it out where is this Slot? It sucks!
No slot is slut…