វិភាគ៖ ឱសាន​វាទ​​របស់​​ CNRP​​ អាច​​មាន​​ប្រសិទ្ធ​ភាព ឬ​​ទម្ងន់​​ទៅ​លើ​​ CPP ​​ទេ​?​

ដោយ៖​ ដួង សុខា​
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013​
http://vodhotnews.com

ជំនួបចរចាលើកទីពីររវាង​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ​គណបក្ស​​ទាំង​ពីរ (រូបថត ញឹម សុខន)

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​(CNRP) ដាក់​​ឱសាន​វាទ​​ឲ្យ​​គណបក្ស​​ប្រជាជន​​កម្ពុជា​(CPP) នៅត្រឹម​​ចុងឆ្នាំ​​នេះ ដើម្បី​​ចរចា​​ដោះ​ស្រាយ​​វិបត្តិ​នយោបាយ​​ដែល​​កើត​​មាន​​ក្រោយ​​ការ​បោះ​ឆ្នោត​​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែកក្កដា​។ គណបក្ស​សង្គ្រោះ​ជាតិព្រមាន​ថា ខ្លួន​​នឹង​ឈប់​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច ប្រសិនបើ​គណបក្ស​នេះ​មិន​ទទួលយក​លក្ខខណ្ឌ​ចរចា​របស់​ខ្លួន​។​

​អនុប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ លោក កឹម សុខា ប្រកាស​បែប​នេះ​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ពោល​គឺ​មួយ​ថ្ងៃ បន្ទាប់​ពី​ក្រុម​ការ​ងារ​​បច្ចេក​ទេស​​គ​ណ​បក្ស​​ឈ្នះ​​ឆ្នោត​​ទាំង​​ពីរ​​ជួប​​​ពិភាក្សា​គ្នា នៅ​វិមាន​រដ្ឋ​សភា ប៉ុន្តែ​ជំនួប​បិទទ្វារ​នេះ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទ្បើយ​។ លោក កឹម សុខា ឲ្យ​ដឹង​ដែរថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បដិសេធ​ស៊ើបអង្កេត​ពី​ភាពមិន​ប្រក្រតី​នៃ​ការបោះឆ្នោត គណបក្ស​លោក​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុ​កម្ម​​កាន់តែ​ធំ និង​មាន​រយៈពេល​យូរ​ជាង​មហា​បាតុកម្ម​កន្លងមក​។​

​ឱសានវាទ​របស់​គណ​បក្ស​សង្គ្រោះ​​ជាតិ ត្រូវបាន​ប្រធាន​គណៈកម្មាធិការ​​នាយក​អង្គការ​​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុម​​ហ្វ្រែល​(Comfrel) លោក ធន សារាយ គិត​ថា​​ប្រហែល​មិន​មាន​ប្រសិទ្ធិភាព​ទេ ដោយសារ​គណបក្ស​កាន់អំណាច​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​ចុះ​ញ៉ម​ទៅនឹង​គំនាប​របស់​​គណបក្សប្រឆាំង​ទ្បើយ​៖

​លោក​លើកទ្បើង​បែបនេះ ដោយសារ​កន្លងមក លោក​សង្កេត​ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​បី​លើក​មក​ហើយ ដើម្បី​ទាម​ទារ​​រក​​យុត្តិ​​ធម៌ និង​ការពិត​ជូន​ម្ចាស់​ឆ្នោត ប៉ុន្តែ​គណបក្សកាន់អំណាច​នៅតែ​ច្រាន​ចោល​ការទាមទារ​នេះ​។​

​ក្នុង​ការចរចា​​នយោបាយ​ជាមួយ​​គណបក្ស​កាន់អំណាច គណបក្ស​​សង្គ្រោះ​ជាតិ​លើក​របៀបវារៈ​៣​ចំណុច ទី​១​គឺ​ការទាមទារ​ឲ្យមាន​ការបង្កើត​គណៈ​កម្មកា​រ​​ឯករាជ្យ​ស៊ើបអង្កេត​ពី​​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ទី​២ ការស្នើឲ្យ​ថ្នាក់ដឹកនាំ​ទាំង​៩​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប លាលែង​តំណែង​។ ចំណុច​ទី​៣ គឺ​ការទាមទារ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ផ្អែក​តាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អង្គការ​ខុមហ្វ្រែល និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ហៅ​កាត់ NDI​។​

​អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍន៍​សង្គម លោក កែម ទ្បី វិភាគ​ថា ការ​ដាក់​ឱសានវាទ​មិនមែន​ជា​ជម្រើស​ល្អ​ទេ ពីព្រោះ​ការចរចា​នយោបាយ ដើម្បី​ប្រយោជន៍​ជាតិ​ធំៗ គឺ​ត្រូវការ​ពេលវេលា ៖

​លោក​កែម ទ្បី លើក​ទ្បើង​ពី​ជម្រើស​មួយ ដែល​លោក​គិតថា​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ការព្រម​ទទួលយក​លទ្ធផល​បោះ​ឆ្នោត​​ដែល​​ប្រកាស​​ដោយ គ​.​ជ​.​ប គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៦៨​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៥៥​អាសនៈ​។ ប៉ុន្តែ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ដាក់​លក្ខខណ្ឌ​ទៅឲ្យ​គណបក្សកាន់អំណាច គឺ​ការផ្លាស់ប្តូរ​សមាសភាព​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន និង​ការស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​​នៃ​ការបោះឆ្នោត ដែល​ប្រជាពលរដ្ឋ​ចង់បាន​។​

​លោក​ក៏​បង្ហាញ​ជម្រើស​មួយ​ទៀត ដែល​លោក​យល់ថា​ជា​ជម្រើស​សមស្រប​សម្រាប់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ជាជាង​ការដាក់​ឱសានវាទ គឺ​ការ​ទទួល​យក​​តំណែង​​នៅ​​រដ្ឋសភា​៖

​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ បដិសេធ​ជាច្រើនលើក​ចំពោះ​ការទាមទារ​ឲ្យមាន​ការសើរើ​លទ្ធផល​បោះឆ្នោ​ត ក្រៅ​ក្របខណ្ឌ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​។ គណបក្ស​នេះ​បកស្រាយ​ថា ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​ហើយ​នូវ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​លើកទ្បើង​ថា គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​មិន​ឯករាជ្យ ដោយ​បំពេញ​ការងារ​លម្អៀង​ទៅ​រក​គណបក្ស​​ប្រជាជន​កម្ពុជា​។​

​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ច​រ​ចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ព្រុំ សុខា ប្រាប់​VOD​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឲ្យ​ការចរចា​ទទួលបាន​ដំណោះស្រាយ​ពិតប្រាកដ គណបក្ស​នេះ​មិន​គួរ​ដាក់​ឱសានវាទ​បែបនេះ​ទេ​៖

លោក​បន្តថា ការស្នើ​ឲ្យមាន​ការលាលែ​ង​តំណែង​របស់​ថ្នាក់ដឹកនាំ គ​.​ជ​.​ប គឺ​ត្រូវ​ធ្វើ​ទ្បើង​តាម​ផ្លូវច្បាប់​៖

លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បើកចំហ​ចំពោះ​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ របៀបវារៈ​ចរចា​របស់​គណបក្ស​ប្រជាជន​​កម្ពុជា គឺ​ត្រូវ​ផ្អែក​លើ​សេចក្តី​ការណ៍​រួម​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​បាន​ព្រមព្រៀង​គ្នា​នឹង​បង្កើត​យន្តការ​មួយ ដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត​នាពេលខាងមុខ​៕

សរសេរមកកាន់​លោក ដួង សុខា​ តាមរយៈ duong.sokha@vodhotnews.com


What Next?

Recent Articles

4 Responses to "វិភាគ៖ ឱសាន​វាទ​​របស់​​ CNRP​​ អាច​​មាន​​ប្រសិទ្ធ​ភាព ឬ​​ទម្ងន់​​ទៅ​លើ​​ CPP ​​ទេ​?​"

  1. kobe says:

    តាមយោបល់កែម ឡី មាន ហ៊ុន សែន អត់ សម រង្សី ឬ អត់ សម រង្សី មាន ហ៊ុន សែន

  2. 23 October says:

    this option will be not successful. I think that Mr. Sar Kheng should be a prime minister candidate but Hun Sen will not agree with this option

  3. yuon says:

    Sor Kheng? :DDD

  4. Reak says:

    តើបុរសខ្លាំងនៅកម្ពុជា អាចនឹងចាប់អារម្មណ៍ការវិភាគរបស់លោក កែម ឡី ឬទេ?