Friday, 08 November 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសប្រាប់គណបក្សនយោបាយទាំងអស់ឲ្យត្រៀមរៀបចំបញ្ជីសមាជិក ដើម្បីចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាស្រុក និងខេត្តក្រុង ដែលនឹងប្រព្រឹត្តធ្វើឡើងនៅខែឧសភា ឆ្នាំក្រោយ។
ប៉ុន្តែ លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការឃ្លាំមើលការបោះឆ្នោត (ខុមហ្វ្រែល) បានហៅការបោះឆ្នោតនេះគឺជាការបោះឆ្នោតគ្មានន័យ ហើយចំណាយប្រាក់ច្រើនគ្មានប្រយោជន៍ ដោយអះអាងថា ប្រទេសប្រជាធិបតេយ្យ គ្មានប្រទេសណាប្រើប្រាស់ប្រព័ន្ធបោះឆ្នោតបែបនេះទេ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា គ.ជ.ប នឹងរៀបចំការបោះឆ្នោតមិនសាកល នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៤ ហើយបេក្ខជនដែលអាចឈរឈ្មោះជាសមាជិកក្រុមប្រឹក្សា ស្រុក/ខណ្ឌ និងខេត្ត/ក្រុង ជាសមាជិកក្រុមប្រឹក្សាកាន់តំណែង ឬសមាជិកគណបក្ស ហើយបុគ្គលដែលអាចបោះឆ្នោតពួកគេត្រូវតែជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់។
លោក ទេព នីថា បានបញ្ជាក់ថា៖«បោះឆ្នោតតែមួយថ្ងៃរួមគ្នា គឺសន្លឹកឆ្នោតពីរ និងហិបឆ្នោតពីរ។ សន្លឹកឆ្នោតមួយសម្រាប់ក្រុមប្រឹក្សាខេត្ត/ក្រុង សន្លឹកឆ្នោតមួយទៀតគឺសម្រាប់ក្រុមប្រឹក្សាស្រុក/ខណ្ឌ។ ពេលគេចូលក្នុងការិយាល័យបោះឆ្នោត គេយកសន្លឹកឆ្នោតមួយដើម្បីបោះឆ្នោតឲ្យក្រុមប្រឹក្សាស្រុក/ខណ្ឌ បន្ទាប់មក គេទៅតុមួយទៀត ដែលគេយកសន្លឹកឆ្នោតបោះក្រុមប្រឹក្សាខេត្ត/ក្រុង ដើម្បីដាក់ចូលក្នុងហិបឆ្នោតមួយទៀត»។
លោក នីថា បានបន្ថែមថា ក្នុងរយៈពេល ៤ ឆ្នាំ នៃអាណតិ្តទី ១ មានសមាជិកក្រុមប្រឹក្សាខេត្ត/ក្រុងជាង ៣០០ នាក់ និងមានសមាជិកក្រុមប្រឹក្សាស្រុក/ខណ្ឌ ២៨០០ នាក់ ហើយសម្រាប់អាណតិ្តទី ២ រដ្ឋាភិបាលមិនកំណត់ចំនួនបេក្ខជនឈរឈ្មោះទេ។ លោកបានបញ្ជាក់ទៀតថា រដ្ឋាភិបាលកំណត់រយៈពេល ១២០ ថ្ងៃសម្រាប់គណបក្សនយោបាយរៀបចំបញ្ជីបេក្ខជនសម្រាប់ករបោះឆ្នោតនេះ មុនថ្ងៃបោះឆ្នោតថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៤។
លោក គល់ បញ្ញា បានថ្លែងថា៖ «[ប្រទេសដទៃទៀត] គេប្រើប្រាស់ប្រព័ន្ធបោះឆ្នោតមិនសាកលផងដែរ ប៉ុន្តែការបោះឆ្នោតគឺជាការបោះឆ្នោតបុគ្គល។ នេះមានន័យថា អ្នកបោះឆ្នោតពេញចិត្តនឹងអ្នកដែលគេបោះឆ្នោតឲ្យ បើទោះបីជាគាត់នៅក្នុងគណបក្សណាក៏ដោយ ប៉ុន្តែ ពេលយើងប្រើប្រព័ន្ធនេះបោះឆ្នោតគណបក្សតាមលក្ខណៈសមាមាត្រនោះ វាគ្មានន័យទេ«។
លោក បញ្ញា បានពន្យល់ថា អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សដទៃទៀតត្រូវតែបោះឆ្នោតឲ្យគណបក្សរបស់ខ្លួន ព្រោះ គេជាសមាជិកគណបក្សដូច្នេះ ប្រទេសដទៃទៀតមិនដែលប្រើប្រព័ន្ធមិនផ្ទាល់បែបនេះទេ។
លោក យ៉ែម បញ្ញារិទ្ថ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សរបស់លោកមិនបានគិតអំពីការបោះឆ្នោតនេះទេ ដោយលោកថា គណបក្សកំពុងផ្តោតលើបញ្ហានៃការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា ដែលពុំទាន់បានដោះស្រាយ ហើយគណបក្សសង្គ្រោះជាតិកំពុងទាមទារឲ្យសមាជិក គ.ជ.ប លាលែង ដើម្បីឲ្យការបោះឆ្នោតអាចសេរី និងយុត្តិធម៌។
លោក អ៊ក គឹមហាន នាយកខុទ្ទកាល័យគណបក្សប្រជាជននៃនាយករដ្ឋមជ្ឈឹមស្ថិតិ បានថ្លែងថា គណបក្សរបស់លោកកំពុងត្រៀមលក្ខណៈចូលរួមក្នុងការេបោះឆ្នោតក្រុមប្រឹក្សាស្រុក/ខណ្ឌ និងខេត្ត/ក្រុង និងថា គណបក្សប្រជាជននឹងគោរពតាមច្បាប់ និងអនុវត្តតាមការកំណត់របស់គ.ជ.ប។
ទាក់ទងនឹងការរិះគន់របស់លោក គល់ បញ្ហា លោក អ៊ក គឹមហាន បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយទេ ដោយលោកថ្លែងថា អ្វីដែលលោកបញ្ញានិយាយ វាជាសិទិ្ធរបស់គាត់៕ TK
PLEASE STOP THIS KIND OF WORK THAT YOU TRAYING TO DO.DO YOU REALIES THAT YOU HAVE BEEN MAKING ALOT OF TROUBLE IN CAMBODIA. SHAME ON YOU YOU ARE THE ONE SHOULT GO TO INTERNATIONAL COURT AND FINE OUT HOW GUILTY YOU ARE.I DO NOT UNDERSTAND WHY CNRP NOT GOING AFTER YOU.YOU ARE THE ONE THAT CAUSE ALL THIS CONFLICT THAT IS THE ASPECTS OF PPLE DAILY LIVES. PEACE CAMBODIA