ថ្ងៃ ចន្ទ 18 វិច្ឆិកា 2013
ដោយ អ៊ឹម រចនា
RFI
ដើម្បីឆ្លើយតបនឹងការកើនឡើងនៃចំនួនប្រជាជនក្នុងរាជធានីភ្នំពេញសព្វថ្ងៃ សាលារាជធានីភ្នំពេញ កំពុងសិក្សាលើគម្រោងបង្កើតខណ្ឌពី៣ទៅ៥បន្ថែមទៀត។ ការបង្កើតខណ្ឌបន្ថែមនេះ ត្រូវបានស្វាគមន៍ដោយអង្គការសង្គមស៊ីវិល។ សង្គមស៊ីវិល ដែលទន្ទឹមគ្នានោះ ក៏បានបង្ហាញពីក្ដីព្រួយកង្វល់ខ្លះដែរ អំពីការចំណាយរបស់រដ្ឋាភិបាល។

ភូមិសាស្ត្រខណ្ឌទាំង៩ របស់រាជធានីភ្នំពេញ (Wikipedia)
អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិនៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះថា សាលារាជធានីភ្នំពេញ កំពុងសិក្សាលើគម្រោងបង្កើតខណ្ឌមួយចំនួនបន្ថែមទៀត។ គម្រោងបង្កើតខណ្ឌថ្មី ៣ ឬ ៥ ត្រូវបានលោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បញ្ជាក់ថា កំពុងតែត្រូវបានសិក្សា ដោយក្រុមការងារនៃសាលារាជធានីភ្នំពេញ។
ការបង្កើតខណ្ឌថ្មីនៅភ្នំពេញ តម្រូវឲ្យមានការសិក្សាពីលទ្ធភាព ភូមិសាស្ត្រ ប្រជាសាស្ត្រ សក្ដានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។ នេះបើតាមប្រសាសន៍លោកឡុង ឌីម៉ង់។ គម្រោងស្ថិតនៅក្នុងការសិក្សាក៏ពិតមែន តែអ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ ឲ្យដឹងថា វានៅមិនយូរទៀតទេ ព្រោះសាលារាជធានី ប្រញាប់សុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ។
ការបង្កើតខណ្ឌបន្ថែមនៅភ្នំពេញនេះ ត្រូវបានស្វាគមន៍ដោយលោកចាន់ សូវ៉េត មន្ដ្រីផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ មន្ដ្រីអង្គការសង្គមស៊ីវិលរូបនេះ មានប្រសាសន៍ថា ស្ថិតិកំណើនប្រជាជននៅក្នុងក្រុងភ្នំពេញរហូតមកទល់ពេលនេះ មានជិតដល់៣លាននាក់ហើយ ហើយការបង្កើតខណ្ឌថ្មីៗបន្ថែមទៀត អាចបង្កភាពងាយស្រួលក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងបែបបទរដ្ឋបាល។
ទន្ទឹមគ្នានឹងការស្វាគមន៍ លោកចាន់ សូវ៉េត បានបង្ហាញពីក្ដីព្រួយកង្វល់ខ្លះដែរ នៅខណៈដែលការពង្រីកនេះត្រូវចំណាយធនធានរដ្ឋាភិបាលច្រើន និងខណៈដែលមិនទាន់មាននរណាអាចវាយតម្លៃបាន ថាតើខណ្ឌទាំង៩ដែលមានស្រាប់ក្នុងពេលនេះ បានប្រើប្រាស់ធនធានរបស់ខ្លួន អស់លទ្ធភាពហើយឬនៅ? ក្នុងការបង្កើតខណ្ឌបន្ថែមសម្រាប់រាជធានីភ្នំពេញនេះ លោកចាន់ សូវ៉េត ឲ្យយោបល់ថា សាលាររាជធានីភ្នំពេញ គួរសិក្សាឲ្យបានល្អិតល្អន់ និងទូលំទូលាយជាមុនសិន កុំអាលប្រញាប់ពេក៕



វាមិនគិតពីរៀបចំផ្លូវថ្មីអភិវឌ្ឍន៌តាមតំបន់ជាយក្រុង បែជាគិតតែរឿងឆ្កួតៗ។
វាទុកឲ្យក្រុមហុនប្រមូលទិញ បិទផ្លូវតាមប្រឡាយចាស់ៗតាបស្រែ ប្លុករួចទិញថោកៗពីប្រជន ធ្នើបុរីបានចំណេញរាប់លាន វាមិនដែលបានជួយអភិវឌ្ឍនឺងកន្លែង ដើម្បីប្រជាជនទេ វាជាពួកអាលក់ជាតិនេះពិតៗ