ដោយ៖ ណាត សុភាព និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
អ្នកឃ្លាំមើលសិទ្ធិមនុស្ស ឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា តុលាការខេត្តកំពង់ចាម សម្រេចឃុំខ្លួនអតីតប្រធានការិយាល័យសង្គមកិច្ច ស្រុកស្រីសន្ធរ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ពាក់ព័ន្ធនឹងអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឲ្យដឹងថា ករណីអំពើពុករលួយនៅក្នុងស្ថាប័នសង្គមកិច្ចខេត្តកំពង់ចាម ដោយសារតែអតីតប្រធានការិយាល័យសង្គមកិច្ច ស្រុកស្រីសន្ធរ លោក ម៉ាង យូស្រេង ពុំបានបើកប្រាក់សន្ទស្សន៍បៀវត្សរិ៍មូលដ្ឋាន និងប្រាក់បំណាច់ជីវភាពចំនួនពីរម៉ឺនរៀល ក្នុងមួយខែ ដល់និវត្តជនដទៃច្រើនទៀត សម្រាប់ខែ មីនា ឆ្នាំ២០១២។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកំពង់ចាម លោក ប៊ូ វីរៈ ឲ្យដឹងថា តុលាការបានឃុំខ្លួន លោក យ៉ាង យូស្រេង ដោយសារមន្ត្រីរូបនោះ ពុំបានបើកប្រាក់ខែសោធននិវត្តន៍ឲ្យគ្រូបង្រៀនដែលចូលនិវត្តន៍ ព្រមទាំងបន្លំស្នាមខ្ចៅដៃ បើកប្រាក់ជំនួសគ្រូៗចូលនិវត្តន៍ ៖
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ តុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវធ្វើការស៊ើបអង្កេតដោយឯករាជ្យ ៖
VOD មិនអាចសុំការអត្ថាធិប្បាយពីប្រធានតុលាការខេត្តកំពង់ចាម លោក តេង រតនា បានទេ។ រីឯព្រះរាជអាជ្ញា លោក ហួត វុទ្ធី អះអាងថា រវល់ប្រជុំ។ ចំណែក ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង និងអ្នកនាំពាក្យអង្គភាពមួយនេះ លោក កែវ រ៉េមី ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ នៅព្រឹកថ្ងៃពុធនេះ។
សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលVOD ទទួលបានឲ្យដឹងទៀតថា អង្គភាពមួយនេះអំពាវនាវឲ្យនិវត្តជននៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទាំងអស់ដែលជួបបញ្ហាបាត់ប្រាក់ខែ ផ្ដល់កិច្ចសហការ និងប្ដឹងទៅអង្គភាពមួយនេះ តាមរយៈទូរស័ព្ទទាន់ហេតុការណ៍លេខ ១២៨២ ឬលេខ ០២៣ ២២១ ៦៥៣ ឬមធ្យោបាយផ្សេងទៀតជាដើម៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
មេពុករលួយ ចាប់កូនពុករលួយ