មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តើម​បញ្ចុះបញ្ចូល​ពលរដ្ឋ​ឲ្យចូល​រួម​បាតុកម្ម​លើក​ទី​៤​

ដោយ៖​ អ៊ឹង ប៊ុនថន​
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

ទិដ្ឋភាពនៃការចូលរួម​​បាតុកម្មរបស់​ប្រជាពលរដ្ឋ​កាលពីខែកញ្ញា​

ទិដ្ឋភាពនៃការចូលរួម​​បាតុកម្មរបស់​ប្រជាពលរដ្ឋ​កាលពីខែកញ្ញា​

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកានេះ ចាប់ផ្តើម​យុទ្ធនាការ​ជាថ្មី ដើម្បី​បញ្ចុះបញ្ចូល​សកម្មជនរ​បស់​ខ្លួន ឲ្យ​ដឹកនាំ​ប្រជាពលរដ្ឋ មក​ចូលរួម​បាតុកម្ម​លើក​ទី​៤ នៅ​ថ្ងៃ​ទី​១០ ​ខែ​ធ្នូ​ខាងមុខ ចំ​ថ្ងៃ​ទិវា​បុណ្យ​សិទ្ធិមនុស្ស​អន្តរជាតិ​។​

​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ លោក សម រង្ស៊ី បានសរសេរថា លោក​ និង​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ និង​សមាជិក​ក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅ​សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង​។ លុះដល់​ម៉ោង ២​រសៀល នឹង​ជួប​សំណេះសំណាល​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។​

​ចំណែក​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​នេះ វេលា​ម៉ោង ៨​ព្រឹក លោក​ សម រង្ស៊ី  និង​លោក កឹម សុខា នឹង​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ​និង​សមាជិក​ក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅ​ក្រុង​ស្វាយរៀង​។ លុះដល់​ម៉ោង ២​រសៀល នឹង​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​គ្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង​។​ ​ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យបាន​ច្រើន​កុះករ​។​

​ដោយឡែក នៅ​ទំព័រ​ហ្វេ​សប៊ុក​របស់ លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ បេក្ខជន​ជាប់ឆ្នោត​មណ្ឌល​ខេត្តកណ្តាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​មហា​បាតុកម្ម​លើក​ទី​៤ នៅ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ដើម្បី​​ទាមទារ​​រក​​យុត្តិធម៌​។​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្ម​ចំនួន​៣​លើក​មក​ហើយ ដើម្បី​ជំរុញ​ឲ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ប៉ុន្តែ​គណបក្ស​ប្រជាជន​​កម្ពុជា បដិសេធ ហើយ​ជម្នះ​ប្រជុំ​សភា​លើកដំបូង​ដោយ​ឯក​បក្ស ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​៕

សូមសរសេរមកកាន់ លោក ​អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

One Response to "មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តើម​បញ្ចុះបញ្ចូល​ពលរដ្ឋ​ឲ្យចូល​រួម​បាតុកម្ម​លើក​ទី​៤​"

  1. វិធាន says:

    100/100