ដោយ៖ តាំង វីដា និងដួង សុខា
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
អតីតប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ ដែលត្រូវបានរបាយការណ៍អង្គការមូលនិធិសកល (Global Fund) រកឃើញថា ប្រព្រឹត្តអំពើពុករលួយ នៅថ្ងៃពុធនេះ អះអាងថា របាយការណ៍នោះចេញផ្សាយតែមួយចំហៀង មិនគ្រប់ជ្រុងជ្រោយ និងមិនត្រឹមត្រូវ។
របាយការណ៍មួយចេញដោយមូលនិធិសកល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បង្ហាញថា មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ(CNM) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ(NCHARDS) ដែលស្ថិតនៅក្រោមចំណុះក្រសួងសុខាភិបាល ព្រមទាំងអង្គការមេឌីខាំជាបណ្តាញអង្គការក្រៅរដ្ឋាភិបាលដ៏ធំមួយ បានចូលរួមក្នុងបណ្តាញប្រព្រឹត្តអំពើពុករលួយមួយ ថែមទាំងទាមទារលើសការចំណាយជាក់ស្តែងដល់ទៅពីរ ឬបីដងទៀតផង។
របាយការណ៍នេះ បានស៊ើបអង្កេតលើប្រាក់ជំនួយរបស់មូលនិធិ ចំនួនជាង៨០លានដុល្លារអាមេរិក ដែលផ្តល់មកឲ្យស្ថាប័នចំណុះក្រសួងសុខាភិបាល រកឃើញនូវភស្តុតាងសំខាន់ៗជាច្រើន ដែលបញ្ជាក់ថា ការដេញថ្លៃមួយចំនួនមានភាពមិនប្រក្រតី ការកិបកេងប្រាក់ជំនួយ និងការប្រើប្រាស់ប្រាក់ជំនួយខុសគោលដៅ។
របាយការណ៍បន្តថា អតីតប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ លោក ឌួង សុជាតិ និងសហការីម្នាក់ បានទទួលប្រាក់សាគុណចំនួនជិត ៥សែនដុល្លារ ពីក្រុមហ៊ុនផ្គត់ផ្គង់មុងឈ្មោះ វេសតើហ្គាត ហ្វ្រេនសិន (Vestergaard Frandsen) របស់ប្រទេសស្វីស និងក្រុមហ៊ុន Sumitomo របស់ប្រទេសសិង្ហបុរី។ របាយការណ៍ថា ប្រាក់សាគុណជូនមន្ត្រីទាំងនេះជាថ្នូរនឹងកិច្ចសន្យាជាមួយក្រសួងសុខាភិបាល។
អតីតប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ លោក ឌួង សុជាតិ ប្រាប់VODថា របាយការណ៍មូលនិធិសកល ដែលចោទប្រកាន់ថា អំពើពុករលួយបានកើតឡើង ក្នុងដំណើរការដេញថ្លៃនោះ គឺត្រូវបានបោះពុម្ពតែមួយចំហៀងប៉ុណ្ណោះ មិនបានលើកឡើងពីសកម្មភាពទាំងស្រុងនោះទេ។ លោកថា ការពិតនោះ ការដេញថ្លៃធ្វើឡើងយ៉ាងត្រឹមត្រូវ និងថោកបំផុត ដែលនាំឲ្យក្រុមហ៊ុនទាំងពីរនោះ ទទួលបានសិទ្ធិផ្គត់ផ្តង់ ហើយលោកមិនបានកេងប្រវ័ញ្ច ឬទទួលប្រាក់កម្រៃជាថ្នូរនៃកិច្ចសន្យាពីក្រុមហ៊ុនទាំងនោះទេ ៖
VODមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងអង្គភាពប្រឆាំងអំពើពុករលួយបានទេ។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ជាម យៀប អះអាងថា អង្គភាពប្រឆាំងអំពើពុករលួយនឹងស៊ើបអង្កេតរឿងនេះ ដើម្បីស្វែងរកការពិត និងដាក់ទោសជនដែលបានប្រព្រឹត្តពិតមែន ៖
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រសួងសុខាភិបាលចេញសេចក្តីថ្លែងការណ៍ថា ក្រសួងមិនបានដឹងពីសកម្មភាពរបស់បុគ្គលពុករលួយទាំងអស់ក្នុងពេលអនុវត្តគម្រោង ដែលប្រើប្រាស់មូលនិធិសកលឡើយ។ ក្រសួងទម្លាក់កំហុសលើភាគីទាំងអស់ដែលពាក់ព័ន្ធថា ជាអ្នកទទួលខុសត្រូវដោះស្រាយបញ្ហានេះ៕
សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com
លោក ជាម យ៉ាប់ អើយ!! ពុំចាំបាច់ អង្គភាពប្រឆាំងអំពើពុករលួយបានទេ មន្ត្រីៗជាន់ខ្ពស់ ជាន់ទាបនៃរដ្ឋាភិបាលសព្វថ្ងៃនេះ ពុករលួយជាប្រព័ន្ធ ឡើងផុយថវិកាជាតិស្ទើរអស់ពីរតនាគារជាតិទៅហើយ??មិនដែលឃើញចាប់បានជនប្រព្រឹត្តអំពើពុករលួយសោះ។ទាល់តែគេស៊ើបអង្កេតរឿងនេះ ដើម្បីស្វែងរកការពិត និងដាក់ទោសជនដែលបានប្រព្រឹត្តពិតមែន ទើបធ្វើជាស្រែកបង្អើលចាប???ជាម យ៉ាប់!!!!