Wednesday, 20 November 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី បានចេញមុខជួយធ្វើការសម្របសម្រួល ករណីរឿងក្តីអ្នកស្រី យ៉ោម បុប្ជា សកម្មជនដីធ្លី នៅតំបន់ បឹងកក់ ដែលកំពុងជាប់ឃុំក្រោមការចោទប្រកាន់ដ៏ចម្រូងចម្រាស ពាក់ព័ន្ធទៅនឹងការវាយដំទៅលើអ្នករត់ម៉ូតូឌុបខណៈដែលតុលាការ កំពូល នឹងបើកសវនាការនៅថ្ងៃ ២២ វិច្ឆិកា។
លោក លួស សាខន ប្តីអ្នកស្រី យ៉ោម បុប្ជា បានថ្លែងនៅក្នុងការតវ៉ាមួយ កាលពីម្សិលមិញថា កាលពីថ្ងៃសុកសប្តាហ៍មុន រូបលោក ត្រូវបានលោកអភិបាលរងខណ្ឌ ដូនពេញ សុខ ពេញវុធ ទូរស័ព្ទហៅឲ្យទៅផ្សះផ្សាបញ្ចប់វិវាទ ជាមួយភាគីជនរងគ្រោះ អ្នករត់ម៉ូតូឌុប នៅសាលារាជធានី ក្រោមការសម្របសម្រួលពីលោកអភិបាលរាជធានី។ លោកបានឲ្យដឹងទៀតថា៖ «នៅក្នុងការសម្របសម្រួលផ្សះផ្សានោះ ខ្ញុំបានស្នើសុំឲ្យលោក ប៉ា សុជាតិវង្ស ជួយអន្តរាគមន៍ ទៅតុលាការ ជួយស្វែងរកយុត្តិធម៌ និងដោះលែងប្រពន្ធរបស់ខ្ញុំ»។
តំណាងជនរងគ្រោះ អ្នករត់ម៉ូតូឌុប លោក ឯ សុភ័ស្ស ប្រធានសមាគមអ្នករត់ម៉ូតូឌុប ក៏បានឲ្យដឹងផងដែរថា ពិតជាមានការសម្របសម្រួលផ្សះផ្សា ជម្លោះជាមួយភាគីលោក លួស សាខន នោះមែន។
លោកបញ្ជាក់ថា៖ «ប៉ុន្តែអ្វីដែលភាគីអ្នករត់ម៉ូតូឌុបរបស់យើង ខ្ញុំបានស្នើសុំការជួយអន្តរាគមន៍ ពីឯកឧត្តមអភិបាលរាជធានីនោះគឺរឿងសំណងរដ្ឋប្បវេណី មិនមែនសុំឲ្យទម្លាក់បទចោទប្រកាន់នោះទេ»។ លោកបានបន្ថែមថា៖ «យើងត្រូវការសំណង យកមកព្យាបាលជំងឺសមាជិករបស់យើង។ រីឯការទម្លាក់បទចោទប្រកាន់ ឬយ៉ាងណានោះ គឺអាស្រ័យលើតុលាការជាអ្នកសម្រេច»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី មិនបានចូលរួមកិច្ចប្រជុំ ដើម្បីផ្សះផ្សាគ្នា កាលពីថ្ងៃសុក្រនោះទេ ប៉ុន្តែលោកបានឲ្យដឹងថា៖ «តាមអ្វីដែលខ្ញុំទទួលបាន ការសម្របសម្រួលនៅថ្ងៃនោះ គូភាគីទាំងពីរ បានព្រមព្រៀងជាសះនឹងគ្នាហើយ។ កំណត់ហេតុនៃការផ្សះផ្សាគ្នានេះ ក៏ត្រូវបានបញ្ជូនទៅកាន់តុលាការកំពូលរួចហើយដែរ ដើម្បីទុកជាឯកសារសំអាងនៅក្នុងសវនាការ នាថ្ងៃ ទី២២ ខែ វិច្ឆិការ ខាងមុខ»។
ការហៅគូភាគីទំនាស់ ទៅធ្វើការសម្របសម្រួលនេះ បានធ្វើឲ្យអង្គការសង្គមស៊ីវិល រិះគន់ថា ជាការឆ្លុះបញ្ចាំង អំពីភាពមិនឯករាជ្យរបស់ប្រព័ន្ធតុលាការនៅកម្ពុជា។ លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេត អង្គការសិទ្ធិមនុស្ស លីកាដូ បានថ្លែងថា ការអស់សង្ឃឹមរបស់ពលរដ្ឋ ដែលមានវិបត្តិដីធ្លីដ៏រ៉ាំរ៉ៃ បានធ្វើឲ្យពួកគាត់ អស់ជំនឿលើប្រព័ន្ធតុលាការ។
លោកបានថ្លែងថា៖ «ការសម្របសម្រួលរបស់អាជ្ញាធររាជធានី ជុំវិញករណីអ្នកស្រី យ៉ោម បុប្ផា បានបង្ហាញថា ករណីនេះទំនងជាការរៀបចំឡើង ដោយមន្ត្រីមានឥទ្ធិពលណាម្នាក់ ដើម្បីដាក់កំហុស លើសកម្មជនដីធ្លី ក្នុងតំបន់ បឹងកក់»។
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានសាលាដំបូងរាជធានី ផ្តន្ទាទោសកាលពី ខែ កញ្ញា ឆ្នាំ ២០១២ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទបង្កហិង្សា ដោយចេតនា និងតម្រូវឲ្យរួមគ្នាបង់សំណងរដ្ឋប្បវេណី ដល់ជនរងគ្រោះ ៦០ លានរៀល។ ប៉ុន្តែក្រោយមកត្រូវបានសាលាឧទ្ធរណ៍ បន្ធូរបន្ថយទោសមកនៅ ត្រឹម ២ ឆ្នាំ និងតម្រូវឲ្យរួមគ្នាបង់សំណងរដ្ឋប្បវេណី ដល់ជនរងគ្រោះសរុប ៣០ លានរៀល។
កាលពីថ្ងៃចន្ទអង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ដោយគ្មានលក្ខខណ្ឌ និងនៅតែចាត់ទុកអ្នកស្រី យ៉ោម បុប្ផា ថាជា «អ្នកទោសមនសិការ»។
កាលពីម្សិលមិញ ក្រុមសកម្មជនដីធ្លីប្រមាណ ១០០ នាក់ មកពីសហគមន៍ បឹងកក់ បុរីកីឡា ថ្មគោល បាននាំគ្នាដង្ហែក្បួនជុំវិញតុលាការកំពូល ដើម្បីបួងសួងដល់វិញ្ញាណបុព្វការីជនខ្មែរ សូមឲ្យជួយអ្នកស្រី យ៉ោម បុប្ជា រួចផុតពីការចោទប្រកាន់ទាំងអយុត្តិធម៌ ខណៈដែលតុលាការកំពូល នឹងបើកសវនាការសំណុំរឿងនេះ នៅថ្ងៃ ទី២២ វិច្ឆិកា។
នៅក្នុងពិធីដើរដង្ហែ ដែលអ្នកខ្លះបានស្លៀកស ពាក់ស ហាក់បីដូចជាពិធីដង្ហែសពនោះ លោក លួស សាខន បាននិយាយដោយមានជំនឿថា នៅថ្ងៃបើកសវនាការនាថ្ងៃ ទី២២ វិច្ឆិកា ខាងមុខនេះ តុលាការកំពូល នឹងផ្ដល់នូវភាពយុត្តិធម៌ ដោយដោះលែងភរិយារបស់លោកឲ្យមានសេរីភាពវិញ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំនិងប្រពន្ធខ្ញុំ ព្រមទាំងក្រុមគ្រួសារ មិនបានប្រព្រឹត្តអ្វីខុស ដូចការចោទប្រកាន់នោះទេ។ ការចោទប្រកាន់ នេះ គឺពិតជាចេតនារបស់បុគ្គលពុករលួយណាមួយ បានធ្វើឡើង ដោយឃុបឃិតជាមួយជន ដែលជាអ្នករត់ម៉ូតូឌុប ដើម្បីទម្លាក់កំហុសមកលើគ្រួសាររបស់ខ្ញុំ ក្នុងគោលបំណង បំបាក់ស្មារតីសកម្មជនដីធ្លី ក្នុងសហគមន៍ បឹងកក់ កុំឲ្យចេញដើរធ្វើការតវ៉ាការពារដីធ្លី និងផ្ទះសម្បែងរបស់ខ្លួនប្រឆាំងនឹងពួកគេ»៕

លោក អែ សុភ័ស្ស ធ្វើ អ្វី ៗ កុំអោយ ក្បត់ សិលធម៍ សច្ចះធម៍ ខ្លួន អែង !
ធ្វើមនុស្ស ត្រូវចេះដឹង ល្អ និង អាក្រក់ ទើបរស់នៅមាន សេចក្តី សុខ !
。 សូមអរ គុណ !