រឿងអាស្រូវ​ពុករលួយ​សុខាភិបាល៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួលស្គាល់​បញ្ហា​ប្រឈម

ថ្ងៃ សៅរ៍ 23 វិច្ឆិកា 2013
ដោយ ប៉ែន បូណា
RFI

ជាង​មួយ​សប្តាហ៍​បន្ទាប់ពី​មូលនិធិ​ពិភពលោក (Global Fund) បានចេញ​របាយការណ៍​ស្តីពី​ការ​កឹ​ប​កេង​ថវិកា​ពី​សំណាក់​មន្ត្រី​សុខាភិបាល​មួយចំនួន​មក អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានចេញ​មុខការ​ពារ​អា​ជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​ថា​បាន​បំពេញការងារ​ត្រឹមត្រូវ​ស្របតាម​នីតិវិធី​លទ្ធកម្ម​សាធារណៈ។ ប៉ុន្តែ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ទទួលស្គាល់ថា មាន​បញ្ហា​ប្រឈម​នៅក្នុង​ការងារ​ដេញថ្លៃ​ដូចជា​មិនបាន​សិក្សា​ពី​លក្ខណៈសម្បត្តិ​របស់​ក្រុមហ៊ុន និង​ដាក់​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ជាដើម។

ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល អនុម័ត សេចក្តីព្រាងអនុក្រឹត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (© សុវណ្ណារ៉ា)


សេចក្តីរាយការណ៍របស់ ប៉ែន បូណា

(02:02)


អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​នៅ​ស្ងៀម​ទេ​ចំពោះមុខ​រឿងអាស្រូវ​ពុករលួយ​នៅក្នុង​ប្រព័ន្ធ​សុខាភិបាល​ដែល​មូលនិធិ​ពិភពលោក​បាន​រកឃើញ។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញផ្សាយ​នៅក្នុង​គេហទំព័រ​របស់ខ្លួន អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ការពារ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​ថា​បាន​បំពេញការងារ​ត្រឹមត្រូវ​តាម​នីតិវិធី​លទ្ធកម្ម​សាធារណៈ​ក្នុង​ដំណើរការ​ដេញថ្លៃ។

បើតាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ រាល់​ដំណើរការ​នៃ​ការធ្វើ​លទ្ធកម្ម​របស់ខ្លួន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​តែង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​និង​បាន​អញ្ជើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឲ្យ​ចូលរួម​សង្កេតការណ៍។ ចំណែកឯ​ក្រុមហ៊ុន​ដេញថ្លៃ​ទាំងអស់​ក៏បាន​បំពេញបែបបទ​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ។
 
យ៉ាងណាក៏ដោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួលស្គាល់ថា​មាន​ចំណុច​ប្រឈម​មួយចំនួន​នៅក្នុង​ដំណើរការ​នេះ។ ចំណុច​ប្រឈម​ទាំងនោះ​ជារួម​មាន ការផ្សព្វផ្សាយ​ព័ត៌មាន​មិនសូវមាន​ប្រសិទ្ធភាព​ដែល​នាំ​ឲ្យ​មានតែ​ក្រុមហ៊ុនដដែលៗចូលរួម​ដេញថ្លៃ។ ម្យ៉ាងទៀត ការពិនិត្យ​លក្ខណៈសម្បត្តិ​របស់​ក្រុមហ៊ុន​ដែល​បានដាក់​ពាក្យសុំ​ដេញថ្លៃ​ក៏​នៅមាន​ចន្លោះប្រហោង។ ក្រុមហ៊ុន​ខ្លះ​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ​ឡើយ។ រីឯ​តម្លៃ​ដែល​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខ្ពស់ជាង​តម្លៃ​ទីផ្សារ​ដែរ។
 
ប៉ុន្តែ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​និយាយ​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់​ដែល​ប្រធាន​អាជ្ញាធរ​នេះ​ទទួលរង​ការចោទប្រកាន់ថា​បានទទួល​ប្រាក់​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​ពី​ប្រទេស​ស្វី​ស​នោះទេ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​មិនបាន​ប្រាប់​ឲ្យ​ដឹង​ពី​វិធានការ​យ៉ាងណា​ចំពោះ​ករណី​នេះដែរ។
 
គួរ​បញ្ជាក់ថា មូលនិធិ​ពិភពលោក​បាន​រកឃើញ​ថា​មាន​អំពើពុករលួយ​នៅក្នុង​ការប្រើប្រាស់​មូលនិធិ​ប្រយុទ្ធប្រឆាំង​ជំងឺក្រុនចាញ់ ជំងឺអេដស៍​និង​ជំងឺឆ្លង​ផ្សេងទៀត​ដែល​ខ្លួន​ផ្តល់​ថវិកា។ មូលនិធិ​នេះ​រកឃើញថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺគ្រុនចាញ់ និង​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​ជំងឺអេដស៍​បានទទួល​ប្រាក់​ជាង ៤០ ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​នៅក្នុង​ប្រ​ទេ​ស្វី​ស។ នៅ​មិនទាន់មាន​ប្រតិកម្ម​បែបណា​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ៕



ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

4 Responses to "រឿងអាស្រូវ​ពុករលួយ​សុខាភិបាល៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួលស្គាល់​បញ្ហា​ប្រឈម"

  1. Sen-Gaddafi says:

    ក្រសួងសុខាភិបាលជារឿងមួយហើយខ្ញុំក៍បានឮផងដែរពីក្រសួងអភិវឌ្ឃន៍ជនបទធ្លាប់មានរឿង ពុករលួយពីកម្មវិធីស្បៀងអាហារពិភពលោកផងដែល មិត្តភក្ត័ខ្ញុំក៍បានប្រាប់ថាក្រសួងអភិវឌ្ឃន៍ ជនបទនេះមានការរិតត្បិតវត្តមានមន្ត្រីរាជការបំពាក់សុទ្ធតែម៉ាសុីនស្នាមមេដៃដែលក្រសួង ដទៃទាំងអស់មិនមានដូចនេះទេ។ ជាពិសេសមន្ត្រីក្រសួងអភិវឌ្ឃន៍ជនបទសង្ឃឹមថារដ្ឋមន្ត្រីថ្មី ចូលមកនិងធ្វើឲ្យក្រសួងមានភាពល្អប្រសើ តែមិនដូច្នោះទេរដ្ឋមន្ត្រីថ្មីអនុញ្ញាតឲ្យប្រធាននាយក ដ្ឋានរដ្ឋបាលនិងបុគ្គលិកធ្វើបាបមន្ត្រីរាជការពីការយកអវត្តមានធ្វើដូយកវត្តមានកម្មកររោងចក្រ អញ្ចឹង ហើយនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថ្មីមិនត្រឹមតែតឹងរឹងនោះទេថែមទាំងប្រាក់ខែ តែងតែបើកយឺតជាងក្រសួងដ៍ទៃៗដូចជាប្រាក់ខែសម្រាប់ខែតុលារហូតមកដល់ពេលនេះគឺថ្ងៃ ទី២៣ខែរវិច្ចិការហើយគឺនៅមិនទាន់បើកប្រាក់ខែសម្រាប់ខែតុលានៅឡើយ ខ្ញុំអាណិតមិត្តភក្ត័ របស់ខ្ញុំណាស់ដែលវាមានប្រាក់ខែចាយមិនគ្រប់គ្រាន់ហើយថែមទាំងបើកយឺតជារៀងរាល់ខែ ហើយវាក៍មកខ្ខីខ្ញុំចាយជារៀងរាល់ខែដែរ វាថារដ្ឋមន្ត្រីថ្មីនិងបានប្រាក់ខែរហ័សជាងមុនមានអី ដូចតែគ្នាថែមទាំងរិតត្បិតវត្តមានទៀតខុសគេតែក្រសួងមួយនេះ។

  2. Sen-Gaddafi says:

    ចេះតែនិយាយដូចក្មេងបៀមដៃទៅកើតស្ថាបន័ប្រឆាំងអំពើរពុករលួយនេះ អាចំនុចប្រឈមហ្នឹងហើយ ជាចំនុចពុករលួយនោះ យល់? អញ្ខឹងហើយបានជាគេថាស្ថាបន័ប្រឆាំងអំពើពុករលួយធ្វើការមិនយុត្តិ ធម៌នោះ ព្រោះតែជាសមាជិកបក្សនយោបាយដូច្នេះបើមិននិយាយគាំទ្របក្សរបស់ខ្លួនធ្វើម្តេចកើត។

  3. អាអង្គភាពពុករលួយនិងហើយដែលវាចូលរួមពុករលួយដែរនោះ វាបានសុីបានចុកដែរហើយបានជាវាចេញមុខការពារនោះ ហើយមានស្ថាប័នច្រើនទៀតដែលពុករលួយនោះដូចជា គយ ពន្ធដារ តើបុគ្គលិកនិនមេៗក្នុងស្ថាប័ននេះប្រាក់ខែប៉ុន្មានបានជាវាមានវិឡា ឡានទំនើបៗស្ទើរតែគ្រប់គ្នា ជាពិសេសស្ថាប័នប្រឆាំងនិងអំពើព់រលួយតែម្តង វាពុករលួយតាំងពីជ្រើសរើសបុគ្គលិកចូលដោយយកលេសបនរលងតែតាមពិតជាប់សុទ្ធតែកូនអស់លោកៗ ផ្តាំផ្ញើរល្បងអោមគឺជាប់ហើយ ហាសហា សម័យជោរស្មោះ! បើមិនអោយខ្សែអញ តើទៅអោយអានាក់ផ្សេង វាបានប្រយោជន៏អីដល់អញ ដូច្នេះហើយកូនអ្នកស្រែមិនបាច់ប្រឹងទេ

  4. អាអង្គភាពពុករលួយនិងហើយដែលវាចូលរួមពុករលួយដែរនោះ វាបានសុីបានចុកដែរហើយបានជាវាចេញមុខការពារនោះ ហើយមានស្ថាប័នច្រើនទៀតដែលពុករលួយនោះដូចជា គយ ពន្ធដារ តើបុគ្គលិកនិងមេៗក្នុងស្ថាប័ននេះប្រាក់ខែប៉ុន្មានបានជាវាមានវិឡម្នាក់ ៣ -4 ឡានទំនើបៗស្ទើរតែគ្រប់គ្នា ជាពិសេសស្ថាប័នប្រឆាំងនិងអំពើព់រលួយតែម្តង វាពុករលួយតាំងពីជ្រើសរើសបុគ្គលិកចូលដោយយកលេសប្រលងតែតាមពិតជាប់សុទ្ធតែកូនអស់លោកៗ ផ្តាំផ្ញើរល្បងអោមគឺជាប់ហើយ ហាសហា សម័យជោរស្មោះ! បើមិនអោយខ្សែអញ តើទៅអោយអានាក់ផ្សេង វាបានប្រយោជន៏អីដល់អញ ដូច្នេះហើយកូនអ្នកស្រែមិនបាច់ប្រឹងទេ។